28/11/2013
មន្ត្រីប៉ូលិសអន្តោប្រវេសន៍នៅច្រកទ្វារប៉ោយប៉ែតកំពុងផ្គើននឹងអនុសាសន៍សម្ដេចតេជោ
ប្រភពចេញពីបណ្ដាក្រុមហ៊ុនមួយចំនួនដែលកំពុងនាំទំនិញគ្រប់ប្រភេទ ចេញ-ចូលតាមច្រកទ្វារសេដ្ឋកិច្ចអន្តរជាតិប៉ោយប៉ែតបានត្អួញត្អែរប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះការនាំទំនិញចូល-ចេញតាមច្រកទ្វារប៉ោយប៉ែតនេះជួបផលវិបាកច្រើនគួរឲ្យព្រួយបារម្ភ ព្រោះពួកគាត់ត្រូវចំណាយថវិកាអស់ជាច្រើនម៉ឺនបាត (ប្រាក់ថៃ) ក្នុងការរត់ការផ្លូវបង់សេវាក្រៅផ្លូវការ នៅតាមបណ្ដាកុងត្រូលអានាធិបតេយ្យនានា របស់សមត្ថកិច្ចទោះជាទំនិញទាំងអស់នោះ ត្រូវបានបង់ពន្ធជូនរដ្ឋហើយក៏ដោយក៏ចាំបាច់ត្រូវតែបង់លុយឲ្យអ្នកយាមបារ៉ាស់អស់ជាច្រើនម៉ឺនបាតទៀតដែរក្នុងមួយថ្ងៃៗ ទើបពួកគាត់អាចដឹកទំនិញចូល-ចេញបាន ។
ប្រភពដដែលបានបន្ថែមឲ្យដឹង ទៀតថា ទោះជាទំនិញខ្លះ និងសម្ភារៈបម្រើកសិកម្មមួយចំនួនដែល ត្រូវបានរាជរដ្ឋាភិបាលអនុគ្រោះលើកលែងពន្ធអនុញ្ញាតឲ្យនាំចូល ដើម្បីបម្រើវិស័យកសិកម្មក៏ដោយ ក៏ត្រូវសមត្ថកិច្ចដាក់កុងត្រូលនោះទារលុយអស់ជាច្រើនម៉ឺនបាតដែរ ជាពិសេសនោះ គឺ មន្ត្រីប៉ូលិសអន្តោប្រវេសន៍ដែលឈរជើងប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយមន្ត្រីទាំងនោះកំពុងធ្វើព្យុះភ្លៀងយ៉ាងព្រហើន ដោយបង្ហាញនូវភាពខ្លាំងគ្មាននរណាធ្វើដូច ដែលមានលោក ទិត្យ សារិន ជាអ្នកមើលការខុសត្រូវ និងជាអ្នកបញ្ជាឲ្យបិទ និងបើកបារ៉ាស់ចេញ-ចូលទំនិញ ហើយលោក ទិត្យ សារិន នេះ គឺជាមនុស្ស ដែលមានឥទ្ធិពលបំផុតនៅក្នុងចំណោមមន្ត្រីអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះគាត់ជាមនុស្សមេស្រឡាញ់បំផុតដោយគាត់ចេះរកលុយឲ្យមេ ។ មូលហេតុដែលក្រុមហ៊ុននិយាយរិះគន់ថា លោក ទិត្យ សារិន ជាមនុស្សដែលមេស្រឡាញ់ និងពេញចិត្តបំផុតនោះ ក៏ព្រោះតែលោក ទិត្យ សារិន ជា មន្ត្រីប៉ូលិសអន្តោប្រវេសន៍មានអំណាចដុះស្លែនៅតំបន់នោះ គឺជាអ្នកមើលការខុសត្រូវកាន់កាប់បារ៉ាស់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូត ទោះជាមានការផ្លាស់ប្ដូរមេប៉ូលិសអន្តោប្រវេសន៍នៅទីនោះអស់ជាច្រើននាក់ហើយ ក៏ដោយ ក៏អំណាច របស់លោកទិត្យ សារិន នៅរឹងមាំដដែល គួរឲ្យស្ងើចសរសើរសមត្ថភាពលូនក្រាប របស់លោក ទិត្យ សារិន មែន ។ ហើយមាន ប្រភពព័ត៌មានពីអាជីករខ្លះបានខ្សឹបប្រាប់ឲ្យ ដឹងថា លោក ទិត្យ សារិន កំពុងសម្លឹងមើលតំណែងជាអនុប្រធានប៉ូលិសអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ទៀតផង! ។
