
14/08/2024
តាមពិតទៅសហគ្រាសស្រមោល ឬហៅត្រង់ៗថាជា “កសិដ្ឋានគ្លីក” វាមិនមែនជារឿងថ្មីនោះទេ។ ការផលិតគណនីក្លែងក្លាយរាប់ម៉ឺនសែនលាន សម្រាប់ក្លែងព័ត៌មាន បង្កើត Social Trend និម្មិត នៅលើបណ្ដាញសង្គម បានកើតឡើងជាយូរយាណាស់មកហើយ សម្រាប់ក្រុមអ្នករកប្រាក់ចំណូលតាមរយៈអ៊ីនធើណិតគ្រប់រូបភាព ហៅកាត់ថា MMO (Make Money Online)។
សហគ្រាសស្រមោល គឺជាអាជីវកម្មខុសច្បាប់ ដែលកន្លងមក ត្រូវបាននគរបាលអន្តរជាតិផ្នែក Cyber បោសសម្អាតជាញឹកញាប់ ខណៈដែលជនល្មើស គឺជាក្រុមអ្នកចេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ ជ្រកកោន ក្នុងប្រទេសដែលមានច្បាប់ធូររលុង ដើម្បីងាយស្រួលក្នុងការគេចខ្លួន ដែលតំបន់សុវត្ថិភាពរបស់ពួកគេ ភាគច្រើន គឺនៅអាស៊ី ហើយថ្មីៗកន្លងមកនេះ គេរកឃើញថា សម្បុករបស់ជនល្មើស កើតមានច្រើនក្នុងប្រទេសវៀតណាម។
ហេតុអ្វីបានជា វាត្រូវបានចាត់ទុកជាផលិតផលខុសច្បាប់?
មូលហេតុដែលវាមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ព្រោះតែឧបករណ៍នេះ បានដើរតួនាទី បំភ្លៃការពិត និងអាចនាំទៅដល់ការវិនាសបាត់បង់ផលប្រយោជន៍ផ្សេងៗរាប់មិនអស់ក្នុងសង្គម។ ឧទាហរណ៍ ប្រសិនបើ ពួកគេ ប្រើប្រាស់សំឡេងបោះឆ្នោតក្នុងបណ្ដាញសង្គម តាមរយៈចំនួនដងនៃការទស្សនាវិដេអូ បរិមាណនៃអ្នកចុចប្រតិកម្ម នៅលើប៉ុស្ដិ៍ផ្សាយណាមួយ ឬចំនួនផ្សព្វផ្សាយបន្ត ធ្វើជាសូចនករណ៍ នៃការចូលរួមដាក់ពិន្ទុ ឬកាត់ក្ដី នោះយុត្តិធម៌នឹងមិនអាចកើតឡើងបានឡើយ ដោយហេតុតែគេអាចក្លែងទិន្នន័យបានយ៉ាងងាយស្រួល តាមរយៈ ផលិតផលមួយនេះ។ មូលហេតុដែលវាខុសច្បាប់ ព្រោះថា ឧបករណ៍នេះបានចូលរួមធ្វើវិច្ឆេទកម្មហាងឆេងទីផ្សារ ដែលនាំទៅដល់ការវិនិយោគទាំងខុសឆ្គង ហើយលទ្ធផលនៃការវិនិយោគដោយក្រាហ្វិកក្លែងបន្លំនេះ នឹងនាំទៅដល់ការខាតបង់ធំធេង។
នៅកម្ពុជា ធ្លាប់មានគេហៅម៉ាស៊ីនកែច្នៃនេះថា ម៉ាស៊ីន Auto Like, Auto Share, Auto View, Auto Join និង Auto ផ្សេងៗទៀត ទៅតាមភាពងាយកត់ចំណាំ ដែលពួកគេសំដៅថា អ្នកចង់ទទួលបានចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងបណ្ដាញសង្គម មិនចាំបាច់ រង់ចាំមនុស្សពិត គណនីពិត មកចុចគាំទ្រ ចុចផ្សព្វផ្សាយបន្ដ ឬចុចទស្សនា ដូចមុនទៀតទេ។ គេគ្រាន់តែបង់លុយបន្តិចបន្តួច ក៏នឹងអាចទទួលបានចំនួនអ្នកតាមដាន ចំនួនអ្នកគាំទ្រ ចំនួនអ្នកទស្សនា រាប់សែន រាប់លានដង តាមចិត្តប្រាថ្នាចង់បាន។ ឧបករណ៍នេះ ក៏ជាផ្នែកមួយដែលបោកបញ្ឆោតបញ្ញាសិប្បនិម្មិត ឬ ក្រាហ្វិកផ្សាយ របស់បណ្ដាញសង្គមដែរ បើទោះបីជា ប៉ូលីស Cyber មានសមត្ថភាពអាចចាប់បានថា ចំនួនទិន្នន័យនោះចេញមកពីប្រភពក្លែងក្លាយក៏ដោយ។
