
21/08/2025
វាមិនមែនជារឿងតូចទេសម្រាប់កម្ពុជាក្នុងការឲ្យមានវត្តមានយោធាបរទេសណាមួយនៅកម្ពុជា នៅខណៈឥណ្ឌូ-ប៉ាស៊ីហ្វិក បាននឹងកំពុងបន្តក្លាយជាទីលានប្រណាំងប្រជែងគ្នាកាត់តែក្តៅទៅៗរវាងមហាអំណាចផុតលេខ អាមេរិក និងចិន។ នៅមុនអាណត្តិលោក Barack Obama ជាប្រធានាធិបតីអាមេរិកចន្លោះឆ្នាំ ២០០៩-២០១៧ (ពីរអាណត្តិជាប់គ្នា) គោលនរយោបាយការបរទេសចម្បងរបស់អាមេរិកនាពេលនោះគឺផ្តោតសំខាន់តែទៅលើតំបន់មជ្ឈិមបូព៌ា និងអ៊ឺរ៉ុបប៉ុណ្ណោះ នេះក៏ដោយសារនាពេលនោះប្រយោជន៍អាមេរិកនៅទីនោះច្រើនជាងនៅ ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក៏ប៉ុន្តែនៅឆ្នាំ២០១០ ជារបត់ថ្មីមួយនោះគឺ មហាក្សចិនក៏បានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោក ដូចនេះចង់ឬមិនចង់អាមេរិកត្រូវតែបែរការចាប់អារម្មណ៍មក ឥណ្ឌូ-ប៉ាស៊ីហ្វិកវិញម្តង ដែលមុនឆ្នាំនេះអាមេរិកផ្តោតសំខាន់តែលើក្រុមសម្ព័ន្ធយោធា NATO ប្រឆាំងនឹង រុស្ស៊ី នៅអ៊ឺរ៉ុប និងការបោសសម្អាតក្រុមភារវកម្មនៅមជ្ឈិមនបូព៌ាជាដើម។
>>>ពី អាស៊ី-ប៉ាស៊ីហ្វិក ទៅជា ឥណ្ឌូ-ប៉ាស៊ីហ្វិក (From Asia-Pacific to Indo-Pacific)
លោក Obama ជាប្រធានាធិបតីអាមេរិកដំបូងគេដែលបែរការចាប់អារម្មណ៍ និងគោលនយោបាយការបរទេសអាមេរិកមកអាស៊ី-ប៉ាស៊ីហ្វិកនេះមុនគេ តាមរយៈគោលនយោបាយ Pivot to Asia ពេលខ្លះគេហៅថា Rebalance to Asia ដើម្បីរាំងខ្ទប់នៃការរះឡើងយ៉ាងឆាប់រហ័យនៅឥទ្ធិពលមហាយក្យចិននៅក្នុងតំបន់។ ដំបូងឡើយអាមេរិកក្រោមអាណតិត Obama គេប្រើពាក្យ អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific) ដែលនៅក្នុងតំបន់នេះមួយប៉ូលសំខាន់ៗដូចជា មហាយក្សចិន ជប៉ុន កូរ៉េ អូស្រ្តាលី និងអាស៊ាន តែក្រោយមក ក្រោមអាណត្តិទី១(២០១៧)របស់លោក Donald J.Trump បានផ្តើមប្រើពាក្យ ឥណ្ឌូ-ប៉ាស៊ីហ្វិកជំនួសវិញ ដោយគេរាប់បញ្ជូនទាំងប្រទេសដែលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក + មហាសមុទ្រឥណ្ឌា = ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនេះវាមានវិសាលភាពធំជាងគោលនយោបាយការបរទេស Pivot to Asia ជំនាន់ Obama មួយកម្រិតទៀត។
គោលគំនិតនេះមានឈ្មោះថា “Free and Open Indo-Pacific” (FOIP) ត្រូវបានដាក់ចេញដោយលោក Donald Trump នៅក្នុងឆ្នាំ២០១៧ ហើយនៅក្នុងនេះអាមេរិកបានទាញឥណ្ឌាមកជាដៃគូដ៏សំខាន់ម្នាក់ក្នុងការរាងខ្ទប់នូវឥទ្ធិពលចិន។
