08/09/2026
មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» តើមិនគួរផ្ទៀងផ្ទាត់អធិបតេយ្យភាពទឹកដីជាមុនទេឬ?
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯកឧត្តម នេត ភក្រ្តា បានលើកឡើងថា បញ្ហា Online Scams គួរត្រូវបានស៊ើបអង្កេត និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ហើយអ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមមុខនឹងច្បាប់។
ប៉ុន្តែ តាមជំហរដែលបានលើកឡើង ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម មិនគួរត្រូវបានយកមកធ្វើជាហេតុផល ដើម្បីបិទបាំង ឬធ្វើឱ្យស្របច្បាប់ចំពោះសកម្មភាពប៉ះពាល់ដល់អធិបតេយ្យភាពរបស់រដ្ឋមួយទៀតឡើយ។
និយាយឱ្យខ្លី៖
ប្រឆាំង Online Scams គឺជារឿងមួយ។ បញ្ហាអធិបតេយ្យភាពទឹកដី គឺជារឿងមួយទៀត។
ចំណុចដែលក្រសួងព័ត៌មានកម្ពុជាចង់ឱ្យមានការផ្ទៀងផ្ទាត់ គឺមុននឹងពិនិត្យថា «នៅក្នុងអគារមានអ្វី?» គួរតែពិនិត្យជាមុនថា «អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា?»
ជាពិសេស កម្ពុជាបានលើកឡើងពីករណីនៅតំបន់ អូរស្មាច់ ដោយអះអាងថា មានការនាំអនុព័ន្ធយោធាបរទេស និងមន្ត្រីអនុវត្តច្បាប់ទៅកាន់ទីតាំងមួយចំនួន ព្រមទាំងការដាក់កុងតឺន័រ លួសបន្លា ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
កម្ពុជាក៏បានជំទាស់ចំពោះការនាំអ្នកសារព័ត៌មានថៃ និងបរទេសចូលទៅកាន់ទីតាំងទាំងនោះដោយភាគីថៃ ដោយអះអាងថា ការនាំអ្នកសារព័ត៌មានទៅមើលទីតាំងមួយ មិនអាចបង្កើតអធិបតេយ្យភាពលើទីតាំងនោះបានឡើយ។
តើការផ្ទៀងផ្ទាត់ព័ត៌មាន គួរចាប់ផ្តើមពីអ្វីដែលមាននៅក្នុងអគារ ឬចាប់ផ្តើមពីសំណួរថា តើទីតាំងនោះស្ថិតក្រោមអធិបតេយ្យភាពរបស់អ្នកណា?
ជំហររបស់កម្ពុជាគឺថា ការគ្រប់គ្រងដោយកម្លាំង មិនអាចកំណត់ព្រំដែនថ្មីបានទេ ហើយបញ្ហា Online Scams មិនគួរត្រូវបានប្រើជាវាំងនន ដើម្បីបំបាំងសំណួរអំពីអធិបតេយ្យភាពទឹកដីឡើយ។
Online Scams ត្រូវបង្ក្រាប។ អធិបតេយ្យភាពក៏ត្រូវការពារ។ កុំយករឿងពីរមកច្រឡំគ្នា។
#កម្ពុជា #អូរស្មាច់ #អធិបតេយ្យភាព #ព័ត៌មានកម្ពុជា