KPT Economy

KPT Economy បណ្ដុំព័ត៌មានសេដ្ឋកិច្ចជាតិ & អន្តរជាតិ ពីសារព័ត៌មានកម្ពុជាថ្មី ប្រចាំថ្ងៃ (Kampuchea Thmey Daily)
(1)

ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទឯកភ្នំ បឹងធម្មជាតិចំនួន ២ កំពុងទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត។ បឹងទាំង ២ នេះស្ថិតក្នុងភូមិត...
27/08/2026

ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទឯកភ្នំ បឹងធម្មជាតិចំនួន ២ កំពុងទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត។ បឹងទាំង ២ នេះស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរ។

មន្ទីរ​ទេសចរណ៍ខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា បឹងតាគមមានទំហំ ១០ ហិកតា មានអាយុកាលប្រមាណ ១ ០០០ ឆ្នាំ មានទីតាំងស្ថិតនៅទិសពាយព្យនៃប្រាសាទឯកភ្នំ និង​បឹងរលួស មានទីតាំងនៅទិសនិរតីនៃប្រាសាទឯកភ្នំ នៅក្នុងភូមិ ឃុំតែមួយ។

សព្វថ្ងៃបឹងរលួសបានក្លាយជាគោលដៅកំពុងទាក់ទាញភ្ញៀវទេសចរ ដែលចូលចិត្តអង្គុយលំហែតាម​មាត់បឹង ស្រូយកខ្យល់អាកាសបរិសុទ្ធ និងស្ទូចត្រី ទទួលទានអាហារជុំមិត្តភ័ក្រ ឬជាគ្រួសារ ជាដើម។

លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា មន្ទីរគ្រោងចុះរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងអនាម័យល្អ ខណះបច្ចុប្បន្នមានអ្នកភូមិស្រុកនាំគ្នាលក់ដូរ ដើម្បីរកចំណូលទ្រទ្រង់​ជីវភាពគ្រួសារ។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបានឲ្យដឹងថា បឹងរលួស(អាលួស)និងបឹងតាគម គឹជាបឹងធម្មជាតិ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។

លោកបន្តថា បឹងរលួសលោក បានភ្ញាស់កូនត្រីឆ្ពិនប្រមាណ៦មុឺនក្បាល តាំងពី៦ឆ្នាំមុន សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន៕
---------------
©KPT Economy

លោក ​សំហេង បូរ៉ា ​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន​ជំរុញឱ្យក្រុមហ៊ុន-សហគ្រាសកម្ពុជា​ពង្រឹង​ស្តង់​ដាផលិតផល ​ការរចនាសំបក...
27/08/2026

លោក ​សំហេង បូរ៉ា ​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាន​ជំរុញឱ្យក្រុមហ៊ុន-សហគ្រាសកម្ពុជា​ពង្រឹង​ស្តង់​ដាផលិតផល ​ការរចនាសំបកវេចខ្ចប់ វិញ្ញាបនបត្រគុណភាព ​និង​ការចាប់យកទីផ្សារឌីជីថល។

លោក ​សំហេង បូរ៉ា ​រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​បានលើកឡើងក្នុងពេលចូលរួម​ពិធី​សម្ពោធ «ស៊េរីពិព័រណ៍កម្ពុជា ​ឆ្នាំ២០២៦» ​នៅ​មជ្ឈមណ្ឌលសន្និបាត ​និង​ពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី ២៦ ខែសីហា ២០២៦។

​រដ្ឋលេខាធិការបញ្ជាក់ថា ការបន្តរៀបចំព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុក​ចិត្តរបស់វិស័យ​ឯកជន​លើ​សក្តា​នុពល ​និង​កាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

​ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦ គ្របដណ្ដប់លើវិស័យដែលមានសក្តានុពលជាច្រើន រួមមាន៖ កសិកម្ម បសុសត្វ វារីវប្បកម្ម អាហារ និងភេសជ្ជៈ សត្វចិញ្ចឹម ឱសថ បរិក្ខារវេជ្ជសាស្ត្រ មន្ទីរ​ពិសោធន៍ គ្រឿងសម្អាង និងផលិតផលប្រើប្រាស់ទូទៅ។ ​

​ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាកន្លែងតាំងបង្ហាញផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជា​វេទិកា​ដ៏សំខាន់​សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន ធុរជន អ្នកបញ្ជាទិញសក្តានុពល និងអ្នក​ប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបង្កើតឱកាសផ្គូផ្គងធុរកិច្ច និងពង្រីកទំនាក់​ទំនង​ពាណិជ្ជកម្មអន្តរជាតិ។ ​

លោករដ្ឋលេខាធិការ ​ក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឱ្យសម្លឹងមើលកម្ពុជា មិនត្រឹមតែ​ជា​ទីផ្សារសម្រាប់​ផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាដៃគូសម្រាប់ការផលិត ការវិនិយោគ និងការចែកចាយ ព្រមទាំងជាច្រកចូលទៅកាន់ទីផ្សារតំបន់ដ៏ធំទូលាយ ដោយរួមគ្នា «ប្រែក្លាយ​ទំនាក់ទំនងឱ្យទៅជាឱកាស ប្រែក្លាយឱកាសឱ្យទៅជាការវិនិយោគ និងពាណិជ្ជកម្ម និងប្រែក្លាយ​ការវិនិយោគ និងពាណិជ្ជកម្មឱ្យទៅជាវិបុលភាពប្រកបដោយចីរភាព»៕​
---------------
©KPT Economy

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យវិស័យឯកជន និងធុរជន ចូលរួម​ឱ្យ​បាន​សកម្មក្នុងក្រុមការងារទាំង ១៦...
27/08/2026