ហើយហេតុផលសំខាន់ជាងគេបំផុតដែលធ្វើឲ្យអាមេរិកបែរការចាប់អារម្មណ៍មកតំបន់នេះគឺដើម្បីប្រជែងឥទ្ធិពលមហាយក្សចិននេះឯង។
បន្ទាប់ពីពេលនោះមកតំបន់នេះបានក្លាយជាតំបន់ប្រណាំងប្រជែងភូមិសាស្រ្តនយោបាយគ្នារវាងមហាអំណាចកាន់តែខ្លាំងទៅៗ ជាពិសេសជុំវិញបញ្ហាធំៗដូចជា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហា កោះតៃវ៉ាន់ បញ្ហានុយក្លេរអ៊ែនៅ ឧបទ្វីបកូរ៉េ ការរត់ប្រណាំងប្រជែងគ្នាផ្នែកសព្វាវុធ សេដ្ឋកិច្ច បច្ចេកវិទ្យា វត្តមានយោធា និងអ្វីដែលយើងមិនត្រូវរំលងនោះគឺគោលនយោបាយខ្សែក្រវាត់និងផ្លូវ(BRI) ដ៏ល្បីល្បាញរបស់ចិនដែលដាក់ចេញដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីឆ្នាំ ២០១៣ កន្លងទៅ បានទាក់ទាញមិនតិចទេប្រទេសក្នុងតំបន់មករកស៊ីជាមួយចិន នៅក្នុងនៅក៏មានកម្ពុជាមួយផងដែរ។
>>>កម្ពុជាចំណុចកណ្តាលនៃតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក
អាស៊ាន ឬកម្ពុជាជាចំណុចកណ្តាលនៃតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចនេះចៀសមិនផុតពីការរងឥទ្ធិពលពីការប្រណាំងប្រជែងគ្នាដោយផ្ទាល់ពីមហាអំណាចបានទេ។ កម្ពុជាត្រូវបានគេមើលឃើញថាមានភាពស្និទ្ធស្នាលជាមួយចិនអស់រាប់ទសវត្សណាស់មកហើយ កម្ពុជាគាំទ្រពេញទំហឹងលើគោលនយោបាយចិនតែមួយ ហើយក៏ទទួលស្គាល់ដែរថា កោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ។
កម្ពុជាជាសម្ព័ន្ធមិត្តដែលស្និទ្ធជាមួយចិនជាងគេបំផុតនៅក្នុងអាស៊ាន ខ្លួនជារឿយៗតែតែងមានជំហរទៅខាងចិនលើបញ្ហាធំៗនៅក្នុងតំបន់ ជាការពិតកម្ពុជាពុំមានជម្លោះអ្វីជាមួយនរណានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ តែកម្ពុជាគឺជាកូនសោរ ឬបៀមួយសន្លឹកដ៏សំខាន់របស់ចិនទុកលេងជាមួយនិងសមាជិកអាស៊ានដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រុយណេ ដែលកំពុងមានជម្លោះដោយផ្ទាល់ជាមួយចិនជុំវិញបញ្ហាជមុទ្រចិនខាងត្បូង មានប្រជុំកោះ តំបន់នេសាទ ធនធានធម្មជាតិ (ប្រេង) និងដែនសមុទ្រត្រួតស៊ីគ្នាជាដើម។
