05/07/2025
កម្ពុជាដាក់សំណុំរឿងប្រាសាទព្រះវិហារទៅ ICJ (០៦ ខែតុលា ឆ្នាំ១៩៥៩)⚖️
នៅឆ្នាំ១៩៥៤ មួយឆ្នាំប៉ុណ្ណោះក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំង សៀម បានចូលឈ្លានពានកាន់កាប់ប្រាសាទ ព្រះវិហារ ដោយបំពានធម្មនុញអង្គការសហប្រជាជាតិ និងមូលដ្ឋានគតិយុត្តិអន្តរជាតិទាំងស្រុង។ អស់រយៈកាល ០៤ឆ្នាំកន្លងទៅដោយមើលឃើញថាសៀមមិនព្រមដកទ័ពចេញពីប្រាសាទព្រះវិហារ ព្រះបាទ នរោត្តម សីហនុ ក៏បានសម្រេចចិត្តដាក់បញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩ ជាឯកតោភាគី។ ភាគីថៃមិនព្រមចូលតុលាការនោះទេនាពេលនោះ ថែមទាំងមិនទទួលយកយុត្តាធិការរបស់តុលាការថែមទៀតដោយបានច្រានចោលនៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ ផ្ទុយពីភាគីសៀម កម្ពុជាព្រមទទួលយកយុត្តាធិការរបស់តុលាការនឹងគោរពរាល់សេចក្តីសម្រេចរបស់តុលាការនាពេលនោះ។ ទង្វើរបស់ សៀម កន្លែងនេះបានបញ្ជាក់យ៉ាងច្បាស់ណាស់លើចំណុចមួយគឺថា “គ្មានចោរឯណា ដែលហ៊ានប្រកាសប្រាប់តុលាការថាវាជាចោរនោះទេ” ។ ចំណុចខ្សោយរបស់តុលាការ ICJ នៅត្រង់ថា លុះត្រាតែភាគីទាំងពីរសម្រេចដឹកដៃគ្នាយកសំណុំរឿងរបស់ពួកគេទៅឲ្យតុលាការដោះស្រាយទើបតុលាការអាចដំណើរការកាត់ក្តីឲ្យបាន នៅក្នុងន័យនេះទាល់តែកម្ពុជា និងថៃព្រមព្រៀងគ្នាយកបញ្ហាប្រាសាទព្រះវិហារនេះដាក់ជូនឲ្យតុលាការដោះស្រាយរួមគ្នាទើបតុលាការដំណើរការបាន។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏តុលាការរកឃើញថាតុលាការមានយុត្តាធិការវិនិច្ឆ័យលើវិវាទដែលបានដាក់ជូនតុលាការកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩ តាមពាក្យសុំរបស់រដ្ឋាភិបាលកម្ពុជា ហើយតុលាការក៏បានសម្រេចចិត្តយកថ្ងៃទី ០១ ខែមីនា ឆ្នាំ១៩៦២ បើកសាវនាជាសាធារណៈលើវិវាទនេះ។
ជ័យជំនះជាប្រវត្តិសាស្រ្ត🏆
ឥឡូវយើងចូលមកក្នុងសវនាការវិញម្តងថាមានអ្វីកើតឡើង! នាពេលនោះភាគីថៃបដិសេធមិនទទួលស្គាល់ផែនទី ១១ ផ្ទាំងដែលកើតចេញពីលទ្ធផលនៃគណៈកម្មការចម្រុះបារាំង-សៀមទៅវិញ ហើយពួកគេបែជាលើកឡើងថាផែនទីនេះគូរដោយឯកតោភាគីពុំមានភាគីថៃចូលរួមគូរនោះទេ។ នៅត្រង់នេះយើងចង់បញ្ជាក់បងប្អូនបន្តិចថា ការវាស់វែងផែនទី និងការគូរផែនទី