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឱ្យវិស័យឯកជន និងធុរជន ចូលរួម​ឱ្យ​បាន​សកម្មក្នុងក្រុមការងារទាំង ១៦ របស់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីប្រមូលនិងលើកយក​បញ្ហា​ប្រឈម ព្រមទាំង​សំណើជាក់ស្តែង​ពីវិស័យធុរកិច្ច ទៅពិភាក្សា និងស្វែងរក​ដំណោះស្រាយ​ជាមួយរាជរដ្ឋាភិបាលតាមផ្លូវការឱ្យមានប្រសិទ្ធភាព។

នៅ​ក្នុង​វេទិកា​ធុរកិច្ច​និង​នវានុវត្តន៍ ២០២៦ ដែលមានការ​ចូលរូម​ពី​វិស័យ​ឯកជន​ និង​វត្តមាន​ លោក ហ៊ឺ បាវី ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញកាលពីម្សិលមិញនេះ​ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ក្រុមការងាររបស់​សភា​ពាណិជ្ជកម្ម​កម្ពុជា គឺជាវេទិកា​សំខាន់​មួយ​សម្រាប់​ភ្ជាប់រវាង​វិស័យ​ឯកជន និងរដ្ឋាភិបាល។

លោកបានលើកឡើង​ក្នុងន័យថា វិស័យឯកជន​មិនគួរត្រឹមតែ​បង្ហាញការមិនពេញចិត្ត ឬត្អូញត្អែរ​អំពី​បញ្ហា​ប្រឈម​នៅតាម​តុហាងកាហ្វេ ឬ​បង្ហោះតាម​បណ្ដាញសង្គម Facebook ប៉ុណ្ណោះទេ ព្រោះការ​លើក​ឡើងបែបនេះ​អាចមិននាំទៅរកដំណោះស្រាយជាក់ស្តែងបានឡើយ។ ផ្ទុយទៅវិញ បញ្ហា​គួរ​ត្រូវ​បានប្រមូល ចងក្រង និងដាក់ចូលក្នុងយន្តការផ្លូវការ ដើម្បីឱ្យមានការ​ពិភាក្សាជាមួយ​ភាគី​ពាក់ព័ន្ធ និងស្វែងរកដំណោះស្រាយរួម។

តាមរយៈការចូលរួម​យ៉ាងសកម្មរបស់ធុរជន និងការសហការជាមួយរដ្ឋាភិបាល បញ្ហា​ប្រឈម​នានាអាចត្រូវបានលើកយកមកពិភាក្សា​ដោយផ្ទាល់ និងឈានទៅរកដំណោះស្រាយ​ដែល​ផ្តល់ផល​ប្រយោជន៍​ដល់ទាំងអាជីវកម្ម និងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏​អំពាវនាវដល់ធុរជន និងតំណាងវិស័យឯកជន ឱ្យប្រើប្រាស់​​យន្តការ​នេះឱ្យបានពេញលេញ ដោយផ្តល់ព័ត៌មាន និងបញ្ហាជាក់ស្តែង​ដែលកំពុងជួប​ប្រទះ​ក្នុង​ការ​ប្រកបអាជីវកម្ម។ បញ្ហាដែលត្រូវបានប្រមូល និងរៀបចំយ៉ាង​ច្បាស់លាស់ អាចក្លាយ​ជាមូលដ្ឋាន​សម្រាប់​​ការពិភាក្សា​ជាមួយ​ស្ថាប័នរដ្ឋ និងឈានទៅរកការកែលម្អគោល​នយោបាយ ឬនីតិវិធីដែលពាក់ព័ន្ធនឹងវិស័យឯកជន៕
---------------
©KPT Economy

លោក ​អិល ឈិញ ​ប្រធានសមា​គមកសិករដំឡូងមីខ្មែរ បានប្រាប់កម្ពុជាថ្មីកាលពីថ្ងៃពុធ ទី ២៦ សីហាម្សិលមិញថា ​តម្លៃទីផ្សារ​ដំឡូងមី​...
27/08/2026

លោក ​អិល ឈិញ ​ប្រធានសមា​គមកសិករដំឡូងមីខ្មែរ បានប្រាប់កម្ពុជាថ្មីកាលពីថ្ងៃពុធ ទី ២៦ សីហាម្សិលមិញថា ​តម្លៃទីផ្សារ​ដំឡូងមី​ស្រស់​បន្តកើនឡើង ដោយលក់បានចន្លោះពី ៣៩០-៤៨០ រៀល ក្នុងមួយគីឡូក្រាម ខណៈផ្ទៃដីដាំដុះ​នៅឆ្នាំ​នេះ​បានថយចុះពី ៣០% ទៅ ៤០%។​​

ប្រធានសមាគមដំឡូងមីបញ្ជាក់ថា ​តម្លៃដំឡូងមីកើនឡើង ដោយសារតម្រូវការសកល។​ លោកបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០២៦ ​កសិករ​ភាគច្រើន​ធ្វើ​ដំឡូងមីស្ងួត ​ដែល​ទទួល​បាន​តម្លៃ​ខ្ពស់ ​រហូតដល់ជាង ​៦០០ រៀល ​ក្នុង​មួយ​គីឡូក្រាម។ ​ទីផ្សារ​នាំចេញដំឡូងមីរបស់កម្ពុជា ​មាន​ប្រទេស​វៀតណាម ចិន​ និង​ប្រើប្រាស់​ក្នុងស្រុក។ ​

រាជរដ្ឋាភិបាល​បានខិតខំ​ជំរុញ ​និង​ពង្រីកទីផ្សារនាំចេញដំឡូងមី​រហូតដល់ប្រមាណ ​១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៥​។

