05/20/2024
រីករាយជាមួយការអានទាំងអស់គ្នា💙💙
#ឈ្លើយស្នេហ៍ប្រុសព្រៃ
ភាគទី៩៧
រយៈពេល២ផែនដីវិលជុំក្រោយ
អង្គក្រាសូល៌ឈរនៅសំយាបប្រាសាទក្រពាត់ដៃទៅក្រោយមើលទៅធម្មជាតិយ៉ាងស្ងៀមស្ងាត់ ខណៈដែលដៃទ្រង់មានរុំរបួសដោយក្រណាត់សព្រោះដាល់ជញ្ជាំងច្រើន។ មនុស្សដែលឈឺចាប់ ធ្លាក់ខ្លួនដល់កម្រិតមួយក្អួតឈាមទាំងថ្លុក តែវេលានេះគ្មានអ្នកណាមើលដឹង ព្រោះតែទ្រង់ជាមនុស្សរឹងមាំតែសម្បកកាយនេះឯង តែខាងក្នុងរបួសខ្ទេចខ្ទាំរលេះរលួយសុសសាច់។
"ស្តេចត្រាញ់ក្រាបទូល ទូលបង្គំស៊ើបបានហើយ រឿងដែលទ្រង់ចង់ដឹង"
"គូអនាគតរបស់ហារ៉ូនីគឺ…"
គេមិនហ៊ាននិយាយព្រោះខ្លាចទ្រង់កាន់តែឈឺទៀត កាលពីម្សិលមិញទ្រង់ក្អួតឈាមច្រើនណាស់។
"និយាយមក"
"គឺជាអង្គដ្រាដេក្រាបទូល" គេប្រាប់ទាំងស្លោកស្រពោនឈឺជំនួសទ្រង់។
ឮពេញត្រចៀក ស្ដេចត្រាញ់ស្ងៀមដដែល
"ហ៊ឹស " មួយប៉ប្រិចទ្រង់សើចដើមកញញឹមចុងមាត់ខណៈដែលកែវភ្នែកមុតនិងគួរឱ្យខ្លាច
" ទ្រង់សើចអីក្រាបទូល?" មៃស៊ូ ងើបមុខឡើងទៅជាចងចិញ្ចើម
"ធ្វើជាមនុស្សល្អពេក មិនសប្បាយលេងទេមៃស៊ូ " ទ្រង់បែរទៅរកជំនិតញញឹមចុងមាត់ ហើយយាងទៅកន្លែងស្រង់ទឹក មៃស៊ូបានតែតាមមើលទាំងចម្ងល់ ព្រោះទ្រង់គួរណាតែឈឺចាប់ដល់ទន់ខ្លួន មិនមែនផ្ទៃមុខពោរពេញដោយល្បិចបែបនេះ។
ស្ដេចត្រាញ់នៅកន្លែងស្រង់ទឹក អង្គុយត្រាំទឹកដោយរូបកាយអាក្រាត ទ្រង់ចាប់ទានក្រអូបមកមើល ញញឹមយ៉ាងព្រៃផ្សៃ ទឹកមុខកំណាចឃោរឃៅត្រៀមចង់ផ្តាច់ជីវិត ទាំងស្រីទាំងប្រុស។
ដែនចក្រភពប៊ូតាន
ប៊ូតានជាដែនអាណាចក្រចាស់កាលមានឥទ្ធិពលខ្លាំងក្លារាប់រយទសវត្សមកហើយ។ អធិរាជគ្រប់គ្រងនៅលើទឹកដីនេះពីមួយជំនាន់ទៅមួយជំនាន់សុទ្ធតែខ្លាំងអស្ចារ្យ មានកម្លាំងនិងឥទ្ធិពលពិបាករកគូប្រៀប។
ប៊ូតានមានទំហំផ្ទៃដីធំមហិមាសម្បូរទៅដោយព្រៃក្រាស់ពណ៌បៃតងខ្ចីល្ហៀកល្ហៃស្រស់ត្រកាល របៀបរស់នៅរបស់ប្រជារាស្ត្រនៅទីនេះសម្បូរបែប លើសពីពាក្យថាគ្រប់គ្រាន់ទៅជាពាក្យថាសោយសុខ ព្រោះរាល់ពេលមានសំពៅបញ្ជូនទំនិញចេញចូលឥតឈប់ឈរធ្វើឱ្យប៊ូតានប្រែក្លាយជាតំបន់មួយដែលអស្ចារ្យអ្នកណាៗក៏ចង់មកស្គាល់។
សំពៅនគរម៉ាតា ធ្វើដំណើរលើផ្ទៃសមុទ្ទយូរ រយៈពេល១០ផែនដីវិលជុំ ទីបំផុតក៏មកដល់ទឹកដីនគរប៊ូតាន។
មានការផ្តល់ដំណឹងទៅកាន់ប៊ូតានមុន ទើបទទួលបានការអនុញ្ញាតពីម្ចាស់ក្សត្រីអ៊ីនយ៉ាវ៉ាឌី ឱ្យសំពៅនគរម៉ាតាចូលចតនៅកំពង់ផែ ។ ក្នុងសារលិខិតផ្តល់ដំណឹងប្រាប់ថាម៉ាតាមកដល់នឹងនាំព្រះនាងតូចនៃព្រះនគរត្រឡប់មកវិញ ទើបម្ចាស់ក្សត្រីបញ្ជាឱ្យកូនចៅមកទទួល ។
ព្រះនាងតូចធ្វើដំណើរមកដល់ព្រះរាជវាំងដ៏ធំនិងស្រស់ស្អាតដែលចាកចោលមកជាយូរ មកជាមួយអង្គម្ចាស់ដ្រាដេ ស៊ូរ៉ា មនុស្សនគរម៉ាតា និងមនុស្សនគរប៊ូតានដែលទៅទទួលទ្រង់។
ព្រះនាងតូចឈរសម្លឹងទៅវាំងទាំងមុខស្លក់ស្លេក សប្បាយចិត្តណាស់ដែរ ទីបំផុតក៏បានត្រឡប់មកដល់ទីកំណើតវិញ ប៉ុន្តែចិត្តបែរជាមិនស្ងប់ មិនរីករាយសោកសៅ ហេតុអីបេះដូងនឹកតែគេ?
