
26/10/2021
កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមអវត្តមានមីយ៉ាន់ម៉ា
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១
-------------------------------------
មេដឹកនាំកំពូលមកពីប្រទេសអាស៊ាន ASEAN បានចាប់ផ្តើមនូវកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី២៦ ខែតុលានេះ ប៉ុន្តែ អវត្តមានមេដឹកនាំមកពី មីយ៉ាន់ម៉ា មូលហេតុ គោលការណ៍ចំបងរបស់អាស៊ាន គឺការមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ប្រធានាធិបតីអាមេរិក គេរំពឹងថា ក៏នឹងមានវត្តមានចូលរួមតាមរយៈប្រព័ន្ធវីដេអូអនឡាញផងដែរ ប៉ុន្តែ ចំពោះភាគីមីយ៉ាន់ម៉ានឹងមិនមានអ្នកណាម្នាក់តំណាងឱ្យប្រទេសនេះទេ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ។ ប្រុយណេ ដែលជាប្រធាន បានអះអាងថា បណ្តាប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាកន្លងមកក្នុងការអញ្ជើញអ្នកតំណាងឱ្យមីយ៉ាន់ម៉ាម្នាក់ដែលមិនពាក់ព័ន្ធនឹងនយោបាយនៃប្រទេសនេះ ប៉ុន្តែ នៅមិនទាន់មានការបញ្ជាក់ណាមួយ ថាអ្នកដែលនឹងត្រូវអញ្ជើញតំណាងនោះគឺជាអ្នកណាម្នាក់នោះទេ។
កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ា នឹងយល់ព្រមទទួលស្គាល់អ្នកតំណាងឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ តែចំពោះមេដឹកនាំរដ្ឋ ឬតំណាងដោយរដ្ឋមន្រ្តីផ្លូវការរបស់ខ្លួនតែប៉ុណ្ណោះ ក្នុងករណីដែលមានអ្នកតំណាងណាផ្សេងក្រៅពីនេះ មីយ៉ាន់ម៉ានឹងចាត់ទុកថាកៅអីរបស់ខ្លួនក្នុងកិច្ចប្រជុំនេះគឺត្រូវទំនេរ។ ឥរិយាបថបែបនេះ មីយ៉ាន់ម៉ាចង់បញ្ជាក់ថា ខ្លួនបដិសេធដាច់អហង្ការមិនព្រមទទួលស្គាល់អ្នកតំណាងណាមួយ ដូចអ្វីដែលមន្រ្តីការបរទេសជាន់ខ្ពស់សមាជិកអាស៊ានសំរេចកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅឡើយ។
របៀបវារៈសំខាន់ៗក្នុងអង្គប្រជុំមានចំនួន ៣ ក្នុងថ្ងៃនោះគឺ មានជំនួបរវាងមេដឹកនាំកំពូលអាស៊ាន ជាមួយលោក Joe Biden ព្រមទាំងបន្តដោយជំនួបជាមួយតំណាងមេដឹកនាំកំពូល ចិន និង កូរ៉េខាងត្បូង៕