JAPO - ព័ត៌មាននៃប្រទេសជប៉ុន

JAPO - ព័ត៌មាននៃប្រទេសជប៉ុន KH.JAPO.NEWS ជាទំព័រសម្រាប់ផ្តល់ព័ត៌មានពីវប្បធម៌ សង្គម ផលិតផល ផ្នត់គំនិតរបស់យុវវ័យ និន្នាការបច្ច

News media introducing Japanese cultures to Cambodian people in Khmer

តើ​អ្នក​ធ្លាប់ហូប Natto ទេ? ប្រសិនបើអ្នក​ដឹង​ពី​គុណ​សម្បត្តិ​នៃ​ការ​ហូប Natto អ្នក​ប្រាកដ​ជា​ចង់​ហូប​ភ្លាម។តើអ្នកចេះហូប ...
27/06/2025

តើ​អ្នក​ធ្លាប់ហូប Natto ទេ? ប្រសិនបើអ្នក​ដឹង​ពី​គុណ​សម្បត្តិ​នៃ​ការ​ហូប Natto អ្នក​ប្រាកដ​ជា​ចង់​ហូប​ភ្លាម។

តើអ្នកចេះហូប Natto ទេ? (សណ្តែកសៀងឡើងជូរ)។

មនុស្ស​ខ្លះ​គ្រាន់តែមើលក៏​មិន​អាច​ហូបទៅហើយ ខ្ញុំ​គិត​ថា​មនុស្ស​មួ​យ​ចំនួន​មានអារម្មណ៍បែប​នេះមាន​ច្រើន​។ មិន​ត្រឹម​តែមានក្លិនប៉ុណ្ណោះទេ Natto ថែម​ទាំង​​ស្អិតៗ​ធ្វើ​ឲ្យ​​អ្នក​​មើល​ឃើញ​​​មិន​​ចង់​បរិភោគ។

ខ្ញុំ​​យល់ពីអារម្មណ៍​នេះ ប៉ុន្តែគុណសម្បត្តិរបស់ Natto មិន​ត្រឹម​តែ​ថោកថែមទាំង​ល្អ​សម្រាប់​សុខ​ភាពទៀត។ Natto ដូចជា​នារី​ម្នាក់​ប្រហែលជាដំបូង​មើលទៅមិនទាក់ទាញ ប៉ុន្តែនៅពេលអ្នក “លង់ស្នេហ៍” ជាមួយ​នាងនឹង​មិន​អាច​ដកខ្លួន​បាន​ទេ។ នេះជាមូល​ហេតុ​ដែលធ្វើឲ្យ Natto កាន់​តែ​មាន​​អ្នកហូបច្រើន​។

នេះគឺជាអត្ថប្រយោជន៍របស់ Natto សម្រាប់មិត្តនារី។

នៅ​ក្នុង Natto មាន​ផ្ទុក isoflavone គឺជាសារធាតុ​ដែល​សំ​ខាន់​ណាស់សម្រាប់ស្ត្រី។ សារធាតុនេះ​មានតួនាទីដូច Estrogen ជួយរឹតបណ្តឹងស្បែក ល្អសម្រាប់​ដើម​ទ្រូង ប្រឆាំងភាពចាស់ និង​​ធ្វើឲ្យ​អ័រម៉ូនមានតុល្យភាព។

មានន័យថាអ្នកហូប Natto កាន់តែច្រើនអ្នកកាន់តែស្រស់ស្អាត។

ការពារការទល់លាមក

នៅ​ក្នុង​ Natto មានផ្ទុកទៅដោយ Dietary fiber ច្រើនដែលការពារការទល់លាមក។ អ្នក​ប្រាកដ​ជា​ស្អប់​ការ​​ទល់​លាមក មិន​ត្រឹម​តែ​ធ្វើឲ្យ​ពេញ​​ពោះប៉ុណ្ណោះទេ ថែម​ទាំង​ផ្ទុកសារធាតុ​ពុល​​ក្នុង​​ខ្លួន​ផងដែរ ធ្វើឲ្យ​ស្បែកកាន់តែអា​ក្រក់។ ក្នុង​ដំ​ឡូង សាឡាត់ស និង Greater burdock មាន​ផ្ទុក Dietary fiber ប៉ុន្តែ​ត្រូវ​ចម្អិន​ទើប​អាច​ទទួល​ទាន។

ចំពោះ Natto អ្នក​គ្រាន់តែទុកក្នុងទូទឹកកករួចញ៉ាំជាមួយបាយ​ក្តៅតែប៉ុណ្ណោះ។

ជំនួយ​ដល់ប្រព័ន្ធភាពស៊ាំ

Natto អាចជួយ​បង្កើន​ប្រព័ន្ធភាពស៊ាំ មិនត្រឹមតែកាត់បន្ថយជំងឺផ្តាសាយប៉ុណ្ណោះទេ សារធាតុ Nattokinase ក្នុង Natto មានមុខងារបន្សាបជាតិពុលក្នុងឈាមផងដែរ។

Natto អាចកាត់បន្ថយជំងឺស្លាប់​ដែល​បណ្តាល​មក​ពីហូរឈាមសរសៃប្រាសាទ។

ដោយ​សារ​តែ​គុណសម្បតិ្តទាំងនេះ​របស់​ Natto បានក្លាយទៅជាផលិតផលដែលលក់ដាច់ខ្លាំងនៅលើពិភព​លោក ជាពិសេសនៅប្រទេសកូរ៉េ។ ប៉ុន្តែអាជីវកម្មកូរ៉េមួយចំនួនបែរជាឆ្លៀតប្រើចំណុច​នេះថា Natto ជាម្ហូ​បរបស់​កូរ៉េ។ សង្ឃឹមថាវិធីផ្សព្វផ្សាយដែលមិនមែនជាការពិតអាចកាត់​​បន្ថយ។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/72394.html
#ចំណេះដឹង #ខ្លឹមសារអត្តបទ #ភាសាជប៉ុន #វប្បធម៌ជប៉ុន #ប្រទេសជប៉ុន

27/06/2025
អរុណសួស្តី! 🌞🌞🌞GOOD MORNING 💖💖💖おはようございます💖💖💖-JAPO®︎ AMBASSADOR MAYU TOMITA                               #ប្រទេសជប៉ុន  #វ...
27/06/2025

អរុណសួស្តី! 🌞🌞🌞
GOOD MORNING 💖💖💖
おはようございます💖💖💖
-JAPO®︎ AMBASSADOR MAYU TOMITA
#ប្រទេសជប៉ុន #វប្បធម៌

កម្រងរូបភាព “ការប្រកួតគ្នាផោម” នៅជប៉ុនកាលពីសម័យបុរាណ។🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា ...
26/06/2025

កម្រងរូបភាព “ការប្រកួតគ្នាផោម” នៅជប៉ុនកាលពីសម័យបុរាណ។

🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️🖼️

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា Edo ជាសម័យកាលដែលវណ្ណៈសាមូរ៉ៃគ្រប់គ្រងសង្គម។

នោះជាសម័យកាលសន្តិភាព ហើយវប្បធម៌ជាច្រើនបានរីកចម្រើន។ ទោះជាយ៉ាងណា នៅ​ពេល​ដែល​​ចូល​ដល់​សម័យ​កាល​បន្ទាប់ បែរ​ជា​លេច​ឡើង​នូវ​កម្រងរូប​គំនូរ​រមូរ​និយាយ​ពី “ការ​ប្រកួត​​គ្នា​ផោម” ដែល​ក្នុង​ភាសា​ជប៉ុន​ហៅ​ថា “hohi gassen emaki” ស្តាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើចណាស់។

ដូច្នេះតើការប្រកួតគ្នាផោមប្រព្រឹត្តទៅយ៉ាងណា?

おなら大戦 –​ ការប្រយុទ្ធគ្នាផោម

“កម្រងគំនូរការប្រយុទ្ធគ្នាផោម” រមូរគំនូរដែលត្រូវបានគូរពណ៌នានិយាយពីការប្រយុទ្ធគ្នា ដោយអ្នក​ចូល​រួម​ប្រកួត​ប្រើ​ក្លិន​ផោម​របស់​ខ្លួន​ដើម្បី​វាយ​ប្រហារ​ភាគី​ម្ខាង​ទៀត។

នៅពេលដែលអានដល់ចំណុចនេះ ប្រហែលជាអ្នកទាំងអស់គ្នានឹងគិតដូចខ្ញុំដែរ មានអារម្មណ៍​ថា មិន​គួរ​ឲ្យ​ជឿ និង​គួរ​ឲ្យ​អស់​សំណើច។

មិនច្បាស់នោះទេថា នេះជាការប្រកួតដែលធ្លាប់កើតឡើងពិតមែន ឬគ្រាន់តែ​ជា​ខ្លឹមសាររូបគំនូរ ព្រោះ​ថា​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​រក​ឃើញ​កំណត់​ត្រា​ណា​មួយនិយាយ​ពី​ការ​ប្រកួត​ដូចនេះ​ឡើយ។

ប្រសិនបើមានពិតមែន សង្វៀនប្រកួតនឹងពោរពេញ​ទៅ​ដោយ​ក្លិន​ស្អុយ គ្រាន់តែគិតក៏គួរឲ្យខ្លាច​ណាស់​ទៅ​ហើយ។

របៀបប្រកួតពិតជាងាយខ្លាំងណាស់ គ្រាន់តែវាយប្រហារគូប្រកួតដោយប្រើក្លិនផោមរបស់ខ្លួនប៉ុណ្ណោះ។ តើពិតជាអាចកម្ចាត់គូប្រកួតដោយប្រើវិធីសាស្រ្តនេះដែរទេ?

🍠ប្រមូលផ្តុំថាមពល

ដើម្បីធានាថាពួកគេអាចផោមបានច្រើនក្នុងអំឡុងពេលប្រកួត ជាដំបូង គ្រប់គ្នាត្រូវប្រមូល​ផ្តុំ​នៅ​កន្លែង​ផ្ទះ​បាយ​ដើម្បី​ហូប​ដំឡូង​ស្ងោរ​ឲ្យ​បាន​ច្រើន។

ត្រឹមជំហានដំបូងក៏យល់ឃើញថាមិនធម្មតាទៅហើយ។

💨ផោមដាក់គូប្រកួត

ការប្រយុទ្ធបានចាប់ផ្តើម គ្រប់គ្នា “ផោម” ដាក់គូប្រកួតដោយមិនស្ទាក់ស្ទើរ។

ក្នុងរមូរគំនូរ វិចិត្រករថែមទាំងបានគូរការបញ្ចេញក្លិនផោម មើលទៅប្រៀបដូចជាកម្រងគំនូរ​បែប​កំប្លែង​មែន។

រូបភាពខាងក្រោមថែមទាំងបង្ហាញពីរបៀបការពារ

អ្នកចូលរួមការប្រកួតអាចប្រើផ្លិត​ដើម្បី​បំបាត់​ក្លិន​ផោម​របស់​គូប្រកួត ឬ​ក៏អាច​ប្រើ​ខែល​បាន​​ផង​​​ដែរ។

យ៉ាងណាមិញ ប្រសិនបើគូប្រកួតវាយប្រហារខ្លាំងពេក ក៏ពិបាកនឹងទប់បានដែរ។

ការប្រហារយ៉ាងខ្លាំងរហូតដល់ថ្នាក់វាយទម្លុះខែល។

ប្រសិនបើសន្មត់​ថា សំឡេង​ផោម​យ៉ាង​ខ្លាំង​អាច​វាយ​ទម្លុះ​ទាំង​ខោ​ក្នុង និង​ខោ​ក្រៅ ដូច្នេះ​នៅ​ពេល​ដែល​មើល​រូប​គំនូរ​ឃើញ​ថា អ្នកដែលចូលរួមប្រកួតមិនបានស្លៀកខោ ឬបិទបាំងរាងកាយ​ខាង​ក្រោម​ឡើយ ប៉ុន្តែ​កំពុង​តែ​អាក្រាត​កាយ។

💣អាវុធវាយប្រហារគ្រប់យ៉ាង – ថង់ផ្ទុកក្លិនផោម

កាន់តែពិសេសជាងនេះទៅទៀតនោះគឺ គ្រប់គ្នាផោមដាក់ក្នុងថង់ ហើយ​បញ្ចេញ​ក្លិន​ចេញ​មកក្រៅ​ក្នុង​ពេល​តែ​មួយ។ បើតាមរូបភាពបានបង្ហាញ សម្ពាធខ្យល់​ដែល​ចេញ​មក​ពី​ថង់​ខ្លាំង​រហូតដល់​ថ្នាក់​បក់​​បោក​ក្រុម​របស់​គូប្រកួត។

🐎 ប្រើសេះសម្រាប់វាយប្រហារដោយមិនដឹងមុន

ក្នុងរូបគំនូរបង្ហាញថា អ្នកចូលរួមប្រកួតថែមទាំងប្រើសមត្ថភាពរបស់សេះដើម្បី​វាយប្រហារដោយ​​មិន​ឲ្យ​ដឹង​មុន។ ការរួមបញ្ចូលគ្នារវាងមនុស្ស និងសេះ ប្រសិនបើក្នុងស្ថានភាពនោះសេះក៏​​ផោម​កម្លាំង​ប្រាកដ​ជា​កើន​ឡើង​យ៉ាង​ខ្លាំង។

ទោះបីជាយ៉ាងនេះក្តី ភាគីគូប្រកួតមិនចុះចាញ់ដោយងាយនោះទេ។

ពួក​គេ​វាយ​បក​យ៉ាង​ខ្លាំង​រហូត​ដល់ថ្នាក់វាយប្រហារទាំងសេះ។

ថ្វីត្បិត​តែ ការប្រកួតមានភាពទាក់ទាញយ៉ាងខ្លាំង ប៉ុន្តែគួរឲ្យស្តាយ កម្រង​រូបភាព​មិន​បាន​រៀប​រាប់​​ពី​​លទ្ធផល​​នៃ​​ការ​​ប្រកួត​​នោះ​​ទេ។

ដូច្នេះអាចសន្និដ្ឋានបានថា ទំនងជាខ្លឹមសារនៃកម្រងគំនូរទាំងនេះគ្រាន់តែជាការប្រឌិត មិន​​មែន​ពិត​នោះ​ទេ។ ហើយប្រហែលជាតាំងពីដំបូង យើងក៏យល់ឃើញថា កម្រងរូបគំនូរមិនជាក់​ស្តែង​នោះ​ទេ។

ប៉ុន្តែតាមរយៈរូបគំនូរ យើងឃើញថា Edo ជាសម័យកាលដែលមានសន្តិភាពយ៉ាងណា។

ជីវិតដ៏សុខសាន្តកន្លងផុតទៅជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ខ្វល់ខ្វាយពីរឿងជាច្រើនដូចសម័យ​នេះ​ឡើយ។ ម្យ៉ាងវិញទៀត មនុស្សសម័យនោះថែមទាំងមានពេលទំនេរសម្រាប់គិត និង​គូរ​រូប​គំនូរ​បែប​កំប្លែង​ទាំង​នេះ​ទៀត​ផង ជា​សម័យ​កាល​ដែល​អស្ចារ្យ​ណាស់។

🤪🤪🤪

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/99861.html
#ចំណេះដឹង #ខ្លឹមសារអត្តបទ #ភាសាជប៉ុន #វប្បធម៌ជប៉ុន #ប្រទេសជប៉ុន

ស្ថានភាពនារីរស់នៅក្នុងបន្ទប់ដែលពោរពេញទៅដោយសំរាមនៅប្រទេសជប៉ុន។ភាគច្រើនបុរសមិនសូវជាយកចិត្តទុកដាក់ក្នុងការសម្អាតផ្ទះប៉ុន្មា...
26/06/2025

ស្ថានភាពនារីរស់នៅក្នុងបន្ទប់ដែលពោរពេញទៅដោយសំរាមនៅប្រទេសជប៉ុន។

ភាគច្រើនបុរសមិនសូវជាយកចិត្តទុកដាក់ក្នុងការសម្អាតផ្ទះប៉ុន្មានទេ ជាពិសេសអ្នកដែលនៅម្នាក់​ឯង។ ខ្ញុំអាចស្រមៃមើលពីទិដ្ឋភាពក្មេងប្រុស និងបុរសចំណាស់ដែលរស់នៅម្នាក់ឯងក្នុងផ្ទះ ឬ​បន្ទប់ដែលពោរពេញទៅដោយសំរាម។ ប៉ុន្តែថ្មីៗនេះរឿងស្រដៀងគ្នាក៏កើតឡើងចំពោះ​នារីដែរ នៅ​ជប៉ុន​គេហៅថា 汚部屋女子 (Obeyajoushi) ។

តើអ្នកអាចស្រមៃដឹងពីកម្រិតរស់នៅកខ្វក់របស់នារីទាំងនោះដែរឬទេ?

តើអ្នកដែលរស់នៅក្នុងបន្ទប់នេះគេងកន្លែងណា?

នៅក្នុងបន្ទប់គ្រប់កន្លែងពោរពេញទៅដោយសំរាម សូម្បីតែអាងងូតទឹកក៏ក្លាយជាគំនរសំរាម​ទៅ​ហើយ។

នៅពេលចេញទៅធ្វើការ ឬជួបជុំមិត្តភក្តិនារីទាំងនោះមើលទៅសមរម្យ ស្រស់ស្អាត ប៉ុន្តែពេលត្រឡប់មកផ្ទះកន្លែងស្នាក់នៅរបស់ពួកគេប្រែជាកខ្វក់ដូចនេះ។

ជាទូទៅមុខសញ្ញាដែលរស់នៅក្នុងបន្ទប់ពោរពេញទៅដោយសំរាមជាស្រី្តមានអាយុលើស ឬក្រោម ៣០ ឆ្នាំ។ ពួកគេរវល់នឹងការងារប្រចាំថ្ងៃ ហើយគ្មានពេលវេលា និងកម្លាំងសម្អាតផ្ទះនោះ​ទេ។ ជារឿយៗទិញអាហារស្រាប់តាមហាង នៅពេលបរិភោគរួចចោលសំរាមក្នុងបន្ទប់តែម្តង។ នៅ​ថ្ងៃសម្រាក (ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ) ចំណាយពេលគេង។

ទស្សនៈរបស់ខ្ញុំមិនថារវល់យ៉ាងណាក៏មិនត្រូវទុកឲ្យ​កន្លែងស្នាក់នៅរបស់ខ្លួនកខ្វក់ពេកដែរ។ នារីដែលមិនអាច​សម្អាតផ្ទះសម្បែងតិច ឬច្រើនរងផលប៉ះពាល់ដោយសារបញ្ហាផ្លូវចិត្ត។ ពួក​គេ​​មានសម្ពាធនៅក្នុងការងារ រឿងស្នេហា ឬទំនាក់ទំនងសង្គម។ ដើម្បីឲ្យ​អារម្មណ៍ធូរស្បើយពួក​គេដើរឥវ៉ាន់រហូតដល់មិនអាចគ្រប់គ្រងខ្លួនឯង។ លទ្ធផលបន្ទប់ក្លាយជាកន្លែងទុកដាក់សំរាម និង​បញ្ហាជាច្រើនរបស់ខ្លួន។

ទោះបីជាមានសេវាកម្មសម្អាតច្រើន តម្លៃសម្អាតម្តងប្រហែល ៣០ ម៉ឺនយ៉េន។ ប៉ុន្តែប្រសិនបើមិនដោះស្រាយបញ្ហាឫសគល់ មិនថាប្រើសេវាកម្មប៉ុន្មានដងនោះទេ លទ្ធផលបន្ទប់នឹង​វិល​ត្រឡប់​ទៅ​រក​ភាពកខ្វក់ដូចមុន។

នៅជប៉ុននារីដែលធ្វើការផ្លូវភេទងាយធ្លាក់ខ្លួនក្នុងសភាពបែបនេះ។ ទោះបីជាការងាររបស់ពួកគេតម្រូវឲ្យ​ស្អាត​បាត តែ​ស្មារតីរបស់ពួកគេរងទុក្ខបុកម្នេញឥតឈប់ឈរ។ ពួកគេបំបាត់ភាព​តានតឹងដោយទិញសម្លៀកបំពាក់​ថ្មីៗ​ជាប្រចាំ លទ្ធផលសម្លៀកបំពាក់ចាស់គរហៀរពេញបន្ទប់។

ជាការពិតណាស់ បន្ទប់កខ្វក់មិនអាចធ្វើឲ្យ​មនុស្សស្លាប់បានទេ ប៉ុន្តែវានឹងបង្កគ្រោះថ្នាក់ខ្លាំង​ដល់​សុខភាពរាង​កាយ និងសតិអារម្មណ៍​របស់អ្នក។

សូមសម្អាតផ្ទះសម្បែងឲ្យ​បានញឹកញាប់។ ការលាងសម្អាតក៏ជាវិធីបំបាត់ភាពកខ្វក់នៅក្នុងចិត្ត ជួយ​ឲ្យ​មនុស្ស​មានសុខ​ភាព​ល្អ និងសុទិដ្ឋិនិយមជាងមុន។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/82806.html
#ចំណេះដឹង #ខ្លឹមសារអត្តបទ #ភាសាជប៉ុន #វប្បធម៌ជប៉ុន #ប្រទេសជប៉ុន

ការ​បង្ហាញ​ពីអារម្មណ៍​ពិត​របស់​ប្រជាជន​ជប៉ុន​​តាម​រយៈ​ពាក្យ​សម្ដី​ដែល​មិន​មាន​បង្រៀន​​ក្នុង​សៀវ​ភៅ​។ប្រជាជនជប៉ុនច្រើនតែម...
26/06/2025

ការ​បង្ហាញ​ពីអារម្មណ៍​ពិត​របស់​ប្រជាជន​ជប៉ុន​​តាម​រយៈ​ពាក្យ​សម្ដី​ដែល​មិន​មាន​បង្រៀន​​ក្នុង​សៀវ​ភៅ​។

ប្រជាជនជប៉ុនច្រើនតែមិននិយាយចំៗនូវ​អ្វី​ដែល​ពួកគេ​គិតនោះទេ។

ពួកគេមិននិយាយថា “ខ្ញុំស្អប់” អ្វីដែលខ្ញុំស្អប់ ហើយក៏មិននិយាយថា “មិនត្រូវការ” អ្វីដែលខ្ញុំមិន​ត្រូវការនោះដែរ។

ដូច្នេះយើងមើលឃើញពីការលំបាកពេលទំនាក់ទំនងជាភាសាជប៉ុនដែលយើងបានរៀននៅសាលា។

ក្នុងអត្តបទថ្ងៃនេះ យើងនឹងចែករំលែកប្រាប់អ្នកទាំងអស់ពីរបៀបស្វែងយល់គំនិតរបស់ប្រជាជន​ជប៉ុន ជាអ្វីដែល​យើង​​មិន​បាន​រៀន​នៅ​សាលា។

結構です(Kekkou desu)

ពាក្យ “結構” បើបកប្រែតាមអត្តន័យដើមមានន័យថា “ល្អអស្ចារ្យ” “ល្អណាស់” ។ ទោះជាយ៉ាង​ណា ប្រជាជន​ជប៉ុនតែង​តែ​ប្រើ​ពាក្យ​នេះ​ក្នុង​ករណី​ដែល​ពួក​គេ​ចង់​បដិសេធ​សំណើ។

ឧទាហរណ៍ នៅពេលដែលដើរទិញទំនិញ ប្រសិនបើបុគ្គលិកផ្នែកលក់សួរថា “តើបង/បងស្រីចង់ទិញផលិតផលនេះបន្ថែម​ដែរ​ទេ?” គេមិននិយាយថា “ទេ អរគុណ” នោះទេ ប៉ុន្តែប្រជាជនជប៉ុនបែរជាឆ្លើយថា “結構です” (Kekkou desu) ។ ត្រង់​ចំណុច​នេះ “結構です” លែងមាន​ន័យ​ថា​សរសើរទៀតហើយ ប៉ុន្តែត្រូវបានគេប្រើសម្រាប់បដិសេធដោយ​គួរ​សម។

ប្រសិនបើនរណាម្នាក់និយាយប្រយោគនេះនៅពេលដែលអ្នកណែនាំ ឬស្នើសុំអ្វីម្យ៉ាង ចូរយើងយល់ថាពួកគេកំពុងបដិសេធ​អ្នក។

បើសិនជាអ្នកចង់ណាត់ទៅដើរលេងជាមួយនរណាម្នាក់ ហើយពួកគេឆ្លើយតបដោយប្រើប្រយោគ​នេះ សូមទទួល​យក​ព្រោះ​ថា ពួក​គេ​បាន​បដិសេធ​ការ​អញ្ជើញ​របស់​អ្នក។

またの機会に (Mata no kikai ni) (ប្រែថា៖ ចាំឳកាសផ្សេង)

ឧបមាថាអ្នក​អញ្ជើញនរណាម្នាក់ទៅទទួលទានអាហារ ហើយ​ពួកគេ​ឆ្លើយ​ថា “Mata no kikai ni” ។

ប្រហែលជាជនបរទេសអាចនឹងអញ្ជើញពួកគេម្តងទៀតក្នុងឳកាសផ្សេង។

ប៉ុន្តែជាក់ស្តែង ចម្លើយនោះមានន័យថា “ខ្ញុំមិនចង់ទៅទទួលទានអាហារជាមួយអ្នកនោះទេ” ។

ប្រសិន​បើ​ពួកគេ​ពិត​ជា​ចង់​ទៅ ប៉ុន្តែ​មិន​អាច​រៀប​ចំ​កាលវិភាគ​បាន ពួកគេនឹងនិយាយពីការ​រៀបចំកាលវិភាគឡើង​វិញ។

ដូច្នេះអ្នកត្រូវបដិសេធទៅហើយ ពិតជាគួរឱ្យស្តាយណាស់។

大丈夫です (Daijobu desu)

តើអ្នកដឹងទេថាពាក្យ “大丈夫” (daijobu desu) អាចមានន័យថា “OK” និង “NO” ដែរទេ?

នៅពេលដែលពាក្យ “大丈夫” ត្រូវបានប្រើក្នុងបរិបទស្រដៀងនឹង “結構です” (ជាទូទៅត្រូវបាន​គេប្រើសម្រាប់បដិសេធ​ការ​អញ្ជើញ ឬ​សំណើ) នោះ​វា​ក៏​មាន​ន័យ​ថា “NO” ដែរ។

ពិតជាពិបាកណាស់មែនទេ?

ឧទាហរណ៍នៅពេលដែលអ្នកសួរថា តើអាចពឹងឱ្យនរណាម្នាក់ជួយអ្វីម្យ៉ាងដែរទេ ហើយពួកគេឆ្លើយថា “大丈夫” នោះ​មាន​ន័យ​ថា “មិន​អី​ទេ ខ្ញុំ​នឹង​ជួយ” ។

ប៉ុន្តែនៅពេលដែលអ្នកសួរអំឡុងពេលទិញអីវ៉ាន់ថា តើ​អ្នក​ចង់​បន្ថែមជម្រើស​ផ្សេង​ទៀត​ឬ​អត់ ហើយ​​គេ​​ឆ្លើយ​​ថា “大丈夫” ចូរយើងយល់អត្តន័យនោះថា “មិនត្រូវការ” ទេ។

ចំណុចនេះពិតជាស្មុគស្មាញណាស់មែនទេ?

និយាយឡើងវិញពីរដង

ឧទាហរណ៍នៅពេលដែលប្រជាជនជប៉ុននិយាយថា “របស់មួយនេះគួរឱ្យស្រលាញ់ណាស់ គួរ​ឱ្យ​ស្រលាញ់​ណាស់” ឬ “ឆ្ងាញ់​ណាស់ ឆ្ងាញ់​ណាស់” ដោយ​និយាយ​ឡើង​វិញ​ចំនួន​ពីរ​ដង។

ក្នុងករណីនេះមានន័យថា ប្រជាជនជប៉ុនមានទំនោរឆ្លើយឱ្យតែបានៗ។

ប្រសិនបើអ្នកសួរថា “តើខ្ញុំគួរឱ្យស្រលាញ់ទេ?” ហើយបន្ទាប់មកពួកគេឆ្លើយថា “ចា គួរ​ឱ្យ​ស្រលាញ់ គួរ​ឱ្យស្រលាញ់” ប្រហែល​ជា​ពួក​គេ​គ្រាន់​តែ​ឆ្លើយ​ឱ្យ​តែ​បានៗ ដោយ​មិន​បាន​សង្កេត​មើល​​អ្នក​​ច្បាស់​នោះ​ទេ។

ភាពមិនច្បាស់លាស់ក្នុងការបញ្ចេញមតិដូចនេះធ្វើឱ្យប្រជាជនជប៉ុនតែងតែយល់ច្រឡំ។ យ៉ាង​ណាមិញ ប្រសិនបើកំពុង​ប្រាស្រ័យ​ទាក់​ទង​ទល់​មុខ​គ្នា វិធីសាស្រ្ត​ដែល​មាន​ប្រសិទ្ធភាព​បំផុត​​ក្នុង​ការ​កំណត់​គោល​បំណង​របស់​ភាគី គឺសង្កេត​មើល​ទឹក​មុខ​របស់​ពួកគេ។

ប្រសិនបើពួកគេដូចជាមិន​សប្បាយ​ចិត្ត មានន័យថាពួកគេកំពុងបដិសេធ។

ដោយសារតែនៅជប៉ុន ការដែលនិយាយត្រង់ៗថា “ទេ” តែងតែត្រូវគេចាត់ទុកថា ខ្វះការគួរ​សម ដូច្នេះទើបបង្កើតបាន​ជា​ការ​បញ្ចេញ​មតិ​មិន​ច្បាស់​លាស់​បែប​នេះ។

មុននឹងមានអារម្មណ៍ថាមួម៉ៅ ហើយគិតថា “ប្រជាជនជប៉ុនពិតជាពិបាកយល់ណាស់” សង្ឃឹម​ថា អ្នកទាំងអស់គ្នាអាច​យល់​ថា​នោះ​ជា​ការ​បង្ហាញ​ពី​ភាព​គួរ​សម​របស់​ប្រជាជន​ជប៉ុន។

ប្រហែលជាពេលដែលយល់ពីចំណុចនេះ យើង​បាន​ឈាន​ដល់ “ខ្លឹមសារនៃភាពស្រស់ស្អាតក្នុងវប្បធម៌ជប៉ុន” ។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/98273.html
#ចំណេះដឹង #ខ្លឹមសារអត្តបទ #ភាសាជប៉ុន #វប្បធម៌ជប៉ុន #ប្រទេសជប៉ុន

ទង្វើផិតក្បត់របស់អភិជននៅសម័យ Heian ។នៅពេលគិតថាបុរសនារីលួចលាក់ស្និតស្នាលគ្នាលើឡាន មនុស្សច្រើនគិតទៅដល់ឈុតឆាកភាព​​យន្តក្តៅស...
25/06/2025

ទង្វើផិតក្បត់របស់អភិជននៅសម័យ Heian ។

នៅពេលគិតថាបុរសនារីលួចលាក់ស្និតស្នាលគ្នាលើឡាន មនុស្សច្រើនគិតទៅដល់ឈុតឆាកភាព​​យន្តក្តៅសាច់​ ឬ​ឈុត​​ឆាក​កំប្លែង​​ក្នុង​ខ្សែ​ភាព​យន្ត​មនោសញ្ចេតនា។ ទោះជាយ៉ាងណា នៅ​ជប៉ុន​ឈុត​​ឆាក​​ទាំង​នោះ​មាន​ប្រវត្តិ ១០០០ ឆ្នាំ​​មក​ហើយ។

ការស្និតស្នាលគ្នាលើឡានគឺជាប្រភេទផិតក្បត់ទូទៅរបស់អភិជននៅសម័យ Heian ប្រហែល ១២០០ ឆ្នាំ​មុន។ ជាក់ស្តែងអំពើផិតក្បត់ជាច្រើនត្រូវគេចាប់ភស្តុតាងលើឡាន។

ជាការពិតណាស់ នៅសម័យនោះមិនមានឡានទេ ដូច្នេះពេលនិយាយពីរថយន្តសម័យ Heian គឺសំដៅ​លើរទេះដូចនេះ។

មិនមែនរទេះសេះនោះទេ តែជារទេះគោ។ បើប្រៀបទៅនឹងរថយន្តនាសម័យនេះ “ស្និតស្នាលគ្នា” លើរទេះគោមានភាពងាយស្រួលជាង ព្រោះមនុស្សខាងក្រៅមិនអាចមើលឃើញនៅក្នុង។

ប៉ុន្តែដោយសារគ្មានកញ្ចក់ការពារសម្លេង ដូច្នេះមិនអាចបញ្ចេញសម្លេងឡើយ។

អភិជនម្នាក់នៅសម័យ Heian បានបន្សល់ទុកឃ្លាប្រយោគដូចខាងក្រោម។

人しづまりてぞおはしまして、御車にたてまつりて、よろづのことをのたまはせ契る。

បកប្រែតាមភាសាសម័យនេះ៖ បន្ទាប់ពីមនុស្សគ្រប់គ្នាចូលគេង បុរសម្នាក់ដើរទៅមុខ ឡើងរទេះ ខ្លួនប្រាណពួក​គេ​​ដេកត្រួតលើគ្នាដោយសំឡេងខ្សឹបខ្សៀវស្នេហា។

នេះជារឿងរ៉ាវនិយាយពីកន្លែងចតរទេះគោនៅជិតផ្ទះបងជីដូនមួយរបស់អភិជននោះ។ ដោយ​សារជាផ្ទះរបស់អភិ​ជន ដូច្នេះមានអ្នកដើរល្បាតជុំវិញច្រើន។ ស្និតស្នាលក្នុងស្ថានភាពនោះ​ពិត​ជាគ្រោះថ្នាក់ណាស់ ប៉ុន្តែប្រហែលមកពីមូលហេតុ​នោះធ្វើឲ្យ​អារម្មណ៍កាន់តែរំភើប។

នៅសម័យ Heian ច្បាស់ជាមនុស្សមួយចំនួនចូលចិត្តបែបនោះ។

តួអង្គស្រីក្នុងរឿងផិតក្បត់នេះមានឈ្មោះថា Izumi Shikibu ជាមនុស្សស្រីដែលមានពាក្យ​ចចាម​អារ៉ាមថាមានល្បិច​កល និងទាក់ទងបុរសជាច្រើន។ ប្រហែលដោយសារតែបទពិសោធ​ក្នុងរឿងស្នេហា ម្នាក់នោះចាប់ផ្តើមធុញទ្រាន់​នឹងអារម្មណ៍ធម្មតា។

ជូនចំពោះអ្នកចាស់ទុំដោយប្រើពាក្យថា៖ “ក្មេងៗសម័យនេះគួរឲ្យ​ខ្លាច ហ៊ានធ្វើរឿងទាំងនោះ​លើ​ឡាន” ។ រឿងនេះកើតឡើងតាំងពី ១០០០ ឆ្នាំមុន មិនមែនគ្រាន់តែជារឿងរបស់ “ក្មេងៗ” សម័យ​ឥឡូវ​នោះ​ទេ។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/84597.html
#ចំណេះដឹង #ខ្លឹមសារអត្តបទ #ភាសាជប៉ុន #វប្បធម៌ជប៉ុន #ប្រទេសជប៉ុន

ហេតុ​​អ្វី​បាន​ជា​សាមូរ៉ៃ​មិន​ប្រើ​ខែល​សម្រាប់​ការ​ពារ​ខ្លួន?ខ្ញុំគិតថា ចំណុចដែលខុសគ្នាធំបំផុតរវាងអ្នកប្រយុទ្ធជិះសេះលោកខ...
25/06/2025

ហេតុ​​អ្វី​បាន​ជា​សាមូរ៉ៃ​មិន​ប្រើ​ខែល​សម្រាប់​ការ​ពារ​ខ្លួន?