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជា​រក​ចំណូល​បានជាង ៣៧៦ លានដុល្លារ ​ពីការនាំចេញដំឡូងមី នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ (មករា-មីនា) ២០២៦ កើនឡើង ១៦,២៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ​ខណៈកម្ពុជា​បាន​បង្កើនការ​កែច្នៃលើកកម្ពស់គុណភាព​ដំឡូង​មី​​ស្រប​តាម​តម្រូវការ​ទីផ្សារ។

នៅ​ក្នុង​ឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូលបាន ​៦៤៦ ​លានដុល្លារ ​ពីការ​នាំ​ចេញ​ដំឡូងមី ​ធ្លាក់ចុះ ១៤,៤៨% ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០២៤។​ ​

បរិមាណ​នាំ​ចេញ​ដំឡូងមីស្រស់មានចំនួន ​៣ ១០៥ ៥០០ តោន ធ្លាក់​ចុះ​ ៩,៨២% នៅក្នុងឆ្នាំ ២០២៥ រីឯចំណិតដំឡូងមីក្រៀម​បាន​កើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន៕
---------------
©KPT Economy

ការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវទឹក​អាចកាត់បន្ថយ​ថ្លៃដឹកជញ្ជូន​ប្រមាណ ៣០% ទៅ ៤០% បើ​ប្រៀប​ធៀប​នឹង​ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក...
27/08/2026

ការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវទឹក​អាចកាត់បន្ថយ​ថ្លៃដឹកជញ្ជូន​ប្រមាណ ៣០% ទៅ ៤០% បើ​ប្រៀប​ធៀប​នឹង​ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក ខណៈ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ក៏​អាច​ដឹក​ទំនិញ​ក្នុង​បរិមាណ​ច្រើន​ក្នុងពេលតែមួយ។

លោក ហ៊ឺ បាវី ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បានឱ្យដឹងថា ការដឹក​ជញ្ជូន​តាម​ផ្លូវទឹក​មាន​តម្លៃទាប​ជាង​ផ្លូវគោក ដោយ​កប៉ាល់មួយអាចដឹកកុងតឺន័របានចន្លោះពី ២០០ ទៅ ៣៦០ កុងតឺន័រ​ក្នុង​ពេល​តែមួយ ខណៈការដឹកជញ្ជូនតាមរថយន្ត​ភាគ​ច្រើន​ អាច​ដឹកបាន​តែមួយ​កុងតឺន័រ​ក្នុង​មួយ​ជើង។

កំពង់ផែស្វយ័តភ្នំពេញបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ២០០០ ដោយផ្តោត​លើការផ្តល់​សេវា​ដឹក​ជញ្ជូន​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លៃ​សមរម្យ និង​កាត់បន្ថយ​ការខូចខាតទំនិញ។

សមត្ថភាព​ផ្ទុក និងចាត់ចែងទំនិញរបស់កំពង់ផែបានកើនឡើងយ៉ាងខ្លាំង ពីប្រមាណ ៦ ម៉ឺន​កុង​តឺន័រ​ក្នុង​ឆ្នាំ ២០១២ ដល់​ប្រមាណ ៦០ ម៉ឺន​កុងតឺន័រ​នាពេលបច្ចុប្បន្ន។

លោក ហ៊ី ប៉ាវី បាន​បញ្ជាក់​ថា ទោះ​បីការដឹកជញ្ជូន​តាម​ផ្លូវទឹក​មាន​តម្លៃ​ថោក​ជាង​ក៏​ដោយ ក៏​ការដឹក​ជញ្ជូន​តាម​ផ្លូវគោក​នៅ​តែ​មាន​តួនាទី​សំខាន់​សម្រាប់​ទំនិញ​ ដែលត្រូវការ​ដឹកជញ្ជូន​ជាបន្ទាន់ ព្រោះ​មានល្បឿនលឿន​ជាង​ការដឹកជញ្ជូនតាមផ្លូវទឹក។

ដើម្បី​បង្កើន​សមត្ថភាពបន្ថែម លោក ហ៊ី ប៉ាវី បាន​បញ្ជាក់​ថា កំពង់ផែ​ស្វយ័តភ្នំពេញ​កំពុង​ពង្រីក​សា​ខា​ទី ៤ និង​ផែ​ស្ងួតទី ២ ព្រម​ទាំងមាន​គម្រោងបង្កើត​ផែ​ចម្បង​ចំនួន ២ បន្ថែម​ទៀត។

កំពង់ផែបានបង្កើនរយៈពេលស្តុកទំនិញដោយឥតគិតថ្លៃពី ៧ថ្ងៃ ដល់ ១២ថ្ងៃ ដើម្បីសម្រួល​ដល់​អតិថិជន ខណៈ​ប្រតិបត្តិការកំពង់ផែដំណើរការ ២៤ ម៉ោងលើ២៤ម៉ោង ចែកជា៣វេន និងមិន​ឈប់​សម្រាក​នៅថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។

«កប៉ាល់ដែលមកដល់កំពង់ផែនៅម៉ោង ១០ យប់ ក៏អាចចាប់ផ្តើមរើទំនិញចុះបានភ្លាមៗ ហើយ​ការងារ​នេះ​អាចចំណាយពេលប្រមាណ ៣ ម៉ោងប៉ុណ្ណោះ»។

លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានលើកឡើងថា ក្នុងចំណោម​ប្រព័ន្ធដឹក​ជញ្ជូន​សំខាន់ៗ ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាងគេ បន្ទាប់មកគឺផ្លូវដែក ផ្លូវគោក និង​ផ្លូវ​អាកាស​ដែល​មាន​តម្លៃខ្ពស់​ជាងគេ។