ជាឧទាហរណ៍ នៅក្នុងឆ្នាំ២០១២ និង ២០១៦ កម្ពុជាបានបដិសេធក្នុងការចុះហត្ថលេខាលើថ្លែងការណ៍រួមរបស់អាស៊ាន ទាក់ទងនឹងបញ្ហាពាក់ព័ន្ធនឹងប្រទេសចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ហើយត្រូវបានរដ្ឋសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍ផ្សេងទៀត លើពិភពលោក រិះគន់កម្ពុជាយ៉ាងខ្លាំង។ នៅក្នុងឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន កម្ពុជាបានរារាំងដែលធ្វើឲ្យអាស៊ានមិនអាចចេញសេក្តីថ្លែងការរួមមួយដែលរិះគន់ចិនជុំវិញសកម្មភាពគគ្លើនរបស់ចិននៅសមុទ្រចិនខាងត្បូង ជិពិសេសការប្រឈមមុខដាក់គ្នារវាងចិន និងហ្វីលីពីន លើបញ្ហាប្រជុំថ្មប៉ប្រះទឹក Scarborough Shoal ដែលពួកគេអះអាងរៀងៗខ្លួនថាជាកម្មសិទ្ធិរបស់ពួកគេ។ ហើយនេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តអាស៊ានហើយដែលមិនអាចចេញសេចក្តីថ្លែងការរួមគ្នាបាន ដែលត្រូវបានគេមើលឃើញថា ជាការថយចុះនៃការរួបរួមក្នុងតំបន់។ បញ្ហាស្រដៀងគ្នាដដែលនេះក៏បានកើតឡើងម្តងទៀត នៅឆ្នាំ២០១៦ ។
ត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់លើរឿងមួយនោះគឺថារបបក្រុងភ្នំពេញ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ប៉េកាំង កម្ពុជាក្នុងនាមរដ្ឋស្មើមុខស្មើមាត់មួយនៅក្នុងអស៊ាន តែងមាននិន្នាការទទន់ទៅរកចិន គាំទ្រចិន ឈរជាមួយចិនលើបញ្ហាធំៗកន្លងមកនេះ។
>>>បើទ័ពចិនលើដីខ្មែរ
នៅអត្ថបទភាគមួយខ្ញុំបាននិយាយពីបញ្ហាមូលដ្ឋានទ័ពសមុទ្ររាមរួចមកហើយ ដូចនេះបងប្អូនចូលទៅអានបន្ថែមបាន។ ក្នុងករណីបើកម្ពុជាអនុញ្ញាតឲ្យមានវត្តមានយោធាចិននៅកម្ពុជានោះកម្ពុជានឹងជួបបញ្ហាធំៗមួយចំនួនដូចជា ៖
>>>ទី១ ៖ សន្តិសុខក្នុងតំបន់
ដូចដែលខ្ញុំបានលើកឡើងពីខាងលើមកហើយថា រដ្ឋអាស៊ានមួយចំនួនបាននឹងកំពុងមានជម្លោះជាមួយចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ បើយោធាចិនមានវត្តមាននៅកម្ពុជានឹងកាន់តែឲ្យមានភាពតានតឹងជាងនេះទៅទៀត វាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ពួកគេដោយផ្ទាល់តែម្តង នេះដោយសារទីតាំងភូមិសាស្រ្តរបស់ប្រទេសកម្ពុជា នឹងបង្កភាពងាយស្រួលឲ្យយោធាចិនចេញចូលសមុទ្រចិនខាងត្បូងកាន់តែលឿនជាងមុន និងអាចចូលអន្តរគមបានមួយរំពេចក្នុងករណីមួយជម្លោះជាមួយប្រទេសណាមួយនៅក្នុងតំបន់។
