30/05/2025
ចៅស្រីម្នាក់របស់ សារ៉ាម៉ានី ធ្លាប់ជាសិស្សរបស់អ៊ំ ហង្សខ្មៅ នៅសាលាខ្មែរឯទីក្រុងប៉ារីស៍ ☺️
អ៊ំ ហង្សខ្មៅ សូមមិនបញ្ចេញរូបថតដើម្បីរក្សាឯកជនភាពនៃក្រុមគ្រួសាររបស់គាត់។ សូមប្រិយមិត្តមេត្តាយោគយល់និងអធ្យាស្រ័យ 🙏❤️
ថ្ងៃមុន មានប្រិយមិត្តម្នាក់លើកនិយាយពីការបកប្រែរឿង «សារ៉ាម៉ានី» (Saramani danseuse khmèr) ដែលនិពន្ធដោយ រ៉ូឡង់ ម៉ីយែរ (Roland Meyer) បោះពុម្ពនៅឆ្នាំ ១៩១៩ (Imprimerie Nouvelle Albert Portail, Saigon)។
ថ្ងៃនេះ អវតារសូមចូលរួមបរិយាយអំពីសៀវភៅនេះបន្តិច។
«សារ៉ាម៉ានី អាថ៌កំបាំងក្នុងវាំងស្ដេចខ្មែរ» (បកប្រែជាភាសាខ្មែរដោយ ចន្ទ បូផល ចេញផ្សាយជាសៀវភៅនៅឆ្នាំ ១៩៧១) ជាការបកប្រែមួយផ្នែក បើប្រៀបធៀបទៅសំណៅច្បាប់ដើម។
សៀវភៅទាំងបីភាគនៅក្នុងរូបនេះ មានចំណងជើងថា ៖
- Saramani danseuse khmèr- Au Pays des grands fleuves (សារ៉ាម៉ានី នារីរបាំខ្មែរ ភាគ១- នៅស្រុកទន្លេធំ)
- Saramani danseuse khmèr- Le Palais des quatre faces (សារ៉ាម៉ានី នារីរបាំខ្មែរ ភាគ២- រាជវាំងចតុម្មុខ)
- Saramani danseuse khmèr- La Légende des ruines (សារ៉ាម៉ានី នារីរបាំខ្មែរ ភាគ៣- រឿងនិទាននៅតាមប្រាសាទ)
(បោះពុម្ពឡើងវិញនៅឆ្នាំ ១៩៩៧ ដោយ Kailash Editions។ បញ្ជាក់៖ ការបកប្រែចំណងជើងជាភាសាខ្មែរនេះមិនផ្លូវការទេ។)
សៀវភៅទាំងបីក្បាលនេះរៀបរាប់យ៉ាងពិស្ដាពីជីវិតរស់នៅប្រចាំថ្ងៃរបស់ជនខ្មែរ តាំងពីអ្នកស្រុកធម្មតា (នៅភូមិព្រែកថ្មី នៅដងទន្លេសាប ។ល។) រហូតដល់ទំនៀមទម្លាប់ ពិធីនានានៅក្នុងរាជវាំង។ តាមរយៈសៀវភៅនេះ ម៉ីយែរ ឬកំលោះ បានដើរតួនាទីជាច្រើន៖ ជាតិពន្ធុវិទូ ភូមិវិទូ ភាសាវិទូ និងប្រវត្តិវិទូ។
អស់ពេលជាងមួយសតវត្សរ៍បន្ទាប់ពីការចេញផ្សាយ ដ្បិតតែមានការបញ្ចេញបញ្ចូលបែបប្រលោមលោកក្ដី សៀវភៅនេះត្រូវគេចាត់ទុកជាសក្ខីកម្មប្រវត្តិសាស្ត្រ នៃប្រទេសខ្មែរក្រោមរជ្ជកាលព្រះបាទនរោត្តម (១៨៥៩-១៩០៤) និងស៊ីសុវត្ថិ (១៩០៤ -១៩២៧) ជាពិសេសកិច្ចការនានាដែលកើតឡើងក្នុងព្រះបរមរាជវាំងនាសម័យនោះ។
