05/01/2024
ព្រះពុទ្ធដីកាក្នុងបិដកភាគ៣០ ទំព័រ២៦៩ ឃ្នាប[៣៨២]៖
“ យាទិសំ វប្បតេពីជំ តាទិសំ លភតេ ផលំ
កល្យាណការី កល្យាណំ បាបការី ច បាបកំ ” ។
“ បុគ្គលសាបព្រោះពូជបែបណា រមែងបានផ្កាផ្លែបែបនោះ
អ្នកធើ្វអំពើល្អរមែងបានផលល្អ អ្នកធើ្វអំពើអាក្រក់
រមែងបានផលអាក្រក់ ”។ ដូចជាការដាំដើមឈើអ៊ីចឹង
បុគ្គលដាំដើមឈើណា រមែងបានផកមកវិញ នូវដើមឈើនោះ បុគ្គលដាំដើមស្វាយ ប្រាកដជាបានផលមកវិញ នូវផ្លែស្វាយ...។
(គាថានេះជាពុទ្ធភាសិតក្នុងរូបឥសិភាសិត និងព្រះពោធិសត្វភាសិត ដែលព្រះពុទ្ធជាម្ចាស់នាំមកត្រាស់និទាន ប្រាកដក្នុងព្រះត្រៃបិដក ជាសេចក្ដីសម្ដែងគោលការណ៍រឿងកម្មបានយ៉ាងសង្ខេបច្បាស់លាស់ )
✿ ទស្សនៈ៤យ៉ាង ៖
∼ ព្រះពុទ្ធោវាទថា “ ខ្លួនទីពឹងខ្លួន”
∼ ពាក្យចាស់បូរាណថា“ ក្បាលអ្នកណាសក់អ្នកនោះ ”
∼ ទ្រឹស្តីយេស៊ូគ្រិស្តថា “ ជួយខ្លួនឯងបានទេីប ព្រះជួយ
តាមក្រោយ”
❐ ព្រះពុទ្ធត្រាស់ថា
“ អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយាអត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ” ។
∼ខ្លួនហ្នឹងឯងជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្ដេចបាន ព្រោះបុគ្គលមានខ្លួនហ្វឹកហ្វឹនល្អហើយរមែងបាននូវទីពឹង ដែលគេបានដោយកម្រ( បិដកលេខ ៥២ ទំព័រ៥៥ បន្ទាត់៩) ។
ដូចកាលដែលព្រះសម្មាសម្ពុទ្ធត្រូវពពួកមារមកផ្ចាញ់ព្រះអង្គជាដើម ថ្ងៃនោះសូម្បីពពួកទេវតាដែលមានបុណ្យបារមី ក៏រត់ចែកជើងគ្នាចោលព្រះពុទ្ធជាម្ចាស់ដែរ គឺទុកឱ្យទ្រង់នៅតែអង្គឯង ទាល់តែពួកមារចុះចាញ់ព្រះភគវា ទើបបានពួកទេវតា មកអប់អរនូវការឈ្នះមាររបស់ទ្រង់ ។ ដូចស៊ុន ឈាន នៃនគរអ៊ូ (ចិនសម័យនគរបី តាមភាសាសៀម សាមកុក) និយាយថា “ មានតែខ្លួនឯងខ្លាំងទេ ទើបគេព្រមមកជួយយើង ” ។
❐ ពាក្យចាស់បុរាណ “ ក្បាលអ្នកណា សក់អ្នកនោះ ” ពាក្យនេះត្បិតតែស្តាប់ទៅដូចជាពាក្យសម្រាប់បុគ្គលអាត្មានិយម មិនចេះជួយគ្នាជាដើម។ ល។ ក៏ប៉ុន្តែបើយើងគិតដល់ផ្លូវវិជ្ជមានពាក្យនេះ គឺសំដៅទៅដល់ការខិតខំប្រឹងប្រែងដោយបុគ្គលខ្លួនឯង ព្រោះមានតែខ្លួនឯងទេ ដែលជាទីពឹងនៃខ្លួនឯង អ្នកដទៃគ្រាន់តែចាំគាំទ្រ ឬជ្រោមជ្រែងយើងប៉ុណ្ណោះ ប៉ុន្តែបើយើងខ្លួនឯងពឹងផ្អែកតែលើអ្នកដទៃពេក មិនគិតគូរជួយខ្លួនឯងផងនោះ ប្រាកដណាស់ដល់ពេលអត់ពីអ្នកដទៃទៅ តើអ្នកនឹងទៅជាយ៉ាងណា? ដូចពាក្យគេថា គ្មាននរណាមកស្ទូចត្រីឱ្យយើងស៊ីរាល់ថ្ងៃនោះទេ បើយើងមិនព្រមរៀនស្ទូចត្រីដោយខ្លួនឯងនោះ ចុះបើអត់ពីគេស្ទូចឱ្យ តើថ្ងៃក្រោយអ្នកបានអ្វីស៊ី?