លោកបន្តថា តម្លៃសេវាឡូជីស្ទីកមិនអាស្រ័យ​លើភាគីណាមួយ​តែម្នាក់ឡើយ ប៉ុន្តែពាក់ព័ន្ធ​នឹងភាគី​ជា​ច្រើន ដូចជា កំពង់ផែ ភ្នាក់ងារដឹកជញ្ជូន និងក្រុមហ៊ុនកុងតឺន័រជាដើម។ ដូច្នេះ ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​ត្រូវការកិច្ច​សហការពី​គ្រប់ភាគីពាក់ព័ន្ធ។

លោក ហាក់ លាងហ៊ ប្រៀបធៀបថ្លៃដឹក​ជញ្ជូនរបស់កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង​នៅតែ​មានភាព​លំបាក ដោយសារ​កំពង់ផែរបស់កម្ពុជាមានទំហំតូចជាងកំពង់ផែធំៗក្នុងតំបន់។

បច្ចុប្បន្ន កម្ពុជា​នៅតែត្រូវពឹងផ្អែក​លើកប៉ាល់តូចៗ ដើម្បីដឹកទំនិញទៅចូលកំពង់ផែធំៗ ដូចជា កំពង់ផែ​នៅសិង្ហបុរីជាដើម។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល​កំពុងខិតខំ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ ដើម្បី​អាចទទួលកប៉ាល់ធំៗ​ឱ្យចូលចតដោយផ្ទាល់នៅកម្ពុជានាពេលអនាគត ដែល​នឹង​ជួយ​កាត់បន្ថយថ្លៃដឹក​ជញ្ជូនបានកាន់តែច្រើន។

ពាក់ព័ន្ធ​ការ​កែលម្អវិស័យដឹកជញ្ជូន និងការនាំចេញនាំចូលនៅកម្ពុជា វិស័យ​ឯកជន​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​នីតិវិធី​ ដើម្បី​បង្កើន​សេវា​ដឹកជញ្ជូន​ឲ្យ​កាន់​តែ​មានប្រសិទ្ធភាព។

អ្នក​ឧកញ៉ា សួរ វីរៈ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស​ បាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឯកសារ​ក្រដាស ដោយ​ប្តូរ​មក​ប្រើប្រាស់​ប្រព័ន្ធឌីជីថល កាត់​បន្ថយ​ពេល​វេលា ព្រោះ​ក្នុងវិស័យ​ឡូជីស្ទីកពេលវេលាគឺជាលុយ។

លោកថា ការរត់ឯកសារផ្ទាល់នាំឱ្យខាតបង់ពេលវេលា និងបង្កើតទម្លាប់ចំណាយក្រៅផ្លូវការ ដែល​ពិបាក​កាត់​ផ្ដាច់។

ដើម្បី​កាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយមន្ត្រី អ្នក​ជំនួញ​ប្រឡូក​​ក្នុង​វិស័យ​ដឹកជញ្ជូន​រូប​នេះ​ ស្នើ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័នពាក់ព័ន្ធ​ត្រូវភ្ជាប់ប្រព័ន្ធឌីជីថលតែមួយ ដើម្បីឱ្យការអនុម័តឯកសារមានតម្លាភាព និង​លឿន​រហ័ស។

ថ្លែង​ក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍កាលពីម្សិលមិញ អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា​បានលើកឡើងថា ការ​ប្រែប្រួល​នៃ​ស្ថានការណ៍​ពិភពលោក ទាមទារឱ្យវិស័យដឹកជញ្ជូន និងឡូជីស្ទីក​កែទម្រង់ និង​ផ្លាស់​ប្តូរវិធីសាស្ត្រធ្វើការឱ្យសមស្របនឹងការវិវត្តនៃវិបត្តិសកល។

លោកថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងជម្លោះនៅតំបន់មជ្ឈិមបូព៌ា បាន​ជះ​ឥទ្ធិពល​ដល់​ការ​ដឹក​ជញ្ជូន​អន្តរជាតិ ដែល​ធ្វើឱ្យខ្សែសង្វាក់​ផ្គត់ផ្គង់កាន់តែស្មុគស្មាញ និង​បង្កើន​ថ្លៃដើម​ដឹកជញ្ជូន ដែល​តម្រូវ​ឱ្យ​មានការ​គិតគូរ និង​ស្វែងរក​ដំណោះស្រាយ​ថ្មីៗ៕
---------------
©KPT Economy

ប្រធាន​សមាគម​ត្រចៀក​កាំ​កម្ពុជា បានឱ្យដឹងថា សំបុកត្រចៀកកាំក្នុងស្រុកនឹងមានតម្លៃប្រសើរជាងមុន ខណៈ​បច្ចុប្បន្នមានក្រុមហ៊ុនច...
27/08/2026

ប្រធាន​សមាគម​ត្រចៀក​កាំ​កម្ពុជា បានឱ្យដឹងថា សំបុកត្រចៀកកាំក្នុងស្រុកនឹងមានតម្លៃប្រសើរជាងមុន ខណៈ​បច្ចុប្បន្នមានក្រុមហ៊ុនចិនបានកំពុងពន្លឿនការនាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

ថ្លែងប្រាប់ កម្ពុជាថ្មី នៅទី២៦ ខែសីហានេះ លោក ស៊ុយ កុកធាន បានគូសបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចិនចំនួនមួយបាននាំចេញសំបុកត្រចៀកកាំពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ដោយឡែកមានក្រុមហ៊ុនចំនួន ៦ទៀតដែលកំពុងសិក្សា និងបំពេញបែបបទគយ មុននឹងធ្វើការនាំចេញផងដែរ។