"រំភើបមែនទេ?" អង្គដ្រាដេដែលឈរក្បែរ ញញឹមសួរ
"ពរម្ចាស់" ព្រះនាងបែរទៅរកប្រឹងញញឹមទាំងមិនសម
"ហារ៉ូនី !!" សំឡេងមនុស្សស្រីស្របនឹងដំណើររត់មក ធ្វើឱ្យព្រះនាងបែរទៅមើល
"បុត្រត្រឡប់មកវិញហើយ មាតាបារម្ភណាស់" ម្ចាស់ក្សត្រីចូលមកឱបបុត្រីណែនខ្លាំងដូចបារម្ភ និងនឹកណាស់ ធ្វើឱ្យអង្គដ្រាដេញញឹម
"ព្រះមាតា" ព្រះនាងតូចបម្រះខ្លួន ខណៈព្រះមាតាឱបណែនខ្លាំងពេកធ្វើឱ្យហប់
ចង់ដាច់ខ្យល់ ក៏មិនទទួលបានអារម្មណ៍កក់ក្ដៅ មានតែអារម្មណ៍ភ័យខ្លាច ព្រោះស្គាល់ព្រះមាតា ទ្រង់ល្អបានតែនៅមុខគ្រប់គ្នាប៉ុណ្ណោះ តែនៅក្រោយខ្នងមិនដូច្នេះឡើយ។
ម្ចាស់ក្សត្រីរម្សាយខ្លួនចេញពីកូនចុង បបូរមាត់ញញឹមលើកដៃអង្អែលថ្ពាល់រលោង
"មាតានឹកបុត្រណាស់" កែវភ្នែកម្ចាស់ក្សត្រីកម្សត់ មើលដូចជានឹកបុត្រីពិតៗតែធាតុពិតជាការសម្ដែង
"ក្រាបទូលម្ចាស់ក្សត្រី ទូលបង្គំជាស្ដេចនៃនគរម៉ាតា ទទួលបានការទុកចិត្តពីអធិរាជ ឱ្យនាំព្រះនាងមកកាន់ប៊ូតាន នេះជាសារលិខិតពីព្រះអង្គ" អង្គដ្រាដេញញឹមស្រស់ណែនាំខ្លួន ព្រមទាំងឱនដោយការគោរពហុចសារដែលទទួលបានពីស្ដេចប៊ូតាន់ប្រគល់ជូនម្ចាស់ក្សត្រី ខណៈមនុស្សស្រីចំណាស់ញញឹមស្រស់លើកដៃទទួល
"លោកជាគូស្នេហ៍បុត្រីខ្ញុំមែនទេ? ព្រោះឮដំណឹងថាហារ៉ូនីរត់តាមមនុស្សម្នាក់ ជាលោកមែនទេ?" សំឡេងម្ចាស់ក្សត្រីសួរនាំដូចល្អណាស់ តែសម្ដីចេញមកបំបាក់មុខព្រះនាងស្រស់ៗនៅចំពោះមុខគេឯងជាច្រើន ទាំងដែលដឹងពេញហឫទ័យហើយថា ព្រះនាងត្រូវគេចាប់ខ្លួនតែមិនដែលអើពើ ព្រោះបើបាត់ទៅជារៀងរហូតកាន់តែល្អ។ ស៊ូរ៉ាជ្រិមភ្នែកមើលម្ចាស់ក្សត្រី មនុស្សនាងឆ្លាតគ្រប់គ្រាន់ល្មមអាចមើលដឹងថាម្ចាស់ក្សត្រីមានចរិតបែបណាទាំងអស់នេះសុទ្ធតែជាការសម្ដែង ។
"អឺ មាតា ទ្រង់មិន..." ព្រះនាងតូចចង់ប្រកែក ថាគេមិនមែនទេ គេគ្រាន់តែជូនមក មិនមែនជាគូស្នេហ៍។
"ពិតមែនហើយក្រាបទូល" បានឱកាសឆ្លៀតឱកាសភ្លាម អង្គដ្រាដេឆ្លើយដោយគ្មានស្ទាក់ស្ទើរ
