Reality Cambodia: Big News Analysis

Reality Cambodia: Big News Analysis Balanced, accurate, independent, professional and timely reliable news source.

The realitycambodia.com is founded and envisioned to provide critical news analysis of Cambodia and regional affairs.

សង្គ្រាមអាម៉េរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ៖ មូលហេតុ និង ឥទ្ធិពលលើពិភពលោក១០.០៣.២០២៦ដោយ សូរ្យសែងគេគប្បីយល់ថារឿងដែលធ្វើឲ្យព...
10/03/2026

សង្គ្រាមអាម៉េរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ៖ មូលហេតុ និង ឥទ្ធិពលលើពិភពលោក

១០.០៣.២០២៦
ដោយ សូរ្យសែង

គេគប្បីយល់ថារឿងដែលធ្វើឲ្យពិភពលោកក្រឡាប់ចក្របានទាក់ទងជំនឿ គឺ មនោគមន៍វិជ្ជានយោបាយ និង មនោគមន៍វិជ្ជាសាសនា។ យើងសរុបគំនិតនិងប្រមើលមើលចំណុចចំនួនបី។ ទីមួយ សង្គ្រាមនេះអាចអូសបន្លាយច្រើនខែនិងច្រើនឆ្នាំ, ទីពីរ ក្នុងករណីមានការអូសបន្លាយបែបនេះ វិបត្តិសេដ្ឋកិច្ចដ៏ធំនឹងកើតឡើង, ទីបី ក្នុងករណីទីមួយនិងទីពីរកើតឡើង សង្គ្រាមលោកនឹងកើតឡើង។ វិធីដោះស្រាយ យើងលើកជាគំនិតនៅភាគបញ្ចប់។

មិនងាយដូចអាម៉េរិកចាប់លោក នីកូឡាស៍ ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្ស៊ូអេឡា កាលថ្ងៃ៣ខែកុម្ភៈឆ្នាំ២០២៦ និង សង្គ្រាមឈ្លានពានអ៊ីរ៉ាក់របស់លោក សាដដាម ហ៊ូសសេន ឆ្នាំ២០០៣នោះទេ សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ចាប់ផ្ដើមថ្ងៃ២៨ខែកុម្ភៈឆ្នាំ២០២៦ជាសង្គ្រាមដែលបានវាយតម្លៃទាបលើសភាពការណ៍របស់លោកខាងលិច ជាពិសេស អាម៉េរិក។

ជាជាងធ្វើតាមទម្លាប់ប្រធានាធិបតីអាម៉េរិកមុនៗដែលថ្លែងទៅកាន់សភាជាន់ខ្ពស់ មុនពេលចាប់ផ្ដើមសង្គ្រាម លោក ដូណាល់ ត្រាំ ផុស្តសម្ដីខ្លួនចំនួន៨នាទីលើបណ្ដាញសង្គម។ ដើមចមនៃគំនិតអាចកើតឡើងប្រហែលចាប់ផ្ដើមពីរសប្ដាហ៍មុន អំឡុងពេលលោក បេនហ្សាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី ធ្វើដំណើរទៅសេតវិមាន។ លេសនៃសង្គ្រាម គឺ អាម៉េរិកចោទអ៊ីស្រាអែលថាមានលទ្ធភាពបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។ រដ្ឋបាលលោក ត្រាំ ចង់ប្ដូរមេដឹកនាំអ៊ីរ៉ង់និងអំពាវនាវឱ្យប្រជាជនដណ្ដើមអំណាច។ អាម៉េរិកចាត់ទុកអ៊ីរ៉ង់គាំទ្រអក្សនៃការតស៊ូ (Axis of Resistance) ដែលមាន ហេហ្សបុលឡា, ហាម៉ាស, ហ៊ូទី។ គួររំឭកថា មុនព្រឹត្តិការណ៍ថ្ងៃ២៨កុម្ភៈ សង្គ្រាម១២ថ្ងៃ (១៣-២៤.០៦.២០២៥) ការបាញ់ឆ្លងប្រទេសរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលបានប្រព្រឹត្តទៅម្ដងហើយ។

ព្រឹត្តិការណ៍ថ្ងៃ២៨កុម្ភៈជាថ្ងៃចាប់ផ្ដើមសង្គ្រាមរវាងអាម៉េរិកនិងដៃគូរបស់ខ្លួនប្រឆាំងអ៊ីរ៉ង់។ មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតុលលាស់ អាលិ ខាម៉ឺណេយ ត្រូវបានសម្លាប់ជាមួយអ្នកជិតស្និទ្ធប្រមាណ៤០ក្នុងពេលកំពុងប្រជុំ។ មានប្រភពពត៌មានបញ្ជាក់ថាអ៊ីស្រាអែលបានហែកចូលប្រព័ន្ធកាម៉េរ៉ាចរាចរណ៍របស់អ៊ីរ៉ង់។ អ៊ីស្រាអែលបានអះអាងថាការវាយប្រហាររបស់ខ្លួនជាការការពារមុន។ ក្នុងការវាយប្រហារអ៊ីរ៉ង់ អាម៉េរិកបានប្រកាសថាបានបន្ថយឥទ្ធិពលកម្លាំងទ័ពអាកាសអ៊ីរ៉ង់និងទីតាំងជិត២០កន្លែង ដែលរួមមាននាវា១៧ និង ទម្របាញ់មីស៊ីលជាច្រើនរយ។ ក្រោយការស្លាប់របស់មេដឹកនាំកំពូលរបស់ខ្លួន ប្រធានាធិបតីអ៊ីរ៉ង់ ម៉ាសអ៊ូត ប៉េហ្សេគីយ៉ន បានប្រកាសថាអ៊ីរ៉ានពិចារណាកាតព្វកិច្ចនិងសិទ្ធស្របច្បាប់ដើម្បីសងសឹកអ្នកប្រព្រឹត្តនិងមេគំនិតឧក្រិដ្ឋកម្មជាប្រវត្តិសាស្ត្រនេះ។ អ៊ីរ៉ង់បាញ់មិស៊ីលនិងប្រើដ្រោនវាយប្រហារលើអ៊ីស្រាអែលនិងទីតាំងយោធាអាម៉េរិកនៅបារែន, គុយវែត, កាតា, ហ្សដង់ និង សហភាពអារ៉ាប់រួម។

មូលហេតុដំបូងៗ

នៅឆ្នាំ១៩២១ លោក រីហ្សា ប៉ាឡាវី មន្ត្រីយោធាអ៊ីរ៉ង់ ផ្ដួលរំលំរាជវង្សកាហ្សា ហើយ ចាប់ផ្ដើមរាជវង្សថ្មី គឺ ប៉ាឡាវី។ នៅឆ្នាំ១៩៤១ កងកម្លាំងអង់គ្លេសនិងសូវៀតបានឈ្លានពានអ៊ីរ៉ង់ ដោយចោទថាព្រះរាជា រីហ្សា សាស ប៉ាឡាវី មានទំនោរទៅប៊ែរឡាំង។ ពួកគេបង្ខំទ្រង់ដាក់រាជ្យនិងឱ្យបុត្រ មហាម៉ាត់ រីហ្សា សាស ឡើងគ្រងរាជ្យ។ ព្រះរាជាអង្គថ្មីនេះសោយរាជ្យដល់ឆ្នាំ១៩៧៩។ បដិវត្តន៍អ៊ីស្លាមផ្ដួលរំលំ មហាម៉ាត់ រីហ្សា កើតឡើងនាឆ្នាំនោះ។ នៅឆ្នាំ១៩៤១ កងកម្លាំងសូវៀត-អង់គ្លេសបានឈ្លានពានអ៊ីរ៉ង់ ដែលជាហេតុបណ្ដាលឱ្យព្រះរាជា រីហ្សា សាស ដាក់រាជ្យ និង ប្រគល់រាជ្យដល់បុត្រ មហាម៉ាត់ រីហ្សា ប៉ាឡាវី។ កងកម្លាំងសូវៀត-អង់គ្លេសកាន់កាប់អ៊ីរ៉ង់ដល់ឆ្នាំ១៩៤៦។

ក្រោយសង្គ្រាមលោកលើកទី២ អាម៉េរិកក្លាយជាបងធំពិភពលោក។ រាជវង្ស សាស រីហ្សា ប៉ាឡាវី អនុវត្តគោលនយោបាយមួយចំនួនតាមលោកខាងលិច។ នៅឆ្នាំ១៩៥៣ នាយករដ្ឋមន្ត្រី មហាម៉ាត់ ម៉ូសសាដេគ ចង់មានការផ្លាស់ប្ដូរគោលនយោបាយដឹកនាំក្នុងប្រទេសអ៊ីរ៉ង់។ លោកអនុញ្ញតក្រុមហ៊ុនប្រេងអង់ហ្គ្លោ-អ៊ីរ៉ង់គ្រប់គ្រងចំណូលប្រេងអ៊ីរ៉ង់។ អង់គ្លេសនិងអាម៉េរិកយល់ឃើញនេះជាការប្រឈមមុខនឹងលោកខាងលិច។ ដូច្នេះ ពួកគេបានរៀបចំឱ្យមានរដ្ឋប្រហារយោធាមួយប្រឆាំងប្រទេសអ៊ីរ៉ង់ ដោយមានការជួយពីភ្នាក់ងារសម្ងាត់អាម៉េរិកនិងភ្នាក់ងារសម្ងាត់អង់គ្លេស គឺ CIA និង MI6។ បាតុករអ៊ីរ៉ង់រាប់លាននាក់ជំទាស់នឹងអន្តរាគមន៍របស់លោកខាងលិច។ តែ គេកត់សម្គាល់ថាបព្វជិតនិកាយស៊ីអ៊ីតរបស់អ៊ីរ៉ង់មិនចូលរួមគាំទ្រការជំទាស់។ មូលហេតុអាចមកពីបព្វជិតទាំងនោះខ្លាចនាយករដ្ឋមន្ត្រីអ៊ីរ៉ង់នេះចូលទៅខាងកុម្មុយនីស្ត។ ជាលទ្ធផល រដ្ឋប្រហារដែលរៀបចំដោយពួក CIA ទទួលជោគជ័យ។ ព្រះរាជា រីហ្សា សាស បដិសេធមិនបណ្ដេញជនជាតិអាល្លឺម៉ង់ចេញ និង ផ្ដល់កម្លាំងសម្ព័ន្ធមិត្តប្រើប្រាស់ប្រព័ន្ធផ្លូវដែក។ ចំណុចនេះបណ្ដាលឱ្យអង់គ្លេសនិងសូវៀតយកលេសចូលកាន់កាប់អ៊ីរ៉ង់។ ពួកគេចាត់ទុកច្រករបៀងពែរ្សជាផ្លូវសំខាន់តភ្ជាប់ផែឈូងសមុទ្រទៅកាន់អាស៊ីកណ្ដាលសូវៀត។ លោក ម៉ូសសាដេគ ត្រូវឃុំខ្លួនក្នុងផ្ទះរហូតដល់អស់ជីវិតក្នុងឆ្នាំ១៩៦៧។ គំនិតប្រឆាំងចក្រពតិ្តនិយមនេះផ្ដល់នូវស្នាមដិតដាមក្នុងអារម្មណ៍ជនជាតិអ៊ីរ៉ង់ ហើយ វាជាកម្លាំងជំរុញសំខាន់ក្នុងបដិវត្តន៍ឆ្នាំ១៩៧៩ប្រឆាំងនឹងព្រះរាជាអ៊ីរ៉ង់។