ជាការងារពីរខុសពីគ្នា ក៏ប៉ុន្តែការគូរផែនទីដំណើរការទៅបានលុះត្រាតែគេបានធ្វើការវាស់វែងរួចរាល់ហើយ ដូចគ្នាអ៊ីចឹងដែរផែនទី ១១ ផ្ទាំងដែលបារាំងគូរចេញមកនេះគឺកើតចេញពីលទ្ធផលនៃការវាស់វែងរបស់គណៈកម្មការចម្រុះ ហើយការគូរផែនទីទាំង១១ផ្ទាំងនេះ ភាគីថៃទេតើដែលជាអ្នកសុំឲ្យគណៈកម្មការបារាំងគូសចេញមកដោយភាគី ថៃ ពុំមានលទ្ធភាពគូរវាចេញមកខ្លួនឯងនាពេលនោះ។ ក្នុងការគូរផែនទីនេះរដ្ឋភិបាលបារាំងបានចាត់វិធានការឲ្យក្រុមមន្រ្តីយោធាបារាំងមួយក្រុមមានគ្នា៤នាក់ដែលក្នុងនោះមាន ៣នាក់ធ្លាប់ជាសមាជិករបស់គណៈកម្មការចម្រុះ ហើយផែនទី១១ ផ្ទាំងនេះក៏បានបញ្ចប់នៅចុងសរទរដូវឆ្នាំ១៩០៧ និងត្រូវបានបោះពុម្ពផ្សាយយ៉ាងទំលំទូលាយដោយក្រុមហ៊ុនគូរផែនទីដ៏ល្បីល្បាញរបស់បារាំងមួយដែលមានឈ្មោះថា H. Barrère ។ មិនតែប៉ុណ្ណោះទេផែនទីនេះត្រូវបានផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងគណៈកម្មការចម្រុះ និងបានជូនដំណឹងដល់ស្ថានបេសកកម្មការទូតសៀមអមរដ្ឋាភិបាលអង់គ្លេស អាឡឺម៉ង់ រុស្ស៊ី និងអាមេរិកផងដែរ។
នៅមានលេសជាច្រើនផ្សេងទៀតដែលសៀមបដិសេធលើផែនទីដែលកម្ពុជាប្រើជាមូលដ្ឋានក្នុងរឿងក្តីមានជាអាទិ៍ សៀមថាផែន ឧបសម្ព័ន្ធ១ សៀមមិនដឹងថាប្រាសាទព្រះវិហារស្ថិតក្នុងដែនអធិបតេយ្យកម្ពុជានោះទេដោយយកលេសថា ជាការភាន់ច្រឡំទៅវិញ និងលេសដ៏គួរឲ្យអស់សំណើចជាងនោះគឺថា ផែនទីដែលសៀមទទួលបានពីក្រុងប៉ារីសនោះបានឃើញតែពីមន្រ្តីតូចតាចដែលមិនមានជំនាញខាងផែនទីតែប៉ុណ្ណោះ និងពួកគេមិនបានដឹងអ្វីទាំងអស់ពីប្រាសាទព្រះវិហារនេះ។ ប្រការនេះ តុលាការមិនអាចទទួលយកនូវការជំទាស់នេះទេ ទាំងអង្គហេតុ ទាំងអង្គច្បាប់។ ផ្ទុយពីសៀម តុលាការរកឃើញថាផែនទីទាំងនោះមិនត្រូវបានឃើញតែមន្រ្តីតូចតាចនោះទេ ប្រវត្តិនៃរឿងរ៉ាវនេះបង្ហាញយ៉ាងច្បាស់ថាមានបុគ្គលជាច្រើនដែលបានឃើញផែនទីទាំងនោះដូជា ព្រះអង្គម្ចាស់ ដេ វ៉ាវង្សសេ ជារដ្ឋមន្រ្តីការបរទេស ព្រះអង្គម្ចាស់ដាម រ៉ុង ជារដ្ឋមន្រ្តីមហាផ្ទៃ ព្រមទាំងសមាជិកគណៈកម្មការចម្រុះទី១ សមាជិកសៀមរបស់គណៈកម្មការប្រតិចារឹក និងបានសន្និដ្ឋានផងដែរថា ផែនទីឧបសម្ព័ន្ធ១នេះ ត្រូវបានឃើញដោយអភិបាលខេត្ត ខូកខាន់ (Khukhan) ជាខេត្តរបស់សៀមដែលជាប់នឹងតំបន់ប្រាសាទព្រះវិហារ ហើយក្នុងនេះគ្មានបុគ្គលណាមួយជាមន្រ្តីតូចតាចទេ។
