ធម្មយាត្រា Dhammayietra

ធម្មយាត្រា Dhammayietra ផេកនេះសម្រាប់ផ្សប់ផ្សាយព្រះធម៌ ផេកនេះសម្រាប់ផ្សប់ផ្សាយព្រះធម៌និងគណធម្មយាត្រាផ្សេងៗ
This page for Dhamma show and Dhammayietra

វិសាខបូជា VISAKA PŪJĀ ☸️ពុទ្ធប្បវត្តិ (អំពីទ្រង់ប្រសូតិ,ត្រាស់​ដឹង,បរិនិព្វាន)🙏 ១- អំពីទ្រង់ប្រសូតិ ព្រះសិទ្ធត្ថ (សម្មាស...
05/10/2024

វិសាខបូជា VISAKA PŪJĀ
☸️ពុទ្ធប្បវត្តិ (អំពីទ្រង់ប្រសូតិ,ត្រាស់​ដឹង,បរិនិព្វាន)
🙏 ១- អំពីទ្រង់ប្រសូតិ
ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ទ្រង់ចាប់​ប្រតិសន្ធិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេញ​បូណ៌មី ខែអាសាខ ឆ្នាំរកា មុនពុទ្ធសករាជ ៨០ ឆ្នាំជាព្រះរាជបុត្រនៃ​ព្រះបាទសុទ្ធោទនៈ និងព្រះនាង​មាយាទេវី ព្រះរាជា​នៃ​សក្យវង្ស គ្រងក្រុងកបិលភស្ដុ ដែនសក្កៈ គឺ​ប្រទេស​នេប៉ាល់​សព្វ​ថ្ងៃ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែពិសាខ ឆ្នាំច នាលុម្ពិនីវ័នឧទ្យាន ដែល​ឋិត​នៅ​ក្នុង​អាណាខេត្រ​នៃ​ប្រទេស​នេប៉ាល់ ជិត​ព្រំប្រទល់​នេប៉ាល់ នឹង​ឥណ្ឌៀ​សម័យ​បច្ចុប្បន្ន។
ការ​ប្រសូត​នៃ​ព្រះសិទ្ធត្ថ​កើត​មាន​ឡើង​ក្នុង​ពេល​ព្រះនាង​មាយាទេវី​ជា​ព្រះវរមាតា​ទ្រង់​ធ្វើ​ដំណើរ​ដោយ​រាជ​បរិពារ ចេញ​ពី​ក្រុង​កបិលពស្ដុ រាជធានី​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះស្វាមី ទៅ​កាន់ទេវទហៈ​ព្រះរាជធានី​ព្រះរាជបិតា​របស់​ព្រះនាង។ កាល​ព្រះនាង​យាង​ដល់​លុម្ពិនីវ័ន ត្រង់​ព្រំដែល​កបិលពស្តុនឹង​ទេវទហៈ, វេលាថ្ងៃ​ត្រង់​ជាក់ ព្រះនាង​ក៏​ប្រសូត​ព្រះរាជ​បុត្រ​ពិសិដ្ឋ​ គឺ "​ព្រះសិទ្ធត្ថ" ក្រោម​ដើម​សាលព្រឹក្ស​ ១ ដើម។
ក្នុង​ពុទ្ធសករាជ ២៩៣ មុនគ្រិស្តសករាជ ២៥០ ឆ្នាំ ព្រះបាទអសោក​រាជាធិរាជ​ប្រទេសឥណ្ឌៀបានទ្រង់ស្ដេចយាង​ទៅកាន់លុម្ពិនីវ័ន ទ្រង់​បាន​ចារឹកសសរថ្ម ១ កំពស់ប្រមាណ ១០ ម៉ែត្រ ទុកជាទីសំគាល់​នៅ​ទី​ប្រសូត​នៃ​ព្រះសក្យមុនីសម្ពុទ្ធ ជា​ពុទ្ធបូជនីយដ្ឋានទី ១ សម្រាប់​ពុទ្ធបូជនីយេស​ក៏​នានា​​ធ្វើ​ពុទ្ធបូជា។
🙏 ២- អំពី​ទ្រង់​បាន​ត្រាស់​ដឹង
កាល​ព្រះសិទ្ធត្ថ​រាជមានវ័យ​ចម្រើន​ឡើង​ទ្រង់​សិក្សា​វិជ្ជា​អក្សរសាស្ត្រ​នឹង​វិជ្ជា​យុទ្ធសាស្ត្រ​ក្នុង​សំណាក់​សាស្ត្រាចារ្យ​នាម "វិស្វាមិត្រ" លុះ​មាន​ព្រះជន្ម ១៦ ឆ្នាំ ទ្រង់​បាន​ទទួល​ភិសេក​ជា​មួយ​នឹង​ព្រះនាង​ពិម្ពាយសោធរាដែល​មាន​ព្រះជន្ម​ដំណាល​គ្នា សោយ​រាជ្យ​ជាធំ​លើសក្យវង្ស គ្រង​ក្រុង​កបិលពស្ដុ តំណាង​ព្រះបាទ​សុទ្ធោទនៈ​ជា​ព្រះរាជ​បិតា