12/05/2024
📌 ដង្ហើមទឹក ដឹកឥទ្ធិពល
អាននិងទាញយកជាឯកសារ៖ http://surl.li/tpicx
🛳️ នរណាគ្រប់គ្រងដែនទឹក អ្នកនោះនឹងគ្រប់គ្រងពិភពលោក
ទីណាមានត្រី ទីនោះមានជំនួញ
📌ប្រទេសដែលពិបាកងើបពីភាពក្រីក្រគឺជា ប្រទេសដែលមិនមានព្រំដែនជាប់សមុទ្រ ឬមានផ្លូវទឹកជម្រៅរាក់ដែលគុណវិបត្តិនោះគឺ គ្មានពាណិជ្ជកម្មច្រើន គ្មានការដឹកជញ្ជូនក្នុងទំហំធំរាប់ពាន់តោន នាំអោយមានការចំណាយក្នុងការបង់ពន្ធដល់ប្រទេសដែលមានផ្លូវទឹកតជាប់សមុទ្រ បូករួមការដឹកជញ្ជូនតាមផ្លូវគោក ឬផ្លូវអាកាស តម្លៃថ្លៃ ព្រមទាំងគ្មានធនធានធម្មជាតិសមុទ្រ ជាពិសេសមិនអាចបើកទទួលវប្បធម៌ផ្សេងៗពីប្រទេសនានាក្នុងពិភពលោកបានយ៉ាងងាយស្រួល និងគ្មានបទពិសោធនទ័ពជើងទឹក។
📌អាហ្វ្រិកសតវត្សទី ២០ តម្លៃប៉ាន់ស្មាននៃការដឹកជញ្ជូនរថយន្តតាមដីពី Djibouti ទៅ Addis Ababa ចម្ងាយ ៥១៥ គ.ម មានតម្លៃស្មើគ្នានៃការដឹកជញ្ជូន «តាមទឹក» ពី Detroit ទៅ Djibouti ចម្ងាយ ១១៨៨៦.៦១ គ.ម ។ តម្លៃស្មើគ្នា ប៉ុន្តែមានចម្ងាយខុសគ្នាណាស់រវាងផ្លូវទឹក និងផ្លូវគោក។ បើទោះបីជា ប្រទេសអាហ្រ្វិកមួយចំនួនមានទន្លេក្ដី ក៏ប៉ុន្តែក្នុងប្រភេទទឹករាក់ធ្វើអោយទំនិញពាណិជ្ជកម្មខ្នាតធំៗមិនអាចទៅដល់ និងពិបាកចំពោះនាវាចរណ៍។ ប្រការនេះបានធ្វើអោយសេដ្ឋកិច្ចមានភាពរាំងស្ទះមិនអាចរីកចម្រើនទៅមុខបានលឿន និងក្លាយជាតំបន់ក្រីក្របំផុត។
នេះក៏ជាមូលហេតុដែលបណ្ដាប្រទេសទ្វីបអឺរ៉ុបខាងលិចរីកចម្រើនជាង បណ្ដាប្រទេសអឺរ៉ុបខាងកើតផងដែរ ពោលបើយោងតាមផែនទីនៃអឺរ៉ុបខាងកើតមានព្រំប្រទល់ផ្លូវសមុទ្រតិចតួច និងបាំងដោយភូមិសាស្រ្តសមុទ្ររបស់ប្រទេសអឺរ៉ុបខាងលិច។
🔷វាមិនមែនចម្លែកទេ ស្ទើរតែគ្រប់ទីក្រុងសំខាន់ៗទាំងអស់របស់ប្រទេសនីមួយៗសុទ្ធតែជាប់ផ្លូវទឹក ទន្លេ «តភ្ជាប់» ទៅសមុទ្រ។ ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនក៏ត្រូវបានពន្លឿនដោយភូមិសាស្រ្តសេដ្ឋកិច្ចរួមមាន ប្រទេសសឹង្ហបុរី, ឥណ្ឌូនេស៊ី, ជប៉ុន, វៀតណាម, ថៃ, កូរ៉េខាងត្បូង, ឥណ្ឌា (មហាសមុទ្រឥណ្ឌា), អឺរ៉ុបខាងលិច, ចិន, សហរដ្ឋអាមេរិកមានមហាសមុទ្រពីរគឺ មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។