ការបញ្ចេញ «អាថ៌កំបាំង» ព្រមទាំងរឿងអាស្រូវនៅក្នុងវាំងនេះហើយ ទំនងជាមូលហេតុដែលក្រសួងរាជវាំង ព្រមទាំងរាជការក្រោមការគ្រប់គ្រងរបស់បារាំងសែស មានការមិនសប្បាយចិត្ត ម្ល៉ោះហើយ ម៉ីយែរ ត្រូវបោះបង់តួនាទីជាចាងហ្វាងសាលាវិចិត្រសិល្បៈ ហើយ (ត្រូវគេ) និរទេសខ្លួនចេញទៅនៅស្រុកលាវ នៅឆ្នាំតែមួយបន្ទាប់ពីពេលគាត់ចេញផ្សាយសៀវភៅ «សារ៉ាម៉ានី»។ ជាង១០ឆ្នាំក្រោយ គឺនៅឆ្នាំ ១៩៣០ គាត់បានចេញផ្សាយសៀវភៅ Kamlah, Visions d'Asie «កំលោះ, ទិដ្ឋភាពនៅអាស៊ី» (បកប្រែមិនផ្លូវការ) ។ ក្នុងរឿង «កំលោះ» តួអង្គ កំលោះដែលជាស្វាមីនាងសារ៉ាម៉ានី ចាកចេញពីស្រុកខ្មែរ ធ្វើដំណើរតែម្នាក់ឯងទៅកាន់ស្រុកលាវ ដោយឡើងតាមទន្លេមេគង្គ។ ក្នុងសាច់រឿងនេះ សារ៉ាម៉ានី បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារជំងឺ (ដូចក្នុងរឿង សារ៉ាម៉ានី នារីរបាំខ្មែរ ភាគ៣)។
តើ «សារ៉ាម៉ានី នារីរបាំខ្មែរ» ជារឿងពិតឬយ៉ាងណា?
មានអ្នកស្រាវជ្រាវជាច្រើន មានជាអាទិ Kent Davis ដែលជាចាងហ្វាងបោះពុម្ពផ្សាយរបស់ DatAsia បានចោទសំណួរនេះ ហើយបានស្រាវជ្រាវស្គាល់ដល់ទៅកូនចៅរបស់ រ៉ូឡង់ ម៉ីយែរ និង សារ៉ាម៉ានី ទៀតផង។
គេបានដាក់សន្និដ្ឋានថា រឿងនេះមានទំនោរច្រើនទៅលើរឿងពិត ក្នុងនោះមានទាំងព្រឹត្តិការណ៍ និងមនុស្ស តែក៏ពុំឆ្លះបញ្ចាំងពីជីវិតរបស់អ្នកនិពន្ធទាំងស្រុងដែរ។ គេពិបាករកព័ត៌មានពីជីវិតពិតរបស់តួអង្គសំខាន់ទាំងពីរ មុន និង ក្រោយ ពេលកើតសាច់រឿងនេះ។ នៅក្នុងរឿង ដូចយើងដឹងស្រាប់ សារ៉ាម៉ានី ស្លាប់ទាំងក្មេងខ្ចី តែក្នុងជីវិតពិត នាងរស់នៅដល់ក្រោយសង្គ្រាមលោកលើកទី២។ ម៉ីយែរ និង សារ៉ាម៉ានី លែងលះគ្នានៅឆ្នាំ ១៩៥៥ ដោយបន្សល់កូនស្រី៤នាក់។
ព័ត៌មានបន្ថែម សូមចូលអានតំណនេះ ចេញផ្សាយដោយ Cambodge Mag នៅខែមេសា ២០២២: https://bit.ly/43UuSsU