នៅ​ថ្ងៃអាទិត្យ ពេញ​បូណ៌មី ខែកត្តិក ឆ្នាំឆ្លូវ។ ទ្រង់​សោយ​រាជ​បាន​ ១៣ឆ្នាំ ព្រះជន្ម​២៩ ឆ្នាំ បាន​ព្រះរាជ​បុត្រ ១ ព្រះអង្គ​ព្រះនាម "រាហុល" ហើយទ្រង់​ចេញ​ទៅ​ទ្រង់​ព្រះផ្នួស​ក្នុង​ថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអស្សុជ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា នៅថ្ងៃដែលព្រះរាជបុត្រ​ទ្រង់​ប្រសូត​នោះ, ព្រះអង្គ​ទ្រង់​ព្រះផ្នួស​ហើយទ្រង់​ស្វែង​រក​មោក្ខធម៌​ដោយ​ការ​ប្រព្រឹត្ត​ទុក្ករកិរិយាអត្តកិលមថានុយោគ ដើម្បី​ពិសោធរកពោធិញ្ញាណ អស់​ថិរវេលា​៦ឆ្នាំ ក្នុង​ឧរុវេលា​ប្រទេស មគធរដ្ឋ។
ក្រោយ​ពេល​ទ្រង់​លះ​ការ​ប្រព្រឹត្ត​ទុក្ករកិរិយា​ចេញ​ហើយ​បែរ​មក​បំពេញ​មជ្ឈិមាបដិបទាវិញ ទ្រង់បានត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​ប្រាកដ​ឡើង​ក្នុង​លោក នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី​ ខែពិសាខ ឆ្នាំវក មុន​ពុទ្ធសករាជ ៤៥ ក្រោម​ពោធិព្រឹក្ស​ ១ ដើម នៅ​ខាង​លិច​ស្ទឹង​ នៅខាងលិច​ស្ទឹង​នេរញ្ជរា នា​មណ្ឌលគយា ដែល​សព្វ​ថ្ងៃ​ហៅ​ "​ពុទ្ធគយា" ឋិត​នៅ​ចម្ងាយ​ជាង​១០​គីឡូ​ម៉ែត្រ ខាង​ត្បូង​ក្រុង​គយា ក្នុង​រដ្ឋ​ពិហារ ប្រទេសឥណ្ឌៀ។
ពុទ្ធគយា​ជា​ពុទ្ធបូជនីយដ្ឋាន​ទី ២ សម្រាប់​ពុទ្ធបូជនីយេសក៍នានា​ធ្វើ​ពុទ្ធបូជា ដែល​សកលលោក​ស្គាល់​បាន​ដោយ​សារព្រះបាទ​អសោក​រាជា​ធិរាជ​ទ្រង់​បាន​សាង​ព្រះចេតិយ ១ ធំខ្ពស់​ហៅ "​ចេតិយ​ពុទ្ធគយា" នឹងចេតិយ​តូចៗ ជាច្រើន នៅ​មាន​ដល់​សព្វ​ថ្ងៃ។
ក្រោយ​ពុទ្ធបរិនិព្វាន, ពុទ្ធបរិស័ទ្ធ​បាន​សាង​វិហារ​ជាច្រើន​នៅ​ទី​ទ្រង់​ត្រាស់​ដឹង​នោះ, តែ​វិហារ​ទាំង​នោះ​បាក់​បែក​អស់​ទៅ​ហើយ នៅសល់​តែ​វិហារ​១ មាន​ព្រះពុទ្ធរូបមារ​វិជ័យ​១​ព្រះអង្គធំ លាប​ទឹកមាស ទ្រង់​ព្រះភ្នែន ព្រះហស្ថ​ស្ដាំ​ចង្អុល​ផែនដី ជាភស្ដុតាង​ចំពោះ​កិច្ច​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ឈ្នះមារ​ហើយ​ទ្រង់​ត្រាស់​ដឹង​ព្រះសព្វញ្ញុតញ្ញាណ។
សព្វ​ថ្ងៃទីពុទ្ធគយា​មាន​ដើម​ពោធិ៍​១ ដើម​ថ្មី​ដុះ​ចេញ​ពី​ដើមពោធ៍​ចាស់​ដែល​ក្ស័យ​ទៅ​ហើយ។
ក្នុង​បច្ចុប្បន្នកាល ទីពុទ្ធ​គយាជាទីប្រជុំ​គណៈ​កម្មការ​ទី​ប្រឹក្សា​ខាង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​នានា​ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​ក្នុង​សកលលោក​មាន​ប្រទេស​កម្ពុជា​យើង​ជា​ដើម បាន​បញ្ជូន​ប្រតិកូទៅ​រួម​ប្រជុំ​ផង។
🙏 ៣- អំពីទ្រង់បរិនិព្វាន