🔷ជាក់ស្ដែង ប្រវត្តិសាស្រ្តបានបង្ហាញពីភាពសំខាន់នៃការគ្រប់គ្រងដែនទឹករបស់អឺរ៉ុបខាងលិចដែលបានធ្វើទំនើបកម្មនាវា និងអាវុធ ក្នុងការផ្ដើមពីការរុករកដែនដីថ្មីរបស់សហរដ្ឋអាមេរិក ហូរដល់ការឈ្លានពានរបស់ចក្រភពអង់គ្លេស អេស្ប៉ាញ ឬបារាំងក្នុងពិភពលោកតាមរយៈការដាក់អាណានិគម។ កម្លាំងយោធាតាមសមុទ្រនេះហើយបាននាំអោយអង់គ្លេសគ្រប់គ្រងប្រទេសឥណ្ឌាតាមរយៈបង្កើនទីផ្សារ គ្រប់គ្រងកម្លាំងពលករ ទាញធនធានធម្មជាតិមកកែច្នៃរួចនាំចេញលក់ត្រឡប់ទៅកាន់ប្រទេសឥណ្ឌាវិញ ជាពិសេសមានឥទ្ធិពលលើមហាសមុទ្រឥណ្ឌានាវាចរណ៍ហើយនេះបានកើតឡើងនាសតវត្សទី១៩។ វាក៏បានកើតឡើងចំពោះប្រទេសក្នុងលោកដែលត្រូវបានដាក់អាណានិគមពីសំណាក់លោកខាងលិចដូចបារាំង, ហូឡង់, អេស្ប៉ាញ, ព័រទុយហ្គាល់ ជាដើម។
📜ប្រទេសដែលជាប់សមុទ្រ និងមានកំពង់ផែនៅទ្វីបអាហ្រ្វិកក៏ជាគោលដៅចម្បងសម្រាប់ម្ចាស់អាណានិគមអឺរ៉ុបផងដែរ។ ឧទាហរណ៍រួមមាន Cape Town អាហ្រ្វិកខាងត្បូង (ហូឡង់) Lagos នីហ្សេរីយ៉ា (អង់គ្លេស) និង Zanzibar តង់ហ្សានី (មហាអំណាចអឺរ៉ុបផ្សេងៗ)។ កំពង់ផែទាំងនេះជួយសម្រួលដល់ការជួញដូរទាសករ និងការនាំចេញវត្ថុធាតុដើមដូចជារ៉ែមាស ពេជ្រ និងធនធានធម្មជាតិទៅកាន់ប្រទេសម្ចាស់អាណានិគមផងដែរ។
🔴យ៉ាងណាមិញ សង្រ្គាមនៅអ៊ុយក្រែន និងការដណ្ដើមតំបន់គ្រីមៀ មកវិញរបស់រុស្ស៊ី ក៏ជាយុទ្ធសាស្រ្តមួយក្នុងចំណោមហេតុផលជាច្រើនរបស់សហរដ្ឋអាមេរិកដែលដណ្ដើមការគ្រប់គ្រងផ្លូវទឹកភូមិសាស្រ្តសមុទ្រខ្មៅកាត់ផ្ដាច់ចរន្តសេដ្ឋកិច្ចមួយផ្នែករបស់រុស្ស៊ី។
📌សមុទ្រចិនខាងត្បូង និងភូមិសាស្រ្តកម្ពុជា
ក្រឡេកមកមើល ភូមិសាស្រ្តនយោបាយអាស៊ី ឃើញថាសម្ព័ន្ធមិត្តទាំងអស់របស់អាមេរិកសុទ្ធតែជាប្រទេសជាប់ដែនទឹកសំខាន់ៗ ដូចជា ជប៉ុន កូរ៉េខាងត្បូង ទីក្រុងតៃវ៉ាន់ ហ្វីលីពីន សឹង្ហបុរី វៀតណាម (ដៃគូនយោបាយមិនទាន់ជាសម្ព័ន្ពមិត្ត) និងឥណ្ឌា (ដៃគូសំខាន់មិនទាន់ជិតស្និទ្ធ)ជាដើម។
