14/09/2026
អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រើប្រាស់កម្មវិធី KAPEA SCAM ដើម្បី ការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋ ឲ្យទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) ផ្លូវការ ដែលមានឈ្មោះថា (KAPEA SCAM) ដើម្បីការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា បច្ចុប្បន្នល្បិចកល របស់ក្រុមជនខិលខូចតាមប្រព័ន្ធអនឡាញមានភាពស្មុគស្មាញ និងផ្លាស់ប្តូររូបភាពជាច្រើន ដូច្នេះការប្រើប្រាស់កម្មវិធី (KAPEA SCAM) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការការពារបងប្អូន មិនឲ្យធ្លាក់ចូលក្នុងអន្ទាក់ នៃក្រុមឆបោកតាមអនឡាញ។ ជាមួយគ្នានោះ កម្មវិធីនេះ ក៏អាចអោយបងប្អូនរាយការណ៍ ពីករណីសង្ស័យថា ជាសកម្មភាពឆរបោកតាមប្រព័ន្ធអនឡាញ បានទាន់ហេតុការណ៍ ដែលជួយឱ្យសមត្ថកិច្ចជំនាញអាចអន្តរាគមន៍ បង្ការ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកប្រៀបដូចជា «មេរោគ» ដែលនៅជុំវិញខ្លួនយើងជានិច្ច។ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន វានឹងបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងប្រាក់កាស ព្រមទាំង អាចលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន ឬឯកសារសំខាន់ៗ ជាដើម។
យកឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ត្រូវជំរុញការផ្សព្វផ្សាយណែនាំពីរបៀបប្រើប្រាស់កម្មវិធី KAPEA SCAM នេះ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានទូលំទូលាយ ដើម្បីបង្កើតជាផ្ទាំងការពារខ្លួនផង និងគ្រួសារផងពីការឆបោកគ្រប់រូបភាព សំដៅរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