លំដាប់​ពីទ្រង់សំដែង​ព្រះធម្មចក្ក​មក, ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាច់​ចរ​ប្រកាស​សាសនា​ប្រោស​វេនេយ្យសត្វ ដោយ​ទ្រង់​ប្រព្រឹត្ត​ពុទ្ធកិច្ច ៥យ៉ាងគឺ៖
១- ពេលព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត,
២- ពេល​រសៀលទ្រង់​សំដែង​ធម៌​ប្រោស​ចតុព្វធពុទ្ធបរិស័ទ,
៣- ពេលព្រលប់​ទ្រង់ប្រទាន​ឱវាទ​ពួកភិក្ខុ
៤- ពេល​អធ្រាត្រទ្រង់​ដោះ​បញ្ហា​នៃ​ទេវតា
៥- ពេល​បែក​បច្ចូសទ្រង់​ប្រមើល​មើល​ឧបនិស្ស័យ​សត្វ​ដែល​គួរ​ប្រោស ឬ​មិន​គួរ​ប្រោស​នៅ​ក្នុង​មធ្យមប្រទេស គឺ​ប្រទេស​ឥណ្ឌៀ​អស់​វេលា ៤៥ ឆ្នាំ គឺ​ចាប់​ផ្ដើម​ប្រកាស​ពីព្រះជន្ម ៣៥ រហូតដល់​ព្រះជន្ម ៨០ ត្រាតែ​មាន​ពុទ្ធបរិស័ទទាំង ៤ គឺ​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា គ្រប់គ្រាន់ អាច​ទ្រទ្រង់​អាច​ផ្សាយ​ព្រះពុទ្ធសាសនា​ជំនួស​ព្រះ​អង្គត​មក​បាន ទើប​ទ្រង់​ស្ដេចយាង​ទៅ​ចូល​ព្រះបរិនិព្វាន​នៅថ្ងៃ​អង្គារ ខែ​ពិសាខ ឆ្នាំម្សាញ់ មុនពុទ្ធសករាជ ១ថ្ងៃ ក្រោម​ដើម​សាលព្រឹក្ស​ទាំងគូរ នៅ​ខាង​លិច​ក្រុង​កុសិនារា គឺ​កុសិនគរៈឬភស្សិ ដែលឋិត​នៅចម្ងាយ ៩ គីឡូម៉ែត្រ​ពី​ក្រុង​គោរក្ខបូរ នៅរដ្ឋ​ឧត្ដរ ប្រទេស នាប្រទេស​ឥណ្ឌៀ​សម័យ​បច្ចុប្បន្ន។
ព្រះបរមសព​នៃព្រះសម្មាសម្ពុទ្ធ ពុទ្ធបរិស័ទ​បាន​បូជា​ព្រះភ្លើង ក្នុង​ថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ នៅមកុដពន្ធនៈចេតិយ ឬអង្គរៈចេតិយ ខាងកើត​ក្រុង​កុសិនគរៈ គឺរាមករៈចេតិយ​សព្វថ្ងៃ។ ក្រោយ​ពេល​បូជា​គេ​បាន​បែងចែក​ព្រះបរមសារីរិកធាតុជា ៨ចំណែក រវាងព្រះរាជា ៨រដ្ឋ នាធម្យមប្រទេស​សម័យ​នោះ។
ក្នុងសម័យ​ពុទ្ធបរិនិព្វាន កុសិនគរៈជា​ក្រុង​មាន​ប្រាសាទ​ព្រះស្ដូប​ពុទ្ធ​បូជនីយដ្ឋាន​ជាច្រើន សម័យ​បច្ចុប្បន្ន​ដោយ​ហេតុ​គេ​បោះ​បង់​ទី​ក្រុង​ទៅ ពុទ្ធបូជនីយដ្ឋាន​នៅ​ទីក្រុង​នោះ​ក៏​បាន​បាក់បែកអស់ នៅ​មាន​តែ​មហា​បរិនិព្វាន​ស្ដូប ១ នឹង​ព្រះវិហារ១ ដំកល់​ព្រះពុទ្ធ​រូប​បរិនិព្វាន ១ ព្រះអង្គធំ។ ទីទ្រង់​បរិនិព្វាន​ជា​ពុទ្ធបូជនីយដ្ឋាន​ទី ៤ សម្រាប់​ពុទ្ធបូជនីយេសក៍ធ្វើ​ពុទ្ធបូជា។
ដកស្រង់ចេញពីសៀវភៅ៖ ព្រះពុទ្ធសាសនា ២៥០០
------------->
ធម្មទានដោយ ធម្មយាត្រា Dhammayietra

Address

2630 N Grand Avenue, Santa Ana
California City, CA
92705

Alerts

Be the first to know and let us send you an email when ធម្មយាត្រា Dhammayietra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ធម្មយាត្រា Dhammayietra:

Share

Category

ធម្មយាត្រា Dhammayietra

ធម្មយាត្រា DHAMMA YIATRA