10/12/2025
ក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជា-ថៃ ជាដើម បណ្តាញសង្គម (Facebook, TikTok, Telegram) ក្លាយជាសមរភូមិទី២ ដែលហៅថា "សមរភូមិព័ត៌មាន និងចិត្តសាស្ត្រ"។
"ស្រឡាញ់ជាតិ គឺមិនថតទីតាំងទ័ព មិនជឿពាក្យចចាមអារ៉ាម និងមិនជេរប្រមាថដោយគ្មានសីលធម៌។"
ក្រមប្រតិបត្តិ ឬចំណុចដែលត្រូវអនុវត្ត សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ដើម្បីចូលរួមការពារជាតិ និងមិនក្លាយជាឧបករណ៍របស់សត្រូវដោយមិនដឹងខ្លួន៖
១. វិធានការការពារសន្តិសុខជាតិ (កុំធ្វើជា "អ្នកស៊ើបការណ៍" ឱ្យសត្រូវ)
នេះជាចំណុចស្លាប់រស់។ សត្រូវអាចប្រើប្រាស់ព័ត៌មានដែលលោកអ្នកបង្ហោះ ដើម្បីវាយប្រហារមកលើកងទ័ពយើងវិញ៖
● ហាម Live ឬថតបង្ហោះពីចលនាកងទ័ព៖ ហាមដាច់ខាតការថតវីដេអូ រថក្រោះ រថយន្តយោធា កាំភ្លើងធំ ឬទីតាំងដែលកងទ័ពកំពុងបោះជំរុំ ហើយបង្ហោះទៅក្នុង Facebook ឬ TikTok។ ទោះបីជាអ្នកមានចេតនាចង់បង្ហាញពីកម្លាំងទ័ពជាតិក៏ដោយ ប៉ុន្តែសត្រូវនឹងដឹងថាទ័ពយើងនៅត្រង់ណា មានគ្នាប៉ុន្មាន។
● បិទ Location (ទីតាំង)៖ ពេលបង្ហោះសារអ្វីមួយ មិនត្រូវ Check-in ទីតាំងជាក់លាក់នោះទេ។ ការ Check-in អាចជួយឱ្យសត្រូវកំណត់គោលដៅបាញ់គ្រាប់ផ្លោងបានយ៉ាងងាយ។
● កុំបង្ហោះរូបភាពទាហានដែលរងរបួស ឬស្លាប់៖ ការបង្ហោះបែបនេះធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពនៅសមរភូមិមុខ និងធ្វើឱ្យប្រជាជនទូទៅភ័យខ្លាច (ដែលជាអ្វីដែលសត្រូវចង់បាន)។
២. ការទប់ស្កាត់សង្គ្រាមចិត្តសាស្ត្រ
ក្នុងជម្លោះព្រំដែន ភាគីម្ខាងទៀតតែងតែព្យាយាមបំបែកបំបាក់ និងបំភ័យ៖
● ប្រយ័ត្ន "រូបភាពចាស់ បង្ហោះថ្មី"៖ ជារឿយៗ មានការយកវីដេអូបាញ់គ្នាតាំងពីសម័យជម្លោះប្រាសាទព្រះវិហារ (ឆ្នាំ ២០០៨-២០១១) ឬសង្គ្រាមនៅប្រទេសផ្សេង មកបង្ហោះហើយថាជា "ហេតុការណ៍ថ្ងៃនេះ"។ សូមពិនិត្យមើលកាលបរិច្ឆេទ និងប្រភពឱ្យច្បាស់មុននឹង Share ។
● កុំជួយពន្លឿនព័ត៌មានភ័យខ្លាច៖ បើឃើញព័ត៌មានថា "ទាហានថៃ ចូលដល់ភូមិនេះហើយ" ឬ "គេបិទច្រកព្រំដែនហើយ" សូមកុំអាល Share។ រង់ចាំការបញ្ជាក់ពីអាជ្ញាធរ ឬមើលសារព័ត៌មានផ្លូវការសិន។ ការ Share លឿនពេក អាចធ្វើឱ្យមានការរត់ជាន់គ្នា ឬចលាចល។
៣. ឥរិយាបថ និងសេចក្តីថ្លៃថ្នូរជាតិ
បណ្តាញសង្គមគឺជាមុខមាត់របស់ប្រទេស។ ការជេរប្រមាថមិនមែនជាការបង្ហាញពីស្នេហាជាតិដ៏ត្រឹមត្រូវទេ៖
● ចៀសវាងការប្រើប្រាស់ពាក្យសំដីរើសអើងពូជសាសន៍ (Hate Speech)៖ ទោះបីជាមានជម្លោះជាមួយប្រទេសជិតខាង ប៉ុន្តែការប្រើពាក្យជេរប្រមាថជាតិសាសន៍ទាំងមូល ឬប្រមាថព្រះមហាក្សត្ររបស់គេ អាចធ្វើឱ្យកម្ពុជាខាតបង់ការគាំទ្រពីអន្តរជាតិ។ យើងត្រូវបង្ហាញថាពលរដ្ឋខ្មែរមានសីលធម៌ និងស្រឡាញ់សន្តិភាព។
● ការបញ្ចេញមតិប្រកបដោយការទទួលខុសត្រូវ៖ គួរប្រើប្រាស់បណ្តាញសង្គមដើម្បីលើកទឹកចិត្តកងទ័ព ចូលរួមបរិច្ចាគ ឬចែករំលែកព័ត៌មានសុវត្ថិភាព ជំនួសឱ្យការជេរគ្នាជាមួយគណនីរបស់ភាគីម្ខាងទៀតក្នុង Comment។
៤. សុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន (Cybersecurity)
ក្នុងពេលមានជម្លោះ ក្រុម Hacker របស់សត្រូវអាចនឹងវាយប្រហារ៖
● កុំចុច Link ចម្លែកៗ៖ អាចមានការផ្ញើ Link មកថា "វីដេអូសម្ងាត់កងទ័ព" ឬ "ដំណឹងបន្ទាន់"។ នេះអាចជាការលួចយកគណនី (Phishing)។
● ការពារគណនី៖ ដាក់ប្រព័ន្ធការពារពីរជាន់ (Two-Factor Authentication) លើ Facebook និង Telegram របស់អ្នក ដើម្បីកុំឱ្យគេលួចយកទៅប្រើប្រាស់ដើម្បីបង្ហោះព័ត៌មានក្លែងក្លាយ។
ដោយក្តីស្រឡាញ់ពីជនរួមជាតិ!!!
ឃីម សុធា