01/07/2025
សមាជិកសភាចក្រភពអង់គ្លេសកំពុងស្នើសុំរដ្ឋាភិបាលផ្តល់ទិដ្ឋការដល់ជនជាតិប៉ាឡេស្ទីន ខណៈអ្នកនាំពាក្យរដ្ឋាភិបាលនិយាយការស្លាប់ និងការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា មិនអាចអត់ឱនឡើយ
ឡុងដ៍៖សមាជិកសភាចក្រភពអង់គ្លេសកំពុងអំពាវនាវឱ្យរដ្ឋាភិបាលចាប់ផ្តើមប្រព័ន្ធទិដ្ឋាការសម្រាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាមួយនឹងគ្រួសារដែលកំពុងរស់នៅក្នុងប្រទេសអង់គ្លេស ។
អ្នកនយោបាយចំនួន ៦៧នាក់បានសរសេរទៅកាន់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក Yvette Cooper ស្នើសុំគម្រោងគ្រួសារនៃតំបន់ហ្គាហ្សា ដែលឆ្លុះបញ្ចាំងពីគម្រោងគ្រួសារអ៊ុយក្រែនដែលបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដើម្បីជួយជនភៀសខ្លួនឱ្យរួចផុតពីសង្គ្រាមជាមួយរុស្ស៊ី ដែលអនុញ្ញាតឱ្យជនជាតិអ៊ុយក្រែនរស់នៅ និងធ្វើការនៅចក្រភពអង់គ្លេសរហូតដល់ ៣ឆ្នាំ ។
នៅលិខិតអ្នកនយោបាយចំនួន ៦៧នាក់ ដែល Sky News ទទួលបានសរសេរថា យើងជឿថាភាពសប្បុរសដូចគ្នាគួរតែត្រូវផ្តល់ជួនគ្រួសារប៉ាឡេស្ទីន ។
លិខិតនេះបានចោទប្រកាន់អ៊ីស្រាអែលពី ការបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន ជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងពីការធ្វើយុទ្ធនាការទម្លាក់គ្រាប់បែក និងការវាយលុកដោយយោធា និងកំណត់គោលដៅរបស់មនុស្សដែលទទួលបានជំនួយមនុស្សធម៌ ។
សមាជិកសភាលោក Marsha de Cordova ដែលបានជួយរៀបចំសំបុត្ររួមជាមួយនឹងយុទ្ធនាការជួបជុំគ្រួសារហ្គាហ្សាបញ្ជាក់ថា គម្រោងទិដ្ឋាការអ៊ុយក្រែន ជាការឆ្លើយតបត្រឹមត្រូវចំពោះសង្រ្គាមដ៏ឃោរឃៅ ហើយការបង្កើតវាសម្រាប់គ្រួសារនៃតំបន់ហ្គាហ្សា នឹងក្លាយជាការបន្ថែមនៃគោលការណ៍ដូចគ្នានេះ ដែលបង្ហាញថារដ្ឋាភិបាលមានភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយគ្រួសារដែលកំពុងរងគ្រោះដោយសង្គ្រាម ។
លោកបន្តថា វាដល់ពេលហើយសម្រាប់រដ្ឋាភិបាលក្នុងការធ្វើសកម្មភាពឥឡូវនេះ ដើម្បីជួយប្រជាជនប៉ាឡេស្ទីនអង់គ្លេស ទទួលបានមនុស្សជាទីស្រលាញ់របស់ពួកគេទៅកាន់សុវត្ថិភាព ដោយអាចឱ្យពួកគេកសាងជីវិតរបស់ពួកគេឡើងវិញ ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ Sky News ថា ការស្លាប់ និងការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាគឺមិនអាចអត់ឱនបានឡើយ ។ ចាប់តាំងពីថ្ងៃដំបូងមក យើងច្បាស់ថាយើងត្រូវឃើញបទឈប់បាញ់ជាបន្ទាន់ ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំឃាំងដោយក្រុមហាម៉ាស ការការពារជនស៊ីវិលកាន់តែប្រសើរ ការផ្តល់ជំនួយយ៉ាងសំខាន់ចូលក្នុងតំបន់ហ្គាហ្សា និងផ្លូវទៅកាន់សន្តិភាព និងស្ថិរភាពយូរអង្វែង, មានផ្លូវជាច្រើនដែលអាចរកបានសម្រាប់ប៉ាឡេស្ទីនដែលចង់ចូលរួមជាមួយសមាជិកគ្រួសារនៅចក្រភពអង់គ្លេស ៕