31/10/2025
សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥
១. គណៈកម្មការរៀបចំការបោះឆ្នោតថៃ ថាបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំការបោះឆ្នោត និងធ្វើប្រជាមតិក្នុងសន្លឹកឆ្នោតតែមួយ
២. ប្រមុខការពារជាតិអាមេរិក សម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង និងជុំវិញកោះតៃវ៉ាន់
៣. ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងថា របៀបវារៈពាណិជ្ជកម្មសកលពេលនេះស្ថិតនៅក្នុងរបត់ដ៏សំខាន់
៤. ចាប់ខ្លួនជនសង្ស័យថ្មី ៥នាក់ទៀត ពាក់ព័ន្ធនឹងករណីលួចគ្រឿងអលង្ការរាជ្យវង្សបារាំង នៅសារមន្ទីរ Louvre នៃក្រុងប៉ារីស
៥. WHO៖ កងជីវពល RSF របស់ប្រទេសស៊ូដង់ បានសម្លាប់មនុស្ស ៤៦០នាក់ នៅឯមន្ទីរពេទ្យនៃក្រុង el-Fasher
---
១. គណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការរៀបចំការបោះឆ្នោតជាតិ រួមជាមួយនឹងការធ្វើប្រជាមតិជាតិចំនួន២ ក្នុងសន្លឹកឆ្នោតតែមួយ ប្រសិនបើរដ្ឋាភិបាលយល់ព្រមកំណត់កាលបរិច្ឆេទ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៦។ គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានសង្កត់ធ្ងន់ថា ប្រសិនបើការបោះឆ្នោតបន្តទៅមុខតាមកាលបរិច្ឆេទខាងលើ នោះសំណើធ្វើប្រជាមតិទី១ត្រូវតែដាក់មក EC យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៣ ខែមករា ដើម្បីអាចមានរយៈពេល ៧៥ថ្ងៃ សម្រាប់ការត្រៀមរៀបចំ។ លោក Sawaeng Boonmee អគ្គលេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោត បានថ្លែងថា EC ត្រៀមខ្លួនជាស្រេចក្នុងការរៀបចំការបោះឆ្នោតជាតិ ក៏ដូចជាប្រជាមតិជាតិចំនួន២ មិនថារៀបចំដំណាលគ្នា ឬដោយឡែកពីគ្នានោះទេ។ គួរជម្រាបជូនថា ប្រជាមតិទាំង២នេះ រួមមាន ទី១ទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយប្រជាមតិ១ទៀត គឺពាក់ព័ន្ធនឹងការសម្រេចចិត្តថា តើត្រូវលុបចោលអនុស្សរណៈយោគយល់គ្នា (MoUs) ឆ្នាំ២០០០ និង២០០១ ជាមួយប្រទេសកម្ពុជា ស្តីពីការកំណត់ព្រំដែន និងតំបន់ដែនសមុទ្រត្រួតស៊ីគ្នា ឬយ៉ាងណា៕
ប្រភព៖ Bangkok Post (https://www.bangkokpost.com/thailand/politics/3128974/ec-ready-to-hold-election-sawaeng-says)
២. រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង ជុំវិញកោះតៃវ៉ាន់ និងចំពោះសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន។ អាមេរិកបានប្រាប់ពីក្តីបារម្ភរបស់ខ្លួន ក្នុងជំនួបផ្ទាល់លើកដំបូង ជាមួយសមភាគីចិន នៅទីក្រុងគូឡាឡាំពួ នាថ្ងៃសុក្រ ទី៣១ ខែតុលានេះ។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរបញ្ចកោណ។ ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក D**g Jun នៅក្រៅវេទិកាសន្តិសុខមួយនាក្រុងគូឡាឡាំពួ, លោក Hegseth បានអះអាងជាថ្មីថា សហរដ្ឋអាមេរិកមិនចង់បង្កជម្លោះទេ ប៉ុន្តែនឹងការពារយ៉ាងម៉ឺងម៉ាត់ នូវផលប្រយោជន៍របស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាតំបន់លោកបានហៅថាជាឆាកអាទិភាពរបស់អាមេរិក។ កាលពីខែកញ្ញាកន្លងទៅ, លោក Pete Hegseth និងលោក D**g Jun បានជជែកគ្នាតាមទូរសព្ទជាលើកដំបូង ដែលពេលនោះប្រមុខការពារជាតិអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកមិនចង់មានជម្លោះជាមួយចិន ហើយក៏មិនស្វែងរកការផ្លាស់ប្តូររបបដែរ តែបានសង្កត់ធ្ងន់ថា អាមេរិកមានផលប្រយោជន៍សំខាន់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយនឹង "ការពារយ៉ាងដាច់ខាត" ផលប្រយោជន៍ទាំងនោះ៕
ប្រភព៖ YNA (https://m-en.yna.co.kr/view/AEN20251031005400315?section=national/defense)
