08/20/2026
#សម្រាប់ប្អូនៗទើបប្រឡងបាក់ឌុបហើយដែលតែងឆ្ងល់ថា
តើជំនាញបច្ចេកវិទ្យាអាហារ គីមីចំណីអាហារ និងកែច្នៃអាហារខុសគ្នាដូចម្ដេច? គួរជ្រើសរើសមួយណា?
នៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាយើងមានមុខជំនាញជាច្រើនដែលទាក់ទងនឹងចំណីអាហារដែលភាគច្រើនយើងស្គាល់ថា«គីមីចំណីអាហារ» ហើយក៏មានសិស្សានុសិស្សជាច្រើនដែលទើបបញ្ចប់ឬកំពុងសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិនៅមិនទាន់យល់ច្បាស់ពីកម្មវិធីសិក្សានៃសាកលវិទ្យាល័យហើយពួកគាត់អាចនៅយល់ច្រឡំថាជំនាញ Food Technology, Food Chemistry និង Food Processing មានអត្ថន័យដូចគ្នាបេះបិទ។ ហើយក៏មានអ្នកខ្លះច្រឡំថាជាការសិក្សាពីវិជ្ជាធ្វើម្ហូប!
ពាក្យថា«បច្ចេកវិទ្យា»មានន័យទូលំទូលាយណាស់ ជាការសិក្សាចំណេះដឹងវិទ្យាសាស្ត្រពិតអំពីពិភពលោក ដើម្បីបង្កើត និងដោះស្រាយបញ្ហាដែលកើតមានក្នុងជីវិតរបស់យើង។ បច្ចេកវិទ្យាប្រើប្រាស់គោលការណ៍វិទ្យាសាស្ត្រ ហើយអនុវត្តវាដើម្បីផ្លាស់ប្តូរបរិបទរស់នៅរបស់មនុស្សអោយកាន់តែទំនើប។ ឧទាហរណ៍៖ ពីមុនមនុស្សនៅឆ្ងាយគ្នាពិបាកធ្វើការទំនាក់ទំនងគ្នាហើយត្រូវការរយៈពេលយូរដោយការសរសេរ និងផ្ញើសំបុត្រ តែមនុស្សបានប្រើបច្ចេកវិទ្យាបង្កើតទូរស័ព្ទសម្រួលពេលវេលា និងងាយស្រួលទំនាក់ទំនងគ្នាជុំវិញពិភពលោក។ ចំណែកនៅក្នុងបច្ចេកវិទ្យាអាហារមនុស្សបានបង្កើតដប និងកំប៉ុងដើម្បីរក្សាទុកអាហារអោយបានយូរ។
👩🔬👨🔬តើជំនាញបច្ចេកវិទ្យាអាហារ (Food Technology) ជាអ្វី?
បច្ចេកវិទ្យាចំណីអាហារ ជាការអនុវត្តវិទ្យាសាស្រ្ដអាហារជាមួយនឹងការជ្រើសរើស ការរក្សាទុក ការកែច្នែ ការវេចខ្ចប់ ការចែកចាយ និងការប្រើប្រាស់អាហារប្រកបដោយសុវត្ថិភាព។ មុខជំនាញដែលពាក់ព័ន្ធរួមមាន គីមីវិទ្យា វិភាគ ជីវវិទ្យា វិស្វកម្ម អាហារូបត្ថម្ភ ការត្រួតពិនិត្យគុណភាព និងការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ។
👩🔬👨🔬តើជំនាញគីមីចំណីអាហារ( Food Chemistry) ជាអ្វី?
គីមីចំណីអាហារ( Food Chemistry) គឺជាមុខជំនាញមួយស្ថិតក្នុងបច្ចេកវិទ្យាចំណីអាហារដោយសង្កត់ធ្ងន់លើការសិក្សាលម្អិតពីតួនាទីសារធាតុគីមីក្នុងអាហារ(សមាសធាតុអាហារដូចជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ និងទឹកជាដើម) និង ប្រតិកម្មទាំងឡាយដែលកើតឡើងក្នុងអាហារ ដើម្បីធានាថាអាហារនោះមានសុវតិ្ថភាព និងគុណភាព។
👩🔬👨🔬តើជំនាញកែច្នៃអាហារ (Food Processing) ជាអ្វី?
កែច្នៃអាហារ (Food Processing) ជាជំនាញសិក្សាអំពីវិធីសាស្ត្រក្នុងការកែច្នៃផលិតផលកសិកម្មទៅជាផលិតផលអាហារ ជំនាញនេះក៏ជាផ្នែកមួយស្ថិតក្នុងបច្ចេកវិទ្យាចំណីអាហារ។
គ្រប់ជំនាញទាំងនេះ គឺត្រូវតែសិក្សាលើមុខវិជ្ជាគ្រឹះទាំង ៥ នៃវិទ្យាសាស្ត្រអាហារ៖
1. មីក្រូជីវវិទ្យាអាហារ (Food Microbiology)
2. វិស្វកម្ម និងកែច្នៃអាហារ (Food Engineering & Processing)
3. ជីវ-គីមីវិទ្យា (Bio-chemistry)
4. អាហារូបត្ថម្ភ (Nutritions)
5. ការវិភាគញា្ញណឬរសជាតិអាហារ (Sensory Analysis)
________________