លើសពីនេះក៏អនុញ្ញាតឲ្យចិនចូលប្រើប្រាស់ឈូងសមុទ្រ ថៃ ច្រកសមុទ្រម៉ាឡាការ និងអាចចូលទៅកាន់សមុទ្រឥណ្ឌា កាន់តែងាយស្រួល និងជិតជាងមុន បើទៅអនាគតចិនមានជម្លោះជាមួយ ឥណ្ឌា ក្នុងការណីសង្រ្គាមជើងទឹក ច្បាស់ណាស់ទ័ពជើងទឹកចិន នឹងចល័តនាវាចេញពីកម្ពុជាទៅ និងកម្ពុជានឹងក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ប្រតិប្តិការណ៍នេះ (បច្ចប្បន្នភាព ចិន និងឥណ្ឌាកំពុងមានជម្លោះព្រំដែនរាំរ៉ៃជាមួយគ្នាស្រាប់ផង)។ កន្លងមក សហរដ្ឋអាមេរិក និងសម្ព័ន្ធក៏បានចោទកម្ពុជាជាច្រើនលើកមកហើយថាកំពុងផែរាមអាចជាទីមូលដ្ឋានសម្រាប់យោធាចិនប្រើប្រាស់ តែកម្ពុជាទាត់ចោលការចោទនេះមករហូតដូចគ្នា។
>>>ទី២ ៖ សួរវៀតណាមសិន (បងធំឥណ្ឌូចិន)
ទ្រឹស្តីមួយគេលើកឡើងថា “រដ្ឋជិតខាង គឺជាសត្រូវពីធម្មជាតិ” ជាការពិតប្រទេសចិន និងវៀតណាមមិនដែលត្រូវគ្នាទេ វៀតណាមចាត់ទុក ចិនជាសត្រូវស៊ូពូជរាប់ជំនាន់មកហើយ វៀតណាមក៏ធ្លាប់នៅក្រោមអាណានិគមចិនរាប់រយឆ្នាំមកហើយដែរ។ ជាពិសេសវៀតណាមបច្ចុប្បន្នក៏កំពុងមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងដូចគ្នា ហើយបើលេចវត្តមានចិនលើដីកម្ពុជានោះក៏មានន័យថាសន្តិសុខជាតិវៀតណាមក៏កំពុងរងការគំរាមកំហែងដោយផ្ទាល់ពីចិនបន្ថែមទៀត។ ហើយចិនខ្លួនឯងក៏ត្រូវពិចារណាលើករណីវៀតណាមនេះដូចគ្នា បើកម្ពុជាកាន់តែស្និទ្ធជាមួយចិន វៀតណាមខ្លួនឯងក៏កាន់ស្និទ្ធជាមួយអាមេរិក និងឥណ្ឌាបន្ថែមទៀត ក្នុងករណីនេះចិនត្រូវថ្លឹងយ៉ាងកុំឲ្យវៀតណាមអាចមានទៅបាន ទ័ពអាមេរក លើដីវៀតណាម បើមិនដូច្នោះទេ ចិន វិញម្តង ទ័ពអាមេរិកនឹងមកនៅជាប់របងផ្ទះចិន។
ហេតុអ្វីត្រូវសួរវៀតណាមសិន? ការការពិតប្រកែកមិនបានវៀតណាមគេបានតាំងខ្លួនឯងជាបងធំឥណ្ឌូចិនទៅហើយ យើងអាចលើកឧទាហរណ៍ ឥទ្ធិពលវៀតណាមលើប្រទេស ឡាវបាន ដូចនេះកម្ពុជាមិនសូវខុសគ្នាប៉ុន្មានទេ? កម្ពុជាជាតំបន់ត្រនាប់សន្តិសុខជាតិវៀតណាម ដូចនេះសួរវៀតណាមសិនថាព្រមឬអត់? ចំណុចមួយទៀត ក្រុងភ្នំពេញតែងទុកវៀតណាមជាមិត្ត ជាអ្នកជិតខាងល្អ ជាអ្នកមានគុណកម្ពុជាផងក្នុងអ្វីដែលគេលើកឡើងថា វៀតណាមជួយផ្តួលរំលំរបបខ្មែរក្រហម ឲ្យកម្ពុជា? យើងក៏បានដឹងទាំងអស់គ្នាដែរហើយនៅឥទ្ធិពលវៀតណាមមកលើកម្ពុជា ទាំងសេដ្ឋកិច្ច (ដៃគួរសេដ្ឋកិច្ចលេខ៣របស់កម្ពុជា) នយោបាយ ។ល។ ដូចនេះអ្នកដែលមិនសប្បាយចិត្តក្រពុលមុខមុនគេ និងជាងគេគឺ វៀតណាម នេះតែម្តង។ ហើយក៏មិនចម្លែកទេដែលនាវាវៀតណាមចូលមកមើលជាមួយជប៉ុនមុនគេនៅមូលដ្ឋានទ័ពរាមបន្ទាប់ពីកម្ពុជាបើកដំណើរការនោះ។ (មុនធ្វើអ្វីមួយត្រូវសួរមេតំបន់សិន…!បងធំឥណ្ឌូ-ចិន?)