🔷ប្រទេសទាំងនោះបានចងភ្ជាប់គ្នាដោយសមុទ្រចិនខាងត្បូង ដែលជាខ្សែសង្វាក់ផ្លូវពាណិជ្ជកម្មដល់មមាញឹកបំផុត។ វាបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់សេដ្ឋកិច្ចផ្សេងៗនៃអាស៊ីបូព៌ា អាស៊ីខាងត្បូង និងពិភពលោក។ ពាណិជ្ជកម្មជាង ៥.៣ ពាន់ពាន់លានដុល្លារកើតឡើងនៅលើផ្លូវទឹកនេះ។ វាបង្កើតបានប្រហែលមួយភាគបីនៃចរាចរណ៍ផ្លូវសមុទ្រទាំងអស់ក្នុងលោក។
🔷យោងតាមការប៉ាន់ស្មាន សមុទ្រចិនខាងត្បូងមានបម្រុងឧស្ម័នធម្មជាតិប្រហែល ១៩០ ពាន់ពាន់លានហ្វីតគូប (Tcf) និង ១១ ពាន់លានបារ៉ែល (bbl) នៃទុនបម្រុងប្រេង។ ការទទួលបានធនធានទាំងនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងស្ថិរភាពនៃឧស្សាហកម្មថាមពល ក៏ដូចជាសម្រាប់ប្រទេសដែលមានតម្រូវការថាមពលខ្ពស់ផងដែរ។ កត្តានេះ បានញ៉ាំងអោយភូមិសាស្រ្តដែនទឹកមួយនេះ ក្លាយជាចំណីចក្ខុនយោបាយរបស់មហាអំណាចក្នុងតំបន់និងពិភពលោក។
🟡ហេតុអ្វីបានជាទន្លេមេគង្គសំខាន់? (ទន្លេ ព្រែកជីក សមុទ្រ)
🌊ទន្លេមេគង្គត្រូវបានគេស្គាល់ថាជាទន្លេវែងបំផុតមួយនៅអាស៊ីមានប្រវែង ៤៣៥០ គីឡូម៉ែត្រ និងមានប្រភពនៅខ្ពង់រាបទីបេ ប្រទេសចិន។ ទន្លេនេះហូរកាត់ប្រទេសចំនួន ៦ ដូចជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ដែលទីបំផុតហូរចូលទៅក្នុងសមុទ្រចិនខាងត្បូង។
🔺ប្រទេសទាំងប្រាំមួយតាមដងទន្លេមេគង្គនេះ មានប្រជាជនសរុបចំនួន ១.៦៤៣ ពាន់លាននាក់ក្នុងឆ្នាំ ២០១៩ ដែលតំណាងឱ្យ ៣៦.២% នៃចំនួនប្រជាជនសរុបរបស់អាស៊ី។ លើសពីនេះ GDP សមូហភាពឈានដល់ ១៥.៣ ពាន់ពាន់លានដុល្លារអាមេរិក ដែលរួមចំណែកយ៉ាងសំខាន់រហូតដល់ ៤៨.៣៥% ដល់ទិន្នផលសេដ្ឋកិច្ចទាំងមូលរបស់អាស៊ី។
🔺លើសពីនោះ តំបន់អាស៊ីអាគ្នេយ៍ដីគោកនេះ ក្លាយជាទីតាំងយុទ្ធសាស្ត្ររបស់គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ (BRI) របស់ចិន និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ជប៉ុនគាំទ្រពីសហរដ្ឋអាមេរិក ដូច្នេះ ជាមួយនឹងការរះឡើងនៃអំណាចប្រទេសចិន អនុតំបន់ទន្លេមេគង្គក្លាយជាភូមិសាស្ត្រនយោបាយដ៏សំខាន់ក្នុងសតវត្សទី ២១ ។
📌ហេតុអ្វីគម្រោងព្រែកជីកហ្វូណន-តេជោសំខាន់សម្រាប់កម្ពុជា?
