13/10/2025
ក្រុមហាម៉ាសបានប្រគល់ចំណាប់ខ្មាំងដែលនៅរស់ទាំង២០នាក់ឱ្យអ៊ីស្រាអែលវិញហើយ..................
ចំណាប់ខ្មាំងដែលនៅរស់ទាំង២០នាក់ ត្រូវបានក្រុមហាម៉ាសដោះលែងប្រគល់ឱ្យអ៊ីស្រាអែលវិញហើយ បន្ទាប់ពីពួកហាម៉ាស បានចាប់ពង្រត់យកទៅឃុំទុក អស់រយៈពេល២ឆ្នាំនៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មានBBC ចុះផ្សាយនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២៥ឱ្យដឹងថា ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងក្រុមទីមួយរួចហើយមានចំនួន៧នាក់ ហើយចំណាប់ខ្មាំងដែលនៅរស់ក្រុមទីពីរចំនួន១៣នាក់ទៀត ត្រូវបានផ្ទេរទៅកាកបាទក្រហមហើយ មុនបញ្ជូនមកកាន់ប្រទេសអ៊ីស្រាអែល។
ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលជាជំហានដំបូងនៃផែនការសន្តិភាពតំបន់ហ្គាហ្សា ដែលផ្តួចផ្តើមដោយលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក។ បច្ចុប្បន្នលោកត្រាំកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីថ្លែងសន្ទុរកថាទៅកាន់សភាអ៊ីស្រាអែល មុនបន្តដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ជាមួយមេដឹកនាំពិភពលោកនៅទីនោះ។
លោកត្រាំបានប្រកាសថា សង្រ្គាមបានបញ្ចប់ហើយនៅហ្គាហ្សា ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់ លើដំណាក់កាលបន្ទាប់ នៃផែនការសន្តិភាពរបស់លោក។ ពោល ក្រោយក្រុមហាម៉ាសនិងអ៊ីស្រាអែលព្រមព្រៀងដោះដូរអ្នកទោសនិងចំណាប់ខ្មាំង និងការដកកងទ័ពអ៊ីស្រាអែលចេញពីផ្នែកខ្លះនៃតំបន់ហ្គាហ្សាទៅកាន់ទីតាំងដែលបានឯកភាពគ្នា តើពួកគេនឹងត្រូវធ្វើអ្វីបន្តទៀត? រួមទាំងអនាគតរបស់ក្រុមហាម៉ាសនិងតំបន់ហ្គាហ្សាផងដែរ។
#ប្រទេសអ៊ីស្រាអែល #ក្រុមហាម៉ាស #តំបន់ហ្គាហ្សា #ចំណាប់ខ្មាំង #វិទ្យុវាយោ