❐ ទ្រឹស្ដីយេស៊ូគ្រិស្ត “ ជួយខ្លួនឯងបានទេីបព្រះជួយតាមក្រោយ ” ប្រាកដណាស់ យើងសាកគិតមើល៍ បើយើងមិនទាំងជួយខ្លួនឯងផង តើព្រះណាមកជួយយើងបាន ។ ខ្លួនឯងមិនខំរៀនផង តើឱ្យអ្នកមកធ្លាក់ជំនួស ? គឺប្រាកដជាខ្លួនឯងហើយជាអ្នកធ្លាក់នោះ ។ បើចង់ឱ្យព្រះជួយ សូមជួយខ្លួនឯងសិនទៅ.....។
ប្រវត្តិសាស្ត្របានបញ្ជាក់ប្រាប់យើងថា មានតែយើងខ្លាំងទេទើបគេព្រមជួយ ឬអាចនិយាយម្យ៉ាងទៀតថា គ្មានអ្នកណាជួយយើងបានរហូតទេ បើល្គឹកណាយើងមិនព្រមជួយខ្លួនឯង និងមិនព្រមពង្រឹងខ្លួនឯងឱ្យខ្លាំង បើនៅតែធ្វើជាជនរងគ្រោះ រង់ចាំឱ្យគេជួយរហូតនោះ អ្នកនឹងគ្មានថ្ងៃរកឃើញភាពរឹងមាំ និងភាពខ្លាំងក្លារបស់ខ្លួនឯងឡើយ។ ការសុំក្តីអ្នកអាណិតអាសូរពីអ្នកដទៃ វាមិនបានបង្ហាញថាយើងជាមនុស្សទន់ភ្លន់ទេ តែផ្ទុយមកវិញវាមានតែបង្ហាញថា យើងជាមនុស្សទន់ខ្សោយ អន់កំសាកញី និងចាំតែគេបញ្ចុកបញ្សុីគ្រប់យ៉ាងទើបអាចរស់បាន។ នេះ បើគេជួយរហូតវាមិនអីទេ តែបើថ្ងៃណាមួយគេលែងជួយ នោះយើងអាចនឹងស្លាប់បានជាក់ជាមិនខានឡើយ។
◈ សរុបឱ្យខ្លីមកមានន័យថា “គ្មានទីពឹងណាដែលក្រៃលែង ល្អបំផុតដូចយើងពឹងលើខ្លួន” ។ បើប្រទេសជាតិសម្បូរទៅដោយជនពុករលួយតាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើ ប្រជាពលរដ្ឋគិតតែពីសប្បាយភ្លេចគិតដល់ស្រុកទេស ដល់តែប្រទេសវិនាស ទៅបន្ទោសបរទេស ថាគេមិនជួយ មិនគិតគូរដល់ខ្លួន........ ។
សមដូចព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធថា៖
“ បុគ្គលសាបព្រោះពូជបែបណា រមែងទទួលបានផលផ្លែផ្កាបែបនោះ ។ ច្រែះកើតពីដែកណា រមែងស៊ីដែកនោះ។ ភ្លើងកើតមកពីអុសណា រមែងបំផ្លាញអុសនោះ។ យ៉ាងណាមិញ អំពើអាក្រក់កើតពីបុគ្គលណា រមែងបំផ្លាញបុគ្គលនោះ ” ។
ប្រសាសន៍របស់លោក បណ្ឌិត កែម ឡី៖
ប្រសិនបើយើងបាត់ដី បើយើងក្រីក្រ ក្នុងស្ថានភាពបច្ចុប្បន្ន មិនមែនជាកំហុសមនុស្សជំនាន់នេះទេ វាជាកំហុសមនុស្សជំនាន់មុន។ ប៉ុន្តែបើជាមនុស្សជំនាន់នេះ ទាំងយុវជន ទាំងប្រជាជន ទាំងបញ្ញាជន បណ្តោយបន្តឱ្យបាត់បង់ ទាំងព្រៃ ទាំងរ៉ែ បន្តទៅទៀត វាជាកំហុសឆ្គងរបស់មនុស្សជំនាន់នេះ ។
✓ យើងត្រូវចាំថា មិនមែនកំហុសឆ្គងតែអ្នកដឹកនាំនោះទេ ( អ្នកដឹកនាំប្រព្រឹត្តខុសវាជាកំហុសមួយទេ ដែលគាត់ប្រព្រឹត្តបទល្មើស ) ប៉ុន្តែអ្នកដែលឃើញគេប្រព្រឹត្តខុសហើយនៅស្ងៀមវាជាកំហុសបន្ថែមទៅទៀត សម្រាប់មនុស្សជំនាន់នេះតែម្ដង៕
១᧴១(មិគសិរ) ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃអាទិត្យ ទី៣១ ខែធ្នូ គ.ស. ២០២៣
_______________________
✍DOEURM THEARA