15/10/2025                                                                            
                                    
                                                                            
                                            💡វិភាគបុរាណភាសិត «ក្រមុំមិនដែលស្លូត ចង្កូតមិនដែលនឹង»។
ក្រមុំមិនដែលស្លូត✓
ពាក្យថាក្រមុំមិនដែលស្លូត ប្រហែលមិនមែនសំដៅលើក្រមុំចរិតកាច ឬក្រមុំសម្ដីកាចអីនោះទេ ព្រោះក្រមុំខ្មែរយើងច្រើនតែមានឥរិយាបថសុភាពរមទម្យ និងសម្ដីទន់ភ្លន់ ប៉ុន្តែពាក្យថាមិនដែលស្លូតក្នុងនេះ គឺសំដៅលើក្រឹត្យក្រមដ៏តឹងរឹង ឬសំដៅលើការឃុំគ្រងដ៏តឹងរឹងពីឪពុកម្ដាយ។ ធម្មតាបើនាងជាក្រមុំរស់នៅជាមួយឪពុកម្ដាយ ប្រាកដជាមានការការពារខ្លាំងទៅលើនាង ដូច្នេះបើបុរសណាមួយមានចិត្ដបេតីលើនាង ឬចង់ប្រលោមស្នេហ៍ តាមបែបលេបខាយពាក្យសម្ដីក្ដី ឬឈានដល់ការប៉ះដៃប៉ះជើងក្ដី ពួកគេត្រូវប្រឈមនឹងការក្រែងចិត្ដពីឪពុកម្ដាយនាងជាមុនសិន ឬបើថ្លើមធំហ៊ានធ្វើដោយមិនក្រែងចិត្ដពួកគេអាចប្រឈមនឹងទោសទណ្ឌទៀតផង នេះសមហៅថា «ក្រមុំមិនដែលស្លូត»។
ក្រមុំខ្មែរដែលមានតម្លៃនឹងក្រឹត្យក្រមបែបនេះ បើឱ្យប្រៀបធៀប យើងក៏អាចប្រៀបធៀបបាន ទៅលើអ្វីគ្រប់យ៉ាងដែលមានតម្លៃឥតគណនា ដូចជារតន:វត្ថុជាដើម គ្រប់របស់ដែលមានតម្លៃរមែងតែស្ថិតក្នុងទីដែលតឹងរឹង ទីដែលពិបាកឱ្យពាល់ផ្ដេសផ្ដាស ប្រៀបដូចជាក្រមុំដែលស្ថិតក្នុងក្រឹត្យក្រមរបស់ឪពុកម្ដាយយ៉ាងដូច្នោះដែរ ដូច្នេះបើចង់ពាល់ឬចង់បាន ត្រូវតែធ្វើតាមលំអានដ៏តឹងរឹងនោះហើយ ទើបហៅថា ក្រមុំមិនដែលស្លូត។
ចង្កូតមិនដែលនឹង ✓
និយាយចំពោះន័យត្រង់ ពាក្យថាចង្កូតនេះប្រាកដជាសំដៅលើការឆ្ពោះទៅមុខក្នុងដំណើរអ្វីមួយ មូលហេតុចង្កូតមិនដែលនឹង ក៏ព្រោះតែគ្រប់ផ្លូវទាំងអស់វាមិនដែលត្រង់នោះទេ កាលណាបើចង្កូតយើងនឹងថ្កល់ រហូតមិនចេះបត់បែនតាមស្ថានភាពផ្លូវ នោះយើងនឹងប្រឈមបញ្ហាក្នុងដំណើរ ឬឈានដល់គ្រោះថ្នាក់ទៀតផង។
ន័យធៀប✓
ការឆ្ពោះទៅរកគោលដៅ ឬឆ្ពោះក្នុងដំណើរផ្សេងៗនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស គួរតែចេះបត់បែនតាមកាល:ទេស:ជាក់ស្ដែង ធម្មតាក្នុងដំណើរជីវិតឆ្ពោះទៅរមែងប្រឈមនឹងឧបសគ្គខ្លះហើយ តែការចេញពីបញ្ហាទាំងនេះ វាក៏មាន២ជម្រើស។
១,តតាំងប្រយុទ្ធដើម្បីឆ្ពោះទៅ
២,សម្របតាមមួយគ្រាដើម្បីរង់ចាំពេលវេលាបន្តការឆ្ពោះទៅ
ចំណុចនេះយើងមិនមែនបង្រៀនឱ្យដើរលើផ្លូវមិនល្អនោះទេ គ្រប់មនុស្សត្រូវតែមានភាពស្មោះត្រង់ ប្រកបដោយសីលធម៌និងគុណធម៌ជានិច្ច តែពាក្យថាចង្កូតមិននឹង ឬហៅថាឱ្យចេះបត់បែន គឺជាការបង្រៀនយើងឱ្យឆ្លាតជាមួយបញ្ហា ឆ្លាតជាមួយឧបសគ្គ និងឆ្លាតជាមួយមនុស្សអាក្រក់ តែកុំឆ្លាតខ្សែលើជាមួយមនុស្សល្អ ព្រោះមនុស្សល្អមិនមែនជាឧបសគ្គសម្រាប់យើងទេ។
អត្ថបទវិភាគ៖ សុភាសិត កាព្យខ្មែរ / ណាវ៉ាត់- satra kh 
@អ្នកគាំទ្រពេញនិយម  #សុភាសិតកាព្យខ្មែរ  #បកស្រាយសុភាសិតបុរាណខ្មែរ  #ណាវ៉ាត់ 
 #ការអប់រំ  #ចំណេះវិជ្ជា