🌊ទឹកទន្លេមេគង្គ ហូរដល់សមុទ្រចិនខាងត្បូង ដែលជាចំណុចស្នូលមូលហេតុនៃវត្តមានគោលនយោបាយមហាអំណាចដែលកំពុងសស្រាក់សស្រាំបង្កើនឥទ្ធិពលរបស់ខ្លួន។ ចរន្តនេះហើយទើបយើងឃើញថា កិច្ចសហការជាមួយប្រទេសមេគង្គមានច្រើនដូចជា អនុតំបន់ទន្លេមេគង្គ (Greater Mekong Subregion) គណៈកម្មការទន្លេមេគង្គ (Mekong River Commission), កិច្ចសហប្រតិបត្តិការមេគង្គ-ឥណ្ឌា (Mekong-Ganga Cooperation), កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, ភាពជាដៃគូ មេគង្គ-សហរដ្ឋអាមេរិក (USMP), ភាពជាដៃគូមេគង្គ-កូរ៉េខាងត្បូង និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) របស់ចិន ជាដើម។
🔹កម្ពុជា បានទទួលអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមមេគង្គទាំងនេះ សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងធនធានទឹក។ ជាងនេះទៅទៀត សម្រាប់ កម្ពុជា ជាភូមិសាស្រ្តនយោបាយដ៏មានសក្ដានុពលដែលស្ថិតចំកណ្ដាលរវាងអាស៊ានដីគោក និងដែនទឹក។
🗺ប្រសិនជាយើងទាញផែនទីអាស៊ីអាគ្នេយ៍ ហើយចង្អុលត្រង់ភូមិសាស្រ្ត កម្ពុជា យើងអាចឃើញពីចំណុចពិសេសនៃខ្សែសង្វាក់ដឹកជញ្ជូនដែលអាចទទួលទំនិញពាណិជ្ជកម្មពី អន្តរជាតិ ក៏ដូចជា អាស៊ានដែនទឹក តាមរយៈកំពង់ផែសមុទ្រណាមួយរបស់កម្ពុជា រួចបន្តចែកចាយដឹកទៅកាន់ប្រទេសថៃ ទៅកាន់វៀតណាម ឬ ទំនិញវៀតណាមទៅកាន់ថៃ តភ្ជាប់ទៅកាន់ឡាវ មីយ៉ាន់ម៉ា និងប្រទេសមហាអំណាចចិន តាមទន្លេមេគង្គ ឬផ្លូវគោកយ៉ាងងាយស្រួល។
🔹ផែនទីក៏បង្ហាញផងដែរនូវ ផ្លូវសមុទ្រនៃឈូងសមុទ្រថៃ និងផ្លូវសមុទ្រវៀតណាមបានឈរអមសងខាង ដែនសមុទ្រកម្ពុជា។ ចំណុចនេះ បានជួយដល់ប្រទេសទាំងពីរអោយមានប្រៀបនៃពាណិជ្ជកម្មសមុទ្រ ហើយប្រសិនជាកម្ពុជាមិនមានផ្លូវសមុទ្រអន្តរជាតិទេ យើងនឹងខាតបង់សេដ្ឋកិច្ចរាប់ទាំង ពេលវេលាដឹកជញ្ជូនដែលត្រូវខ្ចីច្រករបស់ប្រទេសជិតខាង ថ្លៃពន្ធ និងប៉ះពាល់ដល់តម្លៃទីផ្សារទំនិញនាំចេញ។
🔹លើសពីវិស័យទេសចរ កម្ពុជាបាននឹងកំពុងព្យាយាមទាញខ្លួនមកដល់ក្រិតនៃប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ពោលផ្ដើមវិនិយោគខ្លាំងលើផ្លូវគោក ផ្លូវទឹក ព្រលានយន្តហោះ និង កំពង់ផែ ដែលចំណេញដល់វិស័យសេដ្ឋកិច្ចរយៈពេលយូរ។ សក្ខីភាពនេះ បានបង្ហាញនូវការប្ដេជ្ញាចិត្តស្របនឹងគោលនយោបាយសេដ្ឋកិច្ច ប្រទេសចំណូលមធ្យមត្រឹមឆ្នាំ ២០២៣ និងកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៥០។