លោកខាងលិចបានវាយតម្លៃទាបចំពោះឥទ្ធិពលបព្វជិតអ៊ីរ៉ង់លើប្រទេសអ៊ីរ៉ង់។ តាំងពីពេលបដិវត្តន៍ដោយកងឆ្មាំបវិត្តន៍អ៊ីរ៉ង់នោះមក លោកខាងលិចប្រើវិធានដាក់ទណ្ឌកម្មចាប់ពីនយោបាយរហូតដល់យោធាចំពោះអ៊ីរ៉ង់។ ក្នុងជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ លោកខាងលិចបានលូកដៃចូលយ៉ាងជ្រៅរហូតដល់ជំរុញឱ្យមានការផ្លាស់ប្ដូរនៅអ៊ីរ៉ង់។

ការ​ដែល​អ៊ីរ៉ង់បានបិទច្រកហរមូហ្ស (Hormuz) ជា​រឿង​គ្រោះ​ថ្នាក់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។ ច្រក​នេះ​ជា​ច្រក​ដែលជារៀងរាល់ឆ្នាំប្រេងប្រមាណ២០%ត្រូវដឹកឆ្លងកាត់។ ថ្វីត្បិត អ៊ីរ៉ង់ជាប់ជាប្រទេសលេខ១០ជាងក្នុងការនាំប្រេងទៅកាន់ពិភពលោកក្ដី ប្រទេសអាស៊ីជាច្រើនចាត់ទុកច្រកហរមូហ្សជាសរសៃសេដ្ឋកិច្ចមួយ។ ឥណ្ឌានាំប្រេងនិងឧស្ម័នប្រហែល៥០%ទៅ៦០%ចូលប្រទេសតាមរយៈច្រកនេះ។ ចិនទទួលប្រេងតាមច្រកនេះចូលមកក្នុងប្រទេសប្រមាណជាង៣០%។ បើនិយាយពីប្រទេសកំពុងអភិវឌ្ឍ ប្រសិនបើគ្មានប្រេង សេដ្ឋកិច្ចសំខាន់ៗអាចគាំងតែម្ដង។

ដំណោះស្រាយសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍអាចជាគ្រោះជាផងជាគ្រោះភ័យផង។ ជាបឋម គេត្រូវរក្សាគោលនយោបាយមួយដែលមិននាំប្រទេសចូលក្នុងភ្លើងសង្គ្រាម។ ខាងសេដ្ឋកិច្ច ប្រទេសតូចរងផលតូច ប្រទេសធំរងផលធំ។ ប្រទេសកំពុងអភិវឌ្ឍគួរផ្ដោតលើអ្វីដែលខ្លួនមាននិងថាមពលពីធម្មជាតិជាជាងពឹងផ្អែកពេកលើធនធានមិនស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន។

គេគប្បីយល់ថារឿងដែលធ្វើឲ្យពិភពលោកក្រឡាប់ចក្របានទាក់ទងជំនឿ គឺ មនោគមន៍វិជ្ជានយោបាយ និង មនោគមន៍វិជ្ជាសាសនា។ អាម៉េរិកនិងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលនៃសាសនាអ៊ិស្លាមនិកាយអ៊ីអ៊ីតដែលមានប្រមាណ៣០០លាននាក់លើលោក។ មនោគមន៍វិជ្ជាសាសនាមានន័យថាសូម្បីខ្ទេចប្រទេស ក៏ចលនាតស៊ូនៅមាន ហើយ មានសភាពខ្លាំងក្លាលើសមនោគមន៍វិជ្ជានយោបាយ។ មាន​តែ​ការ​វិល​ទៅ​រក​សន្តិភាព​ទេ​ដែល​ធ្វើ​ឲ្យ​មនុស្ស​លោក​គេច​ផុត​ពី​វិនាសកម្ម​៕

(cfr.org, trtworld.com, alzajeera.com, cnn.com, bbc.com...; រូបបាន​ពី​ alzajeera)

វិធីបញ្ចប់សង្គ្រាមថៃលើកម្ពុជាសន្តិភាព១៦.១២.២០២៥គំនិតមួយក្នុងអត្ថបទនេះមិនសម្រាប់តែការបញ្ចប់ការបៀតបៀនឬឈ្លានពានជាឯកតោភាគីរប...
16/12/2025

វិធីបញ្ចប់សង្គ្រាមថៃលើកម្ពុជា

សន្តិភាព
១៦.១២.២០២៥

គំនិតមួយក្នុងអត្ថបទនេះមិនសម្រាប់តែការបញ្ចប់ការបៀតបៀនឬឈ្លានពានជាឯកតោភាគីរបស់ថៃនាពេលបច្ចុប្បន្ននោះទេ តែ វាអាចសម្រាប់ដោះស្រាយវិបត្តិទៅថ្ងៃមុខ២០ឆ្នាំ៣០ឆ្នាំ និង ថ្ងៃក្រោយទៀត។ មុននឹងលេចចេញគំនិតដោះស្រាយនេះ យើងបានតាមដានប្រវត្តិសាស្ត្រនិងស្ថានការណ៍អតីតនិងបច្ចុប្បន្ន ក្នុងតំបន់ និង ពិភពលោកមួយចំនួន។ ខាងក្រោមជាការពិចារណាដែលមានចំនួន៣ចំណុច។

១. កម្លាំងទប់ទល់កម្លាំង

ប្រសិនគ្មានការកែប្រែក្នុងគំនិតដឹកនាំរដ្ឋថៃទេ យោធានៅតែមានអំណាចខ្លាំងបន្ទាប់ពីព្រះរាជាថៃក្នុងការចាត់ចែងនគរ។ ប្រទេសថៃបានផ្ដល់សិទ្ធិធំធេងដល់យោធាថៃតាមរយៈច្បាប់អាជ្ញាសឹក (กฎอัยการศึก) ឆ្នាំ១៩១៤។ តាមរយៈច្បាប់នេះ យោធាថៃមានសិទ្ធិចេញបទបញ្ជា, គ្រប់គ្រងការធ្វើដំណើរ, អាចឆែកឆេរ, អាចរឹបអូសទ្រព្យសម្បត្តិ និង ព្យួរច្បាប់មួយក្នុងតំបន់សន្តិសុខណាមួយ។ ចំណុចនេះត្រូវបានប្រើជាពិសេសអំឡុងជម្លោះព្រំដែន ឬ ចលាចលក្នុងប្រទេសដើម្បីការពារបូរណភាពទឹកដីនិងសន្តិសុខ។ យោធាធ្វើការដោយមិនចាំបាច់សុំការយល់ព្រមពីប្រជាជនជាមុន។

បើពិនិត្យន័យច្បាប់ខាងលើ យោធាថៃជាអ្នកមានអំំណាចបន្ទាប់ពីព្រះមហាក្សត្រ ហើយ រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រីអាចត្រូវបានដោះដូរតាមចិត្ត។ ប្រសិនយោធាចង់បៀតបៀនប្រទេសជិតខាង គេងាយនឹងធ្វើណាស់។ ដោយមានអំណាចពេញដៃ និង មួយទៀត កត្តាកម្លាំងយោធានិងកម្លាំងសេដ្ឋកិច្ច យោធាថៃមានលទ្ធភាពនឹងវាយប្រទេសខ្សោយជាង។

ដូច្នេះ នៅពេលយោធាថៃបង្កជម្លោះឬសង្គ្រាម ប្រទេសដែលខ្សោយជាងប្រាកដជាគ្មានជម្រើសអ្វីក្រៅពីប្រយុទ្ធស្លាប់រស់ការពារបូរណភាពដែនដីរបស់ខ្លួនឡើយ។

២. វត្តមានមហាអំណាច

រំឭកប្រវត្តិសាស្ត្រ! រវាងឆ្នាំ១៩៤០និងឆ្នាំ១៩៤១ ថៃទាមទារដែនដីនៅប្រទេសឡាវនិងប្រទេសកម្ពុជាពីបារាំង។ នាពេលនោះ ថ្វីត្បិតកងទ័ពជើងគោកថៃមានជ័យជម្នះច្រើនលើដែនដីទាមទារក្ដី កងទ័ពទឹកថៃចាញ់ក្នុងការប្រយុទ្ធគ្នានឹងបារាំងនៅកោះឆាង ខែមករាឆ្នាំ១៩៤១។ ជប៉ុនចូលខ្លួនមកសម្របសម្រួលឲ្យមានសន្ធិសញ្ញាសន្តិភាពនៅទីក្រុងតូក្យូថ្ងៃ៩ឧសភា១៩៤១។ ក្រោមសម្ពាធរបស់ជប៉ុន បារាំងប្រគល់ដែលដីក្នុងអំណាចខ្លួនដែលថៃទាមទារទៅឲ្យថៃ។ ប៉ុន្តែ នៅឆ្នាំ១៩៤៥ ស្របនឹងការបញ្ចប់សង្គ្រាមលោកលើកទី២ សម្ព័ន្ធមិត្ត ដែលមានអង់គ្លេស អាម៉េរិក និង ចលនាថៃសេរី បានបង្ខំឲ្យថៃប្រគល់ដែនដីមានជម្លោះទាំងនោះទៅបារាំងវិញ។ ថៃប្រគល់ដីទាំងនោះមកឥណ្ឌូចិនបារាំងវិញនៅខែតុលាឆ្នាំ១៩៤៦។ វាបង្ហាញពីប្រទេសថៃប្ដេជ្ញាចិត្តចំពោះសន្តិភាព ការសន្ទនា និង ពហុភាគីនិយម។ តាមរយៈការប្រគល់ដែនដីទាំងនេះមកវិញ បារាំងគាំទ្រប្រទេសថៃជាសមាជិកអង្គការសហប្រជាជាតិ។

ដូច្នេះ នៅពេលមានសំឡេងពីមហាអំណាចពីរបីឡើង ប្រទេសថៃគួរស្តាប់។ ដោយមិននិយាយពីករណីប្រាសាទព្រះវិហារ និង ផែនទីដែលគេដឹងច្រើនហើយ ចំណុចនេះប្រទេសថៃនិងប្រជារាស្ត្រថៃត្រូវចាំ!

