17/02/2022
បង្រ្កាបករណីគ្រឿងញៀនក្នុងក្លឹបកំសាន្តមួយកន្លែង នាំខ្លួនមនុស្ស ៤០ នាក់
ខេត្តបាត់ដំបង,ក្រុងបាត់ដំបង
នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា÷ ករណីបង្ក្រាបទប់ស្កាត់ការប្រើប្រាស់សារធាតុញៀនកណ្តាលក្រុងបាត់ដំបងនេះធ្វើឡើងនៅរំលងអាធ្រាតថ្ងៃទី ១៥ ឈានចូលថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២២ នៅចំណុចទីតាំងខារ៉ាអូខេ យីហោ ហាយក្លាស ( Hight Class ) ឋិតនៅក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងខាងលើនេះកម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សទាំងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលសរុបចំនួន ៤០នាក់នាំមកសាកសួរនៅការិយាល័យជំនាញ។វត្ថុតាងដែលដកហូតបានជាក់ស្តែងរួមមាន: ថ្នាំញៀនប្រភេទកេតាមីន ( KETAMINE ) ចំនួន ០២ថង់ ទម្ងន់ ១,៤០ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ( M**A ) ចំនួនជាង ០២គ្រាប់ ទម្ងន់ ០,៨៨ក្រាម, ប្រាក់ដុល្លាចំនួន ២,៤៥០ដុល្លា ( ពីរពាន់បួនរយហាសិបដុល្លា ) និងប្រាក់រៀលចំនួន ៦ ១០០ ០០០រៀល ( ប្រាំមួយលានដប់ម៉ឺនរៀល )។ក្រោយការស្រាវជ្រាវនគរបាលបានរកឃើញជនសង្ស័យចំនួន ១១ នាក់ ក្នុងនោះស្ត្រី ០១ នាក់មានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលករណីនេះកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចំណែកឯអ្នកដែលមិនមានពាក់ព័ន្ធអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