12/08/2025
ជីវិតរស់នៅជាមួយឪពុកម្តាយចាស់ មិនមែនសុទ្ធតែជារឿងងាយស្រួល និងរីករាយសម្រាប់មនុស្សគ្រប់គ្នានោះទេ។
មានតែអ្នកដែលឆ្លងកាត់ស្ថានភាពពិបាករស់នៅជាមនុស្សចាស់ទេ ទើបយល់ពីអារម្មណ៍នេះ។
អ្នកដែលមានមនុស្សចាស់ជាអាណាព្យាបាលល្អ ជាអ្នកផ្គត់ផ្គង់ ចាត់ទុកថាពួកគេជាមនុស្សសំណាង ហើយពួកគាត់នឹងមិនអាចយល់ពីអារម្មណ៍អ្នកដែលរស់នៅជាមនុស្ស្សចាស់ដែលជាមនុស្សពិបាក។
ខ្ញុំសរសេរនេះ មិនមែនមានន័យឲ្យកូនឈប់ខ្វល់ពីម៉ែឪចាស់នោះទេ ប៉ុន្តែ គ្រាន់តែចង់បង្ហាញពីតថភាពពិតនៃជីវិតមួយក្នុងគ្រួសារដែលយើងមិនគួរមើលទៅជ្រុងម្ចាងដែលលម្អៀងទៅខាងឪពុកម្តាយ ។តែយើងគួរថ្លឹងថ្លែងទាំងសងខាង កូននិងឪពុកម្តាយ។
នៅខ្មែរយើង គឺឲ្យតម្លៃការគោរពមនុស្សចាស់ មើលថែមនុស្សចាស់ កតញ្ញូចំពោះឪពុកម្តាយ។ ហើយនេះជារឿងត្រឹមត្រូវ។
តែនៅពេលគេឃើញកូនចៅមិនសូវយកចិត្តទុកដាក់ខ្វាយខ្វល់អំពីមនុស្សចាស់ មនុស្សភាគច្រើននឹងរិះគន់ និងដាក់កំហុសទាំងស្រុងលើកូនចៅ។ តើហេតុអ្វីបានកូនចៅចាំតែខុស? ចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកហ្នឹង។ តើអ្នកមានដែលសួរខ្លួនឯងទេថា ហេតុអ្វីកូនៗក្លាយជាចឹង? ខ្ញុំគិតថា ទស្សនៈនេះ គួរតែមានការគិតគូរឲ្យស៊ីជម្រៅជាងនេះ។
ពិតណាស់ មានកូនខ្លះមិនដោយគន្លងធម៌មែន។ ទោះម៉ែឪល្អយ៉ាងណា ក៏មិនដឹងគុណម៉ែឪដែរ។ ហើយតែងនាំទុក្ខដល់គាត់ជានិច្ច។
ហើយក៏មានកូនខ្លះជាមនុស្សល្អ ដែលតែងបារម្ភពីម៉ែឪខ្លាំង។ ទោះបីមិនមានលុយផ្គត់ផ្គង់ម៉ែឪគ្រប់គ្រាន់ ក៏គាត់បារម្ភសុខទុក្ខ សុខភាពរបស់ម៉ែឪជានិច្ចដែរ។
ដូចគ្នា ម៉ែឪក៏មិនមែនជាមនុស្សល្អទាំងអស់ដែរ។ អ្នកខ្លះល្អ បង្កើតនិងចញ្ចឹមកូនដោយព្រហ្មវិហារធម៌ ហើយមិនដែលចង់បានអ្វីពីកូនឡើយ។ គាត់មិនត្រឹមតែប្រឹងរកលុយចិញ្ជឹមកូនឲ្យបានល្អទេ ថែមទាំងសន្សំលុយទុកឲ្យកូនពេលធំឡើងដើម្បីកសាងជីវិត និងទុកខ្លះសម្រាប់ខ្លួនឯងពេលចាស់ទៅ ព្រោះមិនចង់ឲ្យកូនពិបាកមើលថែខ្លួនពេលចាស់ទៅ។ ឪពុកម្តាយប្រភេទនេះ ខ្ញុំជឿថា ជាឪពុកម្តាយដែលកូនប្រាថ្នាចង់បាន ហើយយើងនឹងរីករាយនឹងមើលថែគាត់ពេលគាត់ចាស់ទៅ។
ប៉ុន្តែ អ្នកខ្លះ បង្កើតកូនមកឲ្យតែបាន បង្កើតមកដើម្បីឲ្យកូនចិញ្ចឹមខ្លួនពេលចាស់។ មិនត្រឹមតែមិនប្រឹងរកសន្សំទុកឲ្យកូនទេ តែមានតែធ្វើឲ្យកូនពិបាកថែម ហើយតែងតែស្តីបន្ទោសកូនដែលមិនបានរកលុយឲ្យខ្លួនចាយ។ ពេលខ្លួនចាស់ទៅ កាន់តែរឹងរូស មិនថែទាំសុខភាពខ្លួន មិនជួយសន្សំ ហើយពេលទំនេរទៅលេងល្បែង ដល់ពេលអស់លុយ គិតតែពីសុំ។ មិនត្រឹមតែប៉ុណ្ណឹង ពេលឈឺ ទាមទារកូនឲ្យទៅមើល ទាំងដែលខ្លួនមិនស្តាប់ការដាស់តឿនរបស់កូន។ សួរថា តើឪពុកម្តាយប្រភេទនេះ សមឲ្យកូនដឹងគុណទេ? បើអ្នកជាកូន តើអ្នកនឹងមានជីវិតរីករាយកើតទេ បើរស់នៅជាមួយឪពុកម្តាយប្រភេទនេះ?
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានចេតនាញុះញង់ឲ្យនរណាម្នាក់ក្លាយជាកូនរមិលគុណទេ។ ខ្ញំគ្រាន់តែចង់បង្ហាញការពិត និងផលលំបាករបស់កូនមួយចំនួនដែលរងគ្រោះដែរ។ មានមនុស្សតិចណាស់ មើលឃើញពីការលំបាករបស់គាត់ ហើយតិចណាស់ដែលហ៊ាននិយាយពីអារម្មណ៍គាត់។
ដូចខ្ញុំនិយាយខាងលើ ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង។ សូមកុំឆាប់វាយតម្លៃលើនរណាម្នាក់ ព្រោះអ្នកមិននៅក្នុងគ្រួសារនោះ។
ឪពុកម្តាយជាអ្នកមានគុណ តែសូមកុំយកគុណនោះ មកដាក់ជាច្រវាក់បង្អាក់កូនក្នុងការកសាងជីវិត។ ការដឹងគុណជារឿងមួយ ហើយការកសាងជីវិតរីករាយជារឿងមួយ។ គ្មាននរណាម្នាក់ចង់រស់នៅបៀមទុក្ខទេ។
សេចក្តីស្រលាញ់ពិត គឺគ្មានការរំពឹងទុកបានអ្វីមកពីអ្នកនោះវិញ។