02/20/2026
សែនអាសូរម្ដាយនិងកូនតូចៗ២នាក់ ព្រមទាំងបុគ្គលិកស្រីអាយុ១៤ឆ្នាំស្លាប់ជាមួយគ្នា
រាជធានីភ្នំពេញ ៖ ករណីផ្ទះពីរល្វែងរបស់ថៅកែធ្វើនំខេក យីហោ អេចអ័រ២ នៅឬស្សីកែវ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង បណ្ដាឲ្យភរិយា ព្រមទាំងកូនប្រុស ស្រីពីរនាក់និងបុគ្គលិក១នាក់ សរុបទាំងអស់៤នាក់ជាប់ក្នុងផ្ទៈបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង៤នាក់ដែលបានស្លាប់បាត់បង់ជីវិតក្នុងករណីខាងលើរួមមាន ១-ឈ្មោះ ហូ ម៉ារ៉ា ភេទស្រី អាយុ ៣៧ឆ្នាំ ម្ចាស់ហាងនំខេក ២-ឈ្មោះ ហេន សុខហេង ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាកូន ៣-ឈ្មោះ ហេន ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ ត្រូវជាកូន និង៤-ឈ្មោះភ័ក្រ ស្រីកា ភេទស្រី អាយុ១៤ឆ្នាំ ជាបុគ្គលិក មានទីលំនៅ ឃុំរការប្រាំ ខេត្ត ត្បូងឃ្មុំ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំណុចផ្ទះ ២ល្វែងនៅជាប់គ្នាយ៉ាងសន្ធោសន្ធៅ និងបុគ្គលិកហាងនំខេកខាងលើជាច្រើននាក់នៅជាន់លើ បានស្រែកឲ្យសមត្ថកិច្ចជួយ ។ នៅក្នុងហេតុការណ៍នោះដែរអាជ្ញាធរនិងសមត្ថកិច្ចបានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់និងជួយសង្គ្រោះជនរងគ្រោះ ។ ខណៈនោះដែរគេឃើញវត្តមានលោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ក៏បានដឹកនាំកម្លាំង និងចេញរថយន្តពន្លត់អគ្គីភ័យចុះទៅជួយអន្តរាគមន៍ផងដែរ។