09/11/2023
ប្អូនៗដែលប្រឡងបាក់ឌុបមានឆ្ងល់ទេថាតើអប្បមាទគឺជាអ្វី?
«អប្បមាទ» ជាពាក្យមួយដែលក្រសួងអប់រំ យុវជន និងកីឡា យកមកប្រើលើកដំបូងក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ពាក្យនេះនៅក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានពន្យល់លម្អិតថា ជាសេចក្តីមិនធ្វេស មិនប្រហែស ការមិនធ្វេសស្មារតី ការប្រុងប្រយ័ត្នជានិច្ច ការប្រុងមិនឲ្យភ្លាំងភ្លាត់។
ជំនួយការអប្បមាទមានតួនាទីឆែកឆេររកសំណៅឯកសារនៅលើដងខ្លួនបេក្ខជននៅខាងមុខខ្លោងទ្វារមណ្ឌល នឹងឈរតាមមាត់បង្អួចឬមាត់ទ្វារដើម្បីសង្កេតមើលរាល់សកម្មភាពមិនប្រក្រតីរបស់បេក្ខជនក្នុងកំឡុងពេលដំណើរការសរសេរចាប់ផ្ដើម បើសិនឃើញមានភាពមិនប្រក្រតីណាមួយរបស់បេក្ខជន ឬក៏អនុរក្ស ជំនួយការអប្បមាទត្រូវរាយការណ៍ជូនអគារនុរក្ស នឹងប្រធានអប្បមាទប្រចាំមណ្ឌលភ្លាមៗ។
អ្នកដែលត្រូវបានជ្រើសរើសដើម្បីធ្វើជាអប្បមាទគឺត្រូវតែជាគរុសិស្ស នឹងគរុនិស្សិតដែលបានប្រឡងជាប់ក្នុងការចូលធ្វើជាគ្រូបង្រៀន នឹងកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលគ្រូបង្រៀនមានដូចជាវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យ នឹង សាលាវិក្រឹតការខេត្ត មិនមែនរើសអ្នកស្ម័គ្រចិត្តដើម្បីមកធ្វើឡើយ។អប្បមាទទូទាំងប្រទេសមានពាក់ប៉ានដៃក្រហមនៅខាងឆ្វេងមានពាក្យច្បាស់ៗថា ‘អប្បមាទ’។
អប្បមាទមិនអាចនិយាយជាមួយបេក្ខជនបានឡើយកំឡុងពេលដំណើរការសរសេរចាប់ផ្ដើម ក្នុងករណីគេចាប់បានអាចនឹងមានទោស។