រឿងក្តីដំបានណើរការយ៉ាងស្វិតស្វាញជាទីបំផុតភាគីបដិបក្សបានតស៊ូរៀងៗខ្លួននៅទីបំផុតតុលាការបានចេញសាលដីការសម្រេចចុងក្រោយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ ដូចតទៅនេះ៖
“ដោយបោះឆ្នោតសម្លេង ៩ ទល់ ៣ រកឃើញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា។
ដោយបោះឆ្នោតសម្លេង ៩ ទល់ ៣ ថា ប្រទេសថៃមានកាតព្វកិច្ចដករាល់កម្លាំងនគរបាល ឬទាហាន ឬឆ្មាំ ឬអ្នកថែរក្សាដទៃទៀត ដែលបោះទីតាំងនៅប្រាសាទព្រះវិហារ ឬនៅទីជិតខាងក្បែរប្រាសាទ ក្នុងទឹកដីកម្ពុជា។
ដោយបោះឆ្នោតសម្លេង ៧ ទល់ ៥ ប្រទេសថៃមានកាតព្វកិច្ចប្រគល់សងមកឲ្យកម្ពុជាវិញនូវរាល់វត្ថុបុរាណគ្រប់ប្រភេទដែលបានបញ្ជាក់ក្នុងឯកសារស្នើទី៥របស់កម្ពុជាដែលអាចត្រូវបានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទដោយអាជ្ញាធរថៃ ចាប់តាំងពីថ្ងៃកាន់កាប់ប្រាសាទដោយប្រទេសថៃ ឆ្នាំ១៩៥៤ មក”។
សរុបជារួមមករឿងក្តីនេះជាជោគជ័យដ៏ត្រចេះត្រចង់របស់កម្ពុជាលើប្រទេស ថៃ ដែលជាជនឈ្លានពានឱកាសនិយម ចាំតែលេបត្របាក់កម្ពុជាកន្លងមក។
ក៏ប៉ុន្តែ ថៃ ភ្លាមៗមិនទទួលស្គាល់សាលដីការបស់តុលាការនោះទេ បែជាឡាំប៉ាថាតុលាការកាត់ក្តីលំអៀងមកកម្ពុជាទៀតផង នៅត្រង់នេះបានបង្ហាញពីចរឹកពិតរបស់ ថៃ ថាជារដ្ឋមិនគោរពច្បាប់អន្តរជាតិ មាក់ងាយលើស្ថានប័នកំពូលរបស់អង្គការសហប្រជាជាតិ និងជារដ្ឋដែលមាននយោបាយជាការទូតក្មេងខ្ចី ការតស៊ូរបស់ប្រទេសថៃត្រូវបានគេមើលឃើញថាធ្វើឱ្យខូចដល់ច្បាប់អន្តរជាតិ ផ្ទុយមកវិញកម្ពុជាគោរពយ៉ាងពេញទំហឹងនូវសាលដីការបស់តុលាការ ព្រមទាំងបង្កើនភាពស្របច្បាប់កម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិ។ ហើយក៏ដោយសារមានសម្ពាធយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ និងនយោបាយផ្ទៃក្នុងរបស់ថៃខ្លួនផង ទើបនៅទីបំផុត ថៃ ការព្រមទទួលយកសាលដីកានេះទាំងបង្ខំហើយ ពួកគេក៏បានដកទ័ព ឆ្មាំ ចេញពីប្រាសាទព្រះវិហារ ហើយភាពតានតឹងក៏បានស្ងប់ស្ងាត់មួយរយៈធំដែរ។
____________________________
Author: Veang Huor វៀង ហួរ
០៥ កក្តដា ២០២៥
____________________________