11/08/2026
**KPDNEWS៖ គ្រោះ.ថ្នា.ក់ចរាចរណ៍ដ៏រន្ធ.ត់រវាងរថយន្ត Mazda និងម៉ូតូ Scoopy នៅលើផ្លូវជាតិលេខ៥ បណ្តាលឱ្យបុរសម្នាក់រងរបួ.សធ្ង.ន់ស.ន្លប់នៅនឹងកន្លែង**
**(ភ្នំពេញ)៖** បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតសន្លប់បាត់ស្មារតី បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ កាលពីវេលាយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ទល់មុខស្ថានីយប្រេងឥន្ធនៈ Caltex ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Mazda ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CJ-1287 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក៏បានប៉ះទង្គិចជាមួយម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GV-5308 យ៉ាងពេញទំហឹង។
ហេតុការណ៍នេះបានបណ្តាលឱ្យម្ចាស់ម៉ូតូជាបុរសម្នាក់ ដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ និងសន្លប់បាត់ស្មារតីភ្លាមៗនៅនឹងកន្លែង។ ចំណែកឯមធ្យោបាយធ្វើដំណើរទាំងពីរវិញ បានរងការខូចខាតយ៉ាងដំណំ ដោយម៉ូតូខ្ទាតចេញឆ្ងាយពីរថយន្ត និងរថយន្តបានបាក់កាងព្រមទាំងបែកចង្កៀងផ្នែកខាងមុខ។
ភ្លាមៗនោះ ក្រុមគ្រូពេទ្យសង្គ្រោះបឋមបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីផ្តល់ការសង្គ្រោះបន្ទាន់ និងបានប្រើប្រាស់អង្រឹងសង្គ្រោះដើម្បីសែងជនរងគ្រោះឡើងរថយន្តសាមុយ បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតជាប្រញាប់។
ក្រោយការកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ដើម្បីសម្របសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងធ្វើការវាស់វែងតាមបច្ចេកទេស។ ខណៈនោះដែរ តំណាងក្រុមហ៊ុនធានារ៉ាប់រងខាងភាគីរថយន្ត ក៏បានបង្ហាញខ្លួនដើម្បីសម្របសម្រួល និងចូលរួមដោះស្រាយផលប៉ះពាល់ផ្សេងៗ។
បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿង (រថយន្ត និងម៉ូតូ) ត្រូវបានសមត្ថកិច្ចស្ទួច និងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