🇨🇳 វាមិនចម្លែកទេ ដែលចិនផ្ដើមសម្លឹងមើលឃើញ កម្ពុជា ជាដៃគូពិសេសក្នុងគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ ដែលចិនបំណងចង់អោយប្រទេសជាសមាជិកអាចបង្កើត បង្កើន បណ្ដាញ ដឹកជញ្ចូនសង្វាក់ផ្ដត់ផ្គង់តភ្ជាប់គ្នាអោយបានល្អរាប់ទាំងប្រទេសមានសមុទ្រ និងជួយដល់ប្រទេសដែលមិនជាប់សមុទ្រ ដូចជាប្រទេសឡាវ ជាដើម។ ប្រសិនជាដែនទឹកសហរដ្ឋអាមេរិក និងលោកខាងលិចមានឥទ្ធិពល ចិនផ្ដើមប្រើប្រាស់ផ្លូវមួយ ខ្សែក្រវាត់មួយ និងការសហការកំពង់ផែជាដំណោះស្រាយឆ្លើយតបនឹងអាមេរិក។
🇰🇭កម្ពុជា គោលនយោបាយបរទេស ក៏ត្រូវបានធ្វើពិពិធកម្ម (ធ្វើអោយចម្រុះ) នូវដៃគូសេដ្ឋកិច្ចក្នុងតំបន់ដូចជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឬរុស្ស៊ី និងសហភាពអឺរ៉ុបជាដើម។ ពិពិធកម្ម នឹងជាចន្ទល់គ្រឹះនយោបាយបរទេស។
🇰🇭ប្រសិនជា កម្ពុជាអាចសាងសង់កំពង់ផែមួយខ្នាតអន្តរជាតិ នោះសេដ្ឋកិច្ច កម្ពុជា នឹងផ្ដើមមានច្រកពាណិជ្ជកម្ម ជំរុញដល់ការវិនិយោគទុនផ្ទាល់ ត្បិតការដឹកជញ្ជូនមានចរន្តពីដីគោក ផ្លូវអាកាស តពីទន្លេទៅសមុទ្រតាមរយៈកំពង់ផែ ហើយបន្តបែកចែកទំនិញទៅកាន់ប្រទេសនានាដូចរៀបរាប់ខាងលើ។
🔴ប្រការនេះ អ្វីដែលកម្ពុជាកំពុងតែត្រូវការបំផុតដើម្បីទាញផលប្រយោជន៍ពីភូមិសាស្រ្តរបស់ខ្លួននេះគឺ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមាន ផ្លូវថ្នល់ ស្ពាន ផ្លូវរូងក្រោមដី ព្រលានយន្តហោះ កំពង់ផែ ប្រព័ន្ធទឹក និងបណ្តាញអគ្គិសនី។ ហេតុនេះទើប គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា បានពន្លឿនគម្រោងសំខាន់ៗដូចជាផ្លូវល្បឿនលឿន គម្រោងសេដ្ឋកិច្ចពិសេសព្រះសីហនុ និង គម្រោងសាងសង់កំពង់ផែនានា ដែលជាតំបន់តភ្ជាប់ទំនិញអន្តរជាតិ។
