25/04/2026
អធិការរងនគរបាលស្រុកស្ទឹងត្រង់ រងរបួសធ្ងន់ ពេលចុះបង្ក្រាបក្មេងស្ទាវវាយប្រកាប់គ្នា
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរងរបួសធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២៣:០៥ នៅភូមិសាស្ត្រឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខណៈលោកកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សា (ក្រុមក្មេងស្ទាវវាយប្រកាប់គ្នា) ក្នុងកម្មវិធីប្រដាល់គុនខ្មែរ នៅចំណុចបឹងដែង។
ក្នុងពេលប្រតិបត្តិការ ជនសង្ស័យម្នាក់បានប្រើកាំបិតចាក់លោកអធិការរងចំផ្ទៃមុខ និងច្រមុះខាងស្តាំ ចំនួន២កន្លែង បណ្តាលឱ្យរងរបួសធ្ងន់ រហូតដួលសន្លប់។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងកំពុងចាត់ការតាមនីតិវិធីច្បាប់។
បន្ទាប់ពីសង្គ្រោះបឋមនៅមន្ទីរពេទ្យស្រុក និងខេត្ត លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ បច្ចុប្បន្ន លោកនៅមិនទាន់ដឹងខ្លួន ហើយគ្រោងនឹងត្រូវបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម។