29/11/2023
អបអរខួប ៧ឆ្នាំ នៃការដាក់បញ្ចូល #ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ
៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៣
-------------------
សិល្បៈជាតិ៖ ឆ្នាំ២០២៣នេះត្រូវនឹងខួប ៧ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦-ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។ ឧបករណ៍ចាប៉ីដងវែង ត្រូវបានផ្សាភ្ជាប់ជាមួយទំនៀទម្លាប់ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ ដែលឧបករណ៍ប្រើសម្រាប់លេងនៅក្នុងវង់ភ្លេងការ វង់ភ្លេងបុណ្យ និងវង់ភ្លេងមហោរីជាដើម។
ចាប៉ីដងវែងគឺជាឧបករណ៍សិល្បៈប្រពៃណីខ្មែរ ដែលមានទំនាក់ទំនងជាមួយនឹងជីវិត ទំនៀមទម្លាប់ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។ គេអាចប្រើសម្រាប់លេងកំដរអារម្មណ៍ ឬច្រៀង ឬពោលពាក្យពេចន៍សារសព្ទ កំណាព្យកាព្យឃ្លោងឃ្លាចុងជួននានា ដើម្បីបំពេរអារម្មណ៍អ្នកស្តាប់ ក្នុងគោលបំណងអប់រំផ្សេងៗផងដែរ។ ដោយក្នុងនោះ អ្នកដេញចាប៉ីនេះអាចច្រៀង ឬពោលកំណាព្យឱ្យអ្នកស្ដាប់លន្លង់លន្លោចទៅតាមសាច់រឿង។
កម្ពុជាយើងមានព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏មានកិត្តិសព្ទល្បីរន្ធឺដូចជា ព្រឹទ្ធាចារ្យ ពូថៅ ដៃ, ប្រាជ្ញ ឈួន, គង់ ណៃ, ចង្កូម ប្រាំបី, នេត ប៉េ, ម៉ម សុន, អ៊ិន សារុន, ងាំ ង៉ូ, សួន សាន, គុយ ហ៊ីន ជាដើម។ សព្វថ្ងៃ គេឃើញនៅមានសល់អ្នកប្រាជ្ញជើងចាស់ផ្នែកចាប៉ីដងវែងមួយរូបប៉ុណ្ណោះគឺ លោកតា គង់ ណៃ ដែលលោកមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយថែមទៀតផង។
អត្ថបទ៖ ស្លឹកពោធិ៍