៣. រាជបញ្ជា

មុននឹងចេញច្បាប់ នាយករដ្ឋមន្ត្រីថៃត្រូវថ្វាយពង្រាងច្បាប់ថ្វាយទ្រង់ទត ហើយ បន្ទាប់ពីទ្រង់សព្វព្រះហឫទ័យឬយ៉ាងណា ទើបច្បាប់នោះកែតម្រូវនិងយកថ្វាយទ្រង់វិញដើម្បីសុំព្រះរាជានុញ្ញាតជាចុងក្រោយ។ តាមរដ្ឋធម្មនុញ្ញថៃ ព្រះរាជាថៃជាប្រមុខរដ្ឋហើយទ្រង់មិនអាចមានអ្នកណាចោទប្រកាន់ឬរំលោភបំពានបានទេ។ ទ្រង់ក៏ជាប្រមុខកំពូលរបស់កងទ័ពថៃដែរ។ នៅក្បែរទ្រង់ មានឧត្តមក្រុមប្រឹក្សា (ដែលថៃហៅថា សភាអង្គមន្ត្រី ឬ គណៈអង្គមន្ត្រី) ផ្ដល់យោបល់សព្វយ៉ាងថ្វាយទ្រង់។ ក្រុមអ្នកផ្ដល់យោបល់នេះមានតាំងពីឆ្នាំ១៨៧៤។ មាត្រាច្បាប់ដែលល្បីនៅប្រទេសថៃ គឺ មាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌថៃ។ ក្នុងច្បាប់នេះ ជនណាបង្ខូចកិត្តិយស ជេរប្រមាទ ឬ គំរាមព្រះមហាក្សត្រ ព្រះមហាក្សតិយានី ឬ រាជទាយាទ នឹងត្រូវជាប់ពន្ធនាគារពី៣ទៅ១៥ឆ្នាំ។

ដោយខ្លី ចំណុចខាងលើបង្ហាញថាអំណាចធំក្នុងប្រទេសបន្ទាប់ពីព្រះរាជា គឺ យោធា។ កិច្ចការធំៗ ប្រសិនព្រះរាជាបើកភ្លើងខៀវហើយ យោធាថៃអនុវត្តដោយមិនចាំបាច់ស្ដាប់ស្ថាប័នផ្សេងក្នុងប្រទេសនោះទេ។
ដូច្នេះ ប្រសិនមានរាជបញ្ជាពីព្រះរាជាថៃ ជាស្វ័យប្រវត្តិ យោធានឹងអនុវត្តព្រះរាជបន្ទូល៕

(រូបថត ៖ pressocm.gov.kh)

ចំណុចខ្លាំងនៃជនជាតិខ្មែរ ៖ ការវិភាគតាមទស្សនវិជ្ជា ចិត្តសាស្ត្រ និង សង្គមសាស្ត្រ ដោយ សូរ្យសែងអាទិត្យ ០៣.០៧.២០២៥ ក្នុងរដ្ឋ...
02/08/2025

ចំណុចខ្លាំងនៃជនជាតិខ្មែរ ៖ ការវិភាគតាមទស្សនវិជ្ជា ចិត្តសាស្ត្រ និង សង្គមសាស្ត្រ

ដោយ សូរ្យសែង
អាទិត្យ ០៣.០៧.២០២៥

ក្នុងរដ្ឋធម្មនុញខ្មែរឆ្នាំ១៩៩៣ នាទំព័រដំបូង គេនឹងឃើញបុព្វកថាបែបនេះ «យើង ប្រជារាស្ត្រខ្មែរ ដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តម ប្រទេសជាតិស្តុកស្តម្ភធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ, បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ, បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា « កោះសន្តិភាព » ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់, ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិ ឱយបាន ឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍ ។»

គេកម្រឃើញរដ្ឋធម្មនុញប្រទេសណាប្រាថ្នាសុខសន្តិភាពបែបស្មារតីសន្តិភាពនិយមបែបនេះឡើយ។ តាមពិតទៅក្រោយពីសម័យអង្គរប្រមាណជាង៥០០ឆ្នាំ ប្រទេសនេះត្រូវគាបដោយឥទ្ធិពលនៃប្រទេសងខាងខ្លួនដែលមានអំណាចសេដ្ឋកិច្ច យោធា និង ប្រជាជន។ នៅរវាងពាក់កណ្ដាលសតវត្សរ៍ទី១៩ ដើម្បីឲ្យនគរខ្លួនងើបឈរឡើងវិញឡើងវិញក្នុងភាពស្មើមុខស្មើមាត់នឹងគេ ព្រះរាជាខ្មែរព្រះអង្គ ដួង បានទាក់ទងព្រះចៅអធិរាជបារាំង ណាប៉ូឡេអុងទី៣ ដើម្បីសុំព្រះរាជអន្តរាគមន៍សង្គ្រោះនគរក្នុងភាពអាសន្ន។ រាជទូតវៀតណាមនិងថៃនាពេលនោះបានទាក់ទងនគរបារាំងដោយផ្ទាល់ឬដោយប្រយោលដើម្បីរក្សាដែនដីខ្មែរដែលខ្លួនកាន់កាប់ផង ដើម្បីរក្សាឥទ្ធិពលលើនគរខ្មែរដែលខ្លួនចាត់ទុកបីដូចជាខេត្តមួយរបស់ខ្លួនផង។

ដោយយល់ពីទុក្ខវេទនាដ៏យូរអង្វែងរបស់ជនជាតិខ្មែរដែលឆ្អែតនឹងចម្បាំងរាំងជល់, អំពើព្រៃផ្សៃអមនុស្សធម៌, ការកាប់សម្លាប់, ការដណ្ដើមអំណាចគ្នា និង ការលោភលន់ហួសវិស័យ យើងលើកយកចំណុចខ្លាំងរបស់ខ្មែរចំនួន៣ ក្នុងបណ្ដាចំណុចខ្លាំងផ្សេងទៀត។ ចំណុចខ្លាំងនេះកើតចេញ​ពី​ការវិភាគបែបទស្សនវិជ្ជា ចិត្តសាស្ត្រ និង សង្គមសាស្ត្រ និង ការផ្ទៀងផ្ទាត់ឯកសារប្រវត្តិសាស្ត្ររាប់ពាន់ទំព័ររបស់អ្នកស្រាវជ្រាវនានា។

១. ការគោរពនិងស្ដាប់មេដឹកនាំ

ក្នុងការវិភាគទូទៅ គេត្រឹមដឹងថា «ការគោរពមេបា» គឺ ការឱនលំទោន ការស្ដាប់បង្គាប់ ដូចពាក្យថា «ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ»។ យល់បែបនេះក៏ម្យ៉ាង។ អ្វីដែលសំខាន់នោះជា​ការគោរពមេបាសំដៅស្មារតីវាងវៃទទួលគំនិតមុនអនុវត្ត ដូចពាក្យបុរាណខ្មែរថា «គិតមុនគូរ»។ ក្នុងស្រុកភូមិ ប្រជាជនខ្មែរគោរពចាស់ទុំ, ក្នុងគ្រួសារ មនុស្សខ្មែរគោរពត្រកូលរាមច្បង, ក្នុងសហគមន៍ គេស្វែងរករៀនចំណេះចេះដឹងពីគ្រូបាធ្យាយ អ្នកមានជំនាញផ្សេងៗ។ ទាំងនេះគឺអ្វី? ទាំងនេះ គឺ មនុស្សខ្មែរចង់ស្វែងរកក្បួនខ្នាតក្នុងកិច្ចការការងារផ្សេង ទាំងរឿងដេកដើរឈរអង្គុយ និយាយស្ដី ការរៀបការ ការរៀបចំផ្ទះសម្បែងថ្មី ជាដើម។

ក្នុងកម្រិតជាតិ ប្រជារាស្ត្រខ្មែរបានចូលរួមដោយស្មោះស្មគ្រតាមលំដាប់លំដោយ តាមស្រទាប់សង្គម បេះពីមាត់បូតពីកប្រលេះពីដៃ រួមចំណែកក្រោមការអំពាវនាវរបស់មេដឹកនាំខ្លួន។ សកម្មភាពទាំងនេះដែលកើតមាននៅសម័យមហានគរ។ វាជាការងាយយល់ណាស់ដែលវង់មហោរីមួយនឹងអាចបន្លឺសំឡេងរណ្ដំស្រងេះស្រងោចភ្ញោចអស់សតិបាននោះកើតចេញពីលក្ខណៈឯកភាពក្នុងពហុភាពនៃការចូលរួមរបស់ឧបករណ៍តន្ត្រីនីមួយៗក្នុងវង់។ និយាយមួយបែបទៀត ប្រសិនបើប្រជារាស្ត្រ មន្ត្រី និង មេដឹកនាំស្រឡាញ់ជាតិស្រឡាញ់នគរ មិនលោភលន់ មិនអាត្មានិយម រួមគ្នាជាធ្លុងមួយ រឿងអ្វីជាតិមិនរីកចម្រើននិងសម្រេចកិច្ចការដ៏ធំបាន។

២. ចិត្តខ្លាំងមានះតស៊ូ

នៅសតវត្សរ៍ទី១៩ អ្នកប្រាជ្ញបារាំងម្នាក់ឈ្មោះ អូហ្គុស ប៉ាវី (August Pavie) ដែលជាមន្ត្រីនិងជាអ្នកការបារាំង បានជ្រើសរើសខ្មែរចំនួន៣នាក់ជាជំនួយក្នុងការធ្វើដំណើររុករកនៅភាគខាងជើងប្រទេសកម្ពុជា។ លោក ប៉ាវី បានប្រាប់ពីការលំបាកដែលនឹងជួបប្រទះតាមផ្លូវ។ បុរសជាខ្មែរឆ្លើយតបវិញថាមកជាមួយលោកមានប្រយោជន៍អ្វីទៅ ប្រសិនបើយើងមិនទៅដល់ព្រំដែនចិនដែលជាព្រំដែននៃអតីតចក្រភពខ្មែរនោះ។

