08/11/2025
ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ទិវាឯករាជ្យជាតិ៩វិច្ឆិកា រំលឹកដល់ស្មារតីកម្ពុជាថា «ជាតិមួយត្រូវតែមានឯករាជ្យភាពលើគ្រប់វិស័យ»
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) មានប្រសាសន៍ថា «ទិវាឯករាជ្យជាតិ៩វិច្ឆិកា» មានអត្ថន័យសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប រួមទាំងយុវជនជំនាន់ក្រោយ ឱ្យមានស្មារតីរលឹកដឹងជាប្រចាំនូវដំណើរជាតិសំខាន់ៗរបស់យើង៖ ទី១. ត្រូវចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ ដែលបានធ្វើបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣ និងចងចាំនូវទស្សនវិជ្ជាមួយថា «ប្រជាជាតិមួយត្រូវមានឯករាជ្យពេញលេញលើគ្រប់វិស័យ»។ ទី២. «ស្មារតី៩វិច្ឆិកា» ដាស់ដល់ឧត្តមគតិយើងជាកូនខ្មែរគ្រប់រូបត្រូវតែប្តេជ្ញាបន្តថែរក្សាឯករាជ្យភាពដែលមានសព្វថ្ងៃ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីយើងបន្តមានសិទ្ធិស្វ័យសម្រេចពេញលេញលើជោគវាសនាអនាគតជាតិរបស់យើង និង ទី៣. «ស្មារតី៩វិច្ឆិកា» បញ្ជាក់ថា ប្រទេសមួយមិនត្រូវអនុញ្ញាតឱ្យ ឯករាជ្យនិងអធិបតេយ្យជាតិរបស់ខ្លួន ស្ថិតនៅក្រោមការបង្គាប់បញ្ជាការបំពាន ការឈ្លានពាន ឬការសម្រេចរបស់ប្រទេសណាមួយនោះជាដាច់ខាត។
ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តថា ដើម្បីថែរក្សាបាននូវស្មារតីឯករាជ្យជាអមតៈនេះ ទាមទារនូវការការចូលរួមពីប្រជាជនគ្រប់ស្រទាប់ រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ជុំវិញរាជរដ្ឋាភិបាលនៃស្ថាប័នជាតិ និងក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះមហាក្សត្រ។ យើងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងការចូលរួមគាំទ្រផុសផុលរបស់ប្រជាជនគ្រប់ស្រទាប់ នោះនាវាកម្ពុជានឹងកាន់តែការរីកចម្រើនខ្ពង់ខ្ពស់។ ភាពខ្លាំងជាជាតិមួយ គឺសំខាន់ណាស់ ហើយ ឯករាជ្យ សន្តិភាព និងវិបុលភាព គឺជាបំណងប្រាថ្នា និងជាជីវិតរបស់ជាតិនិងប្រជាជន៕
#សសសក
#ហ៊ុយវណ្ណៈ #គណៈនាយក