21/06/2026
ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យកោតសរសើរ និងរំជួលចិត្តមួយបានកើតឡើងនៅលើបណ្ដាញសង្គម បន្ទាប់ពីអតីតតារាសម្ដែងជើងចាស់លោកចាន់រិទ្ធ មេធានី បានចេញមុខថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ជំទាវឧកញ៉ា Sophea Böttcher ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០,០០០ ដុល្លារ ដើម្បីជួយសម្រាលជីវភាពរបស់លោក។
តបនឹងការថ្លែងអំណរគុណនេះ ជំទាវឧកញ៉ា Sophea Böttcher បានបង្ហោះសារតបវិញយ៉ាងមានអត្ថន័យ និងទាញបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។ លោកជំទាវបានបញ្ជាក់ថា អំណោយនេះគឺជាការតបស្នង និងដឹងគុណចំពោះការលះបង់ពេលវេលា កម្លាំងកាយ និងទេពកោសល្យរបស់លោកចាន់រិទ្ធ មេធានី ដែលបានសាងស្នាដៃសិល្បៈដ៏មានតម្លៃជូនសង្គមជាតិកន្លងមក។ លោកជំទាវឧកញ៉ា ក៏បានផ្ញើសារលើកទឹកចិត្តយ៉ាងកក់ក្ដៅទៅកាន់អតីតតារាសម្ដែងរូបនេះថា ទោះបីជាពេលនេះលោកបានចូលនិវត្តន៍ និងកំពុងជួបការលំបាកក្នុងជីវភាពក៏ដោយ ក៏សូមកុំបាត់បង់ក្តីសង្ឃឹម និងកម្លាំងចិត្តឱ្យសោះ ព្រោះស្នាដៃរបស់លោក នឹងនៅតែដក់ជាប់ក្នុងបេះដូងទស្សនិកជនជានិច្ច។