ខ្ញុំគិតថា ចំណុចដែលខុសគ្នាធំបំផុតរវាងអ្នកប្រយុទ្ធជិះសេះលោកខាងលិច និងសាមូរ៉ៃជប៉ុនស្ថិត​លើ​ការប្រើខែល។

ក្រៅពីនេះ យន្តហោះចម្បាំងជាច្រើនដែលផលិតដោយជប៉ុនកំឡុងសង្គ្រាមលោកលើកទី ២ មិន​សូវផ្តោតលើការការ​ពារ​នោះ​ទេ។

ចូរយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តសង្រ្គាមរបស់ជប៉ុន។

ដំបូងឡើយ ប្រជាជនជប៉ុនប្រើខែលការពារ

យោងតាមកំណត់ត្រា មុនពេលដែលមានវត្តមានរបស់សាមូរ៉ៃ ប្រជាជនជប៉ុនបានប្រើខែលទៅហើយ។

ប្រហែលនៅសតវត្សរ៍ទី ៣ មុនគ្រឹស្តសករាជ ពួកគេមានខែលសំខាន់ចំនួន ២ ប្រភេទគឺ “ខែល​កាន់ដៃ” (持ち盾 – mochidate) តូច​ល្មម កាន់​ដោយ​ដៃ​ម្ខាង និង “ខែល​បញ្ឈរ” (置き盾 – okidate) ធំ​ទុក​សម្រាប់​ដាក់​នៅ​សមរភូមិ។ ដំបូង​ឡើយ ខែល​​ត្រូវ​​បាន​​ធ្វើ​ពី​ឈើ ហើយ​ក្រោយ​មក​ត្រូវ​បានរុំដោយ​ស្បែក​ដើម្បី​បង្កើត​ជា “ខែលស្បែក” (革盾- kawadate) ។

ប្រហែលដល់សតវត្សរ៍ទី ៥ ទើបមានខែលដែក

ខែលបញ្ឈរនៅតែត្រូវបានបន្តប្រើប្រាស់ ប៉ុន្តែក្រោយមក ខែលកាន់ដៃលែងឃើញទៀត។

ការនិយមប្រើប្រាស់សេះ និងធ្នូបានផ្លាស់ប្តូរវិធីសាស្រ្តប្រយុទ្ធ

ចូល​ដល់​សម័យ​សាមូរ៉ៃ ពួកគេចាប់ផ្តើមជិះសេះ ហើយអាវុធសំខាន់គឺធ្នូ និង​ព្រួញ។

ដោយសារតែប្រើប្រាស់ធ្នូដោយដៃទាំងពីរ ដូច្នេះពួកគេមិនអាចកាន់ខែលបាននោះទេ។

ម្យ៉ាងវិញទៀត នៅពេលដែលជិះសេះ ពួកគេមិនអាចប្រើដាវ Katana ជប៉ុនសម្រាប់វាយប្រហារសត្រូវនោះទេ ប៉ុន្តែប្រើ​អាវុធ​មួយ​ប្រភេទ​ហៅ​ថា Naginata (薙刀) ។

Naginata គឺជាអាវុធដែលរួមបញ្ចូលគ្នារវាងដាវ katana ខ្លីមួយភ្ជាប់ទៅនឹងចុងដំបងវែង។ មិន​ដូច​ជាលំពែងនោះទេ Naginata មិន​ប្រើ​សម្រាប់​ចាក់​ឡើយ ប៉ុន្តែ​ប្រើ​សម្រាប់​កាត់។

Naginata ក៏ជាអាវុធដែលប្រើដោយដៃទាំងពីរផងដែរ។

ដូច្នេះហើយ ពួកគេមិនអាចយកខែលតាមដូចរាល់ដងទៀតឡើយ។

តើ Katana អាចប្រើជាខែលដែរទេ?

នៅជប៉ុន ទស្សនៈការពារដោយប្រើអាវុធចាប់​ផ្តើម​លេច​ឡើង។

នោះគឺជាជំនាញ “受け流し” (Uke Nagashi) ។ ដែលជាសិល្បៈទប់ទល់នឹងការវាយប្រហារ បង្វែរ​ដាវរបស់សត្រូវទៅកាន់​ទិស​​ដៅ​មួយ​​ផ្សេង។

ដាវ Katana ជប៉ុនមុតស្រួចម្ខាងប៉ុណ្ណោះ ចំណែកម្ខាងទៀតត្រូវបានរចនាឡើងក្រាសជាង។

ត្រង់កន្លែងដែលក្រាសបំផុតនៃដាវគេហៅថា “shinogi” (鎬) ។ ជាកន្លែងដែលប្រើសម្រាប់ទប់​ទល់​នឹង​ការ​វាយប្រហារ​របស់​សត្រូវ។

ថ្វីត្បិតតែ អាចនិយាយបានថាមានប្រសិទ្ធភាព ប៉ុន្តែការប្រើដាវជប៉ុនដែលស្តើងតម្រូវឲ្យមានជំនាញខ្ពស់ ព្រោះបើមិន​ទ្រ​ទប់​ទល់​បាន​ល្អ ដាវ​អាច​នឹង​កោង។

នេះជាជំនាញដែលពិសេសមួយ។

យន្តហោះចម្បាំងក៏មិនមានការការពារឬ?

Zero គឺជា​យន្តហោះ​ចម្បាំងដ៏ល្បីមួយអំឡុង​សង្គ្រាមលោកលើកទី ២ ។

ក៏ដូចជាយន្តហោះចម្បាំងដទៃទៀតផ្តោតលើកម្លាំងវាយប្រហារជាជាងការពារ ប៉ុន្តែ Zero ត្រូវបានរចនាឡើងខុសទាំង​ស្រុង​បើ​ប្រៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត។

យន្តហោះចម្បាំងនៃបណ្តាប្រទេសផ្សេងការពារកាប៊ីនយន្ដហោះដោយប្រើខែលដ៏រឹងមាំដើម្បីការពារអ្នកបើកបរ ប៉ុន្តែ​ចំណុច​នេះ​ធ្វើ​ឲ្យ​ទម្ងន់​របស់​យន្ត​ហោះ​កើន​ឡើង​ច្រើន។

