12/28/2021
#ការពិតនៅពីក្រោយការប្តួលរំលំរបបប៉ុលពតថ្ងៃ៧មករា១៩៧៩
ក្រោយវៀតណាមលើកទ័ពមកផ្ដួលរបប ប៉ុល ពត នៅចុងឆ្នាំ១៩៧៨ វៀតណាមក៏រៀបចំរបបមួយថ្មីនៅកម្ពុជា ដែលគេស្គាល់ថាជារបប ហេង សំរិន។ ខ្មែរមួយចំនួនសម្រេចចិត្តនៅក្នុងស្រុក ខណៈខ្មែររាប់លាននាក់ទៀតបានរត់គេចកងទ័ពវៀតណាម និងបានភៀសខ្លួនទៅជាយដែនថៃ។ ការកាន់អំណាចរបស់ ប៉ុល ពត និងការលើកទ័ពចូលកម្ពុជាដោយវៀតណាមធ្វើអោយប្រជាជនកម្ពុជាទាំងនៅក្នុងស្រុក និងនៅជាយដែនថៃជួបគ្រោះអត់ឃ្លាន។ តែទោះជាយ៉ាងណាក៏ដោយ របប ហេង សំរិន និងវៀតណាមបានលើកឡើងថា រឿងគ្រោះអត់ឃ្លានរបស់ប្រជាជនកម្ពុជា គឺគ្រាន់តែជាការឃោសនារបស់ពួកចក្រព័ត្តិនិយមអាមេរិកតែប៉ុណ្ណោះ។
ដោយសារបញ្ហាគ្រោះអត់ឃ្លាននេះ សាំងកាពួរ និងប្រទេសមួយចំនួនទៀតបានរៀបចំសន្និសីទមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៨០ ដើម្បីកៀរគររកជំនួយសម្រាប់ខ្មែរដើម្បីជួយសម្រាលបន្ទុកភាគីថៃ ដែលជួបនឹងវត្តមានជនភៀសខ្លួនខ្មែររាប់លាននាក់នៅតាមព្រំដែន។ សាំងកាពួរ និងប្រទេសដទៃទៀតបានអញ្ជើញវៀតណាមអោយចូលរួមសន្និសីទនេះដែរ និងស្នើអោយវៀតណាមសហការណ៍អោយអង្គការមនុស្សធម៌អន្តរជាតិនានាបានចូលផ្ដល់ជំនួយដល់ប្រជាជនកម្ពុជា តែវៀតណាមបដិសេធ និងធ្វើពហិកាសន្និសីទនេះ។ វៀតណាមលើកឡើងថា ជំនួយគ្រប់យ៉ាងពីសហគមន៍អន្តរជាតិសម្រាប់ប្រជាជនកម្ពុជាត្រូវតែរបប ហេង សំរិន ឬវៀតណាមជាអ្នកចែក។
សាំងកាពួរ និងប្រទេសនានាបានបដិសេធលក្ខខ័ណ្ឌរបស់វៀតណាម។ សម្រាប់សាំងកាពួរ ការយល់ព្រមទទួលយកនូវការទាមទាររបស់វៀតណាម គឺស្មើនឹងការទទួលស្គាល់របប ហេង សំរិន និងការទទួលស្គាល់ថា ការដែលវៀតណាមលើកទ័ពចូលស្រុកខ្មែរ និងការកាន់កាប់ស្រុកខ្មែរដោយទ័ពវៀតណាមជាអំពើស្របច្បាប់ ដូច្នេះហើយទើបសាំងកាពួរបដិសេធ។ ម្យ៉ាងវិញទៀត សាំងកាពួរយល់ឃើញថា បើជំនួយអន្តរជាតិចូលតាមរយៈវៀតណាម ឬតាមរបប ហេង សំរិន នោះជំនួយនឹងត្រូវយកទៅចិញ្ចឹមទ័ពវៀតណាមទាំងជិត ២០ម៉ឺននាក់ដែលកំពុងកាន់កាប់ស្រុកខ្មែរ ជាជាងយកទៅដល់ដៃប្រជាជនខ្មែរ។
នៅក្នុងសន្និសីទក្រុងហ្សឺណែវនាពេលនោះ លោក រ៉ាចារ៉ាតណាម (R. Rajaratnam) ជារដ្ឋមន្ត្រីការបរទេសសាំងកាពួរបានលើកឡើងថា ការរៀបចំសន្និសីទនេះធ្វើអោយវៀតណាមដឹងថា សហគមន៍អន្តរជាតិខ្វល់ខ្វាយពីជីវិតប្រជាជនខ្មែរ ដូច្នេះហើយទើបវៀតណាមយកចំណុចនេះមក«ច្របាច់ក (blackmail)» អោយអន្តរជាតិទទួលស្គាល់របប ហេង សំរិន និងទទួលស្គាល់ការកាន់កាប់កម្ពុជារបស់ខ្លួន។ លោកបានហៅទង្វើនេះថា វៀតណាមបាន«យកជីវិតប្រជាជនកម្ពុជាមកលេងសើច (play dice with Kampuchean lives)»។
លោក រ៉ាចារ៉ាតណាម ក៏បានគូសរំលេចនូវចំណុចផ្ទុយគ្នានៃការលើកឡើងរបស់វៀតណាម និងរបប ហេង សំរិន ដែរថា ពួកគេបានបដិសេធថា ប្រជាជនកម្ពុជាមិនបានជួបគ្រោះអត់ឃ្លានទេ តែបែរជាទាមទារអោយជំនួយសប្បុរសធម៌ត្រូវតែពួកគេជាអ្នកចែកទៅវិញ។ ជាចុងក្រោយ សាំងកាពួរអំពាវនាវអោយប្រទេសនានាផ្ដល់ជំនួយដល់ប្រជាជនកម្ពុជា ដោយមិនគួរទុកអោយភាគីថៃទទួលបន្ទុកតែម្នាក់ឯងទេ។ លោក រ៉ាចារ៉ាតណាម បានលើកឡើងថា ជំនួយនេះមិនត្រឹមតែជួយខ្មែរនៅតាមជំរុំព្រំដែនថៃទេ តែក៏មានខ្មែរមួយចំនួនបាននាំយកជំនួយនេះចូលក្នុងទឹកដីកម្ពុជា ដែលជាការជួយដល់ខ្មែររាប់ម៉ឺននាក់ផ្សេងទៀត។
អានបន្ថែមសន្ទរកថារបស់លោក រ៉ាចារ៉ាតណាម (R. Rajaratnam) អតីតរដ្ឋមន្ត្រីការបរទេសសាំងកាពួរ៖
-Speech by Former Foreign Minister R. Rajaratnam at the Geneva conference on May 26, 1980.