27/05/2026
ឈុតឆាកដ៏កម្រ និងគួរឱ្យចាប់អារម្មណ៍មួយទៀតដែលស្ថិតនៅក្នុងពន្លាជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។ តាមការសិក្សារបស់អ្នកស្រាវជ្រាវបុរាណវិទ្យា ចម្លាក់នេះពណ៌នាអំពី«រឿងតាបស និងនាងអប្សរាទាំងប្រាំដែលត្រូវបណ្ដាសាជាក្រពើ»ដែលជាឈុតមួយដកស្រង់ចេញពីមហាកាបព្យ មហាភារតៈ (Mahabharata) ឬគម្ពីរខាងព្រហ្មញ្ញសាសនា។
ចម្លាក់នេះជារួមនិយាយអំពីការល្បួងសីលរបស់តាបស(អ្នកតាំងសីល) ដោយពួកស្រីសួគ៌ ឬនាងអប្សរា និងលទ្ធផលនៃការដាក់បណ្ដាសា។
+ តួអង្គបុរសននលកាយកាន់អង្កាំគឹជាតាបស ឬព្រាហ្មណ៍ដ៏មានសីលខ្លាំងពូកែម្នាក់ដែលកំពុងធ្វើតបៈ (តាំងសីលយ៉ាងមុតមាំ) នៅក្នុងអាស្រម (អគារដែលមានស៊ុម)។ ការដែលគាត់មិនស្លៀកពាក់ ឬស្លៀកពាក់តិចតួច និងកាន់ខ្សែអង្កាំគឺជានិមិត្តរូបនៃអ្នកបួសដែលលះបង់លោកិយដើម្បីស្វែងរកធម៌ជាន់ខ្ពស់។
+ ពួកស្ត្រីដែលដើរទៅរកគាត់ ពួកគេគឺជានាងអប្សរា(ស្រីសួគ៌)ដែលបានចុះមកពីឋានសួគ៌ ក្នុងគោលបំណងរាំច្រៀង និងប្រើសម្រស់ដើម្បីរំខាន ឬល្បួងបំផ្លាញសីលរបស់តាបសអង្គនោះកុំឱ្យតាំងសីលបានសម្រេច។
ដំណាលរឿងអំពី «ក្រពើ» នៅលើដំបូលអគារ រូបក្រពើដែលដេកស្តូកនៅលើដំបូលអាស្រមនោះគឺជា«គន្លឹះចម្លើយ»នៃសាច់រឿងទាំងមូល។ នៅក្នុងរឿងមហាភារតៈ មានដំណាលថា៖ មាននាងអប្សរាប្រាំរូប(មានឈ្មោះថា វរ្កា, សៅរភេយី, សមីចី, ពុព្វុទា និងលតា) បាននាំគ្នាដេីរលេង និងបានឃើញតាបសមួយអង្គកំពុងតាំងសីលយ៉ាងស្រគត់ស្រគំ។ ពួកគេបានព្យាយាមប្រើកលល្បិចស្រី និងសម្រស់ទៅរំខានធ្វើឱ្យតាបសនោះដាច់សីល។ ដោយសារតែការខឹងសម្បារនឹងការរំខាននេះ តាបសដែលជាម្ចាស់អាស្រមក៏បានប្រមូលឥទ្ធិឫទ្ធិរួចពោលពាក្យបណ្ដាសាទៅកាន់នាងអប្សរាទាំងប្រាំរូបនោះឱ្យក្លាយទៅជា «សត្វក្រពើដ៏កាចសាហាវ» ចុះទៅរស់នៅក្នុងស្រះទឹកពិសិដ្ឋចំនួនប្រាំហើយត្រូវស៊ីមនុស្សជាអាហារអស់រយៈពេល ១០០ ឆ្នាំ។
រូបក្រពើដែលគេឆ្លាក់នៅពីលើអគារនេះ គឺជានិមិត្តរូបតំណាងឱ្យ«បណ្ដាសា»ដែលតាបសបានដាក់ទៅលើពួកនាងអប្សរាទាំងនោះឯង។ ក្រោយមកបណ្ដាសានេះត្រូវបានរំដោះដោយវីរបុរស អរជុន (តួអង្គក្នុងរឿងមហាភារតៈ) ក្នុងកំឡុងពេលដែលទ្រង់ធ្វើដំណើរធម្មយាត្រាទៅកាន់ស្រះទឹកទាំងនោះ។ អរជុនបានចាប់ក្រពើទាំងនោះទាញឡើងមកលើគោកវិញ។ ពេលដែលខ្លួនក្រពើប៉ះនឹងដីគោកភ្លាម បណ្ដាសាក៏ត្រូវរលាយសាបសូន្យ ហើយពួកនាងក៏បានក្រឡាខ្លួនទៅជានាងអប្សរាដ៏ស្រស់ស្អាតវិញ រួចថ្លែងអំណរគុណដល់អរជុន មុននឹងហោះត្រឡប់ទៅឋានសួគ៌វិញ។
ចម្លាក់មួយផ្ទាំងនេះបង្ហាញពីភាពឆ្លាតវៃរបស់អ្នកដំឡើងសាច់រឿងនាសម័យអង្គរ ដែលអាចសង្ខេបសាច់រឿងដ៏វែងឆ្ងាយ មកជារូបចម្លាក់មួយផ្ទាំងដ៏មានន័យ ដោយប្រើរូប «ក្រពើលើដំបូល» ជាអ្នកនិទានរឿង។
#អង្គរវត្ត #មហាភារតៈ