25/07/2025
ថៃ ទម្លាក់គ្រាប់បែកចង្កោម ធ្វើឱ្យខូចខាតទីអារាម និងទីប្រជុំជនកម្ពុជា
ភ្នំពេញ៖ តំបន់ទីប្រជុំជនកម្ពុជា និងវត្តអារាម នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែន រងការខូចខាតដោយសារថៃ ប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្ទុយពីអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions - CCM)។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា នាម៉ោង១២៖៣០នាទី ថ្ងៃទី២៥ កក្កដានេះ។
បើតាមលោកស្រី ម៉ាលី សុជាតា ភាគីថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់ វាយប្រហារមកលើកម្ពុជា ជាពិសេសការប្រើប្រាស់គ្រាប់បែកចង្កោមនេះ ជារំលោភលើអនុសញ្ញាស្តីពីគ្រាប់បែបចង្កោម និងប្រឆាំងការគោរពសិទ្ធិមនុស្ស។ អ្នកនាំពាក្យក្រសួងការពារជាតិ ស្នើឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសលើសកម្មភាពថៃឈ្លានពានកម្ពុជា ដោយមិនស្ទាក់ស្ទើរ ហើយស្នើឱ្យថៃបញ្ឈប់សកម្មភាពសាហាវឃោឃៅនេះ ជាបន្ទាន់។