ទៅក្រោយបន្តិច នៅដើមសតវត្សរ៍ទី១៦ មេទ័ពធំខ្មែរ ចៅពញាសួគ៌ាលោក មឿង ចៅហ្វាយខេត្ពោធិ៍សាត់ ព្រមទាំង ភរិយានិងកូន បានជួយព្រះ ចន្ទរាជា ដើម្បីគ្រប់គ្រងនិងការពារនគរអស់ពីចិត្តអស់ពីថ្លើម និង មិនខ្លាចបូជាជីវិត។ ចំណុចនេះមិនខុសនឹងចរិតទឹកចិត្តខ្មែរពីបុរាណដែរ។ នៅសម័យអង្គរ មេទ័ពនានាបានធ្វើសម្បថនឹងព្រះរាជាខ្មែរ ព្រះបាទ សូរ្យវរ្ម័នទី១ «កាត់ដៃថ្វាយអាយុ» ស្មោះត្រង់នឹងនគរ ដូចដែលមានចែងក្នុងសិលាចារឹកខ្មែរ K. 292។ ហើយ វាមិនខុសពីទឹកចិត្តខ្មែរនាសតវត្សរ៍ទី​២១នេះដែរ គឺ «ជីវិតជូនជាតិ ធាតុជូនម្ដាយ»។

៣. ភព្វសំណាង

នៅមុនវៀតណាមបានឯករាជ្យក្នុងប្រវត្តិសាស្ត្រជាដំបូងនាសតវត្សរ៍ទី​១០ពីការគ្រប់គ្រងរបស់ចិន នៅមុនការកើតរដ្ឋនៅអាស៊ីអាគ្នេយ៍ដំបូងរបស់ថៃនាសតវត្សរ៍ទី១៣ពីការគ្រប់គ្រងរបស់ខ្មែរ និង នៅមុនការកើតរដ្ឋដំបូងរបស់ឡាវនៅសតវត្សរ៍ទី១៤ដោយខ្មែរជួយគាំទ្រ ទឹកដីចាប់ពីភូមាមកទល់វៀតណាមខាងជើងនាពេលបច្ចុប្បន្ន ជាអតីតទឹកដីរបស់ជនជាតិអូស្ត្រូអាស៊ី ដែលមានខ្មែរនិងមនជាពិសេស។ បើទោះប្រទេសកម្ពុជារួញតូចសល់ពីការអង្កៀមរបស់អ្នកជិតខាងក្ដី បើទោះជាប្រទេសនេះទើបស្គាល់សុខសន្តិភាពផ្ទៃពិតប្រាកដពីចុងឆ្នាំ១៩៩៨មកក្ដី ក៏ប្រទេសនេះមានភព្វវាសនាខាងភូមិសាស្ត្រនិងបុណ្យកុសលដែលគេមើលមិនឃើញទស្សន៍ទាយមិនកើតប្រមាណមិនបាន។

ត្រឹម៣ចំណុចខ្លាំងនេះ ប្រទេសកម្ពុជានឹងរុងរឿងក្រៃលែងទៅថ្ងៃមុខ ប្រសិនគេមានមេដឹកនាំល្អមានទសពិធរាជធម៌ និង មន្ត្រីស្មោះត្រង់នឹងជាតិដូចបុព្វបុរសដ៏ថ្កើងថ្កានរបស់ខ្លួន៕

(រូប ៖ ប្រាសាទតាក្របី, ថតខែឧសភាឆ្នាំ២០២៥។)

ខេត្តក្រុងថ្មីនៃប្រទេសវៀតណាមទាំង៣៤ទឹកខ្មៅអង្គារ ០៨-០៧-២០២៥នៅឆ្នាំ២០២៥នេះ វៀតណាមបានរៀបចំរដ្ឋបាលខេត្តក្រុងនិងឃុំឡើងវិញ។ ខេ...
07/07/2025

ខេត្តក្រុងថ្មីនៃប្រទេសវៀតណាមទាំង៣៤

ទឹកខ្មៅ
អង្គារ ០៨-០៧-២០២៥

នៅឆ្នាំ២០២៥នេះ វៀតណាមបានរៀបចំរដ្ឋបាលខេត្តក្រុងនិងឃុំឡើងវិញ។ ខេត្តក្រុងចំនួន៦៣ត្រូវបង្រួមមកត្រឹម៣៤។

តាមសេចក្ដីសម្រេចលេខ២០២របស់រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម​វៀតណាមក្នុងនីតិកាលទី១៥ នាសម័យប្រជុំលើកទី៩ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ វៀតណាមមានខេត្តនិងក្រុងរៀបចំថ្មីចំនួន៣៤ ដោយមានខេត្តចំនួន២៨និងក្រុងចំនួន៦។ ក្នុងនោះ ខេត្តចំនួន១៩និងក្រុងចំនួន៤ត្រូវរៀបចំនិងបង្កើតជាថ្មី។ ដោយឡែកខេត្តនិងក្រុងរក្សាទុកដដែលមាន១១ គឺ Cao Bằng, Điện Biên, Hà Tĩnh, Lai Châu, Lạng Sơn, Nghệ An, Quảng Ninh, Thanh Hóa, Sơn La, រដ្ឋធានី Hà Nội និង ក្រុង Huế។

ខេត្តក្រុងថ្មីទាំង៣៤របស់វៀតណាម គឺ ៖ ១. រដ្ឋធានី Hà Nội, ២. ក្រុង Hồ Chí Minh (Bình Dương + TPHCM + Bà Rịa - Vũng Tàu), ៣. ក្រុង Hải Phòng (Hải Dương + TP. Hải Phòng), ៤. ក្រុង Đà Nẵng
(Quảng Nam + TP. Đà Nẵng), ៥. ក្រុង Huế, ៦. ក្រុង Cần Thơ (Sóc Trăng + Hậu Giang + TP. Cần Thơ), ៧. Tuyên Quang (Hà Giang + Tuyên Quang), ៨. Cao Bằng, ៩. Lai Châu, ១០. Lào Cai (Lào Cai + Yên Bái), ១១. Thái Nguyên (Bắc Kạn + Thái Nguyên), ១២. Điện Biên, ១៣. Lạng Sơn, ១៤. Sơn La, ១៥. Phú Thọ (Hòa Bình + Vĩnh Phúc + Phú Thọ), ១៦. Bắc Ninh (Bắc Giang + Bắc Ninh), ១៧. Quảng Ninh, ១៨. Hưng Yên (Thái Bình + Hưng Yên), ១៩. Ninh Bình (Hà Nam + Ninh Bình + Nam Định), ២០. Thanh Hóa, ២១. Nghệ An, ២២. Hà Tĩnh, ២៣. Quảng Trị (Quảng Bình + Quảng Trị), ២៤. Quảng Ngãi (Quảng Ngãi + Kon Tum), ២៥. Gia Lai (Gia Lai + Bình Định), ២៦. Đắk Lắk (Phú Yên + Đắk Lắk), ២៧. Khánh Hoà (Khánh Hòa + Ninh Thuận), ២៨. Lâm Đồng (Đắk Nông + Lâm Đồng + Bình Thuận), ២៩. Đồng Nai (Bình Phước + Đồng Nai), ៣០. Tây Ninh (Long An + Tây Ninh), ៣១. Đồng Tháp (Tiền Giang + Đồng Tháp), ៣២. An Giang (Kiên Giang + An Giang), ៣៣. Vĩnh Long (Bến Tre + Vĩnh Long + Trà Vinh)
និង ៣៤. Cà Mau (Bạc Liêu + Cà Mau)។

គួរបញ្ជាក់ថា តាមប្រវត្តិសាស្ត្របណ្ដាទឹកដីភាគខាងត្បូងប្រទេស​វៀតណាមធ្លាប់ជាទឹកដីនៃប្រទេសកម្ពុជា។ នៅពេលបារាំងចូលមកកាន់កាប់ឥណ្ឌូចិន ទឹកដីនៃបណ្ដានគរក្នុងតំបន់ឥណ្ឌូចិនស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ឬមិនផ្ទាល់ដោយបារាំង។

កតិកាសញ្ញាអេលីហ្សេ (Élysée Accords) ត្រូវបានចុះហត្ថលេខានៅថ្ងៃទី​៨ខែមីនាឆ្នាំ១៩៤៩ រវាងបារាំងនិងអតីតព្រះចៅអធិរាជវៀតណាម បាវដាយ (Bảo Đại)។ កតិកាសញ្ញានេះជាផ្លូវសម្រាប់បង្កើតរដ្ឋវៀតណាម។ នៅថ្ងៃទី១៤ខែមីនាឆ្នាំ១៩៤៩ រដ្ឋសភាបារាំងបានបោះឆ្នោតអនុញ្ញាតឱ្យបង្កើតសភាទឹកដីកូសាំងស៊ីន។ សភានេះបានបោះឆ្នោតនៅថ្ងៃទី១០ខែមេសាឆ្នាំ១៩៤៩ ដោយមានតំណាងជនជាតិវៀតណាមច្រើនជាងគេក្នុងសភា។

ក្នុងចំណុចសំខាន់នៃកតិកាសញ្ញាអេលីហ្សេ សភាជាតិបារាំងបានសម្រេចបញ្ចូលកូសាំងស៊ីន (កម្ពុជាក្រោម) ជាមួយនឹងផ្នែកដទៃទៀតនៃប្រទេស​វៀតណាម។ ជាលទ្ធផល តំបន់ចំនួន គឺ កូសាំងស៊ីន (កម្ពុជាក្រោម), អណ្ណាម និង តុងកឹង ស្ថិតនៅក្រោមរដ្ឋវៀតណាម។

តាមពិតទៅ ផ្ទាំងប្រវត្តិសាស្ត្រសំខាន់ដំបូងដែលគេមិនសូវដឹងទាក់ទងដែនដីកូសាំងស៊ីន ឬ កម្ពុជាក្រោម មុន​ពេល​ដែន​ដី នេះ​របូតចេញពីអតីតបូរណភាពទឹកដីខ្មែរនោះ គឺ កិច្ចព្រមព្រៀងឆ្នេរហាឡុង (Accords de la baie d’Along) ដែលអនុញ្ញាតឱ្យមានរដ្ឋាភិបាលវៀតណាមមួយជំនួសរដ្ឋាភិបាលតុងកឹងនិងរដ្ឋាភិបាលអណ្ណាម ហើយ ភ្ជាប់មកបារាំងក្នុងសហភាពបារាំង។ កិច្ចព្រមព្រៀងនេះមិនត្រូវបានធ្វើជាចំហ ហើយ ព្រះរាជាខ្មែរមិនត្រូវបានឱ្យដឹងទេ៕

