27/08/2026
អាជីវកម្មរ៉ែមាសខុសច្បាប់នៅភូមិរំដេងផ្ទុះឡើងវិញយ៉ាងអនាធិបតេយ្យ! ថៅកែ ២នាក់ បញ្ជាគ្រឿងចក្ររាប់សិបគ្រឿង ផ្គើននឹងចំណាត់ការសមត្ថកិច្ច
ស្រុករវៀង, ខេត្តព្រះវិហារ៖ សកម្មភាពជីកកាយ និងកែច្នៃរ៉ែមាសដែលរងការសង្ស័យថាគ្មានច្បាប់អនុញ្ញាត កំពុងតែប្រតិបត្តិការយ៉ាងគគ្រឹកគ្រែងជាថ្មីនៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយក្រុមអាជីវករបានបន្តដឹកនាំគ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនកិនរ៉េរាប់សិបគ្រឿងមកដំណើរការ ដោយមិនខ្វល់ពីផលប៉ះពាល់បរិស្ថាន ឬការកោតខ្លាចច្បាប់ឡើយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ទីតាំងអាជីវកម្មរ៉ែមាសមួយនេះ ធ្លាប់ត្រូវបានតំណាងអយ្យការ (លោកព្រះរាជអាជ្ញារង) សហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរដែនដី ចុះទៅបំបែក និងធ្វើការណែនាំរួចមកហើយ។ ទោះជាយ៉ាងណា ក្រុមអាជីវករទាំងនោះនៅតែផ្គើន មិនរញើត និងបានលួចបន្តសកម្មភាពកែច្នៃដីយករ៉ែមាសឡើងវិញយ៉ាងពេញទំហឹង។
តាមប្រភពដដែលបានលាតត្រដាងថា ម្ចាស់ដី និងជាថៅកែក្តោបក្តាប់នៅពីក្រោយខ្នងនៃប្រតិបត្តិការខុសច្បាប់នេះ ត្រូវគេស្គាល់ឈ្មោះថា «រដ្ឋ» និងម្នាក់ទៀតឈ្មោះ «មាន»។
បច្ចុប្បន្ន មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានទទូចស្នើសុំយ៉ាងទទូចដល់៖
* អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារ
* មន្ទីររ៉ែ និងថាមពល និងមន្ទីរបរិស្ថានខេត្ត
* ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
មហាជនសូមគោរពស្នើសុំឱ្យថ្នាក់ដឹកនាំ មេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលឈ្មោះ «រដ្ឋ» និង «មាន» ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ការពារបរិស្ថាន និងរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងតំបន់ឱ្យបានទាន់ពេលវេលា។