16/08/2026
រាជរដ្ឋាភិបាលបង្កើតក្រុមការងារកែសម្រួលនីតិវិធីសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការបង្កើត ក្រុមការងារចំពោះកិច្ចកែសម្រួលការចាប់ផ្តើម និងកិច្ចប្រតិបត្តិអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (ក.ក.ស.) ដើម្បីសម្រួលបរិយាកាសធុរកិច្ច និងកាត់បន្ថយបន្ទុកនីតិវិធីសម្រាប់ម្ចាស់អាជីវកម្ម។
ក្រុមការងារនេះមាន ឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកមកពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងវិស័យឯកជន និងអ្នកជំនាញ។
ភារកិច្ចសំខាន់ៗរបស់ក្រុមការងារ
សិក្សា និងកំណត់នីតិវិធី បែបបទ និងបញ្ហាប្រឈមដែលធុរជនជួបប្រទះក្នុងការចាប់ផ្តើម និងដំណើរការអាជីវកម្ម។
រៀបចំបញ្ជីអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតដែលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មនានា។
ពិនិត្យ កែលម្អ និង កាត់បន្ថយនីតិវិធី ឬបែបបទដែលស្ទួនគ្នា និងត្រួតស៊ីគ្នា រវាងក្រសួង-ស្ថាប័ន ដើម្បីកាត់បន្ថយពេលវេលា និងចំណាយរបស់សហគ្រាស។
តាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃវិធានការកែសម្រួលនីតិវិធីសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម។
ពិនិត្យប្រសិទ្ធភាពនៃគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់សហគ្រាស ដើម្បីធានាថាធុរជនអាចទទួលបានការគាំទ្រសមស្រប។
សិក្សា និងស្នើបង្កើតយន្តការសម្របសម្រួលការចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្ម។
សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ធុរជន និងភាគីពាក់ព័ន្ធ។
រាយការណ៍លទ្ធផល និងលើកយោបល់ជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចក្នុងករណីចាំបាច់។
ជារួម ការបង្កើតក្រុមការងារនេះ មានគោលបំណង ធ្វើឱ្យការចាប់ផ្តើម និងការប្រតិបត្តិអាជីវកម្មរបស់សហគ្រាសមីក្រូ តូច និងមធ្យម កាន់តែងាយស្រួល រហ័ស កាត់បន្ថយនីតិវិធីស្ទួន កាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ ដើម្បីជំរុញការរីកចម្រើននៃវិស័យឯកជន និងសេដ្ឋកិច្ចជាតិ។
ក្រុមការងារអាចរៀបចំអនុក្រុមការងារតាមការចាំបាច់ និងអាចអញ្ជើញតំណាងក្រសួង ស្ថាប័ន អាជ្ញាធរ អង្គភាព ធុរជន និងអ្នកជំនាញចូលរួម ដើម្បីផ្តល់ធាតុចូល និងដោះស្រាយបញ្ហាជាក់ស្តែង។