
01/03/2024
ស្តេចអាស៊ី ៥អង្គ មានលុយសរុបជាង ១០៨ពាន់លានដុល្លារ
អាស៊ី គឺជាទ្វីបធំជាគេបង្អស់លើផែនដី ក៏ជាទឹកដីដែលមានស្តេចសោយរាជ្យច្រើនបំផុតដូចគ្នា ដោយក្នុងចំណោមប្រជាជាតិរាជានិយមសរុប ៤៣ទូទាំងពិភពលោក អាស៊ីមានប្រទេសសរុប ១៣ ដែលនៅគោរព និងប្រតិបត្តិរបបរាជានិយម។
ក្នុងចំណោមស្តេចអាស៊ីទាំង ១៣អង្គ នាពេលបច្ចុប្បន្ននេះ គឺមាន ៥អង្គ ជាស្តេចមានបំផុតប្រចាំទ្វីប មានទ្រព្យសម្បត្តិមហាសាល ហើយបើសរុបបញ្ចូលគ្នា ទ្រព្យសម្បត្តិទាំងអស់មានតម្លៃដល់ទៅប្រមាណ ១០៨ពាន់លានដុល្លារឯណោះ ខណៈស្តេចមានបំផុតទាំង ៥អង្គ នៅអាស៊ី មានដូចជា៖
១- ស្តេច វិជ្ជរាឡុងកន របស់ប្រទេសថៃ មានទ្រព្យសម្បត្តិសរុប ៤៣ពាន់លានដុល្លារ ដោយភាគច្រើនគឺជាអចលនទ្រព្យ ខណៈទស្សនាវដ្តី Fortune Magazine រាយការណ៍ថា ស្តេចថៃអង្គនេះ ជាម្ចាស់កម្មសិទ្ធលើអចលនទ្រព្យសរុប ៦៥.៦ គីឡូម៉ែត្រក្រឡា ដោយភាគច្រើនគឺក្នុងកណ្តាលក្រុងបាងកក គិតជាទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារ។ បន្ថែមពីលើនេះ ស្តេច វិជ្ជរាឡុងកន ក៏មានភាគហ៊ុនក្នុងវិស័យឯកជនជាច្រើនទៀតមានតម្លៃជាទឹកប្រាក់ជាង ៩ពាន់លានដុល្លារ។
២- ស្តេច ស៊ុលតង់ របស់ព្រះរាជាណាចក្រប្រ៊ុយណេ គឺស្តេចមានបំផុតទី២នៅអាស៊ី មានទ្រព្យសម្បត្តិសរុប ២៨ពាន់លានដុល្លារ។ លើសពីនេះ ព្រះអង្គគឺជាមនុស្សចូលចិត្តរថយន្តជាខ្លាំង ដោយបានប្រមូលទិញរថយន្តប្រណិតៗជាច្រើនមករក្សាទុក ដោយគិតជាតម្លៃមានដល់ទៅជាង ៥ពាន់លានដុល្លារ។
ស្តេចប្រ៊ុយណេ រូបនេះ ក៏ជាងម្ចាស់សណ្ឋាគារលំដាប់រាជវាំងធំបំផុតលើផែនដី ឈ្មោះថា Instana Nulul Iman មានបន្ទប់ប្រណិតសរុប ១៧០០បន្ទប់។
៣- ស្តេច សាល់ម៉ាន របស់អារ៉ាប់សាវអូឌីត ព្រះអង្គជាក្សត្រមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី៣នៅទ្វីបអាស៊ី ដោយគិតជាទឹកប្រាក់សរុបដល់ទៅ ១៧ពាន់លានដុល្លារ។
៤- ព្រះអង្គម្ចាស់ មហាមេត ប៊ីន រ៉ាស៊ីត អាល់ ម៉ាកតូម ជាស្តេចដែលកំពុងកាន់កាប់ទីក្រុងឌូបៃ របស់ប្រទេសអារ៉ាប់អ៊ីមីរ៉េត។ ព្រះអង្គ មានទ្រព្យសម្បត្តិចន្លោះ ១៤ ទៅ ១៨ពាន់លានដុល្លារអាមេរិក ជាម្ចាស់កម្មសិទ្ធលើសំណង់អចលនទ្រព្យភាគច្រើននៅទីក្រុងឌូបៃ រាប់ទាំងអាគារខ្ពស់បំផុតលើផែនដី Burj khalifa ដែរ។
៥- ស្តេចមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាស៊ីលេខរាងទី៥ ឆ្នាំ២០២៤នេះ គឺព្រះអង្គ heikh Tamim bin Hamad Al Thani ព្រះមហាក្សត្រប្រទេសហ្គាតារ ជាមួយទ្រព្យសម្បត្តិសរុប ២ពាន់លានដុល្លារ ហើយព្រះអង្គភាគច្រើនវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសមហាអំណាច ជាម្ចាស់កម្មសិទ្ធអាគារពាណិជ្ជកម្មនៅ
ទីក្រុងឡុងដ៏ អគារ Empire State នៅញូវយ៉ក និងជាម្ចាស់ក្លឹបបាល់ទាត់ខ្លាំងបំផុតនៅបារាំង Paris Saint-Germain ផងដែរ៕
#សារព័ត៌មានភ្នំពេញ