(រូបភាព ៖ ផ្ទះជនជាតិខ្មែរមួយនៅកម្ពុជាក្រោម ខេត្តព្រះត្រពាំង; wikipedia, thuvienphapluat.vn, vietanm-briefing, …។)

របៀបគ្រប់គ្រងនៅប្រទេសថៃ ៖ ការវិភាគលើសង្គមសាស្ត្រនិងចិត្តសាស្ត្រថ្ងៃ១៩.០៦.២៥សូរ្យសែងរបៀបដឹកនាំខាងការទូតថៃមានលក្ខណៈជា “នយោ...
19/06/2025

របៀបគ្រប់គ្រងនៅប្រទេសថៃ ៖ ការវិភាគលើសង្គមសាស្ត្រនិងចិត្តសាស្ត្រ

ថ្ងៃ១៩.០៦.២៥
សូរ្យសែង

របៀបដឹកនាំខាងការទូតថៃមានលក្ខណៈជា “នយោបាយខ្យល់បក់”។ យើងនឹងពិចារណារឿងនេះនៅពេលក្រោយ។

ឥឡូវ យើងពិនិត្យមើលបញ្ហាសង្គមនិងបញ្ហាផ្លូវចិត្តនៃអ្នកដឹកនាំថៃនិងប្រជាជនថៃ។ ការវិភាគបែបសង្គមសាស្ត្រនិងចិត្តសាស្ត្រមានលក្ខណៈស៊ីជម្រៅដែលប៉ះពាល់ដល់វាសនាអនាគតនៃប្រទេសមួយ។ យើងសូមលើកតែចំណុចពីរប៉ុណ្ណោះ។ គោលបំណងយើង គឺ ប្រសិនបើរដ្ឋាភិបាលនិងប្រជាជនក្នុងសង្គមមួយយល់ថាអ្វីមិនល្អ ហើយ ចាប់ផ្ដើមកែប្រែ នោះប្រទសនោះនឹងចម្រើនរុងរឿង និង រស់នៅដោយសុខក្សេមក្សាន្តជាមួយបណ្ដាប្រទេសនានាក្នុងលោក។

១. ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ

ចាប់ពីបដិវត្តន៍នៅប្រទេសថៃចាប់ពីឆ្នាំ១៩៣២មក អំណាចរាជាធិបតេយ្យត្រូវប្ដូរមកប្រព័ន្ធរាជានិយមបែបរដ្ឋធម្មនុញ្ញ។ ព្រះរាជាថៃគ្រងរាជ្យពេលនោះ គឺ រាមាទី៧ ឬ សម្ដេចចៅហ្វា ព្រះរាជាធិបកសក្ដិតេជន៍ (១៨៩៣-១៩៤១)។ នៅពេលទ្រង់ប្រកាសផ្ទេរអំណាច ទ្រង់មានព្រះរាជឱង្ការថា “ខ្ញុំយល់ព្រមផ្ទេរអំណាចដែលខ្ញុំមានចំពោះប្រជារាស្ត្រទាំងមូល, ប៉ុន្តែ ខ្ញុំមិនយល់ព្រមផ្ទេរអំណាចទៅបុគ្គលណាមួយ ឬ ក្រុមណាមួយប្រើក្នុងលក្ខណៈផ្ដាច់ការ ដោយមិនស្ដាច់សំឡេងប្រជារាស្ត្រនោះទេ”។

ជាបន្តបន្ទាប់ គេឃើញមានរដ្ឋប្រហារឆ្នាំ១៩៣៣, ១៩៣៩, ១៩៤៧, ១៩៥១, ១៩៥៧, ១៩៥៨, ១៩៧១, ១៩៧៦, ១៩៧៧, ១៩៩១, ២០០៦, ២០១៤។
ជាសរុប តាំងពីឆ្នាំ១៩៣២ រដ្ឋាភិបាលថៃត្រូវផ្ដួលរំលំដោយយោធាចំនួន១៣ដង ដោយជោគជ័យ និង ៩ដងទៀត មិនជោគជ័យ។ ដោយសាររដ្ឋាភិបាលងាយនឹងត្រូវផ្ដួលរំលំបែបនេះហើយប្រជារាស្ត្រចាត់ទុកជារឿងធម្មតា ទើបគេចាត់សង្គមថៃបច្ចុប្បន្នថាមាន “វប្បធម៌រដ្ឋប្រហារ”។

ទោះយ៉ាងណាក្ដី យោធាថៃត្រូវបានចាត់ទុកថាជាអ្នកការពាររាជានិយមនិងមានជាតិនិយមខ្ពស់។ ប្រជារាស្ត្រថៃតែងស្វែងរកជំនួយពីកងទ័ពដើម្បីកែសម្រួលរដ្ឋាភិបាលដែលពួកគេចាត់ទុកថាពុករលួយនិងមិនមានប្រសិទ្ធភាព។ នៅអតីតកាល ទាហានថៃជាកម្លាំងស្នូលក្នុងការពារជាតិនិងពង្រីកទឹកដី។ ខេមភូមិន្ទថៃបានចូលជ្រៅក្នុងសហគមន៍ក្នុងការអប់រំផ្នែកជំងឺឆ្លង, ការសាងសង់ផ្លូវ និង ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

២. ការមិនបង្រៀនការពិតដល់ប្រជាជន

ព្រះរាជាថៃត្រូវបានគេចាត់ទុកជាអ្នកផ្ដល់ការអប់រំដល់ប្រជាជនថៃតាមបែបទំនើប។ ប្រទេសថៃបានវិវត្តមកប្រើបច្ចេកវិជ្ជាដើម្បីអប់រំ។ នៅខែឧសភាឆ្នាំ២០២០ ប្រទេសនេះសម្រេចឲ្យប៉ុស្តទូរទស្សន៍ថ្មីចំនួន១៧ផ្សាយទាក់ទងនឹងការអប់រំ។ ប្រទេសថៃមានជាង៣ម៉ឺនសាលា និង បណ្ដុះបណ្ដាលសិស្សនិស្សិតជាង២០លាននាក់តាមរបៀបទំនើប។

ទោះបីសាលារៀនថៃបង្រៀនប្រវត្តិសាស្ត្រដល់កូនសិស្សនិងនិស្សិត ប៉ុន្តែ ប្រវត្តិសាស្ត្រនោះមានលក្ខណៈជ្រើសរើស។ មេរៀនផ្ដោតលើស្នាព្រះហស្តព្រះរាជា ឬ ឯកភាពជាតិ។ ដូច្នេះ គេមិនផ្ដោតសំខាន់លើរដ្ឋប្រហារ ការតស៊ូមតិ បាតុកម្មរបស់និស្សិត ជាដើមនោះទេ។ មានការស្រាវជ្រាវដោយអ្នកស្រាវជ្រាវថៃដែលប្រកាន់ស្មារតីវិទ្យាសាស្ត្រ ប៉ុន្តែ មតិយោបល់អ្នកទាំងនេះមិនសូវបានផ្សព្វផ្សាយទូទៅក្នុងការអប់រំនិងក្នុងចំណោមមហាជនថៃនោះទេ។

ជារួម ការគ្រប់គ្រងមិនច្បាស់លាស់ខាងរដ្ឋាភិបាលនាំឲ្យប្រទេសដែលទាក់ទងជាផ្លូវការនឹងប្រទេសថៃក៏មានលក្ខណៈមិនច្បាស់។ ការសម្រេចរបស់រដ្ឋាភិបាលហាក់មិនមានខ្លឹមសារអាចចាត់ទុកជាបានការ បើទោះការសម្រេចនោះមានលក្ខណៈជាសន្ធិសញ្ញាក៏ដោយ។ ចំណុចនេះមានន័យ​ថាទាហានថៃមានអំណាចដាច់ដោយឡែកមួយ ឬ បែបឯករាជ្យ ក្នុងការគ្រប់គ្រងប្រទេសដូចរាជរដ្ឋាភិបាលថៃដែរ។ លើសពីនេះ សភាថៃក្ដី តុលាការថៃក្ដីគ្មានឥទ្ធិពលខ្លាំងលើការសម្រេចនិងការអនុវត្តរបស់ទាហានថៃនោះទេ។ ដោយរដ្ឋមន្ត្រីការពារជាតិត្រូវគេជ្រើសរើសចេញពីផ្នែកស៊ីវិល។ ជាធម្មតា មេទ័ពភូមិភាគមានការសម្រេចចិត្តដោយឡែក។ អ្នកទាំងនេះបញ្ជាលើស្ថាប័នកងទ័ពថៃដោយផ្ទាល់។

ការមិនបង្រៀនការពិតដល់ប្រជាជនជាកំហុសធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិមួយ។ ហេតុអ្វី? នៅពេលដែលប្រជាជននៃប្រទេសមួយមិនស្គាល់ខុសត្រូវ បន្តិចម្ដងៗ វានឹងធ្វើឲ្យប្រជាជននោះបដិសេធការពិត ហើយ នៅពេលប្រជាជននោះបដិសេធការពិត គេនឹងធ្វើអ្វីដោយអំពើចិត្តនិងអាត្មានិយម។

ដូច្នេះ វាមានអ្វីការឡើង? ការប្រកាន់ ការជឿខុស មិនអាចឲ្យបុគ្គលណាម្នាក់ឬប្រជាជននៃជាតិណាមួយរស់នៅក្នុងសុខសុភមង្គលជាមួយអ្នកជុំវិញខ្លួននោះទេ។ លើសពីនេះ វាធ្វើឲ្យជាតិនានាមានការប្រយ័តប្រយែងនិងមានភាពមិនទុកចិត្ត ទោះ​ក្នុងទំនាក់ទំនងការទូតក្ដី ក្នុងទំនាក់ទំនងធម្មតារវាងប្រជាជននិងប្រជាជនក្ដី៕

(រូបភាព ៖ បដិវត្តន៍ថៃឆ្នាំ១៩៣២, gettyimages.com; ឯកសារខ្លះ ៖ totalmilitaryinsight.com, cnbc.com, thaienquirer, …។)

ស៊ូណាមិសេដ្ឋកិច្ច និង នយោបាយពិភពលោកសម្រាប់សតវត្សរ៍ទី២១ក្រវាន់២៤.០៤.២០២៥ តាមការកត់សម្គាល់ អាម៉េរិកបានចាប់ផ្ដើមដាក់ពន្ធលើប...
24/04/2025

