11/08/2026
សារពីចិត្តអ្នកម្ដាយម្នាក់ដល់កូនៗ និងក្មួយៗទាំងអស់ក្នុងថ្ងៃប្រឡងបាក់ឌុប
ថ្ងៃនេះ ជាថ្ងៃប្រឡងដ៏មានសារៈសំខាន់ក្នុងជីវិតរបស់កូនៗ ប៉ុន្តែសម្រាប់លោកឪពុកអ្នកម្ដាយខ្លះ ព្រោះតែភារកិច្ចមមាញឹក ឬកាលៈទេសៈផ្សេងៗ ពួកគាត់មិនអាចអមដំណើរ ឬទៅឈរចាំមុខមណ្ឌលប្រឡងផ្ទាល់ដូចគេឯងបានទេ។ ក្នុងនាមជាម្ដាយម្នាក់ដែលមិនបានជូនកូនទៅប្រឡងផ្ទាល់ដែរ មីងយល់ច្បាស់ណាស់ពីអារម្មណ៍នេះ!
ទោះបីជាពួកយើងនៅផ្ទះមិនបានទៅឈរចាំនៅមុខមណ្ឌលប្រឡងក៏ពិតមែន ប៉ុន្តែបេះដូង និងកម្លាំងចិត្តរបស់ពួកយើងគឺនៅជាមួយកូនៗជានិច្ចមិនឃ្លាតឡើយ។ នៅផ្ទះ ពួកយើងអង្គុយរង់ចាំដោយអន្ទះសា រង់ចាំស្ដាប់ដំណឹង និងទន្ទឹងរង់ចាំមើលផ្លូវព្រមទាំងលទ្ធផលដ៏ល្អដែលកូនៗខិតខំប្រឹងប្រែងតស៊ូរៀនសូត្រប៉ុន្មានឆ្នាំមកនេះ។
ប្អូនៗ និងកូនៗទាំងអស់គ្នាអើយ!
កុំមានការតូចចិត្ត ឬអន់ចិត្តជាដាច់ខាត នៅពេលដែលឃើញឪពុកម្ដាយគេមកចាំមើល ឬជូនមកដល់មណ្ឌលប្រឡង ខណៈដែលឪពុកម្ដាយយើងរវល់ធ្វើការ ឬជាប់រវល់ការងារផ្សេងៗ។ ការដែលពួកគាត់ខិតខំរកស៊ី មមាញឹក ឬផ្ដល់សេរីភាពឱ្យយើងម្ចាស់ការលើខ្លួនឯង គឺដើម្បីអនាគត និងជាកម្លាំងជំរុញចិត្តដ៏ធំបំផុតរបស់យើងទៅហើយ
ចូរយកភាពនឹករលឹក និងក្ដីស្រឡាញ់ពីចម្ងាយរបស់លោកឪពុកអ្នកម្ដាយនៅផ្ទះ មកធ្វើជាអាវុធ និងកម្លាំងចិត្តដ៏រឹងមាំក្នុងការដោះស្រាយវិញ្ញាសាថ្ងៃនេះ។
ស៊ូៗឡើងកូនៗ និងក្មួយៗទាំងអស់គ្នា! ធ្វើឱ្យអស់ពីលទ្ធភាព បង្ហាញសមត្ថភាពដែលកូនមានឱ្យអស់ពីពោះវៀន។ ពួកគាត់នៅផ្ទះកំពុងតែទន្ទឹងរង់ចាំសាទរ និងញញឹមអបអរសាទរជោគជ័យជាមួយកូនៗជានិច្ច! 💚✨