"សមគ្នាណាស់ មាតាជូនពរបុត្រទាំងពីរ" ម្ចាស់ក្សត្រីញញឹមអង្អែលក្បាលកូនស្រី
ស្របពេលដែលព្រះនាងតូចតបលែងបាន បានតែស្ងាត់ខណៈដែលមិនហ៊ានប្រកែកជាមនុស្សចាស់។
ដំណាក់ព្រះនាងអ៊ីវ៉ាណា
ស្រីស្រស់ល្វតល្វន់ រូបរាងទន់ភ្លន់ ស្អាតប្រពៃ សមតាមឈ្មោះល្បីបុត្រីស្ដេចប៊ូតាន់មានសម្រស់ល្អឯកលើសទេពកញ្ញា តែព្រះនាងអង្គនេះចរិតហាក់មិនដូចសម្រស់ តែកោងកាចលើសពីនិស្ស័យមនុស្ស។
ស្រីស្អាតអង្គុយនៅមុខកញ្ចក់តែងខ្លួន ម្រាមដៃស្រឡូនទាញសន្លឹកក្រេមក្រហមឆ្អិនឆ្អៅផ្តិតលើបបូរមាត់ ស្របកែវភ្នែកមួយគូនោះមុតនិងគួរឱ្យខ្លាច។
"ព្រះនាងពរម្ចាស់ អម្បាញ់មិញខ្ញុំម្ចាស់ទៅលួចមើល ឃើញព្រះនាងតូចមកជាមួយមនុស្សប្រុសម្នាក់"
"សង្ហាទេ? "
"សង្ហាណាស់"
បបូរមាត់ក្រហមញញឹមឡើងនឹកឃើញតែល្បិចឫស្យា
"គេជាអ្នកណា? "
"ឮថាជាគូស្នេហ៍ព្រះនាង"
ពេលរាត្រី
ព្រះនាងតូចបានត្រឡប់មកស្នាក់នៅដំណាក់របស់ទ្រង់វិញដែលគ្មានការប្រែប្រួលសូម្បីតែបន្តិច នៅតែមានការរៀបចំយ៉ាងស្រស់ស្រទន់ ទន់ភ្លន់សមនឹងបុប្ផាតូចនៃព្រះនគរ។
ព្រះនាងឈរក្បែរបង្អួច ចោលភ្នែកសម្លឹងទៅផ្ទៃងងឹត មើលមេឃមើលផ្កាយនៅខាងក្រៅ ចិត្តលន្លង់លន្លូចនឹកគេរហូតដល់ធ្វើឱ្យឈឺបេះដូង ស្ដាយក្រោយណាស់ដែលមកចោលគេ ពេលនេះគេយ៉ាងម៉េចហើយ សុខទុក្ខយ៉ាងណាដែរ បើពេលនេះទ្រង់នៅជាមួយគេ ច្បាស់ជាត្រូវគេឱបយ៉ាងកក់ក្ដៅនៅក្នុងរង្វង់ដៃដ៏ធំនិងរឹងមាំនោះ។
ព្រះនាងឈរត្រមង់ត្រមោចម្នាក់ឯង កូនទន្សាយតូចនឹកម្ចាស់ រត់មកហិតជើង ព្រះនាងភ្ញាក់មុននឹងឱនមើល ឃើញវាទ្រង់ញញឹមស្រាលៗ ទើបឱនលើកវាមកឱបនិងថើប។
"ផូម៉ាថាទៅមើល ក្រាសូល៌គេនឹកខ្ញុំទេ?" ទ្រង់សួរទន្សាយ តែកូនទន្សាយតូចមិនដឹងរឿងយកច្រមុះវាហិតលើថ្ពាល់ព្រះនាង
ព្រះនាងតូចញញឹម ទើបលើកមុខមើលទៅមេឃវិញ បេះដូងលោតឈឺខ្ទោកៗ ស្រែករកតែប្រុសម្នាក់ឈ្មោះថា ក្រាសូល៌ នឹកគេខ្លាំងណាស់!!
____
គេកំពុងគុំ នឹកគេអីកូន 😞
900like 300share ម៉ោង 10:20អេតមីនផុស ២ភាគទៀត 🥰🫶
Like share comment ច្រើនៗមកណាបើមិនបាន២ អាចបាន១ដែរ 🙈