ស៊ូណាមិសេដ្ឋកិច្ច និង នយោបាយពិភពលោកសម្រាប់សតវត្សរ៍ទី២១

ក្រវាន់

២៤.០៤.២០២៥

តាមការកត់សម្គាល់ អាម៉េរិកបានចាប់ផ្ដើមដាក់ពន្ធលើប្រទេសនានាក្នុងលោកចំនួន៨លើកធំៗ គឺ ឆ្នាំ១៩៣០, ១៩៦០, ១៩៨២, ១៩៨៧, ១៩៩៣, ២០០២, ២០១៨, ២០២៥។ គួរកត់សម្គាល់ថា នៅឆ្នាំ១៩៨៧ ប្រធានាធិបតីអាម៉េរិក រីហ្គឹន បានដាក់ពន្ធ១០០%លើទំនិញនាំចូលពីជប៉ុន។ នៅឆ្នាំ១៩៩៣ លោក គ្លីនតុន បានដាក់ពន្ធ១០០%លើទំនិញពីអឺរ៉ុប ដូចរោមពពែកាស្មៀរ ឬ ហ្វ្រូម៉ាបារាំង ជាដើម។ នៅឆ្នាំ២០១៨ លោក ត្រាំ បានដាក់ពន្ធ២៥%លើទំនិញជាង៨០០ពីប្រទេសចិន។ នៅខែមករាឆ្នាំ២០១៨ អាម៉េរិកយកពន្ធលើបន្ទះពន្លឺព្រះអាទិត្យនិងម៉ាស៊ីនបោកគក់ ដែលពេលនោះ ចិនប្រទេសនាំចេញធំបំផុតខាងបន្ទះពន្លឺព្រះអាទិត្យ។ នៅខែមេសា ចិនបានតបវិញដោយពន្ធ១៧៨.៦% លើបន្លែសរហ្គុម (sorghum) ពីអាម៉េរិក។ ជារឿងគួរអស់សំណើច នៅឆ្នាំ២០២៥ កោះ Heard Island និង McDonald, ដែលជាដែនដីក្រៅចំណុះទឹកដីអូស្ត្រាលី, ក៏ត្រូវជាប់ពន្ធ១០%ដែរ។ តាមពិត កោះនោះជាកោះភ្នំភ្លើងមិនមានមនុស្សរស់នៅ និង ជិតតំបន់អាកទិក។ កោះនោះជាលំនៅសត្វផេនគ្វីន (penguin)។ ដើម្បីទៅកោះនោះ គេត្រូវធ្វើដំណើរដោយជិះកប៉ាល់ចំនួន២សប្ដាហ៍ចេញពីឆ្នេរខាងលិចអូស្ត្រាលីទៅ។

១. ការចរចាពហុភាគី
ក្រោយសង្គ្រាមលោកលើកទី២មកដល់បច្ចុប្បន្ន សហរដ្ឋអាម៉េរិកបានក្លាយខ្លួនជាមហាអំណាចទីមួយ។ អាម៉េរិកឬដូចអឺរ៉ុបចូលចិត្តច្បាប់ទម្លាប់ ហើយ ក៏ច្រើនតែល្មើសនឹងច្បាប់ទម្លាប់ដែលខ្លួនព្រមព្រៀងដែរ។ នៅពេលមានបញ្ហាធំៗ ជាពិសេស នៅពេលប្រទេសធំធ្វើសង្គ្រាម (យោធាឬសេដ្ឋកិច្ច) ប្រទេសតូចៗនឹងរងគ្រោះខ្លាំង។ ដើម្បីដោះស្រាយនឹងប្រទេសធំ មធ្យោបាយល្អសម្រាប់ប្រទេសតូចៗ គឺ ការចរចា។ ការប្រើយន្តការបែបណាវាអាស្រ័យលើភាពឆ្លៀសវៃរបស់មេដឹកនាំប្រទេសទាំងនោះ។ ជាឧទាហរណ៍ ក្រៅពីជំនួសតទល់រវាងប្រទេស គេអាចពិគ្រោះក្នុងចំណោមប្រ៊ិកស៍ (BRICS), អាស៊ាន ឬ ត្រីភាគី, អាស៊ានបូកចិន បូកអាហ៊្វ្រ៊ិក ឬ បូកអឺរ៉ុប ជាដើម។
ប្រទេសតូចក្នុងតំបន់អាស៊ីមិនមែនផលិតផលចិនឬជ្រកក្រោមស្លាកប្រទេសកំពុងអភិវឌ្ឍនោះ។ នៅវៀតណាម ក្រុមហ៊ុនមានផលិតផលល្បី ដូចជា Nike, Adidas, Lululemon, Columbia Sportsear, Salomon និង Arc’Teryx ជាដើមមានរោងចក្រនៅប្រទេសនេះ។

២. ការរក្សាអប្បបរមានិយម
នៅពេលមានបញ្ហាក្នុងសង្គម ប្រជាជនទូទៅ ជាធម្មជាតិ នឹងនាំគ្នាសន្សំសំចៃ ហើយ ផ្ដោតការចំណាយលើអ្វីដែលសំខាន់ប៉ុណ្ណោះ។ ដូច្នេះ វាមិនចម្លែកគ្នាដែលអចលនវត្ថុនិងផ្នែកសេវាកម្មមួយចំនួន ជាពិសេស ផ្ទះសម្នាក់និងសណ្ឋារគារ ត្រូវនៅទ្រឹងឬបិទទ្វារ។លើសពីនេះ ខាងរដ្ឋ គេគួរពិចារណាលើវិធានសនិទានកម្ម (rationalization) ក្នុងការគ្រប់គ្រង។

៣. រៀនគិត រៀនធ្វើ រៀនរស់ដោយខ្លួនឯង
ប្រទេសចិន និង ប្រទេសរុស្ស៊ីឬអតីតសហភាពសូវៀតរងសង្គ្រាមច្រើននិងទណ្ឌកម្មជាច្រើនក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ ប្រទេសទាំងនេះនៅឈររឹងមាំរហូតដល់សព្វថ្ងៃ។ អ្វីដែលគេសង្កេតឃើញ គឺ ប្រទេសចិននិងរុស្ស៊ីមានផលិតផលនិងធនធានធម្មជាតិក្នុងស្រុក។ វាជាគំរូល្អសម្រាប់ប្រទេសក្រីក្រឬកំពុងអភិវឌ្ឍ។ រោងចក្រ, ដំណាំកសិកម្ម និង ធនធានមនុស្ស ជាដើមនេះសុទ្ធតែរួមចំណែកដល់ការទប់ទល់នឹងស្ថានភាពលំបាកក្នុងរយៈពេលមួយ។

៤. អន្តរាគមន៍ និង កំណែទម្រង់រដ្ឋ
រដ្ឋត្រូវធ្វើអន្តរាគមន៍ដើម្បីជួយសម្រាលបន្ទុកប្រជាជនដែលងាយរងគ្រោះ ឬ អ្នករក១ថ្ងៃ ហូប១ថ្ងៃ។ ប្រទេសកម្ពុជាមានកម្មករជាង១លាននៅក្រៅប្រទេស និង មានកម្មករប្រហែល១លានក្នុងប្រទេស, ដែលក្នុងនោះ ប្រហែល៧៥%ជាស្ត្រី។ នៅពេលរោងចក្ររងសម្ពាធពន្ធ ម្ចាស់សហគ្រាសអាចបង្ខំចិត្តបិទរោងចក្រ ហើយ កម្មករនឹងរងគ្រោះ។ អ្នករកចំណូលចិញ្ចឹមក្រពះជំពាក់ធនាគារ។ ជាចាំបាច់ គេត្រូវសិក្សារកចំនួនអ្នករងផលប៉ះពាល់ទាំងនោះ។ មួយទៀត អាជីវកម្មឬសហគ្រាសខ្នាតតូចនេះក៏មានលក្ខណៈប្រឈមខ្លាំងដែរ។ ប្រសិនបើដួលហើយ ជំនួញតូចទាំងនេះកម្រនឹងងើបវិញណាស់ បើរដ្ឋមិនផ្ដល់ទុនឧបត្ថម្ភ។
នៅពេលមនុស្សទាល់ច្រក ភាពច្របូកច្របល់និងអំពើអធម៌ជាច្រើននឹងកើតឡើងក្នុងសង្គម។ ប្រសិនបើយើងបានគិតមុន នោះយើងអាចឆ្លើយតបបានក្នុងកម្រិតណាមួយ។
ប្រទេសកំពុងអភិវឌ្ឍក្ដីឬប្រទេសអភិវឌ្ឍតែងរុះរើឬសម្រួលស្ថាប័នការងាររបស់ខ្លួនដើម្បីប្រសិទ្ធភាព។ តើរដ្ឋត្រូវដោះស្រាយយ៉ាងណាចំពោះមនុស្សរាប់ម៉ឺននាក់មានតែឈ្មោះបើកប្រាក់ខែ តែ មិនធ្វើការបម្រើរដ្ឋ? ហើយ វារឹតតែធ្ងន់ធ្ងរទៅទៀតនៅពេលកម្លាំងសេដ្ឋកិច្ចនិងស្ថិរភាពជាតិមិនទាន់រឹងមាំ។ រដ្ឋមួយខ្លាំងជារដ្ឋមានប្រជាជនសកម្ម មន្ត្រីសកម្ម និង មេដឹកនាំគំរូ (ស្មោះត្រង់ ស្អាតស្អំ មានគុណធម៌ និង លះបង់គ្រប់យ៉ាងដើម្បីជាតិដើម្បីប្រជាជន)។ការពង្រីកបង្រួមស្ថាប័ន ទោះជាក្រសួងមន្ទីរក្ដី វាអាស្រ័យលើភាពចាំបាច់និងការវិវត្តជាប្រវត្តិសាស្ត្រនៃប្រទេសជាតិ។
ជាចុងបញ្ចប់ ដើម្បីដោះស្រាយបញ្ហាជាមួយមហាអំណាច គេគួរស្វែងរកការចរចានិងរក្សាអព្យាក្រឹត្យឱ្យបានមធ្យ័ត។ ការធ្វើកំណែទម្រង់ជាកត្តាស្លាប់រស់សម្រាប់ត្រួសត្រាយផ្លូវជាតិ។ ពិភពលោកបច្ចុប្បន្នវិវត្តលឿនបែបបច្ចេកវិជ្ជា។ ការណ៍នេះតម្រូវឱ្យមានឆ្លើយតបរហ័សនិងមានយុទ្ធសាស្ត្រច្បាស់លាស់។
ក្រៅពីសង្គ្រាមផ្នែកកងទ័ពនិងសេដ្ឋកិច្ច ប្រទេសនីមួយៗក៏ត្រូវប្រឈមដោះស្រាយបញ្ហាជំងឺសកល, ភាពអត់ឃ្លាននិងគ្រោះធម្មជាតិ ដែលអាចនឹងកើតមានជានិច្ចក្នុងលោកនេះ។ នៅពេលបញ្ហាទាំងនេះកើតឡើង រដ្ឋត្រូវពិចារណាលើថវិកា, មន្ត្រី, ទាហាន, របៀបការងារ, ពេលវេលា ជាដើមដើម្បីឆ្លើយតប៕

