07/08/2026
វៀតណាម បោះទុនសាងសង់ផ្លូវរថភ្លើងលើកោះត្រល់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ប្រជុំAPEC នៅឆ្នាំ២០២៧
រដ្ឋធានីហាណូយ៖ គម្រោងផ្លូវរថភ្លើងធុនស្រាល មានប្រវែង១៧,៥៩ គីឡូម៉ែត្រ នៅលើកោះត្រល់ ដែលធ្លាប់ជាអតីតដែនខ្មែរសម័យមុន ដែលបច្ចុប្បន្នវៀតណាម ហៅកោះ Phu Quoc ហើយវាក៏ជាកោះដ៏ធំជាងគេបំផុតរបស់ប្រទេសវៀតណាម គ្រោងនឹងបញ្ចប់ការសាងសង់ នៅមុនពេលកោះមួយនេះ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅឆ្នាំ ២០២៧។
សារព័ត៌មានរបស់វៀតណាម VN Express បានផ្សាយ កាលពីថ្ងៃទី៦ ខែសីហា ថា ផ្លូវដែកនេះតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិ Phu Quoc ទៅកាន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ APEC ព្រមទាំងតំបន់រមណីយដ្ឋាន នាភាគខាងត្បូងរបស់កោះ ដោយឆ្លងកាត់ផ្លូវខេត្ត DT975 ដែលបច្ចុប្បន្ន កំពុងតែពង្រីកឱ្យមានទំហំចំនួន១០គន្លង។ ផ្លូវនេះសាងសង់ខ្ពស់ផុតពីដី ប្រវែងប្រហែល០,៧៨ គីឡូម៉ែត្រ ផ្នែកនៅលើដីប្រវែង១៤,៨១ គីឡូម៉ែត្រ និងផ្នែកក្រោមដីប្រវែង២ គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងនឹងប្រើប្រាស់ផ្ទៃដី ប្រហែល៣៨ហិកតា ហើយរចនាឡើងសម្រាប់ល្បឿន ចន្លោះពី ៧០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្រមទាំងមានសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ បានប្រហែល ៤ ៥០០នាក់ក្នុងមួយម៉ោង។