04/02/2024
ជម្ពូទ្វីបជាឈ្មោះដែលមនុស្សទូទៅនៅក្នុងសម័យបុរាណ ហៅឈ្មោះប្រទេសឥណ្ឌា ដែលមានអត្ថន័យទ្វីបដើមជម្ពូ ឬទ្វីបដែលមានសណ្ឋានដូចជាដើមជម្ពូ។ នៅពេលបច្ចុប្បន្នបានដល់ប្រទេសទាំង ៤ គឺ ឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ និងប្រទេសបង់ក្លាដែស។ ដែលនៅអំឡុងពេលខ្លះ ព្រះមហាក្សត្រឥណ្ឌាមានឥទ្ធិពលអំណាចទៅលើប្រទេសអាហ្វហ្កានីស្ថានក៏ត្រូវបានរួមបញ្ចូលមកផងដែរ។ ដូចជាសម័យព្រះបាទអសោកមហារាជ ព្រះបាទមិលិន្ទ ព្រះបាទកនិស្កៈ និងព្រះបាទអ័កបារ៍ជាដើម។ ជម្ពូទ្វីប ឬ ឥណ្ឌា ស្ថិតនៅទិសភាគខាងលិចរបស់ប្រទេសថៃ។ នៅពេលបច្ចុប្បន្នពាក្យថា “ជម្ពូទ្វីប” នៅក្នុងប្រទេសឥណ្ឌាមិនត្រូវបានគេស្គាល់ច្រើនប៉ុន្មាននោះទេ លើកលែងតែចំពោះអ្នកសិក្សាប៉ុណ្ណោះ។ ប៉ុន្តែ ជនជាតិឥណ្ឌានឹងស្គាល់ច្បាស់ “ពាក្យថា ភារតប្រទេស” ដែលប្រែថា ប្រទេសរបស់ព្រះបាទភរ័តច្រើនជាង។ ព្រោះជាឈ្មោះដែលក្លាយមកពីឈ្មោះរបស់ព្រះបាទភរ័តនៃរាជវង្សបាណ្ឌព (Pandava) ពីរឿងមហាភារតៈ។ តាមការពិត ពាក្យដែលហៅឈ្មោះប្រទេសឥណ្ឌាមានឈ្មោះជាច្រើន ដូចជា ភារតៈ ហិណ្ឌូស្ថាន ឥណ្ឌា។ ចំណែកពាក្យថា “ឥណ្ឌា” ឃ្លាងឃ្លាតមកពីពាក្យថា សិន្ធុ (Sindhu) ដែលជាឈ្មោះទន្លេដ៏សំខាន់នៅភាគខាងជើងរបស់ប្រទេសឥណ្ឌា។ ជនជាតិប៉ើរ៍សៀនិយាយភ្លាត់ទៅជា ឥណ្ឌា ជនជាតិហូលឡង់ហៅថា ឥណ្ដាស់ និងជនជាតិអងគ្លេសហៅថា ឥណ្ឌាតាមលំដាប់។
ជម្ពូទ្វីបសម័យមុន និង សម័យពុទ្ធកាល បែងចែកការគ្រប់គ្រងជាដែនដែលមានទំហំខុសៗពីគ្នា។ ដែនខ្លះមានផ្ទៃដីធំទូលាយ និងមានអំណាចរឹងមាំ អាចរួបរួមដែនតូចៗឱ្យមកនៅក្នុងអំណាចរបស់ខ្លួនបាន ចំណែកដែនខ្លះមានទំហំតូច។ ដែនធំៗទាំងអស់មាន ១៦ ដែន គឺ ១. អង្គៈ, ២. មគ្គធៈ, ៣. កាសី, ៤. កោសល, ៥. វជ្ជី, ៦. មល្លៈ, ៧. ចេតី, ៨. វំសៈ, ៩. កុរុ, ១០. បញ្ចាលៈ, ១១. មច្ឆៈ, ១២. សុរសេនៈ, ១៣. អស្សកៈ, ១៤. អវន្តី, ១៥. គន្ធារៈ, ១៦. កម្ពូជៈ, ហើយនិងមានដែនតូចៗដទៃ ៥ ដែនទៀត គឺ ១. ដែនសក្កៈ, ២. ដែនកោលិយៈ, ៣. ដែនភគ្គៈ, ៤. វិទេហៈ, និង ៥. ដែនអង្គុត្តរាបៈ នគរព្រះបិតារបស់ព្រះពុទ្ធអង្គនៅក្នុងដែនតូចៗនេះ។ អាណាចក្រទាំងអស់នេះគ្រប់គ្រងនៅក្នុងរបបរាជាធិបតេយ្យដ៏បរិបូរណ៍។ គឺព្រះរាជាមានអំណាចផ្ដាច់ការខ្លះ របបសាមគ្គីធម៌ គឺមានសភាជាទីប្រឹក្សាខ្លះ របបប្រជាធិបតេយ្យខ្លះ ប៉ុន្តែភាគច្រើនគឺជារបបរាជាធិបតេយ្យដ៏បរិបូរណ៍។ ដោយហេតុតែព្រះពុទ្ធសាសនា ចាប់កំណើតនៅក្នុងផែនដីឥណ្ឌា ទើបយើងគួរសិក្សាពីប្រវត្តិសាវតាររបស់ឥណ្ឌានៅក្នុងសម័យមុនការកកើតរបស់ព្រះពុទ្ធសាសនាដោយសង្ខេបដូច្នេះ។