(ឯកសារយោងខ្លះ cnn, abc.net.au, taxfoundation.org, theguardian.com, Aljazeera, v.vnexpress.net, wikipedia.org, theguardian, …។)

របៀបដឹកនាំជាតិមួយ ៖ ការពិចារណាបែបគ្រប់គ្រងសូរ្យសែង០១.០៣.២៥ទាក់ទងនឹងសិង្ហបុរី គេអាចលើកយកឧទាហរណ៍គំរូច្រើន ក្នុងនោះ គឺ ភាពជ...
01/03/2025

របៀបដឹកនាំជាតិមួយ ៖ ការពិចារណាបែបគ្រប់គ្រង

សូរ្យសែង
០១.០៣.២៥

ទាក់ទងនឹងសិង្ហបុរី គេអាចលើកយកឧទាហរណ៍គំរូច្រើន ក្នុងនោះ គឺ ភាពជាគំរូ, ភាពស្មោះត្រង់ និង ការស្រឡាញ់ជាតិ។

នៅឆ្នាំ១៨១៩ មន្ត្រីអង់គ្លេសបានយកទឹកដីសិង្ហបុរីជាប៉ុស្តពាណិជកម្មសម្រាប់ចក្រភពអង់គ្លេស។ នៅឆ្នាំ១៨៦៧ សិង្ហបុរីស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេស។ នៅឆ្នាំ១៩៤២ ជប៉ុនបានចូលកាន់កាប់សិង្ហបុរី។ នៅឆ្នាំ១៩៥៩ សិង្ហបុរីបានគ្រប់គ្រងខ្លួនឯង ហើយ ក្នុងឆ្នាំ១៩៦៣ វាជាផ្នែកមួយនៃសហព័ន្ធម៉ាឡេស៊ី រួមគ្នានឹង ម៉ាឡាយ៉ា, បរណេអូខាងជើង និង សារ៉ាវ៉ាក់។ ភាពខុសគ្នាក្នុងគំនិតនយោបាយបានបណ្ដាលឱ្យសហព័ន្ធបណ្ដេញសិង្ហបុរីចេញ។

នៅឆ្នាំ១៩៦៥ សិង្ហបុរីបានក្លាយជាប្រទេសឯករាជ្យមួយ។ នៅពេលនោះ លោក លី ក្វាន់យូ (១៩២៣‒២០១៥) បានក្លាយជានាយករដ្ឋមន្ត្រី ហើយ លោក យូសុហ្វ ប៊ី អ៊ីសាក់ ក្លាយជាប្រធានាធិបតី។ នៅឆ្នាំ១៩៦៧ សិង្ហបុរីជាសមាជិកស្ថាបនិកបង្កើតអាស៊ាន (ASEAN)។ ក្រោមការដឹកនាំរបស់លោក លី ក្វាន់យូ សិង្ហបុរីផ្ដោតលើកំណើនសេដ្ឋកិច្ចឆាប់រហ័ស, សហគ្រិនខាងអាជីវកម្ម និង ការកំហិតប្រជាធិបតេយ្យផ្ទៃក្នុង។ កំណើនសេដ្ឋកិច្ចជាតិបានកើនឡើងជាបន្តពេញអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយ កំណើនសេដ្ឋកិច្ចមធ្យមមានប្រហែល៨%រហូតដល់ឆ្នាំ១៩៩៩។

នាពេលបច្ចុប្បន្ន ជាមួយប្រជាជនជាង៦លាននាក់, ភាសាផ្លូវការចំនួន៤ (អង់គ្លេស, ម៉ាឡេ, ចិន, តាមិល), លើផ្ទៃដីជាង៧០០គីឡូម៉ែត្រការ៉េ សិង្ហបុរីមានផលិតផលជាតិសរុបជិត៩០០ប៊ីលានដុល្លារអាម៉េរិក និង ប្រជាជនម្នាក់ៗមានចំណូលមធ្យមជិត៩ម៉ឺនដុល្លារ។

ភាពរឹងមាំនៃប្រទេសមួយឆ្លុះបញ្ចាំចក្ខុវិស័យនិងគុណសម្បត្តិរបស់អ្នកដឹកនាំប្រទេសនោះ។ ទាក់ទងនឹងសិង្ហបុរី គេអាចលើកយកឧទាហរណ៍គំរូច្រើន ក្នុងនោះ គឺ ភាពជាគំរូ, ភាពស្មោះត្រង់ និង ការស្រឡាញ់ជាតិ។
នៅឆ្នាំ១៩៦៥ លោក លី ក្វាន់យូ បានទម្លាយពត៌មានជាសាធារណៈដល់អ្នកសារពត៌មានអង់គ្លេស២រូបនិងអូស្ត្រាលី៣នាក់ពីឧបទ្ទវហេតុដែលភ្នាក់ងារសេអ៊ីអា (CIA) ទិញទឹកចិត្តភ្នាក់ងារចារកម្មសិង្ហបុរី។

តាមលោក លី ក្វាន់យូ រឿងនេះកើតឡើងនៅពេលភ្នាក់ងារចារកម្មអាម៉េរិកព្យាយាមទិញពត៌មានពីភ្នាក់ងារចារសិង្ហបុរី ប៉ុន្តែ ទិញមិនបាន។ ភ្នាក់ងារចារកម្មសិង្ហបុរីនោះមេ​របស់​ខ្លួន ហើយ មេ​នោះ​រាយការណ៍ទៅរដ្ឋាភិបាល។ ភ្នាក់ងារចារកម្មអាម៉េរិកនោះហោះចេញពីទីក្រុងបាងកក។ ភ្នាក់ងារនោះត្រូវខាងនគរបាលសិង្ហបុរីចាប់ខ្លួននិងមានភស្តុតាងដាក់បន្ទុកសព្វគ្រប់។

មន្ត្រីអាម៉េរិកបានមកជួបលោក លី ក្វាន់យូ និង ចង់ផ្ដល់ប្រាក់ចំនួន​៣លានដុល្លារអាម៉េរិកដើម្បីកុំឱ្យនិយាយរឿងនេះជាសាធារណៈ។ លោកបានប្រាប់ឱ្យមន្ត្រីនោះឱ្យយកលុយនោះទុកចុះ ហើយ លោកនឹងរក្សាភាពស្ងៀមស្ងាត់ប្រសិនបើអាម៉េរិកផ្ដល់ជំនួយចំនួន៣៣លានដុល្លារដល់សិង្ហបុរីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាការឆ្លើយតប អាម៉េរិកបានបដិសេធ ហើយ ចង់ផ្ដល់លុយ១០លានដុល្លារសិង្ហបុរី (ប្រហែល៣លាន៣​សែនដុល្លារអាម៉េរិក) សម្រាប់លោក លី ក្វាន់យូ និង គណបក្សរបស់លោក។

លោក លី ក្វាន់យូ មិនអាចទទួលយកការចំអកនេះបានទេ។ លោករង់ចាំចម្លើយជា​ថ្មីពីរដ្ឋាភិបាលអាម៉េរិកថ្មីដឹកនាំដោយលោក ខេណ្ណឺឌី។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកថ្មី លោក David Dean Rusk បានចេញលិខិតសុំទោស ហើយ ភ្នាក់ងារចារកម្មអាម៉េរិកនោះត្រូវបានដោះលែងដោយស្ងៀមស្ងាត់៕

(រូបភាព : ការសម្ភាសរបស់លោក លី ក្វាន់យូ ជាមួយអ្នកសារពត៌មានអង់គ្លេសនិងអូស្ត្រាលីឆ្នាំ១៩៦៥; ប្រភពខ្លះ : Washington Post, The Evenging Star, Congressional Record, time, wikipedia, …)

ប្រលោមលោក រឿងរំដួលក្រចេះ និពន្ធដោយលោក ថូ ធន និង បោះពុម្ពផ្សាយដោយបណ្ណាល័យគ្រុឌមាស នៅឆ្នាំ១៩៧២។ រឿងនេះបានលើកពីបុរសពោះម៉ាយម...
12/01/2025

ប្រលោមលោក រឿងរំដួលក្រចេះ និពន្ធដោយលោក ថូ ធន និង បោះពុម្ពផ្សាយដោយបណ្ណាល័យគ្រុឌមាស នៅឆ្នាំ១៩៧២។

រឿងនេះបានលើកពីបុរសពោះម៉ាយម្នាក់ឈ្មោះ បុណ្យ អាយុ៤៥ឆ្នាំ ជាដង្ខៅព្រៃគប់នៅខេត្តក្រចេះ។ លោកមានចំណតក្បូនឈើនៅភូមិឫស្សីចារ ដែលស្ថិតនៅតាមបណ្ដោយមាត់ទន្លេនៃខេត្តក្រចេះ។

លោក បុណ្យ មានបុត្រីបណ្ដូលចិត្តម្នាក់ឈ្មោះ ឆវី អាយុ១៨ឆ្នាំ។ ជាង១ឆ្នាំហើយ ក្រោយពីម្ដាយ ឆវី គឺ អ្នកស្រី ឆវ័ណ្ណ បានធ្វើមរណភាពទៅ ឆវី ហើយ លោក បុណ្យ តាំងចិត្តមិនយកប្រពន្ធទៀតទេ។ ជាចៃដន្យ មិនបានប៉ុន្មានឆ្នាំ លោក បុណ្យ ធ្លាក់ក្នុងអន្លង់ស្នេហ៍កញ្ញាដ៏ស្រស់ខ្ចីម្នាក់ឈ្មោះ ចំប៉ា និង ទទួលយកធ្វើជាភរិយាថ្មី។ ចំប៉ា ធ្លាប់ជាមិត្តស្និទ្ធស្នាលរបស់ ឆវី ហើយ វ័យប្រហែលគ្នា។ ចំប៉ា ជាកូនអ្នកស្រីមេម៉ាយ សារ៉ាយ។
លោក បុណ្យ និង ចំប៉ា រៀបពិធីតូចមួយដោយស្ងៀមស្ងាត់។ ភ្ញៀវកិត្តិយសចូលរួមពេលនោះមានតែរូបថតអតីតភរិយាលោក បុណ្យ គឺ អ្នកស្រី ឆវ័ណ្ណ និង ឆវី កូនស្រីលោក បុណ្យ ប៉ុណ្ណោះ។

