26/05/2025
#សិរីរតន៍គីរីភក្រវម៌្មទេវី ស្នាដៃទី៣របស់ខ្ញុំ លើកនេះហេតុការណ៍បែបប្រវត្តិសាស្ត្រម្តង។ អត្ថបទតូចនេះជា Intro បន្តិច បើបងប្អូនចូលចិត្តអានអាច chat មក ចាំខ្ញុំផ្ញើជា PDF អោយ។
#ភាគ១ ៖
សម្លេងម៉ាស៊ីនម៉ូតូស្ទុះរោទ៍ឡើង បានបំបែកភាពស្ងប់ស្ងាត់នៃពេលព្រលឹមស្រាងៗ នាវេលាម៉ោង៥ទៀបភ្លឺ។ ពន្លឺចង្កៀងម៉ូតូរបស់ខ្ញុំ បានចាក់ទម្លុះភាពងងឹតនៅខាងមុខ នាំផ្លូវខ្ញុំចេញពីភូមិស្ថាន ដែលមនុស្សម្នានៅមិនទាន់ភ្ញាក់ពីលង់លក់ពីដំណេកនៅឡើយ។ គោលដៅរបស់ខ្ញុំគឺខេត្តព្រះវិហារ ដែលតម្រូវឲ្យខ្ញុំចំណាយពេលប្រហែល ៧ ទៅ ៩ម៉ោង ធ្វើដំណើរឆ្លងកាត់ខេត្តតាកែវ ក្រុងភ្នំពេញ កណ្តាល កំពង់ចាម កំពង់ធំ តាមបណ្តោយផ្លូវជាតិ៦ ដែលស្ងាត់ជ្រងំ។
ខ្យល់ត្រជាក់នៅពេលព្រឹកព្រលឹម បានបក់មកប៉ះរាងកាយ ធ្វើឲ្យរងាស្រៀវស្រើបបន្តិច ប៉ុន្តែអារម្មណ៍របស់ខ្ញុំមានភាពរំភើបរីករាយនឹងការផ្សងព្រេងថ្មីនេះ បានធ្វើឲ្យភាពរងានោះហាក់រសាត់បាត់ទៅវិញ។ សងខាងផ្លូវ មានតែព្រៃឈើស្ងាត់ជ្រងំ និងវាលស្រែដ៏ធំល្វឹងល្វើយ ដែលពេលខ្លះមានតែពន្លឺភ្លើងរឹបពីផ្ទះអ្នកស្រុកមួយៗនៅឆ្ងាយដាច់កន្ទុយភ្នែក។ ខ្ញុំរីករាយនឹងភាពឯកោនេះ វាផ្តល់ឲ្យខ្ញុំនូវពេលវេលាសម្រាប់គិតពិចារណា និងផ្តាច់ខ្លួនចេញពីពិភពដ៏ស្មុគស្មាញ។
ប៉ុន្តែ ខ្ញុំមិនបានដឹងទាល់តែសោះថា ដំណើរនៅព្រឹកព្រលឹមដ៏ស្ងប់ស្ងាត់មួយនេះ មិនមែនគ្រាន់តែជាការធ្វើដំណើរធម្មតាទៅកាន់ខេត្តព្រះវិហារនោះទេ។ លើសពីការគិតរបស់ខ្ញុំគឺដំណើរនេះ ជាការចាប់ផ្តើមនៃការឆ្លងភពមួយ ដែលនឹងនាំខ្ញុំទៅកាន់រាជធានីបុរាណមួយ ដែលស្ទើរតែត្រូវគេបំភ្លេចចោល គឺព្រះខ័នកំពង់ស្វាយ។ ដំណើរដែលខ្ញុំគ្រោងនឹងទៅដល់ខេត្តនោះ តាមពិតទៅ វានឹងនាំខ្ញុំទៅកាន់ទីកន្លែងមួយដ៏អាថ៌កំបាំង និងអស្ចារ្យជាងការស្មានរបស់ខ្ញុំទៅទៀត ហើយអ្វីៗក៏បានចាប់ផ្តើម នៅពេលដែលកង់ម៉ូតូរបស់ខ្ញុំ ចាប់ផ្តើមរមៀលលើផ្លូវជាតិ៦២ ដែលលាតសន្ធឹងទៅមុខ ចាប់ពីក្រុងស្ទឹងសែនរហូតដល់ផ្លូវបំបែកពីរខ្សែ នៅពេលយើងបត់ធ្វេង គឺទៅខេត្តក្រុងសៀមរាប ហើយបើទៅត្រង់គឺឆ្ពោះទៅកាន់ព្រះវិហារតែម្តង។ ខ្ញុំ និងម៉ូតូដ៏កំសត់ បានវិលកង់បាញ់តម្រង់ទៅត្រង់ដែលមានចំងាយវែងឆ្ងាយ វាហាក់បីដូចជាគ្មានទីបញ្ចប់តែម្តង...។
មានភាគត....
#វម៌្ម