ប៉ុន្តែពាក់ព័ន្ធនឹងចម្លើយ របស់លោក ទិត្យ សារិន នេះខាងក្រុមហ៊ុនក៏មានប្រតិកម្មវិញថា ទង្វើ របស់លោក ទិត្យ សារិន កំពុងតែប្រព្រឹត្តសព្វថ្ងៃនេះ ក្រុមហ៊ុនទាំងអស់ដែលបាននាំទំនិញចេញ-ចូលស្គាល់ក្រយៅលោកអស់ហើយ មិនបាច់មកបកស្រាយថា មិនដឹង នោះទេ!ហើយលោកក៏មិនអាចលើកដៃម្ខាងទៅបាំងព្រះអាទិត្យមិនឲ្យរះបានដែរពីព្រោះក្រុមហ៊ុនដឹកជញ្ជូននាំទំនិញចេញ-ចូលពីប្រទេសថៃនរណាមិនស្គាល់ឈ្មោះទិត្យ សារិន ដែលជាអ្នកកាន់កាប់បារ៉ាស់ និងរាប់ក្បាលឡានដឹកទំនិញយកលុយនោះ? ក្នុងឡានដឹកទំនិញ១គ្រឿងត្រូវបង់លុយឲ្យលោក ទិត្យ សារិន ៥០០បាត ប៉ុន្តែបើឡានសណ្ដោង(ឡានដឹកឡាន) គឺត្រូវបង់ក្បាលឡាននាំចូលនោះ ១គ្រឿង៥០០បាតទៀត ។ ចុះបើក្រុមហ៊ុនត្រូវនាំ ឡានចូលចំនួន៥០គ្រឿងក្នុងមួយថ្ងៃ តើត្រូវបង់ឲ្យលោក ទិត្យ សារិន ប៉ុន្មាន? សូម្បីតែលុយខ្មែរក៏លោក ទិត្យ សារិន មិនយកផង គឺយកតែលុយបាតថៃ!នេះមិនទាន់និយាយពីឡានដឹកទំនិញផ្សេងៗ ទៀតផង គឺនៅមានច្រើនទៀត ។
ប្រភពខាងលើបានឲ្យដឹង ទៀតថា ក្រាន់តែក្រុមហ៊ុន របស់គាត់នាំទំនិញចូលដោយមានសម្ភារៈផ្សេងៗ កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ គឺលោកត្រូវចំណាយក្រៅផ្លូវការអស់រាប់ម៉ឺនបាត និងលុយខ្មែរអស់រាប់លាន ទៀតផង ដោយគ្រាន់តែបង់ឲ្យលោក ទិត្យ សារិន អស់ ៣៧,៥០០បាត និងកូនចៅលោក សារិន ឈ្មោះ រស់ សារុំ អស់២០០,០០០រៀល បន្ថែមទៀតទើបដឹកទំនិញចេញពីបារ៉ាស់បាន ។
ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋមន្ត្រី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសមត្ថភាពដឹកនាំនិងបំបាត់ឲ្យអស់នូវអំពើពុករលួយ និងទប់ស្កាត់រាល់អំពើអសកម្មដែលនាំឲ្យប្រជាពលរដ្ឋក្តៅក្រហាយ ។ ជាពិសេសនោះ មន្ត្រីទាំងអស់ល្មមដល់ពេលឆ្លុះកញ្ចក់ងូតទឹកដុសក្អែល និងព្យាបាលជំងឺពុករលួយហើយ គឺត្រូវនាំគ្នាចូលរួមសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលឈានទៅរកការអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត ។ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងតែកែទម្រង់ស៊ីជម្រៅក្នុងអាណត្តិទី៥ នេះ បែរជាមន្ត្រីអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាននឹងកំពុងអនុវត្តន៍ផ្គើននឹងអនុសាសន៍របស់សម្ដេចទៅវិញ?៕ ជុំវិញការពាក់ពន្ធ័ទំាងអស់នេះអ្នកយកព័ត៍មានយើងមិនអាចទាក់ទងជាមួយលោក សៅ ប៊ុនរិទ្ធនិងលោក ទិត្យ សារិន បានទេដោយមិនមានលេខទូរសព្ទ័។