>>>ទី៣ ៖ អាស៊ានកាន់តែបែកបាក
ជាការពិតរដ្ឋនៃសមាជិកអាស៊ានទាំងអស់គ្មានរដ្ឋណាមួយដែលមានមូលដ្ឋទ័ពចិននោះទេ ផ្ទុយមកវិញវត្តមានទ័ពអាមេរិក គឺមានលើដី ហ្វីលីពីន (មិនអចិតន្រៃ្តយ៍) និងមានភាពស្និទ្ធជាងគេពាក់ព័ន្ធរឿងយោធានេះជាមួយអាមេរិក ដែលមានកិច្ចព្រមព្រៀងនានាដែលអនុញ្ញាតឲ្យនាវា និងយន្តហោះចម្បាំងអាមេរិកចូលប្រើប្រាស់បាន សម្រាប់ការផ្លាស់ទីនៅក្នុងតំបន់បានដោយរលូន។ ក្រៅពី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ក៏មានកិច្ចព្រមព្រៀងស្រដៀងគ្នានេះដែរ។
ហើយបើកម្ពុជាមានវត្តមានយោធាចិនលើដីរបស់ខ្លួន ពួកគេប្រាកដជាពិចារណាមើលថា គួរអនុញ្ញាតអាមេរិកដាក់ទ័ពលើដីពួកគេដែរឬទេ? ដើម្បីធ្វើឲ្យមានតុល្យភាពអំណាចក្នុងតំបន់ច្បាស់ណាស់ពួកគេមិនស្ទាក់ស្ទើទេ ជាពិសេសរដ្ឋដែលកំពុងមានជម្លោះជាមួយចិនស្រាប់។ ហើយបន្តទៅមុខទៀតអាស៊ាន នឹងលែងចេះត្រូវគ្នា សសរស្តម្ភចំនួនបីរបស់អាស៊ាន ដូចជា សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍ សង្គម-វប្បធម៌ ស្អីគេនេះ ឬវាសនារួមគ្នាស្អីគេនោះក៏នឹងលែងមានបន្តទៀតទៅដែរ។
>>>ទី៤ ៖ កំពូលអ្នកជិតខាងល្អ ផ្ទះលេខ២
ប្រទេសថៃវិញពុំមានមូលដ្ឋានយោធាអាមេរិកលើដីខ្លួនទេ តែកន្លងមានមានពាក្យពាក្យចចាមអារ៉ាមថៃអាចនឹងអនុញ្ញាតឲ្យមានវត្តមានយោធាអាមេរិកលើដីខ្លួននៅមូលដ្ឋានទ័ពជើងទឹក Phang Nga ហើយក៏ជាការពិតដែរ ថៃ ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកតាំងពីសម័យសង្គ្រាមត្រជាក់មកម៉្លេះ។ ហើយថៃក៏ជាម្ចាស់រៀបចំសមយុទ្ធ Cobra Gold ដែលជាសមយុទ្ធយោធាពហុជាតិប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាសមយុទ្ធមិនងាយមានទេក្នុងពិភពលោកប្រភេទនេះ ហើយធ្វើនៅថៃរាងរាល់ឆ្នាំ។
ថៃនិងកម្ពុជាជាប់គ្នាស្រាប់ផង ដូចនេះប្រសិនបើជាមានវត្តមានយោធាចិនលើដីកម្ពុជា ថៃ និងពង្រឹងចំណងយោធាកាន់តែខ្លាំងឡើងជាមួយអាមេរិក និងសម្ព័ន្ធក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឲ្យមានតុល្យភាព និងសុវត្តិភាពដល់ខ្លួនគេ ហើយពាក្យចចាមអារ៉ាមក៏អាចក្លាយជាការពិតបានដូចគ្នា ដើម្បីបញ្ចៀងពីការគំរាមកំហែងសន្តិសុខជាតិ និងផលប្រយោជន៍របស់គេ។
ក៏ទំនងជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃក៏កាន់តែក្តៅទៅដូចគ្នាដែរ ថៃនឹងបង្វែការណុងកាំភ្លើងកាន់តែច្រើនឡើងៗ បង្កើនចំនួន និងពង្រាយទ័ព និងសព្វាវុធធន់ធ្ងង់គ្រប់ប្រភេទតម្រង់មកកម្ពុជាជាក់ជាមិនខាន មិនតែប៉ុណ្ណោះវាមានហេតុផលជាង អ្វីដែលថៃកំពុងធ្វើដាក់កម្ពុជានាពេលនេះ មានលេសសមស្របជាងមុន ហើយអន្តរជាតិក៏នឹងពិចារណាសាដើមដូចគ្នាថា បើមានវត្តមានយោធាចិននៅកម្ពុជាគេនឹងអល់អែកនឹងនៅខាង ថៃ ឬកម្ពុជា? ហើយតើនរណាជាអ្នករកគ្រោះពិតប្រាកដ? តើនរណាទទួលការគំរាមកំហែងពិតប្រាកដ? (សូមពិចារណតាមការគួរ…!)