ប្រធានសមគមរូបនេះ បញ្ជាក់បន្ថែមថា «នៅពេលមានក្រុមហ៊ុនច្រើនធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ច្បាស់ណាស់សំបុកត្រចៀកកាំនឹងមានតម្លៃប្រសើរជាងមុន ចំណែកអ្នកចិញ្ចឹមត្រចៀកកាំដែលបានធ្វើការចុះបញ្ជើជាមួយក្រុម​ហ៊ុននឹងមានក្ដីសង្ឃឹមឡើងវិញផងដែរ»។

លោក ញ៉ែម ប៊ុនថា ម្ចាស់ផ្ទះអភិរក្សសត្វច្រៀកកាំ ប្រាប់ កម្ពុជាថ្មី ថា ប្រសិនបើមានការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន លោកជាកសិករពិតជាមានទឹកចិត្តក្នុងការធ្វើការងារនេះបន្តទៅទៀត ដ្បិតបច្ចុប្បន្នសំបុកត្រចៀកកាំដែលផលិតបានភាគច្រើនត្រឹមយកមកកែច្នៃ និងលក់សំបុកក្នុងចំនួនតិចតួចសម្រាប់ក្របខណ្ឌទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ។

ទោះយ៉ាងណា កសិកររូបនេះ ថា តាមរយៈដំណឹងខាងលើលោកពិតជាសប្បាយចិត្ត នឹងរំពឹងថា សំបុកត្រចៀកកាំនឹងមានតម្លៃប្រសើរជាងមុន ហើយអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជាទាំងអស់ក៏នឹងមានក្ដីសង្ឃឹមឡើងវិញផងដែរ។

គួរឱ្យដឹងថា ចិន​បាន​សម្រេចអនុញ្ញាតឱ្យ​កម្ពុជានាំចូល​សំបុកត្រចៀកកាំ​ដោយផ្ទាល់ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកប្រធា​នាធិបតី​ ស៊ី ជិនពីង កាល​ពីខែមេសា ឆ្នាំ ២០២៥។

តម្លៃទីផ្សារសំបុកត្រចៀកកាំកម្ពុជាបច្ចុប្បន្ន ​កើនឡើងបន្តិចប្រមាណ ៣០០ ដុល្លារ ក្នុងមួយគីឡូក្រាម ហើយសំបុកល្អលេខ ១ ប្រមាណ ៥០០ ដុល្លារ ក្នុងមួយគីឡូក្រាម។​

​ផលិតកម្មសំបុកត្រចៀកកាំផលិតនៅកម្ពុជា ភាគច្រើនផលិត​នៅខេត្តជាប់​មាត់​សមុទ្រ ដូចជា ខេត្តកំពត កោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបន្ត បច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិ​ភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។

តាមការប៉ាន់ស្មាន កម្ពុជាមានសមត្ថភាពផលិតសំបុកត្រចៀកកាំប្រមាណ ១០០ តោន ក្នុងមួយឆ្នាំ៕
---------------
©KPT Economy

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅថ្ងៃទី ២៤ សីហា ២០២៦ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ «មជ្ឈមណ្ឌលត្រួតពិន...
26/08/2026

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅថ្ងៃទី ២៤ សីហា ២០២៦ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ​ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍(AOC)» ថ្មី ដែលជាសមិទ្ធផលសំ​ខាន់មួយក្នុងយុទ្ធសាស្ត្រការធ្វើទំនើបកម្មប្រតិបត្តិការ។

មជ្ឈមណ្ឌល AOC ថ្មីនេះ នឹងពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងការ​សម្រួល​ប្រតិបត្តិការ​ហោះហើរដែលមានភាពស្មុគស្មាញ ស្របពេលដែលក្រុមហ៊ុនកំពុងធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ ព្រមទាំងពង្រីកបណ្តាញហោះហើរក្នុងស្រុក និងអន្តរជាតិ។

ពិធីសម្ពោធនេះ បានបង្ហាញពីការបន្តផ្លាស់ប្តូរ និងអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ព្រមទាំងការរួមចំណែករបស់របស់ខ្លួនដល់ការពង្រឹងការតភ្ជាប់ ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍវិស័យ​អាកាសចរណ៍កម្ពុជា។

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌល AOC ថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលបង្ហាញពី ការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុន Air Cambodia ក្នុងការលើកកម្ពស់ សុវត្ថិភាព ប្រតិ​បត្តិការ ប្រសិទ្ធភាព និងគុណភាពសេវាកម្ម។

មជ្ឈមណ្ឌល AOC ថ្មីនេះ មានតួនាទីសម្របសម្រួលប្រតិបត្តិការរបស់ក្រុមហ៊ុន Air Cambodia ដោយរួមបញ្ចូលការរៀបចំ និងត្រួតពិនិត្យជើងហោះហើរតាមពេលវេលាជាក់ស្តែង ការសម្រប​សម្រួលយន្តហោះ និងអាកាសយានិក ការគាំទ្រផ្នែកថែទាំយន្តហោះ ប្រតិបត្តិការលើដី និងការ​សម្របសម្រួលសេវាកម្មអ្នកដំណើរ។

មជ្ឈមណ្ឌលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹង សុវត្ថិភាពប្រតិបត្តិការ ប្រសិទ្ធភាព ភាពជឿជាក់ និងសមត្ថភាពគ្រប់គ្រងចំពោះភាពមិនប្រក្រតីនៃប្រតិបត្តិការ។ មជ្ឈមណ្ឌល AOC នេះក៏ជាមូលដ្ឋានប្រតិបត្តិការ​ដ៏សំខាន់សម្រាប់គាំទ្រ​ដល់អាទិភាពយុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួនពីរ៖

