09/04/2026
ក្រសួងយុត្តិធម៌ថា ការចាប់ខ្លួនលោក ស្លេះ វ៉ើត ហើយដោះលែងវិញ មិនមែនចាប់ច្រឡំមនុស្សទេ ដោយសារអត់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកផ្តន្ទាទោស។
ករណីចាប់ខ្លួនពលរដ្ឋរួចហើយដោះលែងវិញ ដែលមហាជនកំពុងតែតាមដាននោះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ ចេញមកបញ្ជាក់ថា ការចាប់ខ្លួន លោក ស្លេះ វ៉ើត មិនបានចាប់ច្រឡំមនុស្សទេ តែដោយសារតុលាការអត់ភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា បានឱ្យដឹងថា ការចាប់ខ្លួនលោក ស្លេះ វ៉ើត ហើយដោះលែងវិញនេះ មិនមែនជារឿង ចាប់ច្រឡំមនុស្ស នោះទេ ព្រោះក្រសួងយុត្តិធម៌បានទទួល និងពិនិត្យរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែងហើយ គឺគ្រប់នីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។
លោក ឯម ច័ន្ទមករា បន្តថា នៅគ្រប់ដំណាក់កាល ទាំងចៅក្រមស៊ើបសួរ និងក្រុមប្រឹក្សាជំនុំជម្រះ, សាមីខ្លួន មិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួនម្តងណាឡើយ គឺបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជនត្រូវចោទយ៉ាងច្បាស់លាស់មុនពេលសាកសួរ។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ការដែលតុលាការសម្រេចឱ្យបុគ្គលរូបនេះរួចផុតពីការចោទប្រកាន់ គឺមិនមែនដោយសារតែតុលាការរកឃើញថា មានការចាប់ច្រឡំមនុស្សនោះទេ ប៉ុន្តែដោយសារតែនៅក្នុងសវនាការ ក្រោយពីបានស្តាប់ចម្លើយតទល់ជាមួយសាក្សី ភាគីពាក់ព័ន្ធ និងមេធាវីការពារក្ដី ក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត ឡើយ ដូច្នេះផ្អែកលើអង្គហេតុ និងអង្គច្បាប់ ទើបក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចសេចក្តីឱ្យរួចផុតពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រឺដើម្បីយកធ្វើជាកម្មសិទ្ធិ»។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌ នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ហើយយន្តការនៃក្រុមអធិការកិច្ចរបស់ក្រសួងនៅតែដំណើរការជាធម្មតា ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការអនុវត្តិនីតិវិធីចំពោះករណីខាងលើនេះ។
សូមជម្រាបថា លោក ស្លេះ វ៉ើត បានដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍នៅក្រសួងយុត្តិធម៌ ព្រោះលោកយល់ថា ខ្លួនរងអយុត្តិធម៌ ដែលត្រូវបានឃុំខ្លួនអស់ជិតមួយឆ្នាំ ព្រោះតែចាប់ខ្លួនច្រឡំមនុស្ស៕