19/09/2025
ពលរដ្ឋ២ឃុំ គឺឃុំព្រះពន្លា និងឃុំព្រៃធំ សុំឲ្យអាជ្ញាធរខេត្តស្វាយរៀង ករណីក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដីលុបផ្លូវទឹក
ស្វាយរៀង ៖ពលរដ្ឋ២ឃុំ គឺឃុំព្រះពន្លា និងឃុំព្រៃធំ បានសុំឲ្យអាជ្ញាធរខេត្តស្វាយរៀង ជួយអន្តរាគមន៍ដោះស្រាយ ករណីក្រុមហ៊ុនជីករណ្តៅដីយកអាចម៍ដីលុបផ្លូវទឹក សម្អាងថា ខ្លួនបានដាក់លូហើយ តែអ្នកភូមិថា ដាក់លូតូច និងបង្កឲ្យទឹកជន់លិចស្រូវរបស់ប្រជាពលរដ្ឋ និងឈានដល់រលួយខូចរាប់សិបហិកតា ។
ប្រជាពលរដ្ឋបានបទអន្តរាគមន៍ពីអាជ្ញាធរនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រាំងលាច ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ។
បើតាមរដ្ឋបាលឃុំព្រះពន្លាបានឱ្យដឹងថា នៅក្នុងឃុំព្រះពន្លា មានក្រុមហ៊ុនវិនិយោគមកបង្កើតតំបន់សេដ្ឋកិច្ចពិសេស(តាយសេង) បានប្រមូលទិញដីស្រែពីប្រជាពលរដ្ឋ ហើយក្រុមហ៊ុនបានជីកអាចម៍ដីយកទៅចាក់លើដីក្រុមហ៊ុន ក្រោយអាជ្ញាធរបានសម្រួលឲ្យក្រុមហ៊ុនជីករណ្តៅដីនារដូវប្រាំង ដោយក្រុមហ៊ុនបានជីករណ្តៅក្នុងជម្រៅចាប់ពី៥ទៅ៦ម៉ែត្រ កន្លែងខ្លះជិត១០ម៉ែត្រ ហើយនៅពេលរដូវវស្សានេះភ្លៀងធ្លាក់ជោកជាំ បង្កឲ្យលិចស្រូវរបស់ប្រជាពលរដ្ឋ៤ភូមិ ក្នុងឃុំចំនួន២ គឺឃុំព្រះពន្លា និងឃុំព្រៃធំ ។
ករណីនេះ មហាជនបានលើកឡើងថា មូលហេតុនាំឲ្យទឹកជន់លិចស្រូវ និងលិចដំណាំក្នុងភូមិរបស់ប្រជាពលរដ្ឋ ដោយសារក្រុមហ៊ុនជីករណ្តៅដីចាក់ដីលប់ប្រឡាយ(ប្រឡាយធំ)ហើយដាក់លូតូច និងចាក់ដីបិទផ្លូវទឹកអូរត្រពាំងលាច រួចជីកយកអាចម៍ដីក្នុងអូរត្រពាំងលាចយកទៅលក់ ទើបបង្កឲ្យទឹកជន់លិចស្រូវ និងលិចដីផ្ទះ ព្រមទាំងដំណាំក្នុងភូមិរយៈពេលជាង១០ថ្ងៃមកហើយ ពុំទាន់មានដំណោះស្រាយ ។
តាមអ្នកភូមិបានលើកឡើងទៀតថា ការជីរណ្តៅដីនេះដែរ ក្រុមហ៊ុនប្រើរថយន្តដឹកអាចម៍ដីធុនធំ បង្កឲ្យខូចផ្លូវលំក្នុងភូមិត្រពាំងលាចទាំងស្រុង គឺបែកល្បាប់ដីបង្កឲ្យពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងនៅក្នុងរដូវវស្សានេះ ដែលមានរយៈពេល២ខែហើយ ។
ប្រជាពលរដ្ឋបានស្នើសុំទៅអាជ្ញាធរឃុំ និងស្រុក ក៏ប៉ុន្តែស្ងាត់ឈឹង មិនឃើញមានចំណាត់ការឆ្លើយតប ឬដោះស្រាយ ទើបសំណូមពរឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ រកបទអន្តរាគមន៍ពីអាជ្ញាធរខេត្តមេត្តាចុះមកពិនិត្យ និងដោះស្រាយ បើគ្មានចំណាត់ការដោះស្រាយទេ រយៈពេលតែ១សប្តាហ៍ទៀត ស្រូវ និងផលដំណាំពួកគាត់រលួយអស់ជាមិនខាន ។
ទាក់ទិនករណីនេះដែរ មិនអាចរកការបំភ្លឺពីលោកអភិបាលស្រុកកំពង់រោទ៍ បាននៅទេ រហូតមកដល់ព្រឹកថ្ងៃទី១៧ កញ្ញា ២០២៥ ៕