លោក បុណ្យ ទទួលយក ចំប៉ា ដើម្បីជួយស្រោចស្រង់ជីវភាពគ្រួសាររបស់ ចំប៉ា ប៉ុណ្ណោះ។ ដូច្នេះ ការរួមសំបាច់នេះនៅក្រៅផ្លូវការនៅឡើយ។ ខាងគ្រួសារ ចំប៉ា វិញ ម្ដាយ ចំប៉ា, អ្នកស្រី សារ៉ាយ, ជំពាក់បំណុលគេរុំកោះ។ យូរៗម្ដង ចំប៉ា បានលុយកាក់តិចតួចទៅជូនម្ដាយខ្លួន។ ការនេះបណ្ដាលឱ្យ ចំប៉ា ពិបាកចិត្តជាខ្លាំងនិងមានបំណងចាកចេញពីផ្ទះលោក បុណ្យ។

ជាងមួយខែ ក្រោយការរស់នៅផ្ទះលោក បុណ្យ ចំប៉ា មិនដែលគេងជាមួយលោក បុណ្យ ទេ។ លោក បុណ្យ និង ឆវី ចូលបោសសម្អាតថែទាំរាល់សប្ដាហ៍។ លោក បុណ្យ គេងនៅបន្ទប់មួយដោយឡែក មិនឲ្យនរណាចូល។ ចំប៉ា បានសុំលោក បុណ្យ ចូលដើម្បីគក់ច្របាច់។ ទាល់តែយូរៗម្ដង ទើបលោក បុណ្យ ឲ្យចូល ហើយ មិនអ្វីលើសពីនោះទេ។ លោក បុណ្យ មិនដាច់ចិត្តពីខ្មោចប្រពន្ធ។ នៅជាន់លើនៃផ្ទះលោក បុណ្យ ជាអតីតបន្ទប់អ្នកស្រី ឆវ័ណ្ណ។ ក្រោយពីអ្នកស្រីបានស្លាប់ទៅ ក្រៅពីឆវី និង លោក បុណ្យ អ្នកដទៃមិនត្រូវបានអនុញ្ញាតទេ។ ក្នុងបន្ទប់នោះ ក្រៅពីទូសម្លៀកបំពាក់ ទូសម្អាង មួយថ្ងៃៗ លោកកាន់រូបថតប្រពន្ធមកបបោសអង្អែល។ អ្នកស្រី សារ៉ាយ បាននឹកឃើញឧបាយមួយដើម្បីជួយកូនស្រី។

ដោយសារការអង្វរពេកពី ចំប៉ា លោក បុណ្យ ក៏អនុញ្ញាតឲ្យចូលបោស​សម្អាត។ មានថ្ងៃមួយ ក្នុងបន្ទប់អតីតបន្ទប់អ្នកស្រី ឆវ័ណ្ណ ចំប៉ា ហាក់លាក់អ្វីមួយដែលធ្វើឲ្យលោក បុណ្យ ចាប់សង្ស័យ។ ដោយការបង្ខំខ្លាំង ចំប៉ា បានហុចរូបថតមួយដែលនាងថាបានរកឃើញនៅទ្រនាប់ទូសម្អាង។ រូបថតនោះជារូបអ្នកស្រី ឆវ័ណ្ណ ថតជាមួយបុរសម្នាក់។ ខ្នងសំបុត្រចារអក្សររាប់រាប់ពីចំណងស្នេហ៍រវាងអ្នកស្រី ឆវ័ណ្ណ និង លោក សុខុម ដែលបានបង្កើតបានទារកមួយក្នុងផ្ទៃចំនួន៣ខែ ហើយ អ្នកទាំងពីរនេះទុករូបថតនេះដើម្បីឲ្យដែលប្រសូតមកបានស្គាល់អ្នកទាំងពីរ។ នៅខាងក្រោមសេចក្ដី មានហត្ថលេខារបស់អ្នកស្រី ឆវ័ណ្ណ និង លោក សុខុម។
ក្រោយអានចប់ លោក បុណ្យ ស្លុតសា្មរតីរកកល់ដួល។ ចំប៉ា ស្ទុះមកអង។ លោក បុណ្យ បោករូបថតលើកម្រាលឥដ្ឋនិងជេរតិះដៀលអតីតប្រពន្ធលោក។ ទោះបីមានការអង្វរពី ចំប៉ា យ៉ាងណាក្ដី គាត់សម្រេចចិត្តឈប់រាប់អាន ឆវី ជាកូនតទៅទៀត និង ត្រឹមឲ្យរស់ត្រឹមចម្អែតបាយព្រឹកល្ងាចប៉ុណ្ណោះ។

អាការៈសោះអង្គើយចំពោះ ឆវី បានកើតឡើង។ នាងត្រូវទុក្ខផ្ទួនៗ ទុក្ខមួយ ម្ដាយទើបស្លាប់បាន១ឆ្នាំ ទុក្ខមួយ ឪពុកមិននិយាយស្ដីរក ឬ និយាយស្ដីដាក់ដោយគំរោះគំរើយ។ នាងយំបោកខ្លួនដូចអកញី ឬ កេងកងព្រាត់គូ។

មានពេលមួយ នៅចំណតក្បូនលោក បុណ្យ នៅឫស្សីចារ លោក បុណ្យ នាំ ចំប៉ា ចុះទៅពិនិត្យកម្មករបញ្ចុះក្បូនឈើ។ ឆវី នៅផ្ទះម្នាក់ឯង។ នាងចង់ទៅលេងឪពុកនៅកន្លែងការងារ។ ឆវី បាននាំយកអាហារជាកញ្ចិបកញ្ចប់ដែលទិញនៅផ្សារដើម្បីយកទៅជូនឪពុកនិងកម្មករ។ ពេលជិះរថយន្តដល់កន្លែងការងារឪពុក ឆវី បានស្រែកហៅលោក បុណ្យ ថា «ប៉ា!» តាមទម្លាប់នាង។ នៅចំពោះមុខកម្មករ លោក បុណ្យ បានចង្អុលមុខ ឆវី និងបង្គាប់មិនឲ្យហៅថា ប៉ា ទៀត។ នាងឈរភាំងស្មារតី ទន់ខ្លួនដួលបោកក្បាលនឹងដុំថ្ម បាត់ស្មារតី។ លោក បុណ្យ ដើរក្រោកចេញធ្វើព្រងើយ។ ចំប៉ា និង កម្មករម្នាក់ឈ្មោះ ក្ដក់ បាននាំគ្នាលើក ឆវី ដាក់ឡានហ្ស៊ីបរបស់លោក បុណ្យ។ ឡានបានខូចនៅតាមផ្លូវ។ ក្ដក់ បានជួបនឹងរ៉ឺម៉កមួយមានអ្នកជិះតែម្នាក់។ អ្នកជិះរ៉ឺម៉កនោះឈ្មោះ សុខា ទើបមកពីភ្នំពេញ។ ក្ដក់ បានរៀបរាប់ប្រាប់ដំណើរដើមទង។ សុខា បានចូលផ្ទះរកសម្ភារៈពេទ្យនិងឡើងរ៉ឺម៉កមករក ឆវី។
សុខា ជាកូនប្រុសតែមួយរបស់អ្នកស្រី ខឹម និង មេម៉ាយពីលោក សុខុម អតីតលេខាធិការរ៉េស៊ីដង់ត៍សម័យបារាំង។ នៅ២ឆ្នាំទៀត សុខា ប្រឡងចេញយកឋានៈជាវេជ្ជបណ្ឌិត។ តាមពិតទៅ ឆវី និង សុខា ស្គាល់គ្នាតាំងពីនៅរៀនអនុវិទ្យាល័យ។

សុខា បានចាក់ថ្នាំព្យាបាលរបួស ឆវី។ ទោះយ៉ាងណា លោកមិនមកមើលរបួស ឆវី និង ទន្ទេញថាជាឈាមអ្នកដទៃ។ លោក បុណ្យ បានជំរុញឲ្យ សុខា នាំ ឆវី ទៅព្យាបាលនៅផ្ទះខ្លួនទៀត តែ សុខា មិនចាប់អារម្មណ៍។ ដោយរបួស ឆវី ធ្ងន់ សុខា មានបំណងបញ្ជូន ឆវី ទៅភ្នំពេញ។ ក្រោយព្យាបាលនៅភ្នំពេញអស់កន្លះខែ របួស ឆវី ជាពីមុខរបួស។ ពេលមកដល់ផ្ទះវិញ លោក បុណ្យ នៅរក្សាភាពព្រងើយកន្តើយនឹង ឆវី។

ដោយទ្រាំមិនបាននឹងភាពសោះអង្គើយរបស់ឪពុក ឆវី បានគេចចេញពីផ្ទះនិងជិះកប៉ាល់នៅផែពាមទេរចុះទៅលេងពូ សួស ដែលជារបស់នាងនៅកញ្ជរ។ ពូ សួស ធ្លាប់ជាដង្ខៅឈើម្នាក់។ មីង បួន ភរិយាពូ សួស ជាប្អូនជីដូនមួយនឹងលោក បុណ្យ។ ឆវី បានឡើងពីផែទៅដល់ផ្ទះពូ សួស មីង បួន ទាំងយប់អធ្រាត្រ។ ឆវី បានជម្រាបពូ បុណ្យ មីង សួស និង សុំផ្ញើជីវិតរស់នៅជ្រកកោនជាមួយ។ ជាការឆ្លើយវិញ មីង បួន បានស្ដីបន្ទោស ឆវី ដែលខ្លួនជាស្រីក្រមុំហើយដើរយប់អធ្រាត្រនិងពោលថា ឆវី ជាឈាម​ថោក មិនចង់ជួបមុខ។ លើសពីនេះ មីង បួន ក៏ធ្លាប់ជាសត្រូវនឹងលោក សុខុម ដែរ។ ដោយឡែក ពូ សួស អះអាងថាម្ដាយ ឆវី ជាមនុស្សស្រីល្អដូចសំពត់ក្នុងផ្នត់ និង បានជួយរកស៊ីនឹងលោក បុណ្យ តាំងពីនៅជាគូលីគេរហូតក្លាយខ្លួនជាថៅកែ។

(នៅមានត)

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Reality Cambodia: Big News Analysis posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share