25/09/2024
ប្រាសាទបាលិលេយ្យ
ប្រាសាទបាលិលេយ្យមាន ទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទ ទេពប្រណម។
ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដែលជា ស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួន ទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាម ហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិព្វាន ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និង ខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ប្រាសាទនេះមានព្រះពន្លា កិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ និងចម្លាក់តោបែរ ទៅទិសខាងកើត។ នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយ ទ្រង់គង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទបាលិលេយ្យមានប្រាង្គធំ មួយសង់នៅលើខឿនដែលមានកាំជណ្តើរបែរទៅទិសសំខាន់ទាំងបួន ហើយ មានកំពែងព័ទ្ធជុំវិញ ប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសង់ អំពីថ្មបាយក្រៀមលាយឡំនិងមានការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ។ ខ្លោងទ្វារនោះមានលម្អផ្តែរ និងហោជាងដែលមានចម្លាក់រឿងពុទ្ធប្រវត្តិ។
ខ្លោងទ្វារកណ្តាលបែរទៅទិសខាងកើត
មានចម្លាក់ហោជាងស្តីអំពីព្រះពុទ្ធទ្រង់ឈរប្រហែលជាលើកដៃមួយចំហៀងដាក់ ត្រឹមដើមទ្រូង ដើម្បីសម្តែងការទទួលពីអ្នកគោរពបូជាព្រះអង្គ។ ចំណែកផ្តែរនៅ ខាងក្រោមហោជាងនេះមានបង្ហាញអំពីរូបព្រះពុទ្ធចូលបរិព្វានដោយយកដៃស្តាំ ទ្រព្រះកេស និងដាក់ដៃឆ្វេងដាក់សណ្ដូកលើព្រះកាយ ហើយពីក្រោមព្រះអង្គ មានក្រុមសាវ័នកំពុងតែយំទួញសោកស្តាយចំពោះការបាត់បង់ព្រះអង្គ។
ខ្លោងទ្វារខាងជើងបែរទៅទិសខាងកើត និង ខាងលិច
មានចម្លាក់ហោជាងស្តីអំពីក្រុមសត្វស្វានិងដំរីគោរពបូជាថ្វាយម្ហូបចង្ហាន់ ចំពោះចំពោះព្រះពុទ្ធ។ ចំណែកនៅក្លោងទ្វារខាងលិចមានចម្លាក់អ្នកគោរពថ្វាយតង្វាយចំពោះ ព្រះអង្គ។
ចម្លាក់ហោជាងពីរជាន់នៅទិសខាងជើង
ចម្លាក់ជាន់ក្រោមបង្ហាញពីរូបព្រះពុទ្ធប្រោសដំរីឈ្មោះនាឡាគិរី ដែលត្រូវបាន ទេវទត្តប្រលែងក្នុងបំណងឱ្យព្រេច(ជាន់)ព្រះពុទ្ធខណៈព្រះអង្គកំពុងនិមន្តបិណ្ឌ បាត្រក្នុងក្រុងរាជគ្រឹះ។ ទោះជាយ៉ាងនេះក្តី ពេលនោះដំរីដ៏កំណាចនេះចូលទៅដល់ចំពោះព្រះភ័ក្ត្រព្រះអង្គ វាបានបែរជាមិនហ៊ានព្រេច ព្រះអង្គដូចជាទេវទត្ត សង្ឃឹមទុកឡើយ មិនតែប៉ុណ្ណោះ វាត្រឡប់ទៅជាស្លូតបាក់ខ្លបខ្លាចលែងកាច ទៅវិញ ដោយសារព្រះវិជិតមារជាម្ចាស់ទ្រង់ផ្សាំងវា ដោយមេត្តាបារមីរបស់ ព្រះអង្គ។ ចំណែកនៅផ្នែកខាងលើបង្ហាញពីបុរសពីរនាក់កំពុងកាន់របស់អ្វីម្យ៉ាងដាក់ពន្លឺទៅលើព្រះកេសរបស់ព្រះពោធិសត្វនៅក្នុងរឿងព្រះតេមិយជាតក។
#ប្រាសាទបាលិលេយ្យ #សៀមរាប #ខ្មែរស្រលាញ់ខ្មែរ ゚viralシfypシ゚