🌊កត្តានេះ នៅពេលដែលយើងនិយាយដល់ផ្លូវទឹកនៃការដឹកជញ្ជូនបច្ចុប្បន្នភាព កម្ពុជាបាននឹងកំពុងត្រៀមគម្រោង ព្រែកជីកហ្វូណន-តេជោ។ កម្ពុជាគ្រោងនឹងចាប់ផ្តើមគម្រោងព្រែកជីហ្វូណន-តេជោ ដែលជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារទន្លេបាសាក់តម្លៃ ១.៧ ពាន់លានដុល្លារ ដើម្បីតភ្ជាប់ទន្លេ និងផ្លូវទឹកសំខាន់ៗរបស់ប្រទេស។ គម្រោងប្រឡាយហ្វូណននៅកម្ពុជា ត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានដំណើរការឡើងវិញនូវយន្តការដែលមានស្រាប់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ ភ្ជាប់ដល់សមុទ្រ ទីបំផុតការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច។
🌇កម្ពុជា នឹងរីកចម្រើននៅពេលមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដឹកជញ្ជូនសំខាន់ច្រើន ដែលអាចអោយកម្ពុជាដើរដោយខ្លួនឯងបានច្រើនជាងមុន ឆ្ងាយជាងមុន និងមានទំនាក់ទំនងច្រើនជាងមុន។ កម្ពុជា រីកចម្រើន នោះវានឹងគ្មានហេតុផលបន្ទោសកម្ពុជាយកជាលេសនយោបាយដើម្បីរក្សាឥទ្ធិពលរបស់បណ្ដាប្រទេសមហាអំណាចទៀតដែរ ហើយប្រទេសជិតខាង និងផ្ដើមចរចាច្រើនជាងមុន ហើយតំបន់អាស៊ានផ្ដើមកាន់ឥទ្ធិពល។ ដូចនេះហើយ ទើបកំពង់ផែ ឬគម្រោងនានារបស់កម្ពុជា តែងតែក្លាយជាប្រធានបទនយោបាយរបស់មហាអំណាច បង្កើតការសង័្សយ រិះគុន និងទាញជាប្រផ្នូលមិនល្អនូវសន្តិភាពក្នុងតំបន់រជាមួយប្រទេសចិន។
🟣ពិភពលោកមិនមែនជាខ្សែភាគយន្តមានតួវីរបុរសចាំជួយ ឬជនទន់ខ្សោយត្រូវបានគេរួមដៃជួយនោះទេ មនុស្សតែងគិតពីពិភពលោកក្នុងផ្លូវមួយនេះ ហើយតែងតែត្រូវបានពិភពលោកពិតជាក់ស្ដែងទះកណ្ដាលផ្ទៃមុខជារឿយៗ។
លុះត្រាតែយើងខ្លាំងទើបមានគេជួយយើង ពេលខ្លះក៏ត្រូវបានទ្រឹស្ដីបង្ហាញមកល្អ ហើយការពិតក៏មានហានិភ័យ ប៉ុន្តែគ្មាននរណាអាចព្យាករណ៍ពីអនាគតបានដែរ ហានិភ័យ ឬជោគជ័យអាស្រ័យលើមនុស្សវិនិច្ឆ័យ ដែលរឿងរ៉ាវទាំងអស់ទោះចង់ឬមិនចង់ យើងត្រូវតែមានការសម្រេចចិត្តមួយដើម្បីធ្វើការពិសោធន។
វាគ្មានឡើយ ពាក្យថាល្អឬអាក្រក់ក្នុងនយោបាយ វាមានតែអ្នកនឹងអាក្រក់កម្រិតណាក្នុងភ្នែកដៃគូប្រជែង និងល្អបែបណាក្នុងចិត្តប្រជាជន។
---------
ម៉ា វិន
ទាញយកឯកសារ៖ https://drive.google.com/drive/folders/1BRUrEfiD_QpEO1mgvynx4KBKJlqWMo7O?usp=sharing
សម្រាប់ឯកសារសិក្សាផ្សេងៗ៖
-IR TALK: https://t.me/joinchat/UtgM4aahcg8yMWQ9
-Young Minds (យុវគំនិត): https://t.me/youngmindscambodia