>>>ទី៥ ៖ ភូមិសាស្រ្តនយោបាយតំបន់នឹងប្រែប្រួល
ការលេចរូបរាងឡើងមកនូវវត្តមានយោធាចិននៅអាស៊ីអាគ្នេយ៍និយាយដោយឡែក នៅឥណ្ឌូ-ប៉ាស៊ីហ្វិកនិយាយជាទូទៅ គឺជារឿងក្តៅនៅក្នុងតំបន់នេះ ជាការពិតចិនពុំមានមូលដ្ឋានយោធានៅលើប្រទេសណាមួយទេនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ គឺមានតែនៅលើកោះសិប្បនិម្មិតដែលចិនបានសាងសងឡើងជាច្រើននៅក្នុងសមុទ្រចិនខាងត្បូងតែប៉ុណ្ណោះ ហើយកោះទាំងនេះជាខ្សែត្រៀមជួរមុខដ៏សំខាន់ទល់មុខនឹងខ្សែត្រៀមអាមេរិកនៅ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន និងកោះ Guam ដែលមានពោពេញទៅដោយទ័ពអាមេរកយ៉ាងសន្ធឹកសន្ធាប់នៅខ្សែត្រៀមទាំងនោះ។
ត្រង់នេះចិនមិនដែលធ្វេប្រហែសឡើយ ការដែលចិនបន្តច្បាមយកសមុទ្រចិនខាងត្បូងតែម្នាក់ឯង ទទូច និងគំរាមមិនឲ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យ (បើហ៊ានប្រកាសចិនវៃភ្លាម) ការពាររបបកូរ៉េខាងជើងមិនឲ្យដួលរលំ នោះក៏ដោយសារចិនត្រូវប្រើតំបន់ទាំងនេះដើម្បីការពារខ្លួនពីឥទ្ធិពលអាមេរិកនៅឥណ្ឌូ-ប៉ាស៊ីហ្វិកនេះដែរ។
ដូចនេះបើនៅសុខៗចិនមានវត្តមានយោធានៅលើដីកម្ពុជា សមាជិកអាស៊ានកំពុងមានជម្លោះជាមួយចិននឹងដេកមិនលក់ទេ ហើយមហាអំណាចតំបន់ដែលជាសម្ព័ន្ធចាក់ទឹកមិនលេចជាមួយអាមេរិក ដូចជា អូស្រ្តាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងមិនសប្បាយចិត្តបន្តិចណាឡើយ ពួកគេទាំងនេះនឹងបង្កើនវត្តមាននាវាចម្បាំងរបស់ពួកគេបន្ថែមទៀតឲ្យមកចល័តក្នុងសមុទ្រចិនខាងត្បូងដែលពួកគេអះអាងថាជាដែនសមុទ្រអន្តរជាតិ។
អត្ថបទបន្ទាប់ខ្ញុំនឹងសាកល្បងឆ្លើយតើកម្ពុជាចំណេញអ្វីខ្លះ? និងក្នុងករណីកម្ពុជាមានវត្តមានយោធាអាមេរិក តើនឹងមានអ្វីកើតឡើងវិញម្តង។
មានភាគត...
អត្ថបទដោយ ៖ វៀង ហួរ (ចូលចិត្តតាមដានភូមិសាស្រ្តនយោបាយ)