១. ការធ្វើទំនើបកម្ម និងធ្វើពិពិធកម្មប្រភេទយន្តហោះ

– ប្រភេទយន្តហោះ Boeing៖ ផែនការ​ទទួលយកយន្តហោះ Boeing របស់ក្រុមហ៊ុន Air Cambodia មានគោលបំណងគាំទ្រដល់ការរីក​ចម្រើននៃ​បណ្តាញ​ជើងហោះ​ហើរ​ និង​ការ​ពង្រីក ការតភ្ជាប់អន្តរជាតិនាពេលអនាគត។

ការដាក់ឱ្យប្រតិបត្តិការជាផ្លូវការត្រូវបានគ្រោងចាប់ពីឆ្នាំ២០៣១ ខណៈសមត្ថភាព យន្តហោះ Boeing 737 MAX បណ្តោះអាសន្ន ត្រូវបានរំពឹងថានឹង​ចាប់ផ្តើម​ចាប់ពី​ឆ្នាំ​២០២៩ ដោយ​អាស្រ័យ​លើផែនការអនុវត្ត និងកាលវិភាគ​ប្រគល់​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន។

– ប្រភេទយន្តហោះតំបន់ COMAC C909៖ ក្រុមហ៊ុន Air Cambodia មានផែនការដាក់​ឱ្យប្រើ​ប្រាស់យន្ត​ហោះ​តំបន់ប្រភេទ C909 ដើម្បីពង្រឹងការតភ្ជាប់ជើង​ហោះហើរ​ក្នុង​ស្រុក និងជើង​ហោះ​ហើរតំបន់ចម្ងាយខ្លី។ កម្មវិធីបច្ចុប្បន្នគ្រោង​ទទួល​យន្ត​ហោះ​រហូត​ដល់ ២០គ្រឿង ដោយ​ការ​ប្រគល់​យន្ត​ហោះដំបូង ត្រូវបានរំពឹងថា​នឹងចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​២០២៦ អាស្រ័យលើ​កាលវិភាគ​ប្រគល់​ដែល​បានព្រមព្រៀងគ្នា។

២. ការពង្រីកបណ្តាញជើងហោះហើរ និងការពង្រឹងប្រតិបត្តិការលើដី​

– ការពង្រឹងការតភ្ជាប់ក្នុងស្រុក៖ ក្រុមហ៊ុនអាកាសចរណ៍កំពុងខិតខំកែលម្អភាពងាយស្រួល របស់អ្នកដំណើរ និងភាពបត់បែននៃកាលវិភាគជើងហោះហើរក្នុងស្រុក ដែលតភ្ជាប់រវាង សៀមរាប ភ្នំពេញ និងព្រះសីហនុ។

– ការសម្របសម្រួលប្រតិបត្តិការតភ្ជាប់នៅសៀមរាប៖ ដោយសហការជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) ព្រមទាំងអាជ្ញាធរ និងអ្នកផ្តល់សេវាពាក់ព័ន្ធក្រុមហ៊ុន Air Cambodia មានគោលបំ​ណង​កែលម្អដំណើរការ ផ្ទេរអ្នកដំណើរ រួមមាននីតិវិធីអន្តោប្រវេសន៍ សន្តិសុខ ការគ្រប់គ្រងឥវ៉ាន់ និងវិធានការសម្របសម្រួលអ្នកដំណើរផ្សេងៗទៀត ដើម្បីគាំទ្រដល់ការតភ្ជាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ៕
---------------
©KPT Economy

គណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន​ខេត្តហ៊ូណាន ​នៅ​ថ្ងៃទី​ ២៥ ​ខែសីហា ​២០២៦ ​បាន​​អញ្ជើញ​មកបំពេញទស្សកិច...
26/08/2026

គណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន​ខេត្តហ៊ូណាន ​នៅ​ថ្ងៃទី​ ២៥ ​ខែសីហា ​២០២៦ ​បាន​​អញ្ជើញ​មកបំពេញទស្សកិច្ចនៅ​កម្ពុជា​ ដើម្បី​សិក្សា​ និង​ស្វែង​រក​ឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​។

​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​កាលពីថ្ងៃអង្គារម្សិលមិញ​ បានទទួលជួប​ពិភាក្សាការងារជាមួយ ​គណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនខេត្តហ៊ូណាន (CCPIT Hunan Sub-Council) ដឹកនាំដោយ លោក តេង លួវស៊ីង (Deng Luoxing) មន្ត្រីត្រួតពិនិត្យថ្នាក់ទី១។

លោក តេង លួវស៊ីង (Deng Luoxing) បានថ្លែងថា ធុរជនខេត្តហ៊ូណាន មានបំណងចង់បើកទីផ្សារថ្មី ព្រមទាំង​ស្វែងយល់ ​និងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា ខណៈដែល​សមាជិកមួយ​ចំនួន​នៃគណៈ​ប្រតិភូកំពុងមានវត្តមាន និងសិក្សាស្រាវជ្រាវបរិបទទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ ​

អ្នកឧកញ៉ា លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានបញ្ជាក់ពីចំណងមិត្តភាព​រវាងប្រ​ទេសទាំងពីរដែលត្រូវបានពង្រឹងដោយថ្នាក់ដឹកនាំកម្ពុជាគ្រប់ជំនាន់។ ​

អ្នកឧកញ៉ាបានបន្ថែមថា​ វិនិយោគិនចិនដែលបានមកវិនិយោគនៅកម្ពុជានាពេលកន្លងមក ​សុទ្ធសឹងតែទទួលបានជោគជ័យ ហើយធុរជនទាំងអស់នោះជាតឹកតាង និងជាកត្តាទាក់ទាញដ៏សំខាន់ក្នុងការជំរុញគណៈប្រតិភូ និងវិនិយោគិនថ្មីៗបន្ថែមទៀត មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

