21/08/2026
លោក ជួន ណារិន្ទ៖ ស្រ្តីបរទេសដែលប៉ះសម្ដីល្បីក្នុងបណ្ដាញសង្គម មិនមែនជាជនជាតិថៃទេ
ភ្នំពេញ៖ ក្រោយល្បីករណីប៉ះសម្ដីរវាងក្រុមអ្នកសំអាងការ និងស្រ្តីជនបរទេសម្នាក់ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងចុះស្រាវជ្រាវទៅដល់សណ្ឋាគារ នៅខណ្ឌបឹងកេងកងភ្លាម។ បើតាមស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ ស្រ្តីបរទេសខាងលើមិនមែនជាជនជាតិថៃ និងមិនបានឈ្លោះប្រកែកពីរឿងសម្លៀកបំពាក់វប្បធម៌ដូចការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនោះឡើយ។
«តាមពិត ភ្ញៀវម្នាក់ជាស្ត្រីនោះគាត់ជាជនជាតិអៀកឡង់ឈ្មោះ Thomson Annabella អាយុ៥៥ឆ្នាំ។ គាត់ស្នាក់នៅក្នុងសណ្ឋាគារខាងលើនោះ ក្នុងស្ថានភាពស្រវឹងដោយរងចាំជណ្ដើរយន្តយូរពេកក៏ងាកទៅនិយាយជាមួយក្រុមអ្នកសំអាង ជាភាសាថៃនិងអង់គ្លេស»។ នេះជាការបញ្ជាក់របស់ លោក ជួន ណារិន្ទ ដែលបានអំពាវនាវមហាជនឱ្យឈប់ចែករំលែកករណីខាងលើនេះ កុំឱ្យមានការភាន់ច្រឡំ ។