15/01/2025
ម្តាយរបស់អ្នកជាកំពូលអ្នកលះបង់ដើម្បីអ្នកណាស់។ គាត់បានដូរជីវិតសម្រាលអ្នកឱ្យឃើញពន្លឺព្រះអាទិត្យ ដូចពាក្យចាស់ថា សម្រាលកូនដូចជាការហែលឆ្លងទឹកទន្លេដែរ។ បើឆ្លងមិនផុតទេ ម្តាយរបស់អ្នកត្រូវបាត់បង់ជីវិត។ ពេលចិញ្ចឹមអ្នកតាំងពីកើតតូចរហូតដល់ធំ គាត់ហត់នឿយកម្រិតធ្ងន់បំផុត។ គ្រាន់តែសត្វស្រមោចខាំអ្នកនៅតូច ម្តាយអ្នកមានអារម្មណ៍ថា គាត់ថែកូនមិនបានល្អទេ ពេលខ្លះគាត់លួចយំ លួចអន់ចិត្តខ្លួនឯង តើអ្នកដឹងទេ?
ពេលអ្នកឈឺម្តងៗ កាលនៅតូច គាត់គ្មានបានដេកពូនទេ ចាំមើលថែអ្នករហូត។ តើអ្នកដឹងទេថា មួយថ្ងៃម្តាយអ្នកមើលថែរូបអ្នក គាត់ធ្វើការកម្រិតធ្ងន់អស់ពេល ១៦ម៉ោង ហើយគាត់ងាយរងប៉ះពាល់បញ្ហាផ្លូវចិត្តណាស់។ ពេលអ្នកវ័យធំចូលរៀន គាត់ខំរកលុយទាំងយប់ទាំងថ្ងៃ ដើម្បីទិញសំលៀកបំពាក់ កាបូក និងឱ្យលុយ... ដើម្បីអនាគតអ្នក។ គាត់មិនចង់បានអ្វីពីអ្នកទេ អ្វីដែលធ្វើឱ្យគាត់ញញឹម ពេលអ្នកដើរចេញសាលារៀនមកវិញជាមួយខោអាវសិស្ស និងលទ្ធផលការរៀនសូត្រ។ ពេលខ្លះ អ្នករៀនមិនពូកែក៏ដោយ ក៏គាត់នៅតែស្រឡាញ់អ្នកដែរ។ សូម្បីតែសម្រស់ និងរូបរាងរបស់គាត់ក៏បានផ្លាស់ប្តូរដែរ ចាស់ជាងមុន ធាត់ជាងមុន និងស្បែកឡើងមិនស្រស់ជាងមុនទេ។ គាត់ខំដើម្បីអ្នកណា? គឺរូបអ្នក។
រហូតដល់ពេលអ្នកធំពេញវ័យចូលប្រឡូកក្នុងសង្គម មានគេក្បត់អ្នក ធ្វើឱ្យអ្នកឈឺចាប់ ហើយជីវិតអ្នកធ្លាក់ដល់ចំណុចក្រោមសូន្យ មនុស្សដែលស្គាល់បានចាកចេញពីអ្នក ហើយអ្នកខ្លះ មិនចង់ជួបអ្នក។ សម្រាប់ម្តាយរបស់អ្នក គាត់នៅចាំអ្នក នៅក្បែរដើម្បីចាំលើកទឹកកូន និងហ៊ានលក់អ្វីៗ គ្រប់យ៉ាង ដើម្បីកូន...។ ហើយក៏ជាពេលអ្នកស្គាល់ស្បែកមុខមិត្តភក្តិរបស់អ្នកដែរថា អ្នកណាពិតឬក្លែងក្លាយដែរ។ ម្តាយអ្នកនៅខាងអ្នកអស់មួយជីវិត។
ពេលខ្លះ រូបអ្នកធ្លាប់ស្តីថាឱ្យម្តាយក៏ដោយ ក៏បេះដូងរបស់គាត់អភ័យទោសឱ្យកូនដែរ។ អ្នកបានដើរចោលផ្ទះ ម្តាយអ្នកតែងតែលួចព្រួយបារម្ភពីរូបអ្នក ហើយអង្គុយមាត់ទ្វារង់ចាំទទឹមរូបអ្នកគ្រប់ពេលវេលា ថ្ងៃណាកូនមកផ្ទះយើងវិញ ម្តាយនឹកកូនណាស់...🥲។ តើបេះដូងម្តាយរបស់អ្នកធំទេ? អ្នកនិយាយថា ខ្ញុំហត់ណាស់... តើអ្នកធ្លាប់ឮម្តាយរបស់អ្នកថា ម្តាយហត់ណាស់ ដាក់រូបអ្នកទេ? ម្តាយខ្លះគាត់ក្រព្រទ្យឱ្យកូន តែគាត់មិនក្របេះដូង មិនក្រក្តីស្រឡាញ់ និងក្តីអាណិតឱ្យកូនឡើយ។ ដូចនេះហើយ អ្នកគួរតែសងគុណគាត់ ពេលគាត់នៅរស់ដូចជាពេលគាត់ខំចិញ្ចឹមរូបអ្នកដែរ។ អ្នកឃើញទេ! គុណម្តាយរបស់យើងធំធេងណាស់។
បុរសឬនារីតែងតែនិយាយពាក្យមួយទៅកាន់ដៃគូរបស់ខ្លួនថា បងស្រឡាញ់អូន ឬអូនស្រឡាញ់បង តើអ្នកដឹងទេថា ពាក្យ១ ម្តាយរបស់អ្នកចង់ឮពីចេញបេះដូងរបស់អ្នកបំផុគឺជាអ្វីទេ? គឺពាក្យថា ម៉ែ! កូនស្រឡាញ់ម៉ែ...។