៣. ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែ ម្យុង បានថ្លែងនៅថ្ងៃសុក្រនេះថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងស្ថិតនៅចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ ជាមួយនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃរបៀបវារៈសេដ្ឋកិច្ចសកល។ ជាសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងនាឱកាសដែលលោកធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលមេដឹកនាំនានា នៅទីក្រុង Gyeongju។ លោក លី ជែ ម្យុង បានថ្លែងថា "វាច្បាស់ណាស់ថា យើងមិនអាចនៅក្នុងជ្រុងតែមួយដូចគ្នា គ្រប់ពេលនោះទេ ប៉ុន្តែយើងត្រូវតែធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវវិបុលភាពរួម"។ លោក លី ជែ ម្យុង បានបន្ថែមថា "នៅពេលដែលរបៀបវារៈពាណិជ្ជកម្មសេរី កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចសកល កាន់តែកើនឡើង ហើយពាណិជ្ជកម្ម និងការវិនិយោគកំពុងបាត់បង់សន្ទុះ"។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានកត់សម្គាល់ទៀតថា កិច្ចសហប្រតិបត្តិការរវាងសមាជិក APEC គឺជា "ដំណោះស្រាយដ៏ច្បាស់លាស់" ចំពោះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចបច្ចុប្បន្ន៕
ប្រភព៖ Reuters (https://www.reuters.com/world/china/south-koreas-lee-says-global-trade-order-critical-inflection-point-2025-10-31/)
៤. ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្សថ្មី ៥នាក់ទៀត ដែលក្នុងនោះមានជនសង្ស័យសំខាន់ម្នាក់ ជុំវិញការលួចគ្រឿងអលង្ការដ៏ភ្ញាក់ផ្អើល តម្លៃ១០០លានដុល្លារ នាខែតុលានេះ នៅសារមន្ទីរ Louvre នៃក្រុងប៉ារីស។ នេះបើតាមការលើកឡើងរបស់រដ្ឋអាជ្ញាក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា។ ការឃាត់ខ្លួនមនុស្សទាំង ៥នាក់នេះ បានធ្វើឡើងកាលពីថ្ងៃពុធ ទី២៩ ខែតុលា នៅក្នុង និងជុំវិញក្រុងប៉ារីស។ ពាក់ព័ន្ធនឹងជនសង្ស័យសំខាន់ម្នាក់, លោកស្រី Laure Beccuau បានថ្លែងថា “យើងបានតាមដានគេហើយ” តែវត្ថុដ៏មានតម្លៃទាំងនោះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ ការចាប់ខ្លួនជនសង្ស័យនាពេលនេះ ធ្វើឡើងបន្ទាប់ពីការឃាត់ខ្លួនបុរស ២នាក់ កាលពីចុងសប្តាហ៍មុន ក្រោមការសង្ស័យថា បានចូលទៅក្នុងសារមន្ទីរ តាមរយៈបង្អួចជាន់លើ និងបានលួចយកវត្ថុមានតម្លៃទាំងនោះ។ រដ្ឋអាជ្ញាបារាំងបានថ្លែងថា បុរសទាំង ២នាក់នោះបាន "សារភាពខ្លះៗ" អំពីការជាប់ពាក់ព័ន្ធរបស់ពួកគេ ក្នុងករណីលួចគ្រឿងអល្លង្ការនោះ៕
ប្រភព ៖ France24 (https://www.france24.com/en/live-news/20251030-five-new-suspects-arrested-over-louvre-heist-paris-prosecutor-says)
៥. ប្រធានទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានថ្លែងថា ក្រុមជីវពល RSF បានសម្លាប់ជនស៊ីវិលរាប់រយនាក់ នៅក្នុងមន្ទីរពេទ្យធំមួយនៃទីក្រុង el-Fasher។ ហេតុការណ៍នេះ បានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមជីវពល វាយយកបានទីក្រុងនេះ។ លោក Tedros Adhanom Ghebreyesus បានថ្លែងថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ “មានក្តីតក់ស្លុត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង” ចំពោះសេចក្តីរាយការណ៍អំពីការសម្លាប់មនុស្ស ៤៦០នាក់ នៅក្នុងមន្ទីរពេទ្យ។ បណ្តាញគ្រូពេទ្យស៊ូដង់ ក៏បានថ្លែងឱ្យដឹងដែរថា កាលពីថ្ងៃអង្គារ ទី២៨ ខែតុលា កងកម្លាំង RSF បាន "សម្លាប់មនុស្សទាំងអស់ដែលពួកគេបានរកឃើញ នៅក្នុងមន្ទីរពេទ្យ Saudi Hospital ដោយគ្មានក្តីមេត្តា រួមទាំងអ្នកជំងឺ, អ្នកមើលថែអ្នកជំងឺ និងអ្នកផ្សេងទៀត ដែលមានវត្តមាននៅទីនោះ"។ សូមជម្រាបថា ចាប់តាំងពីជម្លោះបានផ្ទុះឡើង កាលពីខែមេសា ឆ្នាំ ២០២៣មក, កងកម្លាំង RSF និងកងជីវពលអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តនៅតំបន់ Darfur ត្រូវបានចោទប្រកាន់ថា បានដាក់គោលដៅវាយប្រហារលើមនុស្ស ដែលមិនមែនជាជនជាតិអារ៉ាប់ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានកម្លាំង RSF បដិសេធ៕
ប្រភព៖ BBC (https://www.bbc.com/news/articles/c364jgkge46o)
ដើម្បីទទួលបានព័ត៌មានថ្មីៗសូមតាមដានពួកយើងតាមរយៈ
👉Facebook: ព្រះខ័ន - Preah Khan (https://www.facebook.com/preah.khan.khmer?mibextid=LQQJ4d)
👉Youtube: ព្រះខ័ន (https://youtube.com/?si=Kzk3pgGQhrZCI_V2)
👉Tiktok: Preah Khan (https://www.tiktok.com/)
👉Telegram: ព្រះខ័ន (https://t.me/preah_khan)
👉CoolApp: ព្រះខ័ន(https://group.coolapp.chat/...)