​ភាគីទាំងពីរប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត​ ព្រមទាំងការផ្លាស់​ប្តូរទស្សន​កិច្ចគណៈប្រតិភូទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំង​ពីរឱ្យកាន់​តែរីក​ចម្រើនបន្ថែមទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៧ ខែ ២០២៦ ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ចិន ​សម្រេច​​​បាន​នូវ​ទំហំទឹកប្រាក់ជាង ​១៣,៦ ពាន់លានដុល្លារ ​កើនឡើង ២៣,៩% ​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​ មានតម្លៃជាង ១ ពាន់លានដុល្លារ ​កើនឡើង ២៤,២% ​ចំណែកចិន​នាំ​ចូលមកវិញមាតម្លៃ ១២,៥ ពាន់លានដុល្លារកើន ២៣,៨%។

ប្រភេទទំនិញ​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ចិនភាគច្រើន គឺជាផលិតផលកសិកម្ម ​គ្រឿង​សង្ហារឹម ​គ្រឿង​អលង្ការ ​និង​ផលិត​ផល​វាយ​នភណ្ឌ។​ ចំណែក​ទំនិញនាំ​ចូលមកវិញ​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។​

នៅឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន ​សម្រេច​បាននូវទំហំទឹកប្រាក់ជាង​ ​១៩,៧ ​ពាន់​លានដុល្លារ​ ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​​ចិន​មានតម្លៃជាង ​១,៦ ​ពាន់លានដុល្លារ ​ធ្លាក់ចុះ ៣,៦៤% ​ចំណែក​ឯ​ចិន​នាំ​ចូល​មកវិញ មាន​តម្លៃ ​១៨ ​ពាន់លានដុល្លារ ​កើនឡើង ៣៤,២៩%៕​
---------------
©KPT Economy

ក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម គ្រោងចាប់ផ្តើមរឹតបន្តឹងការធ្វើចរាចរណ៍យានយន្តស៊ីសាំង និងម៉ាស៊ូតន...
26/08/2026

ក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម គ្រោងចាប់ផ្តើមរឹតបន្តឹងការធ្វើចរាចរណ៍យានយន្តស៊ីសាំង និងម៉ាស៊ូតនៅតំបន់កណ្ដាលក្រុង ចាប់ពីខែកក្កដា ឆ្នាំ២០២៧ ទៅ ដើម្បីកាត់បន្ថយការបំពុលខ្យល់។ នេះបើតាមការចុះផ្សាយកាសែតរដ្ឋ Thanh Nien ​ថ្មីៗនេះ។

តាមសេចក្តីព្រាងផែនការ ក្រុងហូជីមិញនឹងសាកល្បងបង្កើត តំបន់បញ្ចេញការបំពុលទាប (L*Z) នៅតំបន់កណ្ដាលក្រុង និងតំបន់ទីក្រុងថ្មី Thu Thiem ដែលមានផ្ទៃប្រមាណ ៩៣០ ហិកតា។ បន្ទាប់ពីសាកល្បងរយៈពេល ២ឆ្នាំ តំបន់នេះនឹងត្រូវពង្រីកទៅតំបន់ក្នុងផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ ​ចាប់ពីដើមឆ្នាំ២០២៩។

យ៉ាងណាមិញ យានយន្តនឹងត្រូវអនុវត្តតាមលំដាប់ មិនមែនហាមឃាត់ទាំងអស់ភ្លាមៗទេ។ ចាប់ពីឆ្នាំ២០២៧ ឡានក្រុង និងយានយន្តប្រមូលសំរាមមួយចំនួនដែលចូលក្នុង L*Z នឹងត្រូវប្រើអគ្គិសនី ឬថាមពលស្អាត។ ចាប់ពីឆ្នាំ២០២៨ ម៉ូតូដឹកអ្នកដំណើរ និងម៉ូតូដឹកជញ្ជូនទំនិញ​ នឹងត្រូវប្តូរទៅប្រើថាមពលស្អាតដូចគ្នា ខណៈតាក់ស៊ី និងយានយន្តប្រភេទផ្សេងទៀត នឹងមានពេលវេលាផ្លាស់ប្តូរបន្តបន្ទាប់។

តាមផែនការរយៈពេលវែង ដល់ឆ្នាំ ២០៣៥ យានយន្តភាគច្រើនដែលធ្វើដំណើរក្នុងតំបន់ L*Z នឹងត្រូវប្រើអគ្គិសនី ឬថាមពលស្អាត ខណៈក្រុងហូជីមិញមានគោលដៅបញ្ចប់ការផ្លាស់ប្តូរពីយានយន្តស៊ីសាំងទៅយានយន្តប្រើថាមពលស្អាតទូទាំងក្រុង​នៅឆ្នាំ២០៤០។

គួរគូសបញ្ជាក់ថា ផែនការថ្មីនេះត្រូវបានពន្យារពេលពីសំណើមុន ដែលគ្រោងចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២៦ ដើម្បីទុកពេលឱ្យប្រជាជន និងអាជីវកម្មត្រៀមប្តូរយានយន្ត ព្រមទាំងរង់ចាំការរៀបចំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង។ ផែនការនេះនៅតែត្រូវឆ្លងកាត់ការពិនិត្យ និងអនុម័តជាផ្លូវការនៅឡើយ។

