09/01/2026
ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ នាំក្រុម AOT មើលផលប៉ះពាល់ដែលយោធាថៃវាយប្រហារ និងរាយបន្លាលួសលើទឹកដីកម្ពុជាតំបន់សំខាន់ៗ
_
លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែមករា បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអង្កេតការណ៍អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកអន្តរជាតិអូរស្មាច់។
លោកអភិបាលខេត្តបានលើកឡើងថា បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹក នៅព្រឹកថ្ងៃទី៨ ខែមករា លោកបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ ដែលទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
គួរជម្រាបថា ក្រុមអង្កេតការណ៍អាស៊ាន AOT ថ្មីៗនេះ ក៏បានចុះពិនិត្យផលប៉ះពាល់នៅស្ពានអូរជីក ដែលរងការខូចខាត ដោយសារយោធាសៀមឈ្លានពាន ប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែក នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីពេលកន្លងទៅ។
សូមរំលឹកជូនផងដែរថា នៅក្នុងសង្រ្គាមថៃឈ្លានពាន មកលើអធិបតេយ្យកម្ពុជាទាំងពីរលើក នៅខេត្តឧត្ដរមានជ័យ ជាសមរភូមិដ៏ក្តៅគគុកបំផុតមួយ ចំណោមខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដែលយោធាថៃវាយប្រហារទាំងកំរោល យ៉ាងគឃ្លើន បណ្តាឲ្យមានជនស៊ីវិលស្លាប់ និងជនភៀសខ្លួនរាប់សែននាក់ ខណៈយោធាថៃក៏ប្រើយន្តចម្បាំង F-16 ទម្លាក់គ្រាប់បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាមជាច្រើនទីតាំង និងបានចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាបន្តបន្ទាប់ផងដែរ៕
Facebook (8 tags):
#ព័ត៌មានឧត្តរមានជ័យ #ព័ត៌មានជាតិ