អំពីវិទ្យុស្រ្ដី
មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ត្រូវបានបង្កើតទ្បើងកាលពីខែឧសភា ឆ្នាំ១៩៩៥ និង បានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃជាអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០០១។ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាអង្គការស្រ្តី មិនមែនរដ្ឋាភិបាលក្នុងស្រុក មិនរកប្រាក់ចំណេញ ដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ រួមមាន វិទ្យុស្រ្តី វីដេអូ ប្រព័ន្ធផ្សព្វផ្សាយចម្រុះ និង បណ្តាញសង្គម ដើម្បីចូលរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមកម្ពុជា។
ដោយទ្បែក វិទ្យុស្រ្ដី គឺជាវិទ្យុតែមួយគត់របស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលត្រូវបានបង្កើតទ្បើង និង ចាប់ដំណើរការការផ្សាយលើកដំបូងរបស់ខ្លួន នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៩៩ ផ្សាយលើរលកអាកាស FM 102 MHz ដែលត្រូវនឹងទិវានារីអន្តរជាតិ។ រយៈពេល១៨ឆ្នាំ គឺពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០១៧ វិទ្យុស្ត្រីបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការបំរើប្រយោជន៍ស្ត្រី កុមារ យុវជន និងពលរដ្ឋកម្ពុជា ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនឥតគណនាពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋទូទៅ ស្ត្រី យុវជន ស្ថាប័នរាជរដ្ឋាភិបាល ដៃគូជាតិ អន្តរជាតិ ដែលធ្វើការពាក់ព័ន្ធនឹងស្ត្រី និង កុមារ។
នៅចុងខែធ្នូ ឆ្នាំ២០១៧ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសប្រគល់ហ្វ្រេកង់ FM 102 MHz ដែលមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានប្រើប្រាស់ជិត២០ឆ្នាំ និងដែលបានផ្តល់ប្រយោជន៍យ៉ាងច្រើនលើសលុបដល់ប្រជាពលរដ្ឋ ពិសេសស្ត្រីនិងកុមារកម្ពុជា ទៅឲ្យបុគ្គលឯកជនដែលធ្លាប់បម្រើការមណ្ឌលវិញ។ ជាលទ្ធផល ក្នុងគោលបំណងបន្តនូវការលើកកម្ពស់សមភាពយេនឌ័រនិងតួនាទីស្រ្តី មណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវបានបង្ខំឲ្យធ្វើសហការជាមួយស្ថានីយវិទ្យុឯកជន FM 103.5 MHz ដែលមានឆន្ទៈគាំទ្រប្រយោជន៍របស់ប្រជាពលរដ្ឋ ប្រហាក់ប្រហែលនឹងបេសកកម្មរបស់វិទ្យុស្ត្រីដែរ។ មូលហេតុដូច្នេះហើយទើបនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ វិទ្យុស្រ្ដី នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានប្ដូរការផ្សព្វផ្សាយកម្មវិធីរបស់ខ្លួនទៅកាន់រលកអាកាសថ្មី FM 103.5 MHz ដែលផ្សាយចេញពីរាជធានីភ្នំពេញ និង ផ្សាយបន្តពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តចំនួន ៤ ទៀត រួមមាន FM 104 MHz នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ FM 106.3 MHz នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង និង FM 99.3 MHz នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
វិទ្យុស្ត្រីក៏មានទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែរ គឺ@វិទ្យុស្រ្ដី Women's Radio ដែលទំព័រហ្វេសប៊ុកនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកម្មវិធីអប់រំផ្តល់ចំណេះដឹងនានា ជូនដល់ប្រជាពលរដ្ឋ ពិសេសស្ត្រី កុមារ និង យុវជនកម្ពុជា ព្រមទាំងមានព័ត៌មានសំបូរបែបពិតប្រាកដ ប្រកបដោយក្រមសីលធ៌ម វិជ្ជាជីវៈ និង ការទទួលខុសត្រូវខ្ពស់ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនាសម័យឌីជីថល និងសកលនីយកម្ម។
...
វិទ្យុស្ត្រីមានបន្ទប់ផ្សាយ (Studio Live show) ធំទូលាយជាងគេនៅកម្ពុជា ដែលមានបំពាក់ឧបករណ៍បរិក្ខាទំនើបទាន់សម័យ ប្រកបដោយវិជ្ជាជីវៈ។ លើសពីនេះអ្វីដែលសំខាន់បំផុតនោះ បុគ្គលិកវិទ្យុស្ត្រី គឺជាអ្នកសារព័ត៌មានដែលមានសមត្ថភាពខ្ពស់ មានវិជ្ជាជីវៈពិតប្រាកដ មានការទទួលខុសត្រូវ ក្រមសីលធ៌ម និង ទទួលបានការបណ្តុះបណ្តាលបំប៉នសមត្ថភាពទាំងក្នុងប្រទេស ទាំងក្រៅប្រទេស។
វិទ្យុស្រ្ដី នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួន ក្នុងការបំរើផលប្រយោជន៍ស្ត្រី កុមារ និង សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និង ឌីជីថលសកលនីយកម្ម៕
ស្វែងយល់ពីអង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា http://www.wmc.org.kh/about-us/
សេវាកម្មរបស់យើង https://tinyurl.com/wmc-services