យន្តហោះចម្បាំង Zero ជប៉ុនមិនប្រើស្រទាប់ការពារនោះទេ ដូច្នេះ​តួ​យន្តហោះ​មាន​ទម្ងន់​ស្រាល​​ជាង ដែលជួយឲ្យការ​ហោះ​ហើរ​បាន​ឆ្ងាយ ហើយ​អាច​​ហោះ​ហើរ​បាន​លឿន​ជាង។

នៅពេលដែលវាបង្ហាញខ្លួនដំបូង យោធាអាមេរិកហាក់បីដូចជាពិបាកក្នុងការទប់ទល់ជា​មួយ​វា។

ទោះបីជាមនុស្សមួយចំនួននិយាយថា Zero មិនបានការពារអ្នកបើកយន្តហោះ ប៉ុន្តែវិធីសាស្រ្ត​ការពាររបស់ជប៉ុនមាន​ភាព​ខុស​គ្នា។

តាមទស្សនៈនេះ ឲ្យតែយន្តហោះមានភាពបត់បែនខ្ពស់ អាចជៀសផុតរាល់ការវាយប្រហារ ដូច្នេះ​​មិន​ចាំ​បាច់​បំពាក់សម្ភារ​ការ​ពារ​ច្រើន​នោះ​ទេ។

ចំណុចដែលសំខាន់គឺផលិតយន្តហោះដែលអាចវាយប្រហារសត្រូវមុនពេលត្រូវគេវាយប្រហារ។

វិធីសាស្រ្តការពាររបស់ជប៉ុនក៏ត្រូវបានលើកឡើងក្នុងសុភាសិតផងដែរ។

នេះជាសុភាសិតជប៉ុនមួយចំនួនដែលបង្ហាញពីចំណុចនេះ៖

១. វាយប្រហារមុនទើបឈ្នះ
វាយប្រហារមុនប្រាកដជាយកឈ្នះ

២. វាយប្រហារមុនទើបជាវិធីសាស្រ្តល្អ
វាយប្រហារគឺជាការការពារដែលល្អបំផុត

គួរឲ្យស្តាយ សព្វថ្ងៃសេដ្ឋកិច្ចជប៉ុនកំពុងស្ថិតក្រោមស្ថានភាពការពារ។

ប្រជាជនជប៉ុនមិនពូកែខាងផ្នែកការពារនោះទេ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ​ពួកគេ​ប្តូរ​ទៅ​រក​ជំហរ​វាយ​លុក​​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​​ឡើង​វិញ។

Abe Kengo

តំណភ្ជាប់៖ https://kh.japo.news/contents/japo-today/97865.html
#ចំណេះដឹង #ខ្លឹមសារអត្តបទ #ភាសាជប៉ុន #វប្បធម៌ជប៉ុន #ប្រទេសជប៉ុន

Address

Phnum Pénh

Alerts

Be the first to know and let us send you an email when JAPO - ព័ត៌មាននៃប្រទេសជប៉ុន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JAPO - ព័ត៌មាននៃប្រទេសជប៉ុន:

Share

JAPO - គេ​ហទំព័រ​ព័ត៌​មាននៃ​ប្រទេសជប៉ុន (JAPAN PORTAL)

សួស្តី​អ្នក​ទាំង​អស់​គ្នា​ JAPAN PORTAL គេ​ហទំព័រ​ព័ត៌​មាននៃ​ប្រទេសជប៉ុនសូមស្វាគមន៍។ ពួកយើង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ចាប់​ពី​​ថ្ងៃព្រហស្បតិ៍ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៨ នេះតទៅ។

JAPO គឺ​ជា​គេហទំ​ព័រ​សម្រាប់​ផ្សាយចេញព័ត៌​មាន​របស់​ប្រទេស​ជប៉ុន ​​ជូន​ទៅដល់​ប្រជា​ជនកម្ពុជា។ អ្នក​អាច​រួម​ជា​មួយនឹង​​ JAPO ដើម្បីដឹង​អំ​ពី​ព័ត៌មាន​ថ្មីៗ ម្ហូប​អាហារ​ជប៉ុន​ សម្រស់​ ដំណើរ​កំសាន្ត កី​ឡា​ ការ​កំសាន្ត​ ផលិតផលជប៉ុន​ សិក្សាភាសា​ជប៉ុន​ វប្បធម៌​ ការងារ​ និងលក្ខណៈ​បែបជា​ជប៉ុន​ផ្សេង​ៗ​ទៀត។ យើងនឹង​ជួយ​អ្នក​ជា​រៀង​រាល់​ថ្ងៃ ​​បន្ថែម​នូវព័ត៌មាន​ដែល​មាន​ប្រយោជន៍​ និង​ពេញ​ទៅ​ដោយ​ភាព ​រីក​រាយ ពិសេសនោះគឺយើងនឹងនាំនូវផលិតផលជប៉ុនជាច្រើនមកកាន់កម្ពុជា។ ចំណាយរយៈពេល​ ៥នាទីដើម្បី​អានពី​​ JAPO ស្មើ​ ១គីឡូម៉ែត្រ​ឆ្ពោះ​ទៅ​ជិត​ប្រ​ទេស​ជប៉ុន​។ អ្នក​អាច​ចូល​ផេក Facebook ​ឬគេហទំព័ររបស់​ពួក​យើងដើម្បី​អាន​នូវ​អត្ត​បទ​ជា​ច្រើន​ដែល​ទាក់ ​ទង​ទៅ​នឹង​ប្រទេស​ជប៉ុន​។

ពួក​យើង​ជឿ​ជាក់​ថា​គេហទំព័រ​របស់​ JAPO នឹង​ទទួល​បាន​ការ​ គាំ​ទ្រ​ជា​ច្រើន​ពី​មិត្ត​អ្នក​អាន​ទាំង​គ្នា​ដោយ​សារ​តែ​ព័ត៌មាន​ដែល​អ្នកមិន​អាច​រក​ឃើញ​នៅ​កន្លែង​ផ្សេ​ង​ឡើយ​។ ដូច​នេះ​សូម​ចូល​រួមតាម​ដាន ទាំង​អស់​គ្នា​ពី​សកម្ម​ភាព​របស់​ JAPO អ្នក​និង​ទទួល​បាន​ភាព​ភ្ញាក់​ ផ្អើរ​ជា​ច្រើន​ជា​មិន​ខាន។