24/08/2024
នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-----------------------------------------------------------
បានអញ្ជើញអធិបតីបើកសិក្ខាសាលាស្តីពី"ការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO-TFA)និងការអនុវត្តផែនការសកម្មភាពនៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម" ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាល័យខេត្តសៀមរាប ។
កម្មវិធីសិក្ខាសាលានេះមានការអញ្ជើញចូលរួម ពីអង្គភាពជំនាញក្រោមឱវាទក្រសួងរួមមាន៖ (GDA, GDAHP, FiA, FA, DAL, DAI, DPS និង DIC) ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម (TWG-FTA) និងគណៈកម្មាធិកាជាតិកិច្ចសម្រួលពាណិជ្ជកម្ម (គ.ជ.ស.ព) ដែលមានលោក ជា សំណាង អនុប្រធាននាកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ លោក ទីវ ប៉ូលីន អនុប្រធានការិយាល័យសហប្រតិបត្តិការគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចូលរួមជាវាយគ្មិន និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមសរុប៥០នាក់។
គោលបំណង នៃសិក្ខាសាលានេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពី "ការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និងការអនុវត្តផែនការសកម្មភាពនៃផែនទីចង្អុលផ្លូវស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម" និងលើកកម្ពស់ការអនុវត្តរាល់ខ្លឹមសារពាក់ព័ន្ធក្រោមការទទួលខុសត្រូវក្នុងក្របខ័ណ្ឌ (MAFF), ជំរុញប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង ការកសាងសមត្ថភាពដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង WTO-TFA និងយល់ដឹងបន្ថែម ដើម្បីពង្រឹងការអនុវត្តការងារជាមួយអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។