​វាក៏ស្របនឹងនិន្នាការរបស់វៀតណាមក្នុងការកាត់បន្ថយយានយន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅទីក្រុងធំៗផងដែរ។ ដោយឡែក ទីក្រុងហាណូយឯនោះវិញ ​កាលពីខែមិថុនា បាន​ប្រកាសពី​ផែនការកាត់បន្ថយម៉ូតូស៊ីសាំងសម្រាប់សេវាដឹកជញ្ជូន​ទំនិញ នៅក្នុងតំបន់បញ្ចេញការបំពុលទាបជាបណ្ដើរៗ ចាប់ពីខែមករា ឆ្នាំ២០២៧ តទៅ​៕
---------------
©KPT Economy

គិត​ត្រឹម​ ​ព្រឹកថ្ងៃពុធ​ទី ​២៦ ​ខែ​សីហា ​២០២៦ ​តម្លៃ​ហាង​ឆេង​មាស​ នៅ​តាម​បណ្ដា​ហាង​នា​នា​ក្នុង​រាជធានីភ្នំពេញ​លក់​ចេញ​ ...
26/08/2026

គិត​ត្រឹម​ ​ព្រឹកថ្ងៃពុធ​ទី ​២៦ ​ខែ​សីហា ​២០២៦ ​តម្លៃ​ហាង​ឆេង​មាស​ នៅ​តាម​បណ្ដា​ហាង​នា​នា​ក្នុង​រាជធានីភ្នំពេញ​លក់​ចេញ​ ៥៥៣ ​ដុល្លារ ​ក្នុង​មួយ​ជី​ប្រហាក់​ប្រហែល​នឹង​ថ្ងៃម្សិលមិញ។​

ឧកញ៉ា ចិន សំណាង ​ម្ចាស់ហាងលក់គ្រឿងអលង្ការ ​និង​ពេជ្រ CSNJ ​មានប្រសាសន៍នៅថ្ងៃពុធ ទី ២៦ សីហា ២០២៦ថា​ តម្លៃមាស​បាន​កើន​វិញ​ឡើង​ដោយ​សារ​ភាព​តានតឹង​ភូមិសាស្ត្រនយោបាយ​នៅ​លើ​ពិភពលោក​ និង​ស្ថានភាព​សេដ្ឋ​កិច្ច​មិន​ទាន់​ល្អ ​ខណៈ​សហ​រដ្ឋ​អាមេរិក​ជាប់​បំណុល​ច្រើន​ ដែល​ធ្វើ​ឱ្យ​តម្លៃ​លុយ​ដុល្លារ​ចុះ​ខ្សោយ ​ធ្វើ​ឱ្យ​មាស​កើន​ឡើង​។

​ឧកញ៉ា ចិន សំណាង ​យល់ឃើញថា៖ «​តម្លៃហាងឆេងមាស​នឹងបន្តកើនឡើងរហូតដល់ខែកញ្ញា ​ទី១​ដោយ​សារ​​ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងរក្សាអត្រាការប្រាក់ ​ឬក៏កាត់អត្រាការប្រាក់​ ទី២ ​រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក​ខ្ចីលុយ​ ៤០ ​ទ្រីលាន ​ដើម្បីឱ្យសេដ្ឋកិច្ចអាមេរិក​មានការងើបឡើងវិញ​ ដែល​ជំរុញ​ឱ្យតម្លៃមាសហក់ឡើង ​ទី៣ ​ស្ថានភាព​ភូមិសាស្ត្រនយោបាយ​រវាងសហរដ្ឋអាមេរិក ​និងអ៊ីរ៉ង់​ ដែល​អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ប្រទេសដែលគាំទ្រអ៊ីរ៉ង់ ​ដែលធ្វើឱ្យសហរដ្ឋអាមេរិក​មាសម្ពាធ​ជាមួយ​ចិន»។​

លោក ឡុង ​សំណាង ​​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities ​យល់ឃើញ​ថា ​មាស​គឺជាទ្រព្យ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការជួញដូរ ពេលដែលសង្គ្រាមរវាងអាមេរិក-អ៊ីរ៉ង់ ​ចាប់ផ្ដើម​ដំបូងលុយដុល្លារល្អ ប៉ុន្តែបើបន្តសង្គ្រាមបន្តទៅមុខទៀត​ នឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ​និងសេដ្ឋកិច្ច​ពិភព​លោក​ក៏អន់ថយ ​ហើយមាស​នៅ​តែ​បន្តកើន​ឡើង​។

​អាជីវករលក់មាសផ្សារធំថ្មី ​នៅរាជធានីភ្នំពេញ បាន​ប្រាប់ថា ​តម្លៃហាងឆេងមាសបានហក់ឡើងវិញដល់ជាង ៥៥៣ ដុល្លារ ​ខណៈ​អតិថិជនភាគច្រើនបាន​យក​មាសមកលក់​ច្រើនជាងការទិញចូល។​

​អតិថិជនមួយចំនួនយល់ថា ​នេះជាឱកាសល្អក្នុងការលក់​យកប្រាក់ចំណេញ​ ខណៈការទិញ​មាស​សម្រាប់ប្រើប្រាស់ ​ឬវិនិយោគថ្មី ​ហាក់មានតិចតួចនៅក្នុងរយៈពេលចុងក្រោយនេះ។​

​អ្នកជំនាញហិរញ្ញវត្ថុ​យល់ឃើញថា ​បើអតិថិជនមានមាសកំពុងកាន់ក្នុងដៃ គួរបន្តរង់ចាំ​ដល់ពាក់​កណ្ដាល​ខែកញ្ញា ​២០២៦ ចាំលក់ចេញ​នៅចំពេលដែលតម្លៃមាសកំពុងហក់ឡើង៕​
---------------
©KPT Economy

Address

#03, Street 134, Sangkat Mittapheap, Khan 7 Makara
Phnom Penh
12250

Alerts

Be the first to know and let us send you an email when KPT Economy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share