គណនីក្លែងក្លាយដ៏ច្រើនឥតគណនា ឬហៅភាសាងាយស្ដាប់ថាជា គណនីខ្មោច ត្រូវបានគេ បង្កើតឡើងក្នុងទម្រង់ជា កូដ ជាស៊េរី ហើយភ្ជាប់គ្នាជាបណ្ដុំពីម៉ាស៊ីនទូរស័ព្ទជាច្រើន តភ្ជាប់ទៅកាន់កុំព្យូទ័រតែមួយគ្រឿង ឬ ពីរបីគ្រឿងប៉ុណ្ណោះ ដោយមានអ្នកបញ្ជាតែ១នាក់ក៏គ្រប់គ្រាន់ល្មម។ ពួកគេអាចបញ្ជា ក្រាហ្វិក ឡើងចុះ នៃទីផ្សារ ល្បែងស៊ីសង ល្បែងភ្នាល់អ៊ីនធើណិតគ្រប់រូបភាព ចាក់ទស្សនាវិដេអូណាមួយដែលបានបើក Monetize (រកចំណូលពី View) ទាំងក្នុង YouTube, Facebook, Instagram, ឬ Blog ផ្សេងៗរាប់មិនអស់នៅលើអ៊ិនធើណិត។ វាក៏បានដើរតួជាអ្នកធ្វើ វិច្ឆេទកម្ម ហាងឆេងទីផ្សារផលិតផលនានា ដូចជា អចលនទ្រព្យ មាស ស្ដុក ភាគហ៊ុន រួមទាំងកិត្តិយស កេរ្តិ៍ឈ្មោះរបស់តារាភាពយន្ដ អ្នកសម្ដែង អ្នកនយោបាយ……។ល។
សហគ្រាសស្រមោល គឺជាឧបករណ៍ជំរុញចរាចរណ៍ក្លែងក្លាយតាមអ៊ីនធើណិតប្រកបដោយប្រសិទ្ធភាព ប៉ុន្តែ វាក៏ប្រឈមនឹងការរលត់ទៅវិញលឿនដូចគ្នាដែរ នៅពេលដែលនគរបាលអន្តរជាតិប្រយុទ្ធប្រឆាំងនឹងអំពើបោកបញ្ឆោតតាមអ៊ីនធើណិត សម្រុកយុទ្ធនាការណ៍បោសសម្អាតគណនីខ្មោចទាំងនោះចោលអស់។ មានន័យថា ប្រសិនបើ មានអ្នកប្រើប្រាស់ណាម្នាក់ បានទិញ ទិន្នន័យក្លែងក្លាយនេះដើម្បីបញ្ឆោតអតិថិជន (ដូចជាចំនួនអ្នក Like ចំនួន Followers ក្លែងក្លាយ) ឬអ្នកនយោបាយណាម្នាក់បានទិញវាដើម្បីបញ្ឆោតសំឡេងគាំទ្រគំនិត នោះនៅពេលដែលក្រុមប៉ូលីសកម្ទេចគណនីខ្មោចទាំងនោះចោលអស់ ទិន្នន័យដែលបានក្លែង ក៏បាត់អស់ដូចគ្នាដែរ លើកលែងតែចំនួនទស្សនាវិដេអូប៉ុណ្ណោះដែលមិនរលត់ចុះវិញ។ ប៉ុន្តែ អ្វីដែលគួរបារម្ភ គឺម្ចាស់វិដេអូ (Video Creator) អាចប្រឈមនឹងការស៊ើបអង្កេត ពីបទគប់គិតគ្នាជាមួយជនល្មើស ក្នុងការប្រមូលប្រាក់ពីក្រុមហ៊ុនដែលផ្ដល់ប្រាក់ចំណូលជូន ដូចជា យូធូប ឬ ហ្វេសប៊ុគ ជាដើម។
កន្លងមក ធ្លាប់មានករណី តារាសម្ដែងចម្រៀងរបស់កូរ៉េខាងត្បូង ប្រើឧបករណ៍ Auto Like, Auto View នេះដែរ ដើម្បីជំរុញក្រាហ្វិក View ឱ្យឡើងតួលេខលឿនបំផុតតាមដែលចិត្តចង់បាន ដោយកាលណោះ ក្រោយដាក់ផ្សាយបទចម្រៀង តែប៉ុន្មានម៉ោងប៉ុណ្ណោះ គេអាចទទួលបានចំនួន View ដល់ទៅរាប់លានដង រហូតដល់ ក្រុមហ៊ុន YouTube បើកការស៊ើបអង្កេត Channel របស់គេ និងឈានដល់ការប្ដឹងឱ្យសង។ នៅមានករណីច្រើនទៀត ដែល Video Creators បានប្រើប្រាស់ឧបករណ៍ខុសច្បាប់នេះ ជាផ្លូវកាត់ ឆ្ពោះទៅរកគោលដៅនៃប្រាក់ចំណេញ ឬភាពល្បីល្បាញ។
ប្រសិនបើបងប្អូន ចង់ដឹងថា ចំនួនអ្នកចុចតាមដាន គណនីណាមួយ ជាមនុស្សពិត ឬខ្មោច បងប្អូនគ្រាន់តែចុចលើប៊ូតុង Followers នោះវានឹងលេចចេញឱ្យឃើញនូវគណនីអ្នកតាមដាននោះជាមិនខាន។ ហើយមនុស្ស ឬ ខ្មោច គឺបងប្អូន អាចស្គាល់បានដោយខ្លួនឯងជាក់ជាមិនខាន។
ជាចុងក្រោយ សូមផ្ដាំថា ជោគជ័យដ៏ពិតប្រាកដនៃឆាកជីវិត គឺគ្មានផ្លូវកាត់ទេ វាទាមទារនូវការតស៊ូព្យាយាម ប្រឹងប្រែង អត់ធ្មត់ និងត្រូវតែដើរលើវិថី ដែលមានសីល និង ធម៌ព្រះ ជាកម្រាល ជារៀងរហូត។ របស់ដែលបានមកដោយងាយ នឹងបាត់ទៅវិញដោយងាយ។
#កសិដ្ឋានគ្លីកជាច្រើនកន្លែងនៅវៀតណាម #បង្កព្យុះព័ត៌មានក្លែងក្លាយច្រើនប្រភេទ #ក្នុងបណ្ដាញសង្គមអេឡិចត្រូនិច