
10/14/2024
គតិអប់រំសម្រាប់គ្រួសារ! (សម្រាប់អ្នកមិនទាន់បានអាន)
យប់មួយប្រពន្ធខ្ញុំកំពុងគេងលក់ក្បែរខ្ញុំ រំពេចនោះ ស្រាប់តែខ្ញុំទទួលបានសារហ្វេសប៉ុក(Notification) ថ្មីមួយលោតមក មាននារីម្នាក់អេដ(add)មកស្នេីសុំខ្ញុំធ្វេីជាមិត្តនាង។ ខ្ញុំក៏បានទទួល ហេីយផ្ញេីសារសួស្ដី និងសួរនាងថា៖ "តេីយេីងធ្លាប់ស្គាល់គ្នាមែនទេ? "
នាងបែរជាឆ្លេីយថា៖ “ខ្ញុំលឺថាបងបានរៀបការហេីយ ប៉ុន្តែខ្ញុំនៅតែស្រលាញ់បង ដកចិត្តមិនរួច។ ”
ពេលនោះទេីបខ្ញុំដឹងថា ការពិតនាងគឺជានារីម្នាក់ដែលខ្ញុំធ្លាប់ស្គាល់ នាងជាមិត្តចាស់របស់ខ្ញុំ។ ខ្ញុំបានចុចចូលមេីលរូបថតនាង នាងពិតជាស្អាតណាស់! ទាក់ទាញណាស់! ស្អាតប្លែក! ខ្ញុំក៏បិទឆាត រួចសម្លឹងទៅមុខប្រពន្ធខ្ញុំដែលកំពុងគេង នាងគេងលក់ស្រួលណាស់ ! មេីលទៅហាក់មានក្ដីសុខណាស់ បន្ទាប់ពីការងារហត់នឿយពេញមួយថ្ងៃរបស់នាង ក្នុងផ្ទះផង ក្រៅផ្ទះផង។
ខណ:ដែលកំពុងសម្លឹងមេីលនាង ខ្ញុំក៏បានគិតថា៖ "ហេតុអ្វីនាងគេងលក់ស្រួលម្លេះ ? នាងហាក់មានអារម្មណ៍សុវត្ថិភាព ទុកចិត្ត និងមានក្ដីសុខជាមួយផ្ទះថ្មីនេះដែលមានខ្ញុំជាស្វាមីរបស់នាងដល់ហេីយ? ទាំងដែលពេលនេះនាងបានចេញចាកឆ្ងាយពីឪពុកម្ដាយ ឆ្ងាយពីផ្ទះដ៏កក់ក្ដៅជាកន្លែងដែលនាងរស់នៅរាល់ថ្ងៃជាមួយគ្រួសារនាង។ ពេលដែលនាងមានទុក្ខ ពិបាកចិត្ត ម្ដាយនាងតែងនៅក្បែរនាង នាងអាចយំលេីទ្រូងដ៏កក់ក្ដៅរបស់ម្ដាយនាង។ បងប្រុសបងស្រីនាងនិយាយលេង ប្រលែងសេីចសប្បាយជាមួយនាង ធ្វេីឱ្យនាងញញឹម នាងសេីចយ៉ាងមានក្ដីសុខ។ ឪពុកនាងពេលមកដល់ផ្ទះតែងទិញរបស់ដែលនាងចូលចិត្តយកមកឱ្យនាង ស្រលាញ់នាង មេីលថែនាង ។ ពេលនេះនាងបានផ្ញេីក្ដីទុកចិត្ត ជំនឿចិត្ត និងក្ដីស្រលាញ់ភាពរីករាយទាំងអស់មកលេីខ្ញុំទាំងស្រុង" ។ ក្រោយពីគិតបែបនេះហេីយ ខ្ញុំបានលេីកទូរសព្ទឡេីង រួចចុចពាក្យ “Block” ហេីយក៏បែរទៅគេងជិតនិងឱបនាង។
ខ្ញុំជាបុរសដេីមទ្រូងប្រាំហត្ថ មិនមែនជាកូនក្មេងទេ។ ខ្ញុំបានតាំងចិត្តថារៀបការ ស្ម័គ្រស្មោះជាមួយនាង ដូចនេះ ខ្ញុំត្រូវតែធ្វេីឱ្យបាន។ ខ្ញុំនឹងជំនះជាមួយតណ្ហាខុសសីលធម៌របស់ខ្ញុំរហូតដល់ថ្ងៃសូន្យ ខ្ញុំនឹងធ្វេីខ្លួនជាបុរសល្អ ប្ដីល្អ មិនកុហកបោកប្រាស់ធ្វេីបាបចិត្តប្រពន្ធ និងបំផ្